Drink Coffee. Talk Politics. Blog Opinions

នយោបាយ

រដ្ឋនិងសង្គមស៊ីវិលត្រូវបន្ថយគន្លាតនិងសហការគ្នាដើម្បីជាតិនិងពលរដ្ឋ

រូបភាពដោយ៖ រដ្ឋាបាលខេត្តបាត់ដំបង (តំណរភ្ជាប់) ក្នុង​គ្រួសារ​ណា​ក៏​ដោយ​ សមាជិក​គ្រប់​រូប​ត្រូវ​ចូល​រួម​បំពេញ​ចន្លោះ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ពេល​ដែល​សមាជិក​ណា​មួយ​មាន​កង្វះ​ខាត ឬ​ត្រូវ​ការ​ការ​គាំទ្រ ទោះ​រស់​នៅ​ក្រោម​ដំបូល​តែ​មួយ​ ឬ​រស់​នៅ​ឆ្ងាយ​ពី​គ្នា​ដោយ​មូល​ហេតុ​ផ្សេងៗ​ក៏​ដោយ។​ យ៉ាង​ណា​មិញ​ ពេល​ខ្លះ​ សមាជិក​គ្រួសារ​ក៏​ពើប​ប្រទះ​នឹង​ជម្លោះ​តូច​ធំ​នានា​ដោយ​ចៀស​មិន​ផុត ដូច​«ចាន​ក្នុង​រាវ​ លែង​អី​រណ្ដំ»។ ប៉ុន្តែ បើ​សមាជិក​គ្រួសារ​ទាំង​អស់​សុទ្ធ​មាន​ចេតនា​ល្អ​និង​ឆន្ទៈ​ ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​គ្រួសារ​ ហេតុ​អ្វី​ពួក​គេ​ពេល​ខ្លះ​ឈ្លោះ​រក​ចំណុច​រួម​មិន​បាន? ករណី​ដូច​គ្នា​ គេ​អាច​ប្រដូច​បាន​នឹង​ទំនាក់​ទំនង​រវាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​បណ្ដា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​និង​តួអង្គ​សង្គម​ស៊ីវិល​នានា​នៅ​កម្ពុជា ដែល​ហាក់​នៅ​មាន​គន្លាត​នៃ​ការ​ជឿ​ទុក​ចិត្ត​គ្នា។​ ពួក​គេ​ត្រូវ​ប្រឹង​ដោះ​ស្រាយ​ភាព​មិន​ចុះ​សម្រុង​ ហើយ​បង្កើន​កិច្ច​សហការ​ដើម្បី​ជា​ប្រយោជន៍​ជាតិ​និង​ពលរដ្ឋ។ ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​និង​តួអង្គ​សង្គម​ស៊ីវិល​លេច​មុខ​ដំបូង​នៅ​ដើម​ទសវត្សរ៍​៩០​ អំឡុង​វត្ត​មាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស និង​ការ​ផ្ដើម​ធ្វើ​ប្រជាធិបតេយ្យ​ភាវូបនីយ​កម្ម​នៅ​កម្ពុជា។ ស្ថាប័ន​ទាំង​នោះ​ មួយ​ចំនួន​បម្រើ​ការ​ លើ​បេសក​កម្ម​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស តាម​ដាន​ការ​បោះ​ឆ្នោត​ និង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ដ៏​ក្មេង​ខ្ចី​របស់​ប្រទេស។ អស់​ពេល​ជាង​សាម​សិប​ឆ្នាំ​មក​នេះ​ កម្ពុជា​បាន​ស្គាល់​ស្ថិរភាព ​សន្ដិភាព​ពេញ​លេញ​ និង​វឌ្ឍ​នភាព​សេដ្ឋកិច្ច​ដែល​ស្ដែង​ឡើង​តាម​រយៈ វត្តមាន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ប្រទេស​ មាន​ស្ពាន​ថ្នល់ អគារ​ខ្ពស់ៗ។ បើ​យោង​តាម​ធនាគារ​ពិភព​លោក​(World Bank) ចំណូល​ប្រចាំ​ឆ្នាំ​សម្រាប់​ពល​រដ្ឋ​កម្ពុជា​ម្នាក់ៗ​ បាន​កើន​ឡើង​ពី ២៤៧.៣ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ១៩៩៣ ដល់​១៧៥៩.៦ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០២២ ហើយ​សូចនាករ​នេះ​ត្រូវ​​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​​រំពឹង​ថា​នឹង​កើន​ផុត​បន្ទាត់​២ពាន់​ដុល្លារ​អាមេរិក​ត្រឹម​ដំណាច់​ឆ្នាំ​២០២៤​នេះ។ ​វឌ្ឍន​ភាព​ទាំង​នេះ​ មាន​ចំណែក​ចូល​រួម​ពី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ជា​ច្រើន​ ដែល​បាន​ដើរ​តួនាទី​កសាង​ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ក្រោម​ការអនុវត្ត​សកម្មភាព​ដែល​ធ្វើ​ឡើង​ដើម្បី​ ការ​បង្កើន​ចំណេះដឹង​ ការ​អប់រំ សេដ្ឋកិច្ច និង​កសិកម្ម​ជាដើម។ល។ ដូច​គ្នា​នឹង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេង​ទៀត​ដែរ  វិសាល​ភាព​នៃ​សកម្មភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​និង​ក្នុង​ស្រុក​ គឺ​ទូលំ​ទូលាយ​ណាស់​ ហើយ​លាត​សន្ធឹង​ស្ទើរ​តែ​គ្រប់​វិស័យ​នៃ​ការ​អភិវឌ្ឍ​សង្គម​​ លើ​វិស័យ​បរិស្ថាន ការ​អប់រំ​ស៊ីវិល​ សាសនា សិទ្ធិមនុស្ស ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ជំនួយ​សង្គ្រោះ​បន្ទាន់​ និង​បេសកកម្ម​ផ្សេងៗទៀត។ បច្ចុប្បន្នសមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មាន​ជាង​៦ពាន់​ ស្ថាប័ន​ ដែល​កំពុង​ដំណើរ​ការ​និង​ចុះ​បញ្ជី​ក្នុង​ក្រសួងមហាផ្ទៃ នេះ​បើ​តាម​ការ​ផ្សាយ​របស់​កាសែត​ខ្មែរថែមស៍។ យើង​គួរ​តោង​យល់​ថា រដ្ឋ​តែ​ឯង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ជាតិ​និង​សង្គម​តែឯក​ឯង​បាន​ទេ ហើយ​ចាំ​បាច់​ត្រូវ​ការ​ការ​ចូល​រួម​ប្រកប​ដោយ​អត្ថន័យ​ពី​តួអង្គ​សង្គម​ផ្សេង​ទៀត រួម​មាន​វិស័យ​ឯក​ជន អង្គការ​សង្គម​ស៊ីវិល​ និង​ពល​រដ្ឋ​ជា​ម្ចាស់​ស្រុក។ អង្គការ​ក្រៅ​រដ្ឋា​ភិបាល​និង​តួអង្គ​សង្គម​ស៊ីវិល​នានា​មាន​តួនាទី​ស្វះ​ស្វែង​រក​ការ​បំពេញ​ចន្លោះ​ឆក​ល្វែង​ក្នុង​គោល​នយោបាយ​សង្គម និង​សេដ្ឋកិច្ច​របស់​រាជ​រដ្ឋាភិបាល​ ទាំង​អង្គ​ភាព​រដ្ឋបាល​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ។ ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង​ យើង​ឃើញ​មាន​ភាព​សហការ​គ្នា​ជា​ដៃគូ​យ៉ាង​ស្អិត​ល្មួត​រវាង​រដ្ឋ​និង​សង្គមស៊ីវិល​ លើ​វិស័យ​អប់រំ កសិកម្ម សេដ្ឋកិច្ច​ ជាដើម។ នៅ​ពេល​មាន​កិច្ច​សហការ​ស្រាក់​ដៃ​ក្រោម​ចក្ខុវិស័យ​រួម​រវាង​រដ្ឋ​និង​សង្គម​ស៊ីវិល យើង​ឃើញ​មាន​ផ្លែ​ផ្កា​និង​បម្រែ​បម្រួល​ជា​វិជ្ជមាន​លើ​វិស័យ​គោល​ដៅរបស់​ប្រទេស​ជាតិ​ទាំង​មូល។ គួរ​ឱ្យ​សោក​ស្ដាយ​ នៅ​លើ​វិស័យ​មួយ​ចំនួន​ទៀត​ ដូច​យ៉ាង​ ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​នយោបាយ​និង​ពលរដ្ឋ​ រដ្ឋ​និង​សង្គម​ស៊ីវិល​ ហាក់​នៅ​មាន​ភាព​ខុស​គ្នា​ខាង​ទស្សនៈ​ សកម្មភាព​ និង​ចេតនា​ ដែល​ពេល​ខ្លះ​ឈាន​ដល់​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក។ កន្លង​មក​រដ្ឋ​ធ្លាប់​ចោទ​ប្រកាន់​អង្គការ​សមាគម​ខ្លះ​ថា​នាំ​ផល​អវិជ្ជមាន​ដល់​សង្គម​ ឬ​មាន​ចេតនា​ប្រឆាំង​រដ្ឋាភិបាល​ថែម​ទៀត​ផង។​ អង្គការ​សង្គម​ស៊ីវិល​រង​ការ​ចោទ​ប្រកាន់​ថា​«ប្រឆាំង»​រដ្ឋាភិបាល រដ្ឋ​និង​សង្គម​ស៊ីវិល​ដែល​បម្រើ​ការ​លើ​វិស័យ​សិទ្ធិមនុស្ស​និង​វិស័យ​បរិស្ថាន​ ហាក់​ធ្វើ​ការ​មិន​ស៊ី​សង្វាក់​គ្នា ដែល​ស្ដែង​ឡើង​តាម​រយៈ​ ការ​រាំង​ស្ទះ​អំឡុង​ពេល​បំពេញ​ការងារ​មួយ​ចំនួន​របស់​អង្គការ​សមាគម​ទាំង​នេះ។ អង្គ​ការ​សមាគម​ខ្លះ​ក្នុង​វិស័យ​ទាំង​ពីរ​នេះ ឃ្លាំមើល​ រាយការណ៍ និង​តស៊ូ​មតិ​ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​កែលម្អ​ក្នុង​វិស័យ​ទាំង​នេះ​ តាម​តែ​ជំនាញ​និង​អ្វី​ដែល​ពួក​គេ​បាន​ឃើញ។ ការណ៍​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ចៀស​មិន​ផុត​ជាមួយ​ស្ថាប័ន​រដ្ឋ​ដែល​យល់​ឃើញ​ផ្សេង។ កន្លង​មក​ មាន​ករណី​ចោទ​ប្រកាន់​លើ​សកម្ម​ជន​សិទ្ធិ​មនុស្ស​និង​បរិស្ថាន​មួយ​ចំនួន​ ថា​ពួក​គេ​រាយការណ៍​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​បំផ្លើស​អំពី​តថភាព​ជាក់​ស្ដែង​របស់​សង្គម​ ដែល​ប្រធាន​រឿង​មួយ​ចំនួន​ជា​បញ្ហា​ក្ដៅ និង​រសើប​ រហូត​មន្ត្រី​រដ្ឋ​ជា​អ្នក​អនុវត្ត​ច្បាប់​ខ្លះ​យល់​ថា​បាន​ប៉ះ​ពាល់​ដល់​កិត្តិយស​និង​មុខ​មាត់​របស់​ខ្លួន។ ដោយ​យល់​ថា​អង្គ​ការ​សមាគម​ទាំង​នោះ​មាន​ចេតនា​«ប្រឆាំង»​និង​បំផ្លើស​ការ​ពិត​ រដ្ឋ​មិន​សូវ​គោរព​ឱ្យ​តម្លៃ​មតិ​ចូល​រួម​ប្រកប​ដោយ​ស្វ័យភាព​របស់​ពួក​គេ​នោះ​ទេ ហើយ​ថែម​ទាំង​ចាត់​ទុក​ថា​ពួក​គេ​ធ្វើ​សកម្ម​ភាព​នានា​ដើម្បី​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ខាង​ផ្នែក​នយោបាយ​ទៀត​ផង។ យើង​អាច​ប្រដូច​ការ​យល់​ឃើញ​នេះ​ទៅ​នឹង​ជន​ដែល​មាន​សុខ​ភាព​មិន​ល្អ​ ហើយ​មិន​ហ៊ាន​ប្រាប់​គ្រូពេទ្យ​ពី​អាការ​រោគ​របស់​ខ្លួន​ទៅ​វិញ។ ការ​ចោទ​ប្រកាន់​ខាង​លើ​ បណ្ដាល​ឱ្យ​មាន​ការ​បាត់​បង់​នូវ​ធាតុ​ផ្សំ​ដ៏​វិសេស​ ពោល​គឺ​ការ​ចូល​រួម​របស់​យុវជន​ដែល​សកម្ម​ជាមួយ​អង្គការ​ទាំង​នោះ​ ដែល​យុវជន​ទាំង​ឡាយ​នោះ​ស្ថិត​ក្នុង​ចំណោម​កម្លាំង​ដ៏​សកម្ម​របស់​ប្រទេស។ ការ​ចោទ​ប្រកាន់​ទាំង​ផ្នែក​ពាក្យសម្ដី​និង​ផ្លូវ​ច្បាប់​ថា មួយ​ចំនួន​នៃ​យុវជន​ទាំង​នោះ​បំពុល​សង្គម និង​មាន​ចេតនា​ប្រឆាំង​រដ្ឋាភិបាល ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ បាន​គំរាម​កំហែង​រារាំង​យុវជន​ជំនាន់​ក្រោយៗ​ផ្សេង​ទៀត​ដែល​មាន​ក្ដី​ស្រមៃ​ និង​មហិច្ឆតា​ចង់​ប្រឡូក​តស៊ូ​មតិ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​និង​បរិស្ថាន។ ក្រោម​គំនាប​សង្គម​ ពួក​គេ​ប្រែ​ជាបាក់​ស្បាត​ មិន​ហ៊ាន​និយាយ​ស្តី​ ក្នុង​ការ​តស៊ូ​មតិ ​ក្រែង​រអា​ពី​សកម្ម​ភាព​ជា​ប្រយោជន៍​ដល់​សង្គម។ ការណ៍​​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​បាត់​បង់​នូវ​​ការ​ចូល​រួម​ដ៏​សំខាន់​ពី​សំណាក់​ធន​ធាន​មនុស្ស​​ជំនាន់​ក្រោយ​ជាច្រើន ដែល មាន​សមត្ថ​ភាព ពោរ​ពេញ​ដោយ​គំនិត ឧត្ដម​គតិ ចក្ខុវិស័យ​វែង​ឆ្ងាយ។ ដូច្នេះ​ស្ថាប័ន​រដ្ឋ​គួរ​លើក​កម្ពស់​ការ​ចូល​រួម​ និងបើក​ចំហរ​ស្វាគមន៍​​រាល់​សកម្មភាព​របស់​អង្គការ​ ឬ​សមាគម​ដែល​ធ្វើ​ការងារ​សង្គម​ពិត​ប្រាកដ​ ត្រឹមត្រូវ ជាក់ស្តែង​ និង​ប្រសិន​បើ​អង្គការ​ទាំង​នោះ​មិន​បាន​ធ្វើ​ខុស​ទៅ​នឹង​រដ្ឋ​ធម្ម​នុញ្ញ​របស់​ប្រទេស។ ការ​ចូល​រួម​របស់​ ប្រជាពលរដ្ឋ​ទូទៅ​ក៏​ដូច​ជា​ យុវជន​ដែល​ជា​កម្លាំង​សកម្ម​មិន​អាច​ខ្វះ​បាន។ រដ្ឋ​មាន​ករណីកិច្ច​បង្កបរិយាកាស​ឱ្យ​ពល​រដ្ឋ​និង​អង្គការ​សង្គមស៊ីវិល​​បាន​ចូល​រួម​បំពេញ​តួនាទី​ ក្នុង​ស្មារតី​រួប​រួម​ មិន​កិប​កេង​ មិន​កៀប​សង្កត់​គ្នា​ ទោះ​ក្នុង​រូប​ភាព​ណា​ក៏ដោយ​ មិន​ថា​ការ​ចាប់​ដាក់​ទោស​ផ្សេងៗ​ ព្រោះ​ការ​ប្រព្រឹត្ត​បែប​នោះ​នឹង​បន្ទុច​បង្អាក់​សកម្ម​ភាព​​ចូល​រួម​ ប្រកប​ដោយ​​ស្មារតី​ស្នេហា​ជាតិ​ពិត​ប្រកដ​របស់​ពល​រដ្ឋ​ជា​ម្ចាស់​ប្រទេស។ សម្ពាធ​លើ​ប្រភព​ធន​ធាន​នៃ​អង្គការ​សង្គម​ស៊ីវិល​ដែល​ប្រតិបត្តិ​អាស្រ័យ​នឹង​ជំនួយ​ ​កង្វះ​ការ​គាំទ្រ​ពេញ​លេញ​ពី​ភាគី​ម្ចាស់​ជំនួយ​ទាំង​ក្នុង​និង​ពី​ក្រៅ​ប្រទេស​ អាច​នាំ​ឱ្យ​អង្គ​ការ​ ឬ​សមាគម​មួយ​ចំនួន​ប្រឈម​មុខ​នឹង​ការ​ខ្សោះ​ធន​ធាន​ និង​ឈាន​ទៅ​ដល់​ការ​បិទ​ទ្វារ​ មិន​អាច​បន្ត​នូវ​សកម្មភាព​ប្រតិបត្តិការ​​បាន។ សេណារីយោ​នោះ​នឹង​បង្ក​នូវ​ចន្លោះ​ប្រហោង​សម្រាប់​រដ្ឋ​​និង​ប្រជា​ជន​ ព្រោះ​អវត្ត​មាន​ដៃគូ​ជួយ​សហការ​សម្រាប់​ការ​អភិវឌ្ឍ ខ្សឹប​ប្រាប់​នូវ​ចំណុច​ខ្វះ​ខាត​ដែល​យើង​ទាំង​អស់​គ្នា​មាន។ ការ​ចោទ​ប្រកាន់​ដែល​ថា​ អង្គការ​សមាគម​នេះ​ ឬ​អង្គ​ការ​សមាគម​នោះ​ ធ្វើការ​ដើម្បី​តែ​បម្រើ​ផល​ប្រយោជន៍​ដល់ ​ក្រុម​ម្ចាស់​ជំនួយ​បរទេស​នោះ​ អាច​នាំ​ឱ្យ​មាន​ការ​ខក​ខាន​ និង​មិន​គាំទ្រ​ឱ្យ​ទទួល​បាន​ការ​គាំទ្រ​ទាំង​នោះ​ត​ទៅ​ទៀត​ដើម្បី​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន ហើយ​ពេល​ខ្លះ​អង្គការ​សមាគម​ទាំង​នោះ​ស្ទាក់​ស្ទើរ​មិន​ហ៊ាន​ទទួល​ជំនួយ​លើ​ប្រធាន​រឿង​ណា​ដែល​រដ្ឋ​យល់​ថា​រសើប​និង​ចម្រូង​ចម្រាស់។ ភាព​មិន​ស៊ីចង្វាក់​គ្នា​នេះ​ អាច​បណ្ដាល​ឱ្យ​មាន​ដំណើរ​រអាក់​រអួល​ក្នុង​លំហូរ​ជំនួយ​និងហិរញ្ញប្បទាន​ ដើម្បី​ទ្រ​ទ្រង់​ដល់​បេសកកម្ម​ការងារ​នៃ​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល​និង​តួអង្គ​សង្គម​ស៊ីវិល​នានា ដែល​ជះ​បច្ច័យ​អវិជ្ជមាន​ដល់​ការ​ចូល​រួម​របស់​ពួក​គេ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ និងផ្ដល់​ធាតុ​ចូល​ដល់​ភាគី​រដ្ឋា​ភិបាល។ ពេល​ខ្លះ​ ភាព​ស្រពេច​ស្រពិល​មិន​ដាច់​ស្រេច​ដោយ​ហេតុ​ថា​ទាំង​សង​ខាង មាន​ការ​គុំកួន​ ចង់​ចាញ់​ចង់​ឈ្នះ រវាង​គ្នា​បែប​នេះ មិន​ព្រម​បើក​ចិត្ត​ពិភាក្សា​គ្នា​អំពី​មូលហេតុ​ណាមួយ​ច្បាស់​លាស់​ វា​នឹង​បណ្តាល​ឱ្យ​មាន​ការ​លាប​ពណ៌​គ្នា​មើល​មុខ​គ្នា​មិន​ត្រង់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ភាព​ប្រឈម​បែប​នេះ​ក៏​អាច​នឹង​ធ្វើ​ឱ្យ​ម្ចាស់​ជំនួយ​មាន​ការ​រារែក​ក្នុង​ចាក់​បញ្ចូល​ប្រភព​ធន​ធាន​ដល់​បេសកកម្ម​ដ៏​សំខាន់​របស់​សង្គម​ស៊ីវិល​ផង​ដែរ។ ហេតុ​នេះ​ ស្ថាប័នរដ្ឋនិងអង្គការសង្គម​ស៊ីវិល​ត្រូវ​បង្កើន​ការ​បើក​ចំហ​ តម្លាភាព និង​គណនេយ្យ​ភាព​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក។ គ្រឹះស្ថាន​និង​តួអង្គ​សង្គម​ស៊ីវិល​នានា​ត្រូវ​បើក​ចំហ​ទិន្នន័យ និង​បង្ហាញ​នូវ​ព័ត៌មាន​ពិត​ នៃ​សកម្ម​ភាព​ទាំង​អស់ ពោរ​ពេញ​ដោយ​ភាព​ប្រាកដ​ប្រជា​និង​គុណភាព។ ធ្វើ​ដូច្នេះ​នឹង ជួយ​បញ្ចៀស​ភាព​ភាន់​ច្រឡំ​និង​ការ​សង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ពេល​ដែល​ទទួល​បាន​ការ​គាំទ្រ ​ទាំង​ធនធានហិរញ្ញវត្ថុ និង​ធន​ធាន​ផ្សេងៗ​ទៀត ពី​ក្រៅ​ប្រទេស។​ ដោយ​ឡែក​ ភាគី​រដ្ឋ​ត្រូវ​សម្លឹង​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​និង​យុត្តិធម៌​ លើ​ការ​អនុវត្ត​ពិត​ប្រាកដ​នៃ​ការងារ​ដ៏​មាន​សារៈសំខាន់​នៃ​អង្គការ​និង​តួអង្គ​សង្គម​ស៊ីវិល​នានា។ រដ្ឋ​ក៏​អាច​ចូល​រួម​លើក​កម្ពស់​ការ​ចូល​រួម​របស់​អង្គការ​និង​តួអង្គ​ទាំង​នោះ​តាម​រយៈ​ការ​លៃ​ទុក​ប្រភព​ធនធាន​របស់​ជាតិ​ ឧបត្ថម្ភ​ការ​ងារ​របស់​អង្គការ​សង្គមស៊ីវិល​ ដើម្បី​បង្កើន​ភាព​ជា​ដៃ​គូ និង​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​សង្គម​ ដើម្បី​ប្រយោជន៍​រួម​ក្នុង​ស្មារតី​អភិបាល​កិច្ច​ប្រកប​ដោយ​បរិយាប័ន្ន។ ប្រទេស​កម្ពុជា​យើង​ទើប​រួច​ចេញ​ពី​យុគ​សម័យ​ជា​ច្រើន​ឆ្នាំ​សង្គ្រាម​នៃ​ការ​ឈ្លោះ​ប្រកែក​បង្ហូរ​ឈាម​សាសន៍​ឯង។ យើង​កំពុង​តែ​ដើរ​ឈាន​ទៅ​រក​ឋានៈ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ នៅ​លើ​ផ្លូវ​នៃ​សន្តិភាព​ពេញ​លេញ។ ដំណើរ​នេះ​ទាម​ទារ​ឱ្យមាន​កិច្ច​សហការ ​និង​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ទាំងអស់។ មិន​ថា​ជា​ម្ចាស់​ជំនួយ​ក្នុង​ឬ​ក្រៅ​ប្រទេស​ មិន​ថា​ស្ថាប័នរដ្ឋ មិន​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល ទាំង​អស់​គ្នា​សុទ្ធ​សឹង​ជា​សរសៃ​ឈាម​ជា​ច្រើន​ដែល​ដើរ​តួនាទី​សំខាន់​ដូច​គ្នាៗ ក្នុង​ការ​បំពេញ​នូវ​សព៌ាង្គកាយ​របស់​ប្រទេស​យើង។ យើង​ត្រូវ​បើក​ចំហរ​ការ​ចូល​រួម​ជួយ​អភិវឌ្ឍន៍​ប្រទេស​យើង​ទាំង​អស់​គ្នា។  ជារួម គឺ​ដើម្បី​គោល​បំណង​នៃ​ការ​ធ្វើ​ការ​ងារ​ទាំង​នោះ​ជួយ​ឱ្យ​មាន​ការ​រីក​ចម្រើន និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​កម្ពុជា​ជា​របស់​យើង​ទាំង​អស់​គ្នា។ ម្យ៉ាង​វិញ​ទៀត ការ​រួម​ដៃ​គ្នា​ស្អិត​ល្មួត​នៃ​ភាគី​ទាំង​សង​ខាង​ គឺ​ជា​រូបភាព​ដ៏​ស្រស់​បំព្រង​មួយ​ជួយ​ចម្លង​យឹត​យោង​យុវជន​បន្តវេន​ជំនាន់​ក្រោយៗ​ឱ្យ​មាន​ការ​លូត​លាស់​ប្រកប​ដោយ​ភាព​ចម្រុះ​មតិ​និង​សកម្ម​ភាព។ ពួក​គេ​ក៏​អាច​ជួយ​ជ្រោម​ជ្រែង​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កម្រិត​ខ្ពស់​ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នា​ពេល​អនាគត៕

កម្ពុជាដល់ពេលបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅទីសាធារណៈ

ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/VOA ខេមរភាសា) តំណរភ្ជាប់ ការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា កំពុងពេញនិយមខ្លាំងចំពោះយុវជនខ្មែរ​ និងបានក្លាយទៅជាទម្លាប់អវិជ្ជមានមួយដែលកំពុងចាក់ស្រេះពាសពេញសង្គមកម្ពុជា។ ផលិតផលស្រាបៀគ្រប់ម៉ាក គ្រប់ប្រភេទត្រូវបានពលរដ្ឋខ្មែរនិយមទទួលទានស្ទើគ្រប់កម្មវិធី និងគ្រប់ពេលវេលាមិនថា កម្មវិធីជប់លៀង ពិធីមង្គលការ ពិធីបុណ្យសព និងរាប់បញ្ចូលទាំងកម្មវិធីជួបជុំគ្នាជាលក្ខណៈធម្មតា ក៏គេសង្កេតឃើញលេចនូវវត្តមានគ្រឿងស្រវឹងទាំងអស់នោះដែរ។ ឥរិយាបថនេះ គឺផ្ទុយស្រឡះពីឥរិយាបថរស់នៅរបស់ពលរដ្ឋកាលជំនាន់មុន ដោយប្រជាជនភាគច្រើនទទួលទានគ្រឿងស្រវឹងតែក្នុងឱកាសពិសេសៗដូចជាបុណ្យចូលឆ្នាំថ្មី ពិធីជប់លៀង។ល។ ការពិសារគ្រឿងស្រវឹងរបស់ពលរដ្ឋកម្ពុជា បានក្លាយទៅជារឿងធម្មតា និងសាមញ្ញ។ សាមញ្ញដោយហេតុថា យុវជនខ្មែរមិនថា ប្រុស ឬស្រី អត្រានៃអ្នកប្រើប្រាស់គ្រឿងស្រវឹងមានភាពត្រដំត្រសងគ្នា។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក(World Health Organization) និងអង្គការមូលនិធិអាស៊ី (Asia Foundation )បានបង្ហាញថា ក្នុងឆ្នាំ២០១៥ ពលរដ្ឋខ្មែរជាបុរសសេពគ្រឿងស្រវឹងជាមធ្យមប្រមាណ៩.៧លីត្រក្នុងមួយឆ្នាំ ខណៈស្ត្រីវិញសេពគ្រឿងស្រវឹងគិតជាមធ្យមប្រមាណ៣.២១លីត្រក្នុងមួយឆ្នាំ។ ប៉ុន្តែតួលេខនេះបានកើនឡើងជាលំដាប់។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ ពលរដ្ឋម្នាក់សេពគ្រឿងស្រវឹងជាង៣៧លីត្រ និងអាចកើនដល់ជាង៤៤លីត្រក្នុងឆ្នាំ២០២៧។ ដោយឡែក របាយការណ៍របស់ Wisevoter វិញបានចាត់ថ្នាក់កម្ពុជាឱ្យជាប់លេខ៣ក្នុងតំបន់អាស៊ានដែលមានប្រជាជនផឹកស្រាច្រើនជាងគេ និងលេខរៀងទី៣៦នៅលើពិភពលោក។ កំណើននៃអ្នកសេពគ្រឿងស្រវឹងនៅកម្ពុជា មួយផ្នែកធំដោយសារតែភាពរីកចម្រើនហួសកម្រិតនៃទីផ្សារឧស្សាហកម្មស្រាបៀរ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមដងផ្លូវសាធារណៈទាំងទីប្រជុំជន និងទីជនបទ ការផ្សព្វផ្សាយគ្រប់កម្មវិធីលើកញ្ចក់ទូរទស្សន៍ ការដាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទាក់ទាញចិត្តអ្នកផឹកជាដើម។ ក្នុងសង្គមកម្ពុជា ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ បានធ្វើឡើងយ៉ាងទូលំទូលាយ និងជាលក្ខណៈបើកចំហរ។ នៅគ្រប់ទីតាំងសំខាន់ៗមិនថា តាមហាងធំៗ ស្ពាន សួនច្បារសាធារណៈ តាមមាត់ទន្លេ តាមដងវិថីធំៗទាំងនៅក្នុងក្រុង និងតាមខេត្ត ការផ្សព្វផ្សាយផ្ទាំងប៉ាន់ណូសា្របៀរហាក់មានសភាពគគ្រឹកគគ្រេង ដែលកំពុងសំញែងថា ប្រទេសកម្ពុជា គឺជាអធិរាជស្រាបៀរ។ មិនត្រឹមតែការផ្សព្វផ្សាយតាមស្លាកប៉ាន់ណូប៉ុណ្ណោះទេ ការលើកទឹកចិត្តពលរដ្ឋឱ្យពិសារគ្រឿងស្រវឹងតាមរយៈការបង្កើតកម្មវិធីកម្សាន្តនានាដូចជា ការប្រគុំតន្ត្រីកម្សាន្ត ការផលិតរសជាតិថ្មី និងលក់ក្នុងកម្មវិធីប្រមូសិន ក៏ជាផ្នែកមួយដែលធ្វើពលរដ្ឋផ្តើមមានចំណង់ពិសារគ្រឿងស្រវឹង។ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​មួយ​ចំនួន​តែង​ភ្ជាប់​ជាមួយ​នឹង​សារ​ដែល​ជំរុញ​ឱ្យ​ចង់​ពិសារ។ សារខ្លះ​ មានសរសើរ​ពី​គុណសម្បត្តិ​របស់​ស្រា ឬ​ស្រាបៀរ ថា​មានរសជាតិ​ឆ្ងាញ់ គេង​លក់​ស្រួល និង​មាន​សារ​ខ្លះ​ថា​ជា​មោទនភាពជាតិ​ក៏​មាន។ អ្វីដែលជាកត់សម្គាល់បន្ថែមទៀត ក្រុមហ៊ុនផលិតស្រាបៀរព្យាយាមផ្សព្វផ្សាយផលិតផលរបស់ខ្លួនស្ទើគ្រប់កម្មវិធីធំៗដូចជាលើកស្ទួយវិស័យគុនខ្មែរ វិស័យសិល្បៈ និងវិស័យជាច្រើនផ្សេងទៀតតាមរយៈការឧបត្ថម្ភជាទឹកប្រាក់ ឬជាដៃគូសហការ។ ការផ្សព្វផ្សាយតាមទីសាធារណៈ គឺជារឿងមួយ ប៉ុន្តែក្រុមហ៊ុនស្រាបៀរទាំងនោះបន្ថែមយុទ្ធសាស្ត្ររបស់ខ្លួនក្រោមយន្តការបញ្ចៀបការផ្សព្វផ្សាយស្រាបៀរតាមរយៈការទាញយកតារាចម្រៀងល្បីៗក្នុងប្រទេសឱ្យមកជួយផ្សព្វផ្សាយទៅកាន់មហាជនថែមទៀត។ ទាំងនេះហើយជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ និងជាហានិភ័យសម្រាប់ធនធានមនុស្សកម្ពុជាក្នុងរយៈពេលវែងដែលគ្រប់គ្នាពុំសូវចាប់អារម្មណ៍ ឬខ្វល់ខ្វាយ។ នៅពីក្រោយការផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយគ្មានច្បាប់ទម្លាប់ និងរង្វាន់ដ៏គគ្រឹកគក្រេងទាំងនេះ វិបត្តិជាច្រើនបានកើតឡើងចំពោះសង្គមជាតិដោយរាប់តាំងពី បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការធ្លាក់ចុះនៃសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិទាំងមូល បញ្ហាសុខមាលភាពសាធារណៈ និងបញ្ហាសន្តិសុខ។ល។ ជាការពិត កម្ពុជាសព្វថ្ងៃស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវការធនធានមនុស្សមានគុណភាព និងសកម្ម។ តែជាក់ស្តែង ធនធានមនុស្សមួយផ្នែកធំរបស់កម្ពុជា ត្រូវបានបំផ្លាញដោយសារគ្រឿងស្រវឹង។  ក្នុងន័យនេះ យុវជនពេញកម្លាំងរបស់កម្ពុជាបានបាត់បង់អាយុជីវិតជារៀងរាល់ថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កពីឥទ្ធិពលនៃគ្រឿងស្រវឹង។ នៅឆ្នាំ២០២៣ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាង៣ពាន់ករណី កើនឡើង១១% បើធៀបនឹងឆ្នាំ២០២២ និងខាតបង់សេដ្ឋកិច្ចជាតិជាង៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ចូន។ តាមរបាយការណ៍ដដែល ក្នុងមួយថ្ងៃកម្ពុជាបាត់បង់កម្លាំងធនធានមនុស្សយ៉ាងតិចណាស់៥នាក់ជារៀងរាល់ថ្ងៃ។ នេះមិនទាន់រាប់បញ្ចូនការចំណាយថវិកាព្យាបាលរបួសស្នាម និងមើលថែទាំជម្ងឺដែលបង្កឡើងដោយការពិសារគ្រឿងស្រវឹងផងទេ។ ជារៀងរាល់ឆ្នាំ រដ្ឋអាចទាញចំណូលពន្ធពីឧស្សហកម្មស្រាបៀរបានចន្លោះពី៣០-៤០លានដុល្លារអាមេរិក ខណៈការផ្សព្វផ្សាយតាមបណ្តាញសង្គមវិញ បណ្តាស្ថានីយទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយនានាទាញចំណូលពីក្រុមហ៊ុនស្រាបៀរប្រមាណ៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍របស់អង្គការមូលនិធិអាស៊ី។ ដោយឡែកបើផ្អែកតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារបានរកឃើញថា ទីផ្សារស្រាបៀរក្នុងប្រទេសកម្ពុជាអាចរកចំណូលបានជាង១៣៦០លានដុល្លារអាមេរិក។ ទោះបីរដ្ឋទទួលបានចំណូលពន្ធច្រើនសន្ធឹកពីឧស្សាហកម្មស្រាបៀរ ប៉ុន្តែបើធៀបនឹងគ្រោះថ្នាក់សង្គម និងសេដ្ឋកិច្ចរបស់ពលរដ្ឋវិញ គឺមានភាពខុសគ្នាច្រើនណាស់។ នៅតាមប្រទេសជឿនលឿន ពិសេសប្រទេសឥណ្ឌូនេស៊ី រដ្ឋាភិបាលប្រទេសនេះបានលើកទឹកចិត្តឱ្យពលរដ្ឋខ្លួនពិសារទឹកដោះគោស្រស់ជារៀងរាល់ថ្ងៃ។ ការធ្វើដូច្នេះ ដោយសារតែរដ្ឋាភិបាលឥណ្ឌូនេស៊ីយល់ថា ពលរដ្ឋខ្លួនមានកាយសម្បទាមិនរឹងមាំ និងថា ការបរិភោគទឹកដោះគោជួយដល់សុខភាព បញ្ញាស្មារតី រួមនឹងលើកកម្ពស់ការចិញ្ចឹមគោយកទឹកដោះរបស់ពលរដ្ឋក្នុងមូលដ្ឋាននៃប្រទេសឥណ្ឌូនេស៊ីផង។ ចំណែកក្នុងបរិបទកម្ពុជាវិញ ពលរដ្ឋកម្ពុជាកង្វះការយល់ដឹងលើផ្នែកសុខភាព។ បញ្ហាសុខមាលភាពរបស់ពលរដ្ឋខ្មែរត្រូវបានអង្គការសុខភាពពិភពលោករាយការណ៍ថា កុមារអាយុចន្លោះពី១៣ ដល់១៥ ឆ្នាំ ប្រហែល៥២% ផ្តើមបន្សំខ្លួននឹងការពិសារគ្រឿងស្រវឹង។ ឥរិយាបថនៃការសេពគ្រឿងស្រវឹងរបស់ពលរដ្ឋខ្មែរពុំសូវគិតដល់បញ្ហាសុខភាពប៉ុន្មានឡើយ ដោយពួកគេទទួលទានគ្រឿងស្រវឹងលើសពីអ្វីដែលជាការសប្បាយ។ កាលពីដើមខែមករា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលខ្មែរចេញសេចក្តីប្រកាសព័ត៌មានពីផលប៉ះពាល់ដល់សុខភាពពីការប្រើប្រាស់គ្រឿងស្រវឹង។ ជម្ងឺជាច្រើនដែលបង្កឡើងពីគ្រឿងស្រវឹងមានដូចជា៖ ជម្ងឺក្រិនថ្លើម ជម្ងឺមហារីក ប្រព័ន្ធស៊ាំចុះខ្សោយ ជម្ងឺបេះដូង អសមត្ថភាពផ្លូវភេទ ជម្ងឺខ្សោយសាច់ដុំ។ល។ លើសពីនេះទៅទៀត ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត អាចបណ្តាលឱ្យយុវវ័យឈានទៅរកការប្រើប្រាស់គ្រឿងញៀន និងថ្នាំជក់។ កាលពីឆ្នាំ២០១៧ អ្នកជំនាញផ្នែកសុខភាពសាធារណៈរកឃើញថា ពលរដ្ឋខ្មែរមានអត្រាអ្នកស្លាប់ដោយសារជម្ងឺមហារីកខ្ពស់ជាងប្រទេសនានាក្នុងតំបន់អាស៊ីភាគអាគ្នេយ៍របស់អង្គការសុខភាពពិភពលោក។ ទោះបីគេពុំទាន់ដឹងច្បាស់ថា តើពលរដ្ឋខ្មែរក្នុងមួយឆ្នាំត្រូវចំណាយថវិកាប៉ុន្មានដើម្បីព្យបាលជម្ងឺដែលបណ្តាលមកពីទទួលស្រា ក៏គេសង្កេតឃើញថា ពលរដ្ឋខ្មែរមួយភាគធំកំពុងមានជម្ងឺជាប់កាយដែលបន្សល់ទុកពីការទទួលទានគ្រឿងស្រវឹង និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស។ ដោយការអូសទាញពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ពលរដ្ឋខ្មែរមួយចំនួនត្រូវប្រឈមនឹងបញ្ហាជីវភាពក្នុងគ្រួសារ បូករួមនឹងជម្ងឺជាប់កាយ ខណៈគ្រួសារខ្លះត្រូវបាត់បង់សមាជិកគ្រួសារថែមទៀតផង។ លើសពីនេះទៅទៀត ការទទួលស្រាឬស្រាបៀរ អាចបណ្តាលយុវជនឈានទៅរកការប្រើប្រាស់គ្រឿងញៀន និងបង្កជាអំពើហិង្សាក្នុងគ្រួសារ បង្កភាពរឹកវរចំពោះសង្គមជាតិតាមរយៈការកើនឡើងនៃអំពើចោរកម្ម លួចឆក់ប្លន់ ការប្រព្រឹត្តបទឧក្រិដ្ឋ ជម្លោះបុគ្គល។ ករណីហិង្សានេះត្រូវបានគេមើលឃើញថា តែងកើតមានជាញឹកញាប់ចំពោះសង្គមកម្ពុជា ដូចជាជម្លោះក្នុងគ្រួសារ ជម្លោះជាមួយបងប្អូន មិត្តភក្តិ និងអ្នកដទៃ រហូតឈានដល់ការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព ការវាយដំ ការគំរាមគំហែង ពេលខ្លះឈានដល់ការប្រើប្រាស់អាវុធខុសច្បាប់ បាញ់សម្លាប់ ឬចាក់សម្លាប់គ្នាទៀតផង។ ទាំងនេះជាវិបត្តិសង្គមដែលបន្សល់មកពីឧស្សាហកម្មស្រាបៀរ ហើយនេះមិនមែនជារឿងចម្លែកទេដែលសេដ្ឋកិច្ចប្រទេសនឹងត្រូវប្រឈមដោយផ្ទាល់ និងបែបប្រយោល។ តើអ្វីទៅជាដំណោះស្រាយ ដើម្បីបញ្ចប់ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរតាមទីសាធារណៈ និងលើបណ្តាញសង្គម? មែនទែនទៅ រដ្ឋាភិបាលតែងយកចិត្តទុកដាក់លើការទប់ស្កាត់ និងផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅកាន់សាធារណជនគ្រប់មធ្យោបាយទាំងអស់ រហូតដល់កម្ពុជាមានការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងថែមទៀតផង។ ប៉ុន្តែច្បាប់នេះ ហាក់ពុំសូវមានប្រសិទ្ធភាពអ្វីឡើយ ហើយអ្វីដែលកម្ពុជាព្យាយាមទប់ស្កាត់លើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនាពេលកន្លងមក ក៏ពុំសូវទទួលបានផលច្រើនដែរ។ ម្ល៉ោះហើយ អ្វីដែលរដ្ឋាភិបាលកម្ពុជាគួរតែធ្វើ និងត្រូវតែធ្វើនាពេលនេះ គឺអនុវត្តច្បាប់ និងដាក់ចេញនូវវិធានការគ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹង តាមរយៈការបញ្ឈប់សកម្មភាពផ្សព្វផ្សាយនានានៅតាមទីសាធារណៈ មិនថាធ្វើឡើងក្រោមរូបភាពបែបណានោះទេ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលត្រូវដាក់ចេញគោលការណ៍ឱ្យអាជ្ញាធរគ្រប់ខេត្តក្រុង ស្រុក ខណ្ឌដោយមិនត្រូវទទួលយកការផ្សព្វផ្សាយសា្របៀរនៅតាមទីសាធារណៈ តែជំនួសមកវិញនូវការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ក្នុងខេត្ត។ បន្ថែមពីនេះ រដ្ឋាភិបាលត្រូវដាក់កំហិតអាជីវកម្មលក់ស្រាបៀរ ត្រឹមពេលកំណត់ជាក់លាក់ណាមួយពោល គឺយ៉ាងហោចណាស់ត្រូវបញ្ឈប់ការលក់ស្រាបៀរត្រឹមម៉ោង១០យប់ ដាក់ពិន័យចំពោះអនីតិជនក្រោមអាយុ១៨ឆ្នាំទិញស្រាបៀរ និងត្រូវកំណត់អាយុសម្រាប់អ្នកទទួលឱ្យបានត្រឹមត្រូវពោលគឺចន្លោះពីអាយុ២០ឆ្នាំឡើង។ ទន្ទឹមនឹងនេះ ការដំឡើងពន្ធលើផលិតផលស្រាបៀរ ក៏ជាយន្តការល្អមួយដែរក្នុងការកាត់បន្ថយអត្រាអ្នកពិសារគ្រឿងស្រវឹងនៅកម្ពុជា។ ជាពិសេស ការដាក់កំហិតម៉ោងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរតាមកញ្ចក់ទូរទស្សន៍ ដោយហាមជាដាច់ខាតការចាក់ផ្សាយពាណិជ្ជកម្មស្រាបៀរនៅម៉ោងបាយពេលល្ងាចចាប់ពីម៉ោង៦ ដល់ម៉ោង៨យប់ជាដើម។ ការដាក់ពិន័យធ្ងន់ធ្ងរចំពោះអ្នកបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុលជារៀងរាល់ថ្ងៃ ក៏ជារឿងចាំបាច់ដែរ។ ចំណែកក្រសួងអប់រំ ក៏ត្រូវដាក់ចេញនូវស្តង់ការអប់រំមួយ ដោយសំដៅបន្ថែមការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងទៅកាន់សិស្សានុសិស្សទាំងអស់ ឱ្យពួកគេបានយល់ដឹងកាន់តែច្បាស់ និងជៀសឱ្យឆ្ងាយពីការសេពគ្រឿងស្រវឹងគ្រប់រូបភាព។ លើសពីនេះ ក្រសួងអប់រំគួរតែបង្កើតពាក្យស្លោកស្តីពីការហាមសេពគ្រឿងស្រវឹងឱ្យបានកាន់តែច្រើន ឬធ្វើជាបដាចងតាមទីសាធារណមិនថាក្នុងទីក្រុង ឬទីជនបទ ដោយលើកទឹកចិត្តឱ្យពលរដ្ឋងាកមកគិតគូរពីបញ្ហាសុខភាពឡើងវិញ។ ដូច្នេះដល់ពេលហើយដែលកម្ពុជាត្រូវបញ្ឈប់វប្បធម៌ផ្សព្វផ្សាយស្រាបៀរតាមទីសាធារណៈ និងការផ្សព្វផ្សាយគ្រប់ឃោសនាសព្ទ។ ផ្ទុយមកវិញ ទាំងរដ្ឋាភិបាលនិងពលរដ្ឋត្រូវរួមគ្នាលើកកម្ពស់សីលធម៌សង្គមឡើងវិញ។ ការដែលគ្មានស្លាកប៉ាន់ណូស្រាបៀរនៅតាមដងវិថី នឹងជួយបង្កើនសោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត។ ទន្ទឹមនឹងនេះ ប្រសិនបើពលរដ្ឋខ្មែរភាគច្រើនប្តេជ្ញាបញ្ឈប់ការសេពគ្រឿងស្រវឹង នោះសេដ្ឋកិច្ចពលរដ្ឋក៏កាន់តែរីកចម្រើន​ សង្គមជាតិក៏មានការអភិវឌ្ឍជឿនលឿន ត្បិតធនធានមនុស្សរបស់កម្ពុជាមានគុណភាព និងសក្តានុពល៕

បង្កើនការអប់រំប្រកបដោយសុខុមាលភាពសម្រាប់សិស្សកម្រិតបឋមសិក្សា

រូបថតដោយ Global Partnership For Education ថតនៅខែធ្នូ ឆ្នាំ២០១១។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0 ប្រទេស​មួយ​ដែល​ប្រជាជន​រស់​នៅ​ប្រកប​ដោយ​សុភមង្គល មាន​ភាព​រីករាយ និង​ជា​ប្រទេស​ពោរ​ពេញ​ទៅ​ដោយ​ធន​ធាន​មនុស្ស​ខ្លាំង​ពូកែ​ និង​មាន​ឆន្ទៈ​ក្នុង​ការ​ដឹក​នាំ និងចូលរួម​ជួយ​ដោះ​ស្រាយ​បញ្ហា​នានា​ក្នុង​សង្គម​លើ​គ្រប់​វិស័យ​បាន។​ ហើយជាង​នេះ​ទៅ​ទៀត ប្រទេសមួយ​នោះ​ក៏​នឹង​រីក​ចម្រើនលើ​គ្រប់​វិស័យ​ មាន​សុខ​សន្តិភាព​ក្នុង​សង្គម និង​​មាន​អត្រា​ភាព​ក្រី​ក្រ​ទាប​ផង​ដែរ។ ប្រាកដ​ណាស់​ ប្រជាជន​រស់​នៅ​ដោយ​សុខុមាល​ភាព​បាន អាស្រ័យ​ដោយ​ប្រទេស​នោះបាន​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ប្រកប​ដោយ​សុខុមាល​ភាព។ ចុះ​តើ​សុខុមាល​ភាព​មាន​ន័យ​យ៉ាង​ណា​ទៅ? ​បើ​យោង​តាម អង្គការសុខភាពពិភពលោក (WHO) សុខុមាលភាព​គឺ​សំដៅ​ទៅ​លើ​ ភាព​វិជ្ជ​មាន​ដែល​ជួប​ប្រទះ​ដោយ​បុគ្គល​ម្នាក់ៗ ​និង​សង្គម។ ស្រដៀង​គ្នា​ទៅ​នឹង​សុខភាព​នៃសព៌ាង្គ​កាយ​ដែរ វា​ជា​កត្តា​ចាំ​បាច់​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​ត្រូវ​បាន​កំណត់​ដោយ​លក្ខខណ្ឌ​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន។​ សុខុមាល​ភាព​គ្រប​ដណ្តប់​លើ​គុណភាព​ជី​វិត និង​សមត្ថ​ភាព​របស់​មនុស្ស​ និង​សង្គម​ ដែល​រស់​និង​ប្រព្រឹត្ត​ទៅ​ជាមួយ​អត្ថន័យ​និង​គោល​បំណង​ជាក់​ច្បាស់​ ក្នុង​ការ​រួម​ចំណែក​ដល់​ពិភពលោក​របស់​ខ្លួន។ ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​នូវ​សុខុមាល​ភាព​មនុស្ស​និង​សង្គម​ គេត្រូវ​ពឹង​ផ្អែក​លើ​វិស័យ​អប់​រំ ដែល​ចាប់​ផ្ដើម​សំខាន់​ពី​ការ​អប់​រំ​នៅ​កម្រិត​បឋម​ឡើង​ទៅ។ ​ការ​អប់រំ​ត្រូវ​តែ​គិត​គូរ​ដល់​សុខុមាល​ភាព​របស់​សិស្ស ជា​ពិសេស​គឺ​សិស្ស​ក្នុង​កម្រិត​បឋម​សិក្សា។ បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​ឆ្នាំ២០២៣​របស់ អ្នកស្រី Fatima Malik និង​លោក Raman Marwaha ចុះ​ផ្សាយ​លើ​ទំព័រ​បណ្ណាល័យ​វេជ្ជសាស្ត្រ​ជាតិ​អាមេរិក (NLM)  អាយុ​របស់​កុមារ​ ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​លូត​លាស់​ក្នុង​ការ​បង្កើន​ភាព​ក្លាហាន ឆន្ទៈ ភាព​រីករាយ​ក្នុង​ការ​សិក្សា ការ​រស់​នៅ ​និង​ចាប់​កំណត់​អត្ត​សញ្ញាណ ទេព​កោសល្យ​ភាព​ខ្លាំង​ឬ​ខ្សោយ ក៏​ដូច​ជា​អ្វី​ និង​ឱកាស​ដែល​ពួក​គេ​ចង់​បាន​ គឺ​មាន​អាយុ​ចន្លោះ​៦ឆ្នាំ​ទៅ​១២ឆ្នាំ។ ​​នេះ​គឺ​ជា​ក្រុម​អាយុ​របស់​សិស្ស​ដែល​កំពុង​រៀន​ក្នុង​កម្រិត​បឋម​សិក្សា។​ ហេតុ​នេះ​ការ​អប់រំ​ប្រកប​ដោយ​សុខុមាល​ភាព​ក្នុង​កម្រិត​បឋម​សិក្សា​ពិត​ជា​សំខាន់។ ប៉ុន្តែ​បើ​យើង​ក្រឡេក​មក​មើល​ការ​អប់រំ​ក្នុង​កម្រិត​បឋម​សិក្សា​ក្នុង​ប្រទេស​កម្ពុជា​វិញ​ គឺ​មិន​ទាន់​បាន​ផ្ដល់​នូវ​ការ​អប់រំ​ដល់​កម្រិត​មួយ​ប្រកប​ដោយ​សុខុមាល​ភាព​ដល់​សិស្ស​នៅ​ឡើយ​ទេ។ ពិត​ណាស់​ ស្ថិតិ​និង​សូចនាករ​អប់រំ​សាធារណៈ​ឆ្នាំ២០១៨-២០១៩ ​របស់​ក្រសួង​អប់រំ​ បាន​បង្ហាញ​ថា​ ចំនួន​សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​កម្រិត​បឋម​សិក្សា​​បាន​កើន​ឡើង​។ ក៏​ប៉ុន្តែ​ចំពោះ​សិស្ស​ដែល​បោះ​បង់​ការ​សិក្សា​ក្រោយ​បញ្ចប់​ថ្នាក់​កម្រិត​បឋម​សិក្សា​នៅ​តែ​មាន (នេះ​មិន​ទាន់​និយាយ​ដល់​ផល​ប៉ះពាល់​លើ​អត្រា​សិស្ស​បោះបង់​ការ​សិក្សា​អំឡុង​វិបត្តិកូវីដ១៩​នៅ​ឡើយ)។ គុណ​ភាព​វិស័យ​អប់រំ​ក៏​នៅ​មាន​កម្រិត​ដោយ​មិន​ទាន់​អាច​ផ្ដល់​ឱ្យ​កុមារ​នូវ​ការ​អប់រំ​មួយ​ដែល​ប្រកប​ដោយ​សុខុមាល​ភាព​អប់រំ​ពិត​ប្រាកដ​នៅ​ឡើយ។​ កត្តា​ចម្បងៗ​ដែល​បណ្ដាល​ឱ្យ​រាំង​ស្ទះ​ដល់​ការ​អប់រំ​ប្រកប​ដោយ​សុខុមាល​ភាព​មាន​ដូច​ជា កត្ដា​គ្រួសារ​ កត្តា​បុគ្គ​លិក​អប់រំ​ និង​កត្តា​គ្រឹះ​ស្ថាន​អប់រំ។​ ​គ្រួសារ ​ការសិក្សា​ស្រាវ​ជ្រាវ​កន្លង​មក​ និង​ក៏​ដូច​ជា​តាម​រាយការណ៍​នានា​បាន​ចង្អុរ​ទៅ​រក​កត្តា​គ្រួសារ​ដែល​អាច​បង្ក​ជា​ការ​រាំង​ស្ទះ​ដល់​ការ​អប់រំ​ប្រកប​ដោយ​សុខុមាល​ភាព​ព្រោះ​បទ​ពិសោធ​ និង​ទម្លាប់​ពី​អតីត​កាល​របស់​គ្រួសារ​របស់​កុមារ។ នេះ​រួម​ចំណែក​មួយ​ផ្នែក​ពី​សំណាក់​ប្រវត្តិ​សាស្ត្រ​ប្រកប​ដោយ​ហិង្សា​ក្នុង​ទសវត្សរ៍​កន្លង​មក​របស់​កម្ពុជា​  ដែល​ប្រជាជន​ត្រូវ​រស់​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​ និង​សង្គ្រាម​ស៊ីវិល​អូស​បន្លាយ។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក​VOAកាល​ពី​ខែ​មករា​ឆ្នាំ​២០២៤​នេះ ដែល​បាន​ធ្វើ​សម្ភាស​ផ្ទាល់​អ្នក​រួច​រស់​ជីវិត​ក្រោយ​របប​ខ្មែរ​ក្រហម​ និង​បាន​យោង​ការ​សិក្សា​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាល​ពី​ឆ្នាំ​២០២៣ ​វិបត្តិ​ផ្លូវ​ចិត្ត​ដែល​របប​ខ្មែរ​ក្រហម​បាន​បន្សល់​ទុក​ នៅ​តែ​បន្ត​លង​បន្លាច​អ្នក​រង​គ្រោះ​ទាំង​នោះ។ ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ការ​ឆ្លង​កាត់​សម័យ​កាល​ដ៏​សែន​ខ្មៅ​ងងឹត​ ​បាន​បង្ក​ក្ដី​ឈឺចាប់​យូរ​អង្វែង​និង​បន្ត​ជា​វិបត្តិ​ផ្លូវ​ចិត្ត​ដ៏​ធ្ងន់​ធ្ងរ​សម្រាប់​ពួក​គេ​មក​ទល់​សព្វថ្ងៃ ដោយ​ពេល​ខ្លះ​ពួក​គេ​ដឹង​ខ្លួន និង​ពេល​ខ្លះ​ពួក​គេ​មិន​ដឹង​ខ្លួន​អំពី​អម្រែក​នៃ​វិបត្តិ​ទាំង​នេះ​ និង​ក៏​ដូច​ជា​ផល​ប៉ះពាល់​ដល់​ជំនាន់​ក្រោយ​នោះ​ទេ។ ប្រវត្តិ​នៃ​ការ​ឈឺ​ចាប់​និង​ទុក្ខ​វេទ​នា​ទាំង​នេះ​ បាន​នាំ​ឱ្យ​គ្រួសារ​ខ្លះ​យល់​ថា អវត្តមាន​នៃ​សង្គ្រាម​ ការ​មាន​ទ្រព្យ​ធន​ស្បៀង​អាហារ​ហូប​ចុក​គ្រប់​គ្រាន់​ និង​ជា​ប្រការ​ចាំ​បាច់​ទៅ​ហើយ​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​ចៅ​។ ហើយ​ការ​យល់​ឃើញ​បែប​នេះ មិន​ឆ្លុះ​បញ្ចាំង​អំពី​តថ​ភាព​ជាក់​ស្ដែង​នៃ​ការ​ចិញ្ចឹម​បីបាច់​កុមារ​ក្នុង​បរិយាកាស​សង្គម​ និង​សកល​ជំនាន់​ថ្មី​ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ផ្ដល់​ឱ្យ​លើស​ពី​ដំបូល​ស្នាក់​នៅ ម្ហូប​ម្ហា​ហូប​ចុក​ ដោយ​ត្រូវ​មាន​ផង​ដែរ​ ការ​យក​ចិត្ត​ទុក​ដាក់​អំពី​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​ពួក​គេ ការ​ជម្រុញ​​គាំទ្រ​លើក​ទឹក​ចិត្ត​ពី​សំណាក់​ចាស់​ទុំ ​និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លូត​លាស់​​គ្រប់​ជ្រុង​ជ្រោយ​របស់​កុមារ។ ក្នុង​គ្រួសារ​ខ្លះ​ ថែម​ទាំង​បាន​កំណត់​ផ្លូវ​ដើរ​ថ្ងៃ​អនាគត​របស់​កូន​ចៅ​ជា​ស្រេច​ មិន​ថា​ជំនាញ​រៀន​នៅ​មហា​វិទ្យាល័យ​ឬ​ជម្រើស​ការងារ​នោះ​ទេ ដោយ​មិន​បាន​ពិគ្រោះ​សួរ​ចិត្ត​គំនិត​របស់​កុមារ​ជា​សាម៉ី​ខ្លួន​ឡើយ។ ការណ៍​នេះ​នាំ​ឱ្យ​កុមារ​ក្នុង​គ្រួសារ​ទាំង​នោះ​ ជួប​ប្រទះ​បញ្ហា​ដូច​ជា​ កង្វះ​សិទ្ធិ​សេរី​ភាព​ក្នុង​កំណត់​ផ្លូវ​ដើរ​សម្រាប់​ខ្លួន​ឯង​ ត្រៀម​ក្លាយ​ជា​មនុស្ស​ធំ​ដែល​មាន​ម្ចាស់​ការ​លើ​ជីវិត​ខ្លួន​ឯង និង​វិបត្តិ​អត្តសញ្ញាណ​ដោយ​ពួក​គេ​ជួប​បញ្ហា​មិន​ស្គាល់​ពី​ភាព​ខ្លាំង​និង​ទេព​កោសល្យ​របស់​ខ្លួន​ឯង​ច្បាស់ ដ្បិត​អ្វីៗ​ត្រូវ​កំណត់​ទុក​រួច​ជា​ស្រេច​ដោយ​អាណាព្យាបាល។ ​បុគ្គលិក​អប់រំ​ ​បុគ្គលិក​អប់រំ​ខ្លះ​ ក៏​បាន​ក្លាយ​ជា​កត្តា​មួយ​ដែល​បាន​បង្ក​ការ​រាំង​ស្ទះ​ដល់​ការ​អប់រំ​ប្រកប​ដោយ​សុខុមាល​ភាព​ដល់​​កុមារ​ផង​ដែរ។ លោក​គ្រូ​អ្នក​គ្រូ​មួយ​ចំនួន​​នៅ​តែ​បន្ត​ប្រកាន់​យក​ការ​បង្រៀន​បែប​ប្រពៃណី។បើ​យោង​តាម មជ្ឈ​មណ្ឌល​កម្ពុជា​4.0 ការ​បង្រៀន​បែប​ប្រពៃណី​គឺ​គ្រូ​ជា​អ្នក​រៀប​ចំ​មេរៀន​សម្រាប់​ការ​បង្រៀន​ដោយ​ផ្អែក​លើ​សៀវ​ភៅ​​ពុម្ភ​ទាំង​ស្រុង ហើយ​មិន​បាន​រួម​បញ្ចូល​វិធី​សាស្រ្ត​បង្រៀន​តាម​ការ​បង្ហាញ ​រូបភាព ​ពិភាក្សា​ក្រុម ​ករណី​សិក្សា​ ឬ​ក៏​​រួម​បញ្ចូល​តម្រូវ​ការ​របស់​សិស្ស​ជា​ធាតុ​ចូល​ក្នុង​ដំណើរ​ការ​បង្រៀន​នោះ​ទេ។ ការ​បង្រៀន​បែប​ប្រពៃណី​ផ្ដោត​​សំខាន់​លើ​ការ​កត់​ត្រា​និង​ចង​ចាំ​ត្រាប់​តាម​ការ​បង្រៀន​របស់​គ្រូ​ ដើម្បីប្រឡង​ជាប់​បាន​ពិន្ទុ​ល្អ​ ជា​ជាង​ការ​បើក​ឱ្យ​សិស្ស​បញ្ចេញ​គំនិត​ និង​អនុវត្ត​​ផ្ទាល់​នូវ​មេរៀន​ និង​ក៏​ដូច​ជា​ប្រឡង​ប្រណាំង​បង្ហាញ​ភាព​ច្នៃ​ប្រឌិត។ លើស​ពី​ការ​បង្រៀន ​ទំនាក់​ទំនង​របស់​គ្រូ និង​អាណា​ព្យាបាល​សិស្ស​ក៏​នៅ​មាន​គន្លាត​ឆ្ងាយ។ ក្នុង​ករណី​ខ្លះ​គ្រូ​ពុំ​ទាន់​បាន​ចំណាយ​ពេល​គ្រប់​គ្រាន់​ ក្នុង​ការ​តាម​ដាន​និង​ផ្ដល់​ព័ត៌​មាន​របស់​សិស្ស​ទៅ​ដល់​គ្រួសារ​ និង​អាណា​ព្យាបាល​អំពី​ការ​សិក្សា ​ឥរិយាបថ ​និង​ការ​លូត​លាស់​របស់​សិស្ស​នៅ​ឡើយ​ទេ។ ​ដូច្នេះ​ហើយ​ទើប​គ្រូ​ និង​អាណា​ព្យាបាល​មិន​បាន​ដឹង​អំពី​តម្រូវ​ការ ​និង​ភាព​ខ្វះ​ចន្លោះ​ពិត​ប្រាកដ​របស់​កុមារ។ ការណ៍​នេះ​បណ្ដាល​ឱ្យ​កុមារ​មាន​អារម្មណ៍​ឯកោ មិន​មាន​អារម្មណ៍​ថា​ខ្លួនមិន​ត្រូវ​បាន​រួម​បញ្ចូល​ជា​ចំណែក​សំខាន់​មួយ​នៅ​ក្នុង​ថ្នាក់​រៀន។ ​គ្រឹះ​ស្ថាន​អប់រំ​ ​ភាព​ខ្វះ​ចន្លោះ​មួយ​ចំនួន​របស់​គ្រឹះ​ស្ថាន​សិក្សា​អប់រំ​ ក៏​ជា​កត្តា​រួម​ចំណែក​ដល់​ការ​មិន​ទទួល​បាន​អប់រំ​ប្រកប​ដោយ​សុខុមាល​ភាព​របស់​កុមារ​ផង​ដែរ។ សុខុមាលភាព​របស់​គ្រូ​គឺ​ជា​កត្តា​សំខាន់​ដែល​មាន​ឥទ្ធិពល​ទៅ​ដល់​សុខុមាល​សិស្ស។ តែ​គ្រឹះ​ស្ថាន​អប់រំ​ខ្លះ​មិន​បាន​គិត​គូ​ពី​សុខុមាល​ភាព​របស់​គ្រូ​បង្រៀន​នៅ​ឡើយ​ ទាក់​ទង​នឹង​កិច្ចការ​រដ្ឋបាល​ដែល​ដាក់​ទៅ​កាន់​គ្រូ។ ពេល​ខ្លះ​ ការ​ដាក់​កិច្ច​ការ​នោះ​មិន​មាន​ការ​ណែនាំ​ច្បាស់​លាស់​ និង​ការ​ផ្ដល់​ពេល​វេលា​ដ៏​សម​រម្យ​ដែល​សមត្ថ​ភាព​របស់​គ្រូ​អាច​ធ្វើ​បាន។ជា​ឧទាហរណ៍​ជាក់ស្ដែង​ ការងារ​រដ្ឋបាល​ទាក់ទង​នឹង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល ដែល​បុគ្គលិក​អប់រំខ្លះ​មិន​មាន​ជំនាញ​និង​ធនធាន​គ្រប់​គ្រាន់​នោះ​វា​នឹង​បង្ក​ទៅ​ជា​សម្ពាធ​​និង​ចំណោទ​សួរ​លើ​សមត្ថភាព​របស់​គ្រូ។ គ្រឹះស្ថាន​អប់រំ​មួយ​ចំនួន​ទៀត​ក៏​ឆក​ល្វែង​លើ​ មួយ​ផ្នែក​សំខាន់​ទៀត​នៃ​សុខុមាល​ភាព​របស់​សិស្សានុសិស្ស ពោល​គឺ​គុណភាព​ និង​ប្រភេទ​ចំណីអាហារ​ដែល​លក់​ឱ្យ​សិស្ស​ទទួល​ទាន​ក្នុង​បរិវេណ​សាលា។ ម្ហូប​ចំណី​មួយ​ចំណែក​ដែល​លក់​ក្នុង​សាលា​ខ្វះ​ការ​ត្រួត​ពិនិត្យ​ផ្នែក​គុណភាព​ឱ្យ​បាន​គ្រប់​លក្ខណៈស្តង់​ដារ​ ដែល​ម្ហូប​ចំណី​មួយ​ចំនួន​មាន​សារ​ធាតុ​ស្ករ​ផ្អែម​ និង​មួយ​ចំនួន​ទៀត​ខ្វះ​ជីវជាតិ​និង​អាហារូបត្ថម្ភ​ចាំបាច់​សម្រាប់​ការ​លូត​លាស់​របស់​កុមារ។ ស្ថាន​ភាព​បែប​នេះ​ អាច​បង្ក​ផល​ប៉ះពាល់​ការ​លូត​លាស់​ផ្នែក​រាង​កាយ​និង​ប្រាជ្ញា​ស្មារតី​របស់​កុមារ​ ហើយ​បើ​ធ្ងន់​ធ្ងរ​អាច​បង្ក​ជា​ជំងឺ​ដង្កាត់​ នាំ​ឱ្យ​រអាក់​រអួល​ដល់​ការ​រៀន​សូត្រ​ជាដើម។ អនុសាសន៍ ការ​លើក​កម្ពស់​សុខុមាល​ភាព​របស់​សិស្ស​ក្នុង​បរិបទ​នៃ​ការ​អប់រំ​កម្រិត​បឋម​សិក្សា​ពិត​ជា​ត្រូវ​ការ​ចំណែក​ចូល​រួម​សកម្ម​ពី​សំណាក់​ គ្រួសារ លោក​គ្រូ​អ្នក​គ្រូ និង​គ្រឹះស្ថាន​អប់រំ។ ចំពោះ​គ្រួសារ ត្រូវ​តែ​ផ្លាស់​ប្តូរ​ទម្លាប់​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​កូន​ ដោយ​ផ្ដោត​លើ​ការ​ចិញ្ចឹម​និង​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​កូន​តាម​បែប​វិជ្ជមាន​វិញ។ យុទ្ធសាស្រ្តស្ដីពីការចិញ្ចឹមកូនបែបវិជ្ជមាន ចេញផ្សាយ​ដោយ​ក្រសួង​កិច្ច​ការ​នារី បាន​ណែនាំ​ថា គ្រួសារ អាណាព្យាបាល ត្រូវ​យក​ចិត្ត​ទុក​ដាក់​សាក​សួរ និង​ស្ដាប់​អំពី​បញ្ហា​ដែល​កុមារ​ជួប​ប្រទះ​ ទាំង​នៅ​ផ្ទះ និង​ជា​ពិសេស​នៅ​សាលារៀន ដែល​អាច​ឱ្យ​ពួក​គេ​ទទួល​បាន​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ និង​តែង​មាន​មនុស្ស​ដែល​ពួក​គេ​អាច​ចែក​រំលែក និង​រក​ដំណោះ​ស្រាយ​ជួយ​ពួក​គេ​បាន។​ បន្ថែម​ពី​នេះ​ទៅ​ទៀត​ គ្រួសារ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ ដំណាក់​កាល​នៃ​ការ​លូត​លាស់ ​និងការ​អភិវឌ្ឍរបស់កុមារ ​ទៅ​តាម​កម្រិត​អាយុ​របស់​ពួក​គេ​ ទម្ងន់​របស់​ពួក​គេ ទាំង​ផ្នែក​រាង​កាយ សតិ​បញ្ហា ស្មារតី ចរិត​លក្ខណៈ ការ​គិត និង​អារម្មណ៍។ ជា​ចុង​ក្រោយ​​ គ្រួសារ​ត្រូវ​ដាក់​ការ​រំពឹង​ទុក​បែប​វិជ្ជមាន​ទៅ​លើ​កុមារ​ ហើយ​បង្ហាញ​ពី​ការ​ណែ​នាំ​លើក​ទឹក​ចិត្ត​ស្វែង​រក​ទេព​កោសល្យ ភាពខ្លាំង និង​ចំណង់​ចំណូល​ចិត្ត​របស់​ពួកគេ​ពិត​ប្រាកដ។ ធ្វើ​ដូច្នេះ​ ពួក​គេ​នឹង​មាន​ជំនឿ​ចិត្ត​ក្នុង​កិច្ច​ការ​ រៀន​សូត្រ​ និង​មាន​អារម្មណ៍​វិជ្ជមាន​ចំពោះ​អនាគត​ និង​ប្រាដក​ប្រជា​ចំពោះ​គោល​ដៅ​របស់​ពួក​គេ។ ​ចំពោះ​បុគ្គលិក​អប់រំ គួរ​ពិចារណា​ស្វះ​ស្វែង​ការ​​បង្រៀន​បែប​សកម្ម​វិញ ដោយ​អាច​ឱ្យ​សិស្ស​ធ្វើ​ការ​ជា​ក្រុម​ រៀន​តាម​រយៈ​រូប​ភាព រៀន​តាម​រយៈ​ព្យុះ​គំនិត ការ​អប់រំ​ស្ទែម (STEM) និង​វិធីសាស្រ្ត​ផ្សេងៗ​ដែល​អនុញ្ញាត​ឱ្យ​សិស្ស​ បញ្ចេញ​គំនិត និង​ភាព​ច្នៃ​ប្រឌិត​របស់​គេ។​ លើស​ពី​នេះ ការ​បង្រៀន​បែប​សកម្ម​នេះ​មិន​ត្រឹម​តែ​​បើក​លទ្ធភាព​ឱ្យ​សិស្ស​ទទួល​បាន​ចំណេះដឹង​ក្នុង​មេរៀន​ និង​ភាព​សប្បាយ​រីក​រាយ​ប៉ុណ្ណោះ​ទេ ពួកគេ​នឹង​បាន​អភិវឌ្ឍន៍​អាកប្ប​កិរិយា​របស់​ពួក​គេ​ក្នុង​ការសិក្សា ទំនាក់​ទំនង​ជាមួយ​គ្រូ និង​មិត្ត​ភក្តិ​ និង​ជំនាញ​សំខាន់ៗ​បួន​ក្នុង​សតវត្សន៍​ទី២១​នេះ​ទៀត​គឺ ជំនាញ​ការ​គិត​បែប​ត្រិះរិះ​ពិចារណា ជំនាញ​ការ​គិត​បែប​ច្នៃ​ប្រឌិត ជំនាញ​ក្នុង​ការ​សហការ​ និងជំនាញក្នុងការទំនាក់ទំនង។ ជាក់​ស្ដែង​បើ​យោង​តាម មជ្ឈមណ្ឌល​កម្ពុជា​4.0​ ដដែល​បានឱ្យ​ឃើញ​ថា​ការ​អប់រំ​ស្ទែម​បាន​ឱ្យ​សិស្ស​មាន​ពិសោធន៍​បែប​វិទ្យាសាស្រ្ត​ផ្ទាល់​ លើស​ពី​ការ​រៀន​និង​ចង​ចាំ​ពី​ទ្រឹស្ដី​ក្នុង​សៀវ​ភៅ។ ហើយចំណុច​សំខាន់​មួយ​ទៀតដែល​បុគ្គលិក​អប់រំត្រូវគិតគូរនោះ​គឺ គ្រូ​ត្រូវ​តែ​តាមដាន ​និង​ផ្ដល់​ព័ត៌មាន​ដល់​អាណា​ព្យាបាល​ របស់​កុមារ​ដើម្បី​ដឹង​ពី​ឫស​គល់​បញ្ហា​ណា​មួយ​ដែល​កំពុង​រំខាន​ដល់​កុមារ ​ទាំង​ក្នុង​ការ​សិក្សា និង​ការ​រស់​នៅ។ ធ្វើ​ដូច្នេះ​ទើប​អាច​ជួយ​បំពេញ​ចន្លោះ​ខ្វះ​ខាត និង​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​កុមារ​ និង​រិះ​រក​ដំណោះ​ស្រាយ​សម្រាប់​កុមារ​ឱ្យ​មាន​ប្រសិទ្ធ​ភាព។ កុមារ​ខ្លួន​ឯង​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ ការ​គាំទ្រ​ និង​កំណត់​បាន​ទេ​ថា​អ្នក​ណា​ជា​អ្នក​ដែល​អាច​ផ្ដល់​ជំនួយ​ដល់​ពួក​គេ នៅ​ពេល​ពួក​គេ​ជួប​បញ្ហា។ បើ​គ្រូ​ដឹង​អំពី​តម្រូវ​ការ​របស់​សិស្ស​ម្នាក់ៗ វា​ក៏​បាន​ជួយ​ដល់​ការ​បង្រៀន​ប្រកប​ដោយ​សម​ធម៌​ទៅ​ដល់​សិស្ស​ផង​ដែរ។ ធ្វើ​ដូច្នោះ​ គ្រូ​នឹង​អាច​ឆ្លើយ​តប​ពី​តម្រូវ​ការ​របស់​សិស្ស​ម្នាក់ៗ​ដោយ​ផ្អែក​ទៅ​លើ​កម្រិត​នៃ​ចំណេះ​ដឹង ​ជំនាញ ​និង​ស្ថាន​ភាព​របស់​ពួក​គេ​បាន។ ចំពោះ​គ្រឹះ​ស្ថាន​អប់រំ​ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​សុខុមាល​ភាព​គ្រូ ​ដោយ​មាន​ការ​ណែនាំ​ និង​បណ្ដុះ​បណ្ដាល​គ្រូ​ក្នុង​កិច្ច​ការ​រដ្ឋ​បាល​ដែល​ឱ្យ​បាន​ត្រឹម​ត្រូវ។ ជា​ពិសេស គ្រឹះស្ថាន​ត្រូវ​គិត​ដល់​តម្រូវ​ការ​របស់​គ្រូ​ផង​ដែរ​ ទាក់​ទង​នឹង​ការ​កំណត់​ពេល​វេលា​សម​រម្យ និង​តម្រូវ​ការ​ធន​ធាន​ដែល​គ្រូ​ត្រូវ​ការ ​ដើម្បី​សម្រួល​កិច្ច​ការ​របស់​ពួក​គាត់។ ដូច្នេះ​វា​នឹង​មិន​មាន​ការ​ប៉ះ​ពាល់​ដល់​សុខុមាល​ភាព​គ្រូ​ ហើយ​គ្រូ​ក៏​មាន​ពេល​វេលា​គ្រប់​គ្រាន់​ការ​រៀប​ចំ​ការ​បង្រៀន​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព និង​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ច្រើន​ទៅ​លើ​សិស្ស​ដែរ។ ​បន្ថែម​ពី​នេះ គ្រឹះ​ស្ថាន​អប់រំ​ត្រូវ​តែ​ចូល​រួម​ និង​អនុវត្ត​ឱ្យ​បាន​ដាច់​ខាត​ទៅ​លើ​ការ​ត្រួត​ពិនិត្យ​អាហារ​ដែល​មាន​លក់​ក្នុង​បរិវេណ​សាលា​រៀន។ គ្រឹះស្ថាន​អប់រំ​ត្រូវ​តែ​ប្រាកដ​ថា​ មិន​មាន​សារ​ធាតុ​ប៉ះ​ពាល់​សុខ​ភាព និង​ការ​លូត​លាស់​កុមារ​ទាំង​ផ្នែក​រាង​កាយ​ និង​ខួរ​ក្បាល​ជា​ដើម។ ជា​រឿង​មិន​គួរ​មើល​រំលង​មួយ​ទៀត គឺ​គ្រឹះ​ស្ថាន​អប់រំ​ត្រូវ​បង្កើត​បរិយាកាស​សុវត្ថិ​ភាព​ និង​មនោរម្យ​សម្រាប់​សិស្ស​ ដោយ​គ្មាន​ការ​រើស​អើង និង​បែង​ចែក​ផល​ប្រយោជន៍​ជា​ដើម។ ដូច្នេះ​សាលា​ត្រូវ​បង្កើន​ការ​អប់រំ​ អំពី​សិទ្ធិ​របស់​កុមារ តួ​នាទី​ក្រម​សីលធ​ម៌ និង​គុណ​ធម៌​ទៅ​កាន់​គ្រូ សិស្ស និង​អ្នក​ដែល​ពាក់​ព័ន្ធ ​ដើម្បី​ឱ្យ​មាន​ ការ​គោរព​សិទ្ធិ តួ​នាទី និង​ចិត្ត​ មេត្តា ករុណា ទៅ​កាន់​គ្រប់​គ្នា​ទើប​គ្រូ​អាច​បង្រៀន​ និង​សិស្ស​អាច​រៀន​ប្រកប​ដោយ​សុខុមាល​ភាព​បាន។​ ការ​អប់រំ​ប្រកប​ដោយ​សុខុមាល​ភាព​ក្នុង​កម្រិត​បឋម​សិក្សា​ ជា​មូល​ដ្ឋាន​សំខាន់​សម្រាប់​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ឱ្យ​មាន​ស្មារតី​រឹង​មាំ មហិច្ឆតា​ក្នុង​ការ​ដឹក​នាំ និង​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​របស់​ខ្លួន​ឯង ​គ្រួសារ ​សង្គម​ និង​ប្រទេស​ជាតិ​ទាំង​មូល​ ជា​ពិសេស​​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ជីវភាព​ដែល​មាន​សុភ​មង្គល​ទាំង​ផ្លូវ​កាយ ​ផ្លូវ​ចិត្ត​ និង​ក្នុង​ការងារ​របស់​ពួក​គេ​ផង​ដែរ៕​