(Source: Sharonang, Pixabay, CC0)

លទ្ធផលការស្ទាបស្ទង់មតិ៖ «តើចំណីអាហារនៅប្រទេសកម្ពុជាមានសុវត្ថិភាព និងប៉ះពាល់ដល់សុខភាពកម្រិតណា»?

| Dec 20, 2016    KOFFEE     , , , ,

Politikoffee បានធ្វើការស្ទាបស្ទង់មតិរបស់សមាជិកក្រុមដើម្បីស្វែងយល់ពីទម្លាប់ការបរិភោគចំណីអាហាររបស់យុវវ័យកម្ពុជា។ អ្នកដែលបានចូលរួមស្ទង់មតិមានចំនួន៣៨នាក់ ដែលមានអាយុចាប់ពី១៨ដល់៣៥ឆ្នាំ ហើយភាគច្រើនគឺមានវ័យខ្ទង់២០ឆ្នាំ។

មួយចំនួនធំ (២៣នាក់) គឺជានិស្សិតថ្នាក់បរិញ្ញាបត្រ ៥នាក់ជាអ្នកធ្វើការ និងអ្នកដែលនៅសល់គឺជានិស្សិតថ្នាក់បណ្ឌិត។ មួយចំនួនធំ (២៣នាក់) គឺភេទបុរស មានចំណូលកណ្តាល (២៥នាក់) ហើយសិក្សា ឬធ្វើការនៅផ្នែកវិទ្យាសាស្រ្តសង្គម។

សំណួរមួយចំនួនបានចោទឡើងដើម្បីស្វែងរកចម្លើយល្អៗបំផុតចំនួន៣។ ក្នុងករណីខ្លះ គេសង្កេតឃើញមានតម្រុយ នៅពេលដែលគេរួមបញ្ចូលចម្លើយទាំងអស់បញ្ចូលគ្នា ដូចជាទីកន្លែងដែលមនុស្សបរិភោគ។​ ចំណីអាហារធ្វើដោយខ្លួនឯងដែលទិញមកពីផ្សារត្រី (១៩) ឬផ្សារទំនើប (១៥) គឺមានលំដាប់ខ្ពស់ ដោយបន្ទាប់ពីនេះ គឺចំណីអាហារតាមចញ្ចើមផ្លូវ (១៩) ភោជនីយដ្ឋានដែលមានម៉ាស៊ីនត្រជាក់ (១៥) ផ្សារត្រី (១០) និងអាហារ Fast Food (៨)។ ពេលដែលរួមបញ្ចូលតួលេខទាំង ការបរិភោគតាមហាងបែបសាមញ្ញ និងហាងទំនើបៗ គឺតែមានចំនួនម្នាក់ពាក់កណ្តាលទៅហើយ។

ផ្ទុយពីនេះទៅវិញ ភាគច្រើន (២១) បានដាក់ពិន្ទុថា កត្តាសុខភាព គឺជាកត្តាចម្បងពេលដែលទិញម្ហូបអាហារ។ ជារួម កត្តា៣ដែលបានពិន្ទុច្រើនជាងគេ គឺសុខភាព រសជាតិ និងតម្លៃ។

ចម្លើយកាន់តែមានភាពច្បាស់លាស់នៅពេលដែលសួរថា តើនរណាដែលមានទំនួលខុសត្រូវទៅលើចំណីអាហារដែលមានគុណភាព និងសុវត្ថិភាពសម្រាប់សុខភាព។ សរុបជារួម អ្នកដែលបានចូលរួមស្ទង់មតិជឿថា ទំនួលខុសត្រូវគឺនៅលើរដ្ឋាភិបាល (៣២) ខ្លួនគេផ្ទាល់ (២៩) និងក្រុមហ៊ុនចំណីអាហារ (២៣)។

អ្នកចូលរួមស្ទង់មតិបានឆ្លើយតបយ៉ាងមុតមាំថា ពួកគេនឹងបរិភោគអាហារដែលល្អជាងនេះសម្រាប់សុខភាព ប្រសិនបើគេមានលុយច្រើនជាងនេះ (៣០) ចំណេះដឹងខ្ពស់ជាងមុន (៣១) ឬពេលវេលាច្រើនជាងមុន (២៥)។ មានតែអ្នកចូលរួមចំនួន២នាក់ប៉ុណ្ណោះដែលបានឆ្លើយថា ពួកគេមិនខ្វល់ខ្វាយពីសុវត្ថិភាពចំណីអាហារទាល់តែសោះ។

សំណួរចម្លើយ «បាទ/ចាស ឬទេ» មួយចំនួនបានបង្ហាញឲ្យឃើញលទ្ធផលដែលគួរឲ្យភ្ញាក់ផ្អើលមួយចំនួន។ ការយល់ដឹងពីមេរោគចំណីអាហារបាក់តេរី ប៉ារ៉ាសែត (២៧) គឺខ្ពស់ជាងសុវត្ថិភាពចំណីអាហារ (២៣) ហើយស្ទើរតែស្មើនឹងចំណីអាហារដែលល្អសម្រាប់សុខភាព (២៩)។ ចម្លើយអំពីការរៀបចំម្ហូបអាហារឲ្យមានអនាម័យ និងអាហារសរីរាង្គទទួលបានពិន្ទុស្មើគ្នា។

 

សរុបមកវិញ ការស្ទង់មតិនេះបានបង្ហាញឲ្យឃើញថា យុវវ័យកម្ពុជាដែលទទួលបានចំណេះដឹង ចង់បរិភោគឲ្យល្អជាងនេះ ហើយពួកគេជឿថា វាគឺជាទំនួលខុសត្រូវរបស់គេ ប៉ុន្តែពួកគេក៏យល់ផងដែរថា ពួកគេខ្វះចំណេះដឹងគ្រប់គ្រាន់។ នៅថ្ងៃអនាគត Politikoffee នឹងបន្តជូនដំណឹងដល់អ្នកអានឲ្យដឹងពីការស្រាវជ្រាវបន្ថែមទៅលើបញ្ហាចំណីអាហារនៅប្រទេសកម្ពុជា ដូចជាកង្វះអាហារូបត្ថម្ភ ប្រភពចំណីអាហារ និងរបបអាហារចម្រុះ ដើម្បីជួយឲ្យអ្នកធ្វើការជ្រើសរើសចំណីអាហារឲ្យបានកាន់តែត្រឹមត្រូវ។