រដ្ឋនិងសង្គមស៊ីវិលត្រូវបន្ថយគន្លាតនិងសហការគ្នាដើម្បីជាតិនិងពលរដ្ឋ
នយោបាយ
តុលា 12,2024
រូបភាពដោយ៖ រដ្ឋាបាលខេត្តបាត់ដំបង (តំណរភ្ជាប់)
ក្នុងគ្រួសារណាក៏ដោយ សមាជិកគ្រប់រូបត្រូវចូលរួមបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក នៅពេលដែលសមាជិកណាមួយមានកង្វះខាត ឬត្រូវការការគាំទ្រ ទោះរស់នៅក្រោមដំបូលតែមួយ ឬរស់នៅឆ្ងាយពីគ្នាដោយមូលហេតុផ្សេងៗក៏ដោយ។ យ៉ាងណាមិញ ពេលខ្លះ សមាជិកគ្រួសារក៏ពើបប្រទះនឹងជម្លោះតូចធំនានាដោយចៀសមិនផុត ដូច«ចានក្នុងរាវ លែងអីរណ្ដំ»។ ប៉ុន្តែ បើសមាជិកគ្រួសារទាំងអស់សុទ្ធមានចេតនាល្អនិងឆន្ទៈ ក្នុងការជួយជ្រោមជ្រែងគ្រួសារ ហេតុអ្វីពួកគេពេលខ្លះឈ្លោះរកចំណុចរួមមិនបាន?
ករណីដូចគ្នា គេអាចប្រដូចបាននឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងបណ្ដាអង្គការក្រៅរដ្ឋាភិបាលនិងតួអង្គសង្គមស៊ីវិលនានានៅកម្ពុជា ដែលហាក់នៅមានគន្លាតនៃការជឿទុកចិត្តគ្នា។ ពួកគេត្រូវប្រឹងដោះស្រាយភាពមិនចុះសម្រុង ហើយបង្កើនកិច្ចសហការដើម្បីជាប្រយោជន៍ជាតិនិងពលរដ្ឋ។
ស្ថាប័នអង្គការក្រៅរដ្ឋាភិបាលនិងតួអង្គសង្គមស៊ីវិលលេចមុខដំបូងនៅដើមទសវត្សរ៍៩០ អំឡុងវត្តមាននៃកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស និងការផ្ដើមធ្វើប្រជាធិបតេយ្យភាវូបនីយកម្មនៅកម្ពុជា។ ស្ថាប័នទាំងនោះ មួយចំនួនបម្រើការ លើបេសកកម្មលើកកម្ពស់ការគោរពសិទ្ធិមនុស្ស តាមដានការបោះឆ្នោត និងដំណើរការប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់ប្រទេស។
អស់ពេលជាងសាមសិបឆ្នាំមកនេះ កម្ពុជាបានស្គាល់ស្ថិរភាព សន្ដិភាពពេញលេញ និងវឌ្ឍនភាពសេដ្ឋកិច្ចដែលស្ដែងឡើងតាមរយៈ វត្តមាននៃហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស មានស្ពានថ្នល់ អគារខ្ពស់ៗ។ បើយោងតាមធនាគារពិភពលោក(World Bank) ចំណូលប្រចាំឆ្នាំសម្រាប់ពលរដ្ឋកម្ពុជាម្នាក់ៗ បានកើនឡើងពី ២៤៧.៣ដុល្លារអាមេរិកក្នុងឆ្នាំ១៩៩៣ ដល់១៧៥៩.៦ដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ហើយសូចនាករនេះត្រូវក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរំពឹងថានឹងកើនផុតបន្ទាត់២ពាន់ដុល្លារអាមេរិកត្រឹមដំណាច់ឆ្នាំ២០២៤នេះ។
វឌ្ឍនភាពទាំងនេះ មានចំណែកចូលរួមពីអង្គការក្រៅរដ្ឋាភិបាលជាច្រើន ដែលបានដើរតួនាទីកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ក្រោមការអនុវត្តសកម្មភាពដែលធ្វើឡើងដើម្បី ការបង្កើនចំណេះដឹង ការអប់រំ សេដ្ឋកិច្ច និងកសិកម្មជាដើម។ល។ ដូចគ្នានឹងបណ្ដាប្រទេសកំពុងអភិវឌ្ឍផ្សេងទៀតដែរ វិសាលភាពនៃសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនិងក្នុងស្រុក គឺទូលំទូលាយណាស់ ហើយលាតសន្ធឹងស្ទើរតែគ្រប់វិស័យនៃការអភិវឌ្ឍសង្គម លើវិស័យបរិស្ថាន ការអប់រំស៊ីវិល សាសនា សិទ្ធិមនុស្ស ការកាត់បន្ថយភាពក្រីក្រ ជំនួយសង្គ្រោះបន្ទាន់ និងបេសកកម្មផ្សេងៗទៀត។ បច្ចុប្បន្នសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមានជាង៦ពាន់ ស្ថាប័ន ដែលកំពុងដំណើរការនិងចុះបញ្ជីក្នុងក្រសួងមហាផ្ទៃ នេះបើតាមការផ្សាយរបស់កាសែតខ្មែរថែមស៍។
យើងគួរតោងយល់ថា រដ្ឋតែឯងមិនអាចដោះស្រាយបញ្ហាជាតិនិងសង្គមតែឯកឯងបានទេ ហើយចាំបាច់ត្រូវការការចូលរួមប្រកបដោយអត្ថន័យពីតួអង្គសង្គមផ្សេងទៀត រួមមានវិស័យឯកជន អង្គការសង្គមស៊ីវិល និងពលរដ្ឋជាម្ចាស់ស្រុក។
អង្គការក្រៅរដ្ឋាភិបាលនិងតួអង្គសង្គមស៊ីវិលនានាមានតួនាទីស្វះស្វែងរកការបំពេញចន្លោះឆកល្វែងក្នុងគោលនយោបាយសង្គម និងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ទាំងអង្គភាពរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ក្នុងការអនុវត្តជាក់ស្ដែង យើងឃើញមានភាពសហការគ្នាជាដៃគូយ៉ាងស្អិតល្មួតរវាងរដ្ឋនិងសង្គមស៊ីវិល លើវិស័យអប់រំ កសិកម្ម សេដ្ឋកិច្ច ជាដើម។ នៅពេលមានកិច្ចសហការស្រាក់ដៃក្រោមចក្ខុវិស័យរួមរវាងរដ្ឋនិងសង្គមស៊ីវិល យើងឃើញមានផ្លែផ្កានិងបម្រែបម្រួលជាវិជ្ជមានលើវិស័យគោលដៅរបស់ប្រទេសជាតិទាំងមូល។
គួរឱ្យសោកស្ដាយ នៅលើវិស័យមួយចំនួនទៀត ដូចយ៉ាង ក្នុងការលើកកម្ពស់សិទ្ធិនយោបាយនិងពលរដ្ឋ រដ្ឋនិងសង្គមស៊ីវិល ហាក់នៅមានភាពខុសគ្នាខាងទស្សនៈ សកម្មភាព និងចេតនា ដែលពេលខ្លះឈានដល់ការចោទប្រកាន់គ្នាទៅវិញទៅមក។ កន្លងមករដ្ឋធ្លាប់ចោទប្រកាន់អង្គការសមាគមខ្លះថានាំផលអវិជ្ជមានដល់សង្គម ឬមានចេតនាប្រឆាំងរដ្ឋាភិបាលថែមទៀតផង។
អង្គការសង្គមស៊ីវិលរងការចោទប្រកាន់ថា«ប្រឆាំង»រដ្ឋាភិបាល
រដ្ឋនិងសង្គមស៊ីវិលដែលបម្រើការលើវិស័យសិទ្ធិមនុស្សនិងវិស័យបរិស្ថាន ហាក់ធ្វើការមិនស៊ីសង្វាក់គ្នា ដែលស្ដែងឡើងតាមរយៈ ការរាំងស្ទះអំឡុងពេលបំពេញការងារមួយចំនួនរបស់អង្គការសមាគមទាំងនេះ។ អង្គការសមាគមខ្លះក្នុងវិស័យទាំងពីរនេះ ឃ្លាំមើល រាយការណ៍ និងតស៊ូមតិ ដើម្បីទាមទារឱ្យមានការកែលម្អក្នុងវិស័យទាំងនេះ តាមតែជំនាញនិងអ្វីដែលពួកគេបានឃើញ។ ការណ៍នេះបាននាំឱ្យមានការប៉ះទង្គិចគ្នាដោយចៀសមិនផុតជាមួយស្ថាប័នរដ្ឋដែលយល់ឃើញផ្សេង។
កន្លងមក មានករណីចោទប្រកាន់លើសកម្មជនសិទ្ធិមនុស្សនិងបរិស្ថានមួយចំនួន ថាពួកគេរាយការណ៍ផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំផ្លើសអំពីតថភាពជាក់ស្ដែងរបស់សង្គម ដែលប្រធានរឿងមួយចំនួនជាបញ្ហាក្ដៅ និងរសើប រហូតមន្ត្រីរដ្ឋជាអ្នកអនុវត្តច្បាប់ខ្លះយល់ថាបានប៉ះពាល់ដល់កិត្តិយសនិងមុខមាត់របស់ខ្លួន។
ដោយយល់ថាអង្គការសមាគមទាំងនោះមានចេតនា«ប្រឆាំង»និងបំផ្លើសការពិត រដ្ឋមិនសូវគោរពឱ្យតម្លៃមតិចូលរួមប្រកបដោយស្វ័យភាពរបស់ពួកគេនោះទេ ហើយថែមទាំងចាត់ទុកថាពួកគេធ្វើសកម្មភាពនានាដើម្បីបង្កឱ្យមានភាពវឹកវរខាងផ្នែកនយោបាយទៀតផង។ យើងអាចប្រដូចការយល់ឃើញនេះទៅនឹងជនដែលមានសុខភាពមិនល្អ ហើយមិនហ៊ានប្រាប់គ្រូពេទ្យពីអាការរោគរបស់ខ្លួនទៅវិញ។
ការចោទប្រកាន់ខាងលើ បណ្ដាលឱ្យមានការបាត់បង់នូវធាតុផ្សំដ៏វិសេស ពោលគឺការចូលរួមរបស់យុវជនដែលសកម្មជាមួយអង្គការទាំងនោះ ដែលយុវជនទាំងឡាយនោះស្ថិតក្នុងចំណោមកម្លាំងដ៏សកម្មរបស់ប្រទេស។ ការចោទប្រកាន់ទាំងផ្នែកពាក្យសម្ដីនិងផ្លូវច្បាប់ថា មួយចំនួននៃយុវជនទាំងនោះបំពុលសង្គម និងមានចេតនាប្រឆាំងរដ្ឋាភិបាល ដោយផ្ទាល់ឬដោយប្រយោល បានគំរាមកំហែងរារាំងយុវជនជំនាន់ក្រោយៗផ្សេងទៀតដែលមានក្ដីស្រមៃ និងមហិច្ឆតាចង់ប្រឡូកតស៊ូមតិលើកកម្ពស់សិទ្ធិមនុស្សនិងបរិស្ថាន។ ក្រោមគំនាបសង្គម ពួកគេប្រែជាបាក់ស្បាត មិនហ៊ាននិយាយស្តី ក្នុងការតស៊ូមតិ ក្រែងរអាពីសកម្មភាពជាប្រយោជន៍ដល់សង្គម។ ការណ៍នេះបានធ្វើឱ្យមានការបាត់បង់នូវការចូលរួមដ៏សំខាន់ពីសំណាក់ធនធានមនុស្សជំនាន់ក្រោយជាច្រើន ដែល មានសមត្ថភាព ពោរពេញដោយគំនិត ឧត្ដមគតិ ចក្ខុវិស័យវែងឆ្ងាយ។
ដូច្នេះស្ថាប័នរដ្ឋគួរលើកកម្ពស់ការចូលរួម និងបើកចំហរស្វាគមន៍រាល់សកម្មភាពរបស់អង្គការ ឬសមាគមដែលធ្វើការងារសង្គមពិតប្រាកដ ត្រឹមត្រូវ ជាក់ស្តែង និងប្រសិនបើអង្គការទាំងនោះមិនបានធ្វើខុសទៅនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេស។ ការចូលរួមរបស់ ប្រជាពលរដ្ឋទូទៅក៏ដូចជា យុវជនដែលជាកម្លាំងសកម្មមិនអាចខ្វះបាន។ រដ្ឋមានករណីកិច្ចបង្កបរិយាកាសឱ្យពលរដ្ឋនិងអង្គការសង្គមស៊ីវិលបានចូលរួមបំពេញតួនាទី ក្នុងស្មារតីរួបរួម មិនកិបកេង មិនកៀបសង្កត់គ្នា ទោះក្នុងរូបភាពណាក៏ដោយ មិនថាការចាប់ដាក់ទោសផ្សេងៗ ព្រោះការប្រព្រឹត្តបែបនោះនឹងបន្ទុចបង្អាក់សកម្មភាពចូលរួម ប្រកបដោយស្មារតីស្នេហាជាតិពិតប្រកដរបស់ពលរដ្ឋជាម្ចាស់ប្រទេស។
សម្ពាធលើប្រភពធនធាននៃអង្គការសង្គមស៊ីវិលដែលប្រតិបត្តិអាស្រ័យនឹងជំនួយ
កង្វះការគាំទ្រពេញលេញពីភាគីម្ចាស់ជំនួយទាំងក្នុងនិងពីក្រៅប្រទេស អាចនាំឱ្យអង្គការ ឬសមាគមមួយចំនួនប្រឈមមុខនឹងការខ្សោះធនធាន និងឈានទៅដល់ការបិទទ្វារ មិនអាចបន្តនូវសកម្មភាពប្រតិបត្តិការបាន។ សេណារីយោនោះនឹងបង្កនូវចន្លោះប្រហោងសម្រាប់រដ្ឋនិងប្រជាជន ព្រោះអវត្តមានដៃគូជួយសហការសម្រាប់ការអភិវឌ្ឍ ខ្សឹបប្រាប់នូវចំណុចខ្វះខាតដែលយើងទាំងអស់គ្នាមាន។
ការចោទប្រកាន់ដែលថា អង្គការសមាគមនេះ ឬអង្គការសមាគមនោះ ធ្វើការដើម្បីតែបម្រើផលប្រយោជន៍ដល់ ក្រុមម្ចាស់ជំនួយបរទេសនោះ អាចនាំឱ្យមានការខកខាន និងមិនគាំទ្រឱ្យទទួលបានការគាំទ្រទាំងនោះតទៅទៀតដើម្បីបន្តប្រតិបត្តិការរបស់ខ្លួន ហើយពេលខ្លះអង្គការសមាគមទាំងនោះស្ទាក់ស្ទើរមិនហ៊ានទទួលជំនួយលើប្រធានរឿងណាដែលរដ្ឋយល់ថារសើបនិងចម្រូងចម្រាស់។
ភាពមិនស៊ីចង្វាក់គ្នានេះ អាចបណ្ដាលឱ្យមានដំណើររអាក់រអួលក្នុងលំហូរជំនួយនិងហិរញ្ញប្បទាន ដើម្បីទ្រទ្រង់ដល់បេសកកម្មការងារនៃអង្គការសមាគមមិនមែនរដ្ឋាភិបាលនិងតួអង្គសង្គមស៊ីវិលនានា ដែលជះបច្ច័យអវិជ្ជមានដល់ការចូលរួមរបស់ពួកគេក្នុងការអភិវឌ្ឍប្រទេស និងផ្ដល់ធាតុចូលដល់ភាគីរដ្ឋាភិបាល។
ពេលខ្លះ ភាពស្រពេចស្រពិលមិនដាច់ស្រេចដោយហេតុថាទាំងសងខាង មានការគុំកួន ចង់ចាញ់ចង់ឈ្នះ រវាងគ្នាបែបនេះ មិនព្រមបើកចិត្តពិភាក្សាគ្នាអំពីមូលហេតុណាមួយច្បាស់លាស់ វានឹងបណ្តាលឱ្យមានការលាបពណ៌គ្នាមើលមុខគ្នាមិនត្រង់មិនចេះចប់មិនចេះហើយ។ ភាពប្រឈមបែបនេះក៏អាចនឹងធ្វើឱ្យម្ចាស់ជំនួយមានការរារែកក្នុងចាក់បញ្ចូលប្រភពធនធានដល់បេសកកម្មដ៏សំខាន់របស់សង្គមស៊ីវិលផងដែរ។
ហេតុនេះ ស្ថាប័នរដ្ឋនិងអង្គការសង្គមស៊ីវិលត្រូវបង្កើនការបើកចំហ តម្លាភាព និងគណនេយ្យភាពចំពោះគ្នាទៅវិញទៅមក។ គ្រឹះស្ថាននិងតួអង្គសង្គមស៊ីវិលនានាត្រូវបើកចំហទិន្នន័យ និងបង្ហាញនូវព័ត៌មានពិត នៃសកម្មភាពទាំងអស់ ពោរពេញដោយភាពប្រាកដប្រជានិងគុណភាព។ ធ្វើដូច្នេះនឹង ជួយបញ្ចៀសភាពភាន់ច្រឡំនិងការសង្ស័យគ្នាទៅវិញទៅមក នៅពេលដែលទទួលបានការគាំទ្រ ទាំងធនធានហិរញ្ញវត្ថុ និងធនធានផ្សេងៗទៀត ពីក្រៅប្រទេស។ ដោយឡែក ភាគីរដ្ឋត្រូវសម្លឹងប្រកបដោយភាពត្រឹមត្រូវនិងយុត្តិធម៌ លើការអនុវត្តពិតប្រាកដនៃការងារដ៏មានសារៈសំខាន់នៃអង្គការនិងតួអង្គសង្គមស៊ីវិលនានា។ រដ្ឋក៏អាចចូលរួមលើកកម្ពស់ការចូលរួមរបស់អង្គការនិងតួអង្គទាំងនោះតាមរយៈការលៃទុកប្រភពធនធានរបស់ជាតិ ឧបត្ថម្ភការងាររបស់អង្គការសង្គមស៊ីវិល ដើម្បីបង្កើនភាពជាដៃគូ និងរួមគ្នាដោះស្រាយបញ្ហាសង្គម ដើម្បីប្រយោជន៍រួមក្នុងស្មារតីអភិបាលកិច្ចប្រកបដោយបរិយាប័ន្ន។
ប្រទេសកម្ពុជាយើងទើបរួចចេញពីយុគសម័យជាច្រើនឆ្នាំសង្គ្រាមនៃការឈ្លោះប្រកែកបង្ហូរឈាមសាសន៍ឯង។ យើងកំពុងតែដើរឈានទៅរកឋានៈជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន នៅលើផ្លូវនៃសន្តិភាពពេញលេញ។ ដំណើរនេះទាមទារឱ្យមានកិច្ចសហការ និងការចូលរួមពីគ្រប់ភាគីទាំងអស់។ មិនថាជាម្ចាស់ជំនួយក្នុងឬក្រៅប្រទេស មិនថាស្ថាប័នរដ្ឋ មិនថាអង្គការក្រៅរដ្ឋាភិបាល ទាំងអស់គ្នាសុទ្ធសឹងជាសរសៃឈាមជាច្រើនដែលដើរតួនាទីសំខាន់ដូចគ្នាៗ ក្នុងការបំពេញនូវសព៌ាង្គកាយរបស់ប្រទេសយើង។
យើងត្រូវបើកចំហរការចូលរួមជួយអភិវឌ្ឍន៍ប្រទេសយើងទាំងអស់គ្នា។ ជារួម គឺដើម្បីគោលបំណងនៃការធ្វើការងារទាំងនោះជួយឱ្យមានការរីកចម្រើន និងលើកកម្ពស់ការអភិវឌ្ឍកម្ពុជាជារបស់យើងទាំងអស់គ្នា។ ម្យ៉ាងវិញទៀត ការរួមដៃគ្នាស្អិតល្មួតនៃភាគីទាំងសងខាង គឺជារូបភាពដ៏ស្រស់បំព្រងមួយជួយចម្លងយឹតយោងយុវជនបន្តវេនជំនាន់ក្រោយៗឱ្យមានការលូតលាស់ប្រកបដោយភាពចម្រុះមតិនិងសកម្មភាព។ ពួកគេក៏អាចជួយជ្រោមជ្រែងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចកម្រិតខ្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត៕