Drink Coffee. Talk Politics. Blog Opinions

កម្ពុជាដល់ពេលបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅទីសាធារណៈ

Author Name : រី កុសល់ ,
Oct 12, 2024

ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/VOA ខេមរភាសា) តំណរភ្ជាប់

ការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា កំពុងពេញនិយមខ្លាំងចំពោះយុវជនខ្មែរ​ និងបានក្លាយទៅជាទម្លាប់អវិជ្ជមានមួយដែលកំពុងចាក់ស្រេះពាសពេញសង្គមកម្ពុជា។ ផលិតផលស្រាបៀគ្រប់ម៉ាក គ្រប់ប្រភេទត្រូវបានពលរដ្ឋខ្មែរនិយមទទួលទានស្ទើគ្រប់កម្មវិធី និងគ្រប់ពេលវេលាមិនថា កម្មវិធីជប់លៀង ពិធីមង្គលការ ពិធីបុណ្យសព និងរាប់បញ្ចូលទាំងកម្មវិធីជួបជុំគ្នាជាលក្ខណៈធម្មតា ក៏គេសង្កេតឃើញលេចនូវវត្តមានគ្រឿងស្រវឹងទាំងអស់នោះដែរ។ ឥរិយាបថនេះ គឺផ្ទុយស្រឡះពីឥរិយាបថរស់នៅរបស់ពលរដ្ឋកាលជំនាន់មុន ដោយប្រជាជនភាគច្រើនទទួលទានគ្រឿងស្រវឹងតែក្នុងឱកាសពិសេសៗដូចជាបុណ្យចូលឆ្នាំថ្មី ពិធីជប់លៀង។ល។ ការពិសារគ្រឿងស្រវឹងរបស់ពលរដ្ឋកម្ពុជា បានក្លាយទៅជារឿងធម្មតា និងសាមញ្ញ។ សាមញ្ញដោយហេតុថា យុវជនខ្មែរមិនថា ប្រុស ឬស្រី អត្រានៃអ្នកប្រើប្រាស់គ្រឿងស្រវឹងមានភាពត្រដំត្រសងគ្នា។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក(World Health Organization) និងអង្គការមូលនិធិអាស៊ី (Asia Foundation )បានបង្ហាញថា ក្នុងឆ្នាំ២០១៥ ពលរដ្ឋខ្មែរជាបុរសសេពគ្រឿងស្រវឹងជាមធ្យមប្រមាណ៩.៧លីត្រក្នុងមួយឆ្នាំ ខណៈស្ត្រីវិញសេពគ្រឿងស្រវឹងគិតជាមធ្យមប្រមាណ៣.២១លីត្រក្នុងមួយឆ្នាំ។ ប៉ុន្តែតួលេខនេះបានកើនឡើងជាលំដាប់។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ ពលរដ្ឋម្នាក់សេពគ្រឿងស្រវឹងជាង៣៧លីត្រ និងអាចកើនដល់ជាង៤៤លីត្រក្នុងឆ្នាំ២០២៧។ ដោយឡែក របាយការណ៍របស់ Wisevoter វិញបានចាត់ថ្នាក់កម្ពុជាឱ្យជាប់លេខ៣ក្នុងតំបន់អាស៊ានដែលមានប្រជាជនផឹកស្រាច្រើនជាងគេ និងលេខរៀងទី៣៦នៅលើពិភពលោក។ កំណើននៃអ្នកសេពគ្រឿងស្រវឹងនៅកម្ពុជា មួយផ្នែកធំដោយសារតែភាពរីកចម្រើនហួសកម្រិតនៃទីផ្សារឧស្សាហកម្មស្រាបៀរ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមដងផ្លូវសាធារណៈទាំងទីប្រជុំជន និងទីជនបទ ការផ្សព្វផ្សាយគ្រប់កម្មវិធីលើកញ្ចក់ទូរទស្សន៍ ការដាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទាក់ទាញចិត្តអ្នកផឹកជាដើម។

ក្នុងសង្គមកម្ពុជា ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ បានធ្វើឡើងយ៉ាងទូលំទូលាយ និងជាលក្ខណៈបើកចំហរ។ នៅគ្រប់ទីតាំងសំខាន់ៗមិនថា តាមហាងធំៗ ស្ពាន សួនច្បារសាធារណៈ តាមមាត់ទន្លេ តាមដងវិថីធំៗទាំងនៅក្នុងក្រុង និងតាមខេត្ត ការផ្សព្វផ្សាយផ្ទាំងប៉ាន់ណូសា្របៀរហាក់មានសភាពគគ្រឹកគគ្រេង ដែលកំពុងសំញែងថា ប្រទេសកម្ពុជា គឺជាអធិរាជស្រាបៀរ។ មិនត្រឹមតែការផ្សព្វផ្សាយតាមស្លាកប៉ាន់ណូប៉ុណ្ណោះទេ ការលើកទឹកចិត្តពលរដ្ឋឱ្យពិសារគ្រឿងស្រវឹងតាមរយៈការបង្កើតកម្មវិធីកម្សាន្តនានាដូចជា ការប្រគុំតន្ត្រីកម្សាន្ត ការផលិតរសជាតិថ្មី និងលក់ក្នុងកម្មវិធីប្រមូសិន ក៏ជាផ្នែកមួយដែលធ្វើពលរដ្ឋផ្តើមមានចំណង់ពិសារគ្រឿងស្រវឹង។ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​មួយ​ចំនួន​តែង​ភ្ជាប់​ជាមួយ​នឹង​សារ​ដែល​ជំរុញ​ឱ្យ​ចង់​ពិសារ។ សារខ្លះ​ មានសរសើរ​ពី​គុណសម្បត្តិ​របស់​ស្រា ឬ​ស្រាបៀរ ថា​មានរសជាតិ​ឆ្ងាញ់ គេង​លក់​ស្រួល និង​មាន​សារ​ខ្លះ​ថា​ជា​មោទនភាពជាតិ​ក៏​មាន។ អ្វីដែលជាកត់សម្គាល់បន្ថែមទៀត ក្រុមហ៊ុនផលិតស្រាបៀរព្យាយាមផ្សព្វផ្សាយផលិតផលរបស់ខ្លួនស្ទើគ្រប់កម្មវិធីធំៗដូចជាលើកស្ទួយវិស័យគុនខ្មែរ វិស័យសិល្បៈ និងវិស័យជាច្រើនផ្សេងទៀតតាមរយៈការឧបត្ថម្ភជាទឹកប្រាក់ ឬជាដៃគូសហការ។ ការផ្សព្វផ្សាយតាមទីសាធារណៈ គឺជារឿងមួយ ប៉ុន្តែក្រុមហ៊ុនស្រាបៀរទាំងនោះបន្ថែមយុទ្ធសាស្ត្ររបស់ខ្លួនក្រោមយន្តការបញ្ចៀបការផ្សព្វផ្សាយស្រាបៀរតាមរយៈការទាញយកតារាចម្រៀងល្បីៗក្នុងប្រទេសឱ្យមកជួយផ្សព្វផ្សាយទៅកាន់មហាជនថែមទៀត។ ទាំងនេះហើយជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ និងជាហានិភ័យសម្រាប់ធនធានមនុស្សកម្ពុជាក្នុងរយៈពេលវែងដែលគ្រប់គ្នាពុំសូវចាប់អារម្មណ៍ ឬខ្វល់ខ្វាយ។

នៅពីក្រោយការផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយគ្មានច្បាប់ទម្លាប់ និងរង្វាន់ដ៏គគ្រឹកគក្រេងទាំងនេះ វិបត្តិជាច្រើនបានកើតឡើងចំពោះសង្គមជាតិដោយរាប់តាំងពី បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការធ្លាក់ចុះនៃសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិទាំងមូល បញ្ហាសុខមាលភាពសាធារណៈ និងបញ្ហាសន្តិសុខ។ល។ ជាការពិត កម្ពុជាសព្វថ្ងៃស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវការធនធានមនុស្សមានគុណភាព និងសកម្ម។ តែជាក់ស្តែង ធនធានមនុស្សមួយផ្នែកធំរបស់កម្ពុជា ត្រូវបានបំផ្លាញដោយសារគ្រឿងស្រវឹង។  ក្នុងន័យនេះ យុវជនពេញកម្លាំងរបស់កម្ពុជាបានបាត់បង់អាយុជីវិតជារៀងរាល់ថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កពីឥទ្ធិពលនៃគ្រឿងស្រវឹង។ នៅឆ្នាំ២០២៣ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាង៣ពាន់ករណី កើនឡើង១១% បើធៀបនឹងឆ្នាំ២០២២ និងខាតបង់សេដ្ឋកិច្ចជាតិជាង៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ចូន។ តាមរបាយការណ៍ដដែល ក្នុងមួយថ្ងៃកម្ពុជាបាត់បង់កម្លាំងធនធានមនុស្សយ៉ាងតិចណាស់៥នាក់ជារៀងរាល់ថ្ងៃ។ នេះមិនទាន់រាប់បញ្ចូនការចំណាយថវិកាព្យាបាលរបួសស្នាម និងមើលថែទាំជម្ងឺដែលបង្កឡើងដោយការពិសារគ្រឿងស្រវឹងផងទេ។ ជារៀងរាល់ឆ្នាំ រដ្ឋអាចទាញចំណូលពន្ធពីឧស្សហកម្មស្រាបៀរបានចន្លោះពី៣០-៤០លានដុល្លារអាមេរិក ខណៈការផ្សព្វផ្សាយតាមបណ្តាញសង្គមវិញ បណ្តាស្ថានីយទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយនានាទាញចំណូលពីក្រុមហ៊ុនស្រាបៀរប្រមាណ៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍របស់អង្គការមូលនិធិអាស៊ី។ ដោយឡែកបើផ្អែកតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារបានរកឃើញថា ទីផ្សារស្រាបៀរក្នុងប្រទេសកម្ពុជាអាចរកចំណូលបានជាង១៣៦០លានដុល្លារអាមេរិក។ ទោះបីរដ្ឋទទួលបានចំណូលពន្ធច្រើនសន្ធឹកពីឧស្សាហកម្មស្រាបៀរ ប៉ុន្តែបើធៀបនឹងគ្រោះថ្នាក់សង្គម និងសេដ្ឋកិច្ចរបស់ពលរដ្ឋវិញ គឺមានភាពខុសគ្នាច្រើនណាស់។

នៅតាមប្រទេសជឿនលឿន ពិសេសប្រទេសឥណ្ឌូនេស៊ី រដ្ឋាភិបាលប្រទេសនេះបានលើកទឹកចិត្តឱ្យពលរដ្ឋខ្លួនពិសារទឹកដោះគោស្រស់ជារៀងរាល់ថ្ងៃ។ ការធ្វើដូច្នេះ ដោយសារតែរដ្ឋាភិបាលឥណ្ឌូនេស៊ីយល់ថា ពលរដ្ឋខ្លួនមានកាយសម្បទាមិនរឹងមាំ និងថា ការបរិភោគទឹកដោះគោជួយដល់សុខភាព បញ្ញាស្មារតី រួមនឹងលើកកម្ពស់ការចិញ្ចឹមគោយកទឹកដោះរបស់ពលរដ្ឋក្នុងមូលដ្ឋាននៃប្រទេសឥណ្ឌូនេស៊ីផង។ ចំណែកក្នុងបរិបទកម្ពុជាវិញ ពលរដ្ឋកម្ពុជាកង្វះការយល់ដឹងលើផ្នែកសុខភាព។ បញ្ហាសុខមាលភាពរបស់ពលរដ្ឋខ្មែរត្រូវបានអង្គការសុខភាពពិភពលោករាយការណ៍ថា កុមារអាយុចន្លោះពី១៣ ដល់១៥ ឆ្នាំ ប្រហែល៥២% ផ្តើមបន្សំខ្លួននឹងការពិសារគ្រឿងស្រវឹង។ ឥរិយាបថនៃការសេពគ្រឿងស្រវឹងរបស់ពលរដ្ឋខ្មែរពុំសូវគិតដល់បញ្ហាសុខភាពប៉ុន្មានឡើយ ដោយពួកគេទទួលទានគ្រឿងស្រវឹងលើសពីអ្វីដែលជាការសប្បាយ។ កាលពីដើមខែមករា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលខ្មែរចេញសេចក្តីប្រកាសព័ត៌មានពីផលប៉ះពាល់ដល់សុខភាពពីការប្រើប្រាស់គ្រឿងស្រវឹង។ ជម្ងឺជាច្រើនដែលបង្កឡើងពីគ្រឿងស្រវឹងមានដូចជា៖ ជម្ងឺក្រិនថ្លើម ជម្ងឺមហារីក ប្រព័ន្ធស៊ាំចុះខ្សោយ ជម្ងឺបេះដូង អសមត្ថភាពផ្លូវភេទ ជម្ងឺខ្សោយសាច់ដុំ។ល។ លើសពីនេះទៅទៀត ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត អាចបណ្តាលឱ្យយុវវ័យឈានទៅរកការប្រើប្រាស់គ្រឿងញៀន និងថ្នាំជក់។ កាលពីឆ្នាំ២០១៧ អ្នកជំនាញផ្នែកសុខភាពសាធារណៈរកឃើញថា ពលរដ្ឋខ្មែរមានអត្រាអ្នកស្លាប់ដោយសារជម្ងឺមហារីកខ្ពស់ជាងប្រទេសនានាក្នុងតំបន់អាស៊ីភាគអាគ្នេយ៍របស់អង្គការសុខភាពពិភពលោក។ ទោះបីគេពុំទាន់ដឹងច្បាស់ថា តើពលរដ្ឋខ្មែរក្នុងមួយឆ្នាំត្រូវចំណាយថវិកាប៉ុន្មានដើម្បីព្យបាលជម្ងឺដែលបណ្តាលមកពីទទួលស្រា ក៏គេសង្កេតឃើញថា ពលរដ្ឋខ្មែរមួយភាគធំកំពុងមានជម្ងឺជាប់កាយដែលបន្សល់ទុកពីការទទួលទានគ្រឿងស្រវឹង និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស។ ដោយការអូសទាញពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ពលរដ្ឋខ្មែរមួយចំនួនត្រូវប្រឈមនឹងបញ្ហាជីវភាពក្នុងគ្រួសារ បូករួមនឹងជម្ងឺជាប់កាយ ខណៈគ្រួសារខ្លះត្រូវបាត់បង់សមាជិកគ្រួសារថែមទៀតផង។

លើសពីនេះទៅទៀត ការទទួលស្រាឬស្រាបៀរ អាចបណ្តាលយុវជនឈានទៅរកការប្រើប្រាស់គ្រឿងញៀន និងបង្កជាអំពើហិង្សាក្នុងគ្រួសារ បង្កភាពរឹកវរចំពោះសង្គមជាតិតាមរយៈការកើនឡើងនៃអំពើចោរកម្ម លួចឆក់ប្លន់ ការប្រព្រឹត្តបទឧក្រិដ្ឋ ជម្លោះបុគ្គល។ ករណីហិង្សានេះត្រូវបានគេមើលឃើញថា តែងកើតមានជាញឹកញាប់ចំពោះសង្គមកម្ពុជា ដូចជាជម្លោះក្នុងគ្រួសារ ជម្លោះជាមួយបងប្អូន មិត្តភក្តិ និងអ្នកដទៃ រហូតឈានដល់ការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព ការវាយដំ ការគំរាមគំហែង ពេលខ្លះឈានដល់ការប្រើប្រាស់អាវុធខុសច្បាប់ បាញ់សម្លាប់ ឬចាក់សម្លាប់គ្នាទៀតផង។ ទាំងនេះជាវិបត្តិសង្គមដែលបន្សល់មកពីឧស្សាហកម្មស្រាបៀរ ហើយនេះមិនមែនជារឿងចម្លែកទេដែលសេដ្ឋកិច្ចប្រទេសនឹងត្រូវប្រឈមដោយផ្ទាល់ និងបែបប្រយោល។

តើអ្វីទៅជាដំណោះស្រាយ ដើម្បីបញ្ចប់ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរតាមទីសាធារណៈ និងលើបណ្តាញសង្គម?

មែនទែនទៅ រដ្ឋាភិបាលតែងយកចិត្តទុកដាក់លើការទប់ស្កាត់ និងផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅកាន់សាធារណជនគ្រប់មធ្យោបាយទាំងអស់ រហូតដល់កម្ពុជាមានការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងថែមទៀតផង។ ប៉ុន្តែច្បាប់នេះ ហាក់ពុំសូវមានប្រសិទ្ធភាពអ្វីឡើយ ហើយអ្វីដែលកម្ពុជាព្យាយាមទប់ស្កាត់លើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនាពេលកន្លងមក ក៏ពុំសូវទទួលបានផលច្រើនដែរ។ ម្ល៉ោះហើយ អ្វីដែលរដ្ឋាភិបាលកម្ពុជាគួរតែធ្វើ និងត្រូវតែធ្វើនាពេលនេះ គឺអនុវត្តច្បាប់ និងដាក់ចេញនូវវិធានការគ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹង តាមរយៈការបញ្ឈប់សកម្មភាពផ្សព្វផ្សាយនានានៅតាមទីសាធារណៈ មិនថាធ្វើឡើងក្រោមរូបភាពបែបណានោះទេ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលត្រូវដាក់ចេញគោលការណ៍ឱ្យអាជ្ញាធរគ្រប់ខេត្តក្រុង ស្រុក ខណ្ឌដោយមិនត្រូវទទួលយកការផ្សព្វផ្សាយសា្របៀរនៅតាមទីសាធារណៈ តែជំនួសមកវិញនូវការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ក្នុងខេត្ត។ បន្ថែមពីនេះ រដ្ឋាភិបាលត្រូវដាក់កំហិតអាជីវកម្មលក់ស្រាបៀរ ត្រឹមពេលកំណត់ជាក់លាក់ណាមួយពោល គឺយ៉ាងហោចណាស់ត្រូវបញ្ឈប់ការលក់ស្រាបៀរត្រឹមម៉ោង១០យប់ ដាក់ពិន័យចំពោះអនីតិជនក្រោមអាយុ១៨ឆ្នាំទិញស្រាបៀរ និងត្រូវកំណត់អាយុសម្រាប់អ្នកទទួលឱ្យបានត្រឹមត្រូវពោលគឺចន្លោះពីអាយុ២០ឆ្នាំឡើង។ ទន្ទឹមនឹងនេះ ការដំឡើងពន្ធលើផលិតផលស្រាបៀរ ក៏ជាយន្តការល្អមួយដែរក្នុងការកាត់បន្ថយអត្រាអ្នកពិសារគ្រឿងស្រវឹងនៅកម្ពុជា។ ជាពិសេស ការដាក់កំហិតម៉ោងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរតាមកញ្ចក់ទូរទស្សន៍ ដោយហាមជាដាច់ខាតការចាក់ផ្សាយពាណិជ្ជកម្មស្រាបៀរនៅម៉ោងបាយពេលល្ងាចចាប់ពីម៉ោង៦ ដល់ម៉ោង៨យប់ជាដើម។ ការដាក់ពិន័យធ្ងន់ធ្ងរចំពោះអ្នកបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុលជារៀងរាល់ថ្ងៃ ក៏ជារឿងចាំបាច់ដែរ។ ចំណែកក្រសួងអប់រំ ក៏ត្រូវដាក់ចេញនូវស្តង់ការអប់រំមួយ ដោយសំដៅបន្ថែមការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងទៅកាន់សិស្សានុសិស្សទាំងអស់ ឱ្យពួកគេបានយល់ដឹងកាន់តែច្បាស់ និងជៀសឱ្យឆ្ងាយពីការសេពគ្រឿងស្រវឹងគ្រប់រូបភាព។ លើសពីនេះ ក្រសួងអប់រំគួរតែបង្កើតពាក្យស្លោកស្តីពីការហាមសេពគ្រឿងស្រវឹងឱ្យបានកាន់តែច្រើន ឬធ្វើជាបដាចងតាមទីសាធារណមិនថាក្នុងទីក្រុង ឬទីជនបទ ដោយលើកទឹកចិត្តឱ្យពលរដ្ឋងាកមកគិតគូរពីបញ្ហាសុខភាពឡើងវិញ។

ដូច្នេះដល់ពេលហើយដែលកម្ពុជាត្រូវបញ្ឈប់វប្បធម៌ផ្សព្វផ្សាយស្រាបៀរតាមទីសាធារណៈ និងការផ្សព្វផ្សាយគ្រប់ឃោសនាសព្ទ។ ផ្ទុយមកវិញ ទាំងរដ្ឋាភិបាលនិងពលរដ្ឋត្រូវរួមគ្នាលើកកម្ពស់សីលធម៌សង្គមឡើងវិញ។ ការដែលគ្មានស្លាកប៉ាន់ណូស្រាបៀរនៅតាមដងវិថី នឹងជួយបង្កើនសោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត។ ទន្ទឹមនឹងនេះ ប្រសិនបើពលរដ្ឋខ្មែរភាគច្រើនប្តេជ្ញាបញ្ឈប់ការសេពគ្រឿងស្រវឹង នោះសេដ្ឋកិច្ចពលរដ្ឋក៏កាន់តែរីកចម្រើន​ សង្គមជាតិក៏មានការអភិវឌ្ឍជឿនលឿន ត្បិតធនធានមនុស្សរបស់កម្ពុជាមានគុណភាព និងសក្តានុពល៕

ប្រកាសដែលពាក់ព័ន្ធ