បង្កើនការអប់រំប្រកបដោយសុខុមាលភាពសម្រាប់សិស្សកម្រិតបឋមសិក្សា
រូបថតដោយ Global Partnership For Education ថតនៅខែធ្នូ ឆ្នាំ២០១១។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0
ប្រទេសមួយដែលប្រជាជនរស់នៅប្រកបដោយសុភមង្គល មានភាពរីករាយ និងជាប្រទេសពោរពេញទៅដោយធនធានមនុស្សខ្លាំងពូកែ និងមានឆន្ទៈក្នុងការដឹកនាំ និងចូលរួមជួយដោះស្រាយបញ្ហានានាក្នុងសង្គមលើគ្រប់វិស័យបាន។ ហើយជាងនេះទៅទៀត ប្រទេសមួយនោះក៏នឹងរីកចម្រើនលើគ្រប់វិស័យ មានសុខសន្តិភាពក្នុងសង្គម និងមានអត្រាភាពក្រីក្រទាបផងដែរ។ ប្រាកដណាស់ ប្រជាជនរស់នៅដោយសុខុមាលភាពបាន អាស្រ័យដោយប្រទេសនោះបានបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសុខុមាលភាព។ ចុះតើសុខុមាលភាពមានន័យយ៉ាងណាទៅ?
បើយោងតាម អង្គការសុខភាពពិភពលោក (WHO) សុខុមាលភាពគឺសំដៅទៅលើ ភាពវិជ្ជមានដែលជួបប្រទះដោយបុគ្គលម្នាក់ៗ និងសង្គម។ ស្រដៀងគ្នាទៅនឹងសុខភាពនៃសព៌ាង្គកាយដែរ វាជាកត្តាចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ ហើយត្រូវបានកំណត់ដោយលក្ខខណ្ឌសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ សុខុមាលភាពគ្របដណ្តប់លើគុណភាពជីវិត និងសមត្ថភាពរបស់មនុស្ស និងសង្គម ដែលរស់និងប្រព្រឹត្តទៅជាមួយអត្ថន័យនិងគោលបំណងជាក់ច្បាស់ ក្នុងការរួមចំណែកដល់ពិភពលោករបស់ខ្លួន។
ដើម្បីឈានទៅសម្រេចឱ្យបាននូវសុខុមាលភាពមនុស្សនិងសង្គម គេត្រូវពឹងផ្អែកលើវិស័យអប់រំ ដែលចាប់ផ្ដើមសំខាន់ពីការអប់រំនៅកម្រិតបឋមឡើងទៅ។
ការអប់រំត្រូវតែគិតគូរដល់សុខុមាលភាពរបស់សិស្ស ជាពិសេសគឺសិស្សក្នុងកម្រិតបឋមសិក្សា។ បើយោងតាមការស្រាវជ្រាវឆ្នាំ២០២៣របស់ អ្នកស្រី Fatima Malik និងលោក Raman Marwaha ចុះផ្សាយលើទំព័របណ្ណាល័យវេជ្ជសាស្ត្រជាតិអាមេរិក (NLM) អាយុរបស់កុមារ ដែលស្ថិតក្នុងដំណាក់កាលនៃការលូតលាស់ក្នុងការបង្កើនភាពក្លាហាន ឆន្ទៈ ភាពរីករាយក្នុងការសិក្សា ការរស់នៅ និងចាប់កំណត់អត្តសញ្ញាណ ទេពកោសល្យភាពខ្លាំងឬខ្សោយ ក៏ដូចជាអ្វី និងឱកាសដែលពួកគេចង់បាន គឺមានអាយុចន្លោះ៦ឆ្នាំទៅ១២ឆ្នាំ។ នេះគឺជាក្រុមអាយុរបស់សិស្សដែលកំពុងរៀនក្នុងកម្រិតបឋមសិក្សា។ ហេតុនេះការអប់រំប្រកបដោយសុខុមាលភាពក្នុងកម្រិតបឋមសិក្សាពិតជាសំខាន់។
ប៉ុន្តែបើយើងក្រឡេកមកមើលការអប់រំក្នុងកម្រិតបឋមសិក្សាក្នុងប្រទេសកម្ពុជាវិញ គឺមិនទាន់បានផ្ដល់នូវការអប់រំដល់កម្រិតមួយប្រកបដោយសុខុមាលភាពដល់សិស្សនៅឡើយទេ។ ពិតណាស់ ស្ថិតិនិងសូចនាករអប់រំសាធារណៈឆ្នាំ២០១៨-២០១៩ របស់ក្រសួងអប់រំ បានបង្ហាញថា ចំនួនសិស្សដែលបានចុះឈ្មោះចូលរៀនកម្រិតបឋមសិក្សាបានកើនឡើង។ ក៏ប៉ុន្តែចំពោះសិស្សដែលបោះបង់ការសិក្សាក្រោយបញ្ចប់ថ្នាក់កម្រិតបឋមសិក្សានៅតែមាន (នេះមិនទាន់និយាយដល់ផលប៉ះពាល់លើអត្រាសិស្សបោះបង់ការសិក្សាអំឡុងវិបត្តិកូវីដ១៩នៅឡើយ)។ គុណភាពវិស័យអប់រំក៏នៅមានកម្រិតដោយមិនទាន់អាចផ្ដល់ឱ្យកុមារនូវការអប់រំមួយដែលប្រកបដោយសុខុមាលភាពអប់រំពិតប្រាកដនៅឡើយ។ កត្តាចម្បងៗដែលបណ្ដាលឱ្យរាំងស្ទះដល់ការអប់រំប្រកបដោយសុខុមាលភាពមានដូចជា កត្ដាគ្រួសារ កត្តាបុគ្គលិកអប់រំ និងកត្តាគ្រឹះស្ថានអប់រំ។
គ្រួសារ
ការសិក្សាស្រាវជ្រាវកន្លងមក និងក៏ដូចជាតាមរាយការណ៍នានាបានចង្អុរទៅរកកត្តាគ្រួសារដែលអាចបង្កជាការរាំងស្ទះដល់ការអប់រំប្រកបដោយសុខុមាលភាពព្រោះបទពិសោធ និងទម្លាប់ពីអតីតកាលរបស់គ្រួសាររបស់កុមារ។ នេះរួមចំណែកមួយផ្នែកពីសំណាក់ប្រវត្តិសាស្ត្រប្រកបដោយហិង្សាក្នុងទសវត្សរ៍កន្លងមករបស់កម្ពុជា ដែលប្រជាជនត្រូវរស់ឆ្លងកាត់របបខ្មែរក្រហម និងសង្គ្រាមស៊ីវិលអូសបន្លាយ។
បើតាមការចុះផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិកVOAកាលពីខែមករាឆ្នាំ២០២៤នេះ ដែលបានធ្វើសម្ភាសផ្ទាល់អ្នករួចរស់ជីវិតក្រោយរបបខ្មែរក្រហម និងបានយោងការសិក្សារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីឆ្នាំ២០២៣ វិបត្តិផ្លូវចិត្តដែលរបបខ្មែរក្រហមបានបន្សល់ទុក នៅតែបន្តលងបន្លាចអ្នករងគ្រោះទាំងនោះ។ ជនរងគ្រោះបានឱ្យដឹងថា ការឆ្លងកាត់សម័យកាលដ៏សែនខ្មៅងងឹត បានបង្កក្ដីឈឺចាប់យូរអង្វែងនិងបន្តជាវិបត្តិផ្លូវចិត្តដ៏ធ្ងន់ធ្ងរសម្រាប់ពួកគេមកទល់សព្វថ្ងៃ ដោយពេលខ្លះពួកគេដឹងខ្លួន និងពេលខ្លះពួកគេមិនដឹងខ្លួនអំពីអម្រែកនៃវិបត្តិទាំងនេះ និងក៏ដូចជាផលប៉ះពាល់ដល់ជំនាន់ក្រោយនោះទេ។
ប្រវត្តិនៃការឈឺចាប់និងទុក្ខវេទនាទាំងនេះ បាននាំឱ្យគ្រួសារខ្លះយល់ថា អវត្តមាននៃសង្គ្រាម ការមានទ្រព្យធនស្បៀងអាហារហូបចុកគ្រប់គ្រាន់ និងជាប្រការចាំបាច់ទៅហើយក្នុងការចិញ្ចឹមបីបាច់កូនចៅ។ ហើយការយល់ឃើញបែបនេះ មិនឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្ដែងនៃការចិញ្ចឹមបីបាច់កុមារក្នុងបរិយាកាសសង្គម និងសកលជំនាន់ថ្មី ដែលទាមទារឱ្យមានការផ្ដល់ឱ្យលើសពីដំបូលស្នាក់នៅ ម្ហូបម្ហាហូបចុក ដោយត្រូវមានផងដែរ ការយកចិត្តទុកដាក់អំពីសុខភាពផ្លូវចិត្តរបស់ពួកគេ ការជម្រុញគាំទ្រលើកទឹកចិត្តពីសំណាក់ចាស់ទុំ និងការយកចិត្តទុកដាក់លើការលូតលាស់គ្រប់ជ្រុងជ្រោយរបស់កុមារ។ ក្នុងគ្រួសារខ្លះ ថែមទាំងបានកំណត់ផ្លូវដើរថ្ងៃអនាគតរបស់កូនចៅជាស្រេច មិនថាជំនាញរៀននៅមហាវិទ្យាល័យឬជម្រើសការងារនោះទេ ដោយមិនបានពិគ្រោះសួរចិត្តគំនិតរបស់កុមារជាសាម៉ីខ្លួនឡើយ។ ការណ៍នេះនាំឱ្យកុមារក្នុងគ្រួសារទាំងនោះ ជួបប្រទះបញ្ហាដូចជា កង្វះសិទ្ធិសេរីភាពក្នុងកំណត់ផ្លូវដើរសម្រាប់ខ្លួនឯង ត្រៀមក្លាយជាមនុស្សធំដែលមានម្ចាស់ការលើជីវិតខ្លួនឯង និងវិបត្តិអត្តសញ្ញាណដោយពួកគេជួបបញ្ហាមិនស្គាល់ពីភាពខ្លាំងនិងទេពកោសល្យរបស់ខ្លួនឯងច្បាស់ ដ្បិតអ្វីៗត្រូវកំណត់ទុករួចជាស្រេចដោយអាណាព្យាបាល។
បុគ្គលិកអប់រំ
បុគ្គលិកអប់រំខ្លះ ក៏បានក្លាយជាកត្តាមួយដែលបានបង្កការរាំងស្ទះដល់ការអប់រំប្រកបដោយសុខុមាលភាពដល់កុមារផងដែរ។ លោកគ្រូអ្នកគ្រូមួយចំនួននៅតែបន្តប្រកាន់យកការបង្រៀនបែបប្រពៃណី។បើយោងតាម មជ្ឈមណ្ឌលកម្ពុជា4.0 ការបង្រៀនបែបប្រពៃណីគឺគ្រូជាអ្នករៀបចំមេរៀនសម្រាប់ការបង្រៀនដោយផ្អែកលើសៀវភៅពុម្ភទាំងស្រុង ហើយមិនបានរួមបញ្ចូលវិធីសាស្រ្តបង្រៀនតាមការបង្ហាញ រូបភាព ពិភាក្សាក្រុម ករណីសិក្សា ឬក៏រួមបញ្ចូលតម្រូវការរបស់សិស្សជាធាតុចូលក្នុងដំណើរការបង្រៀននោះទេ។ ការបង្រៀនបែបប្រពៃណីផ្ដោតសំខាន់លើការកត់ត្រានិងចងចាំត្រាប់តាមការបង្រៀនរបស់គ្រូ ដើម្បីប្រឡងជាប់បានពិន្ទុល្អ ជាជាងការបើកឱ្យសិស្សបញ្ចេញគំនិត និងអនុវត្តផ្ទាល់នូវមេរៀន និងក៏ដូចជាប្រឡងប្រណាំងបង្ហាញភាពច្នៃប្រឌិត។
លើសពីការបង្រៀន ទំនាក់ទំនងរបស់គ្រូ និងអាណាព្យាបាលសិស្សក៏នៅមានគន្លាតឆ្ងាយ។ ក្នុងករណីខ្លះគ្រូពុំទាន់បានចំណាយពេលគ្រប់គ្រាន់ ក្នុងការតាមដាននិងផ្ដល់ព័ត៌មានរបស់សិស្សទៅដល់គ្រួសារ និងអាណាព្យាបាលអំពីការសិក្សា ឥរិយាបថ និងការលូតលាស់របស់សិស្សនៅឡើយទេ។ ដូច្នេះហើយទើបគ្រូ និងអាណាព្យាបាលមិនបានដឹងអំពីតម្រូវការ និងភាពខ្វះចន្លោះពិតប្រាកដរបស់កុមារ។ ការណ៍នេះបណ្ដាលឱ្យកុមារមានអារម្មណ៍ឯកោ មិនមានអារម្មណ៍ថាខ្លួនមិនត្រូវបានរួមបញ្ចូលជាចំណែកសំខាន់មួយនៅក្នុងថ្នាក់រៀន។
គ្រឹះស្ថានអប់រំ
ភាពខ្វះចន្លោះមួយចំនួនរបស់គ្រឹះស្ថានសិក្សាអប់រំ ក៏ជាកត្តារួមចំណែកដល់ការមិនទទួលបានអប់រំប្រកបដោយសុខុមាលភាពរបស់កុមារផងដែរ។ សុខុមាលភាពរបស់គ្រូគឺជាកត្តាសំខាន់ដែលមានឥទ្ធិពលទៅដល់សុខុមាលសិស្ស។ តែគ្រឹះស្ថានអប់រំខ្លះមិនបានគិតគូពីសុខុមាលភាពរបស់គ្រូបង្រៀននៅឡើយ ទាក់ទងនឹងកិច្ចការរដ្ឋបាលដែលដាក់ទៅកាន់គ្រូ។ ពេលខ្លះ ការដាក់កិច្ចការនោះមិនមានការណែនាំច្បាស់លាស់ និងការផ្ដល់ពេលវេលាដ៏សមរម្យដែលសមត្ថភាពរបស់គ្រូអាចធ្វើបាន។ជាឧទាហរណ៍ជាក់ស្ដែង ការងាររដ្ឋបាលទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលបុគ្គលិកអប់រំខ្លះមិនមានជំនាញនិងធនធានគ្រប់គ្រាន់នោះវានឹងបង្កទៅជាសម្ពាធនិងចំណោទសួរលើសមត្ថភាពរបស់គ្រូ។
គ្រឹះស្ថានអប់រំមួយចំនួនទៀតក៏ឆកល្វែងលើ មួយផ្នែកសំខាន់ទៀតនៃសុខុមាលភាពរបស់សិស្សានុសិស្ស ពោលគឺគុណភាព និងប្រភេទចំណីអាហារដែលលក់ឱ្យសិស្សទទួលទានក្នុងបរិវេណសាលា។ ម្ហូបចំណីមួយចំណែកដែលលក់ក្នុងសាលាខ្វះការត្រួតពិនិត្យផ្នែកគុណភាពឱ្យបានគ្រប់លក្ខណៈស្តង់ដារ ដែលម្ហូបចំណីមួយចំនួនមានសារធាតុស្ករផ្អែម និងមួយចំនួនទៀតខ្វះជីវជាតិនិងអាហារូបត្ថម្ភចាំបាច់សម្រាប់ការលូតលាស់របស់កុមារ។ ស្ថានភាពបែបនេះ អាចបង្កផលប៉ះពាល់ការលូតលាស់ផ្នែករាងកាយនិងប្រាជ្ញាស្មារតីរបស់កុមារ ហើយបើធ្ងន់ធ្ងរអាចបង្កជាជំងឺដង្កាត់ នាំឱ្យរអាក់រអួលដល់ការរៀនសូត្រជាដើម។
អនុសាសន៍
ការលើកកម្ពស់សុខុមាលភាពរបស់សិស្សក្នុងបរិបទនៃការអប់រំកម្រិតបឋមសិក្សាពិតជាត្រូវការចំណែកចូលរួមសកម្មពីសំណាក់ គ្រួសារ លោកគ្រូអ្នកគ្រូ និងគ្រឹះស្ថានអប់រំ។
ចំពោះគ្រួសារ ត្រូវតែផ្លាស់ប្តូរទម្លាប់ក្នុងការចិញ្ចឹមបីបាច់កូន ដោយផ្ដោតលើការចិញ្ចឹមនិងប្រាស្រ័យទាក់ទងជាមួយកូនតាមបែបវិជ្ជមានវិញ។ យុទ្ធសាស្រ្តស្ដីពីការចិញ្ចឹមកូនបែបវិជ្ជមាន ចេញផ្សាយដោយក្រសួងកិច្ចការនារី បានណែនាំថា គ្រួសារ អាណាព្យាបាល ត្រូវយកចិត្តទុកដាក់សាកសួរ និងស្ដាប់អំពីបញ្ហាដែលកុមារជួបប្រទះ ទាំងនៅផ្ទះ និងជាពិសេសនៅសាលារៀន ដែលអាចឱ្យពួកគេទទួលបានអារម្មណ៍យកចិត្តទុកដាក់ និងតែងមានមនុស្សដែលពួកគេអាចចែករំលែក និងរកដំណោះស្រាយជួយពួកគេបាន។ បន្ថែមពីនេះទៅទៀត គ្រួសារត្រូវតែយកចិត្តទុកដាក់ទៅលើ ដំណាក់កាលនៃការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ ទៅតាមកម្រិតអាយុរបស់ពួកគេ ទម្ងន់របស់ពួកគេ ទាំងផ្នែករាងកាយ សតិបញ្ហា ស្មារតី ចរិតលក្ខណៈ ការគិត និងអារម្មណ៍។ ជាចុងក្រោយ គ្រួសារត្រូវដាក់ការរំពឹងទុកបែបវិជ្ជមានទៅលើកុមារ ហើយបង្ហាញពីការណែនាំលើកទឹកចិត្តស្វែងរកទេពកោសល្យ ភាពខ្លាំង និងចំណង់ចំណូលចិត្តរបស់ពួកគេពិតប្រាកដ។ ធ្វើដូច្នេះ ពួកគេនឹងមានជំនឿចិត្តក្នុងកិច្ចការ រៀនសូត្រ និងមានអារម្មណ៍វិជ្ជមានចំពោះអនាគត និងប្រាដកប្រជាចំពោះគោលដៅរបស់ពួកគេ។
ចំពោះបុគ្គលិកអប់រំ គួរពិចារណាស្វះស្វែងការបង្រៀនបែបសកម្មវិញ ដោយអាចឱ្យសិស្សធ្វើការជាក្រុម រៀនតាមរយៈរូបភាព រៀនតាមរយៈព្យុះគំនិត ការអប់រំស្ទែម (STEM) និងវិធីសាស្រ្តផ្សេងៗដែលអនុញ្ញាតឱ្យសិស្ស បញ្ចេញគំនិត និងភាពច្នៃប្រឌិតរបស់គេ។ លើសពីនេះ ការបង្រៀនបែបសកម្មនេះមិនត្រឹមតែបើកលទ្ធភាពឱ្យសិស្សទទួលបានចំណេះដឹងក្នុងមេរៀន និងភាពសប្បាយរីករាយប៉ុណ្ណោះទេ ពួកគេនឹងបានអភិវឌ្ឍន៍អាកប្បកិរិយារបស់ពួកគេក្នុងការសិក្សា ទំនាក់ទំនងជាមួយគ្រូ និងមិត្តភក្តិ និងជំនាញសំខាន់ៗបួនក្នុងសតវត្សន៍ទី២១នេះទៀតគឺ ជំនាញការគិតបែបត្រិះរិះពិចារណា ជំនាញការគិតបែបច្នៃប្រឌិត ជំនាញក្នុងការសហការ និងជំនាញក្នុងការទំនាក់ទំនង។ ជាក់ស្ដែងបើយោងតាម មជ្ឈមណ្ឌលកម្ពុជា4.0 ដដែលបានឱ្យឃើញថាការអប់រំស្ទែមបានឱ្យសិស្សមានពិសោធន៍បែបវិទ្យាសាស្រ្តផ្ទាល់ លើសពីការរៀននិងចងចាំពីទ្រឹស្ដីក្នុងសៀវភៅ។ ហើយចំណុចសំខាន់មួយទៀតដែលបុគ្គលិកអប់រំត្រូវគិតគូរនោះគឺ គ្រូត្រូវតែតាមដាន និងផ្ដល់ព័ត៌មានដល់អាណាព្យាបាល របស់កុមារដើម្បីដឹងពីឫសគល់បញ្ហាណាមួយដែលកំពុងរំខានដល់កុមារ ទាំងក្នុងការសិក្សា និងការរស់នៅ។ ធ្វើដូច្នេះទើបអាចជួយបំពេញចន្លោះខ្វះខាត និងឆ្លើយតបនឹងតម្រូវការរបស់កុមារ និងរិះរកដំណោះស្រាយសម្រាប់កុមារឱ្យមានប្រសិទ្ធភាព។ កុមារខ្លួនឯងនឹងមានអារម្មណ៍ថាខ្លួនទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងកំណត់បានទេថាអ្នកណាជាអ្នកដែលអាចផ្ដល់ជំនួយដល់ពួកគេ នៅពេលពួកគេជួបបញ្ហា។ បើគ្រូដឹងអំពីតម្រូវការរបស់សិស្សម្នាក់ៗ វាក៏បានជួយដល់ការបង្រៀនប្រកបដោយសមធម៌ទៅដល់សិស្សផងដែរ។ ធ្វើដូច្នោះ គ្រូនឹងអាចឆ្លើយតបពីតម្រូវការរបស់សិស្សម្នាក់ៗដោយផ្អែកទៅលើកម្រិតនៃចំណេះដឹង ជំនាញ និងស្ថានភាពរបស់ពួកគេបាន។
ចំពោះគ្រឹះស្ថានអប់រំ ត្រូវតែយកចិត្តទុកដាក់លើសុខុមាលភាពគ្រូ ដោយមានការណែនាំ និងបណ្ដុះបណ្ដាលគ្រូក្នុងកិច្ចការរដ្ឋបាលដែលឱ្យបានត្រឹមត្រូវ។ ជាពិសេស គ្រឹះស្ថានត្រូវគិតដល់តម្រូវការរបស់គ្រូផងដែរ ទាក់ទងនឹងការកំណត់ពេលវេលាសមរម្យ និងតម្រូវការធនធានដែលគ្រូត្រូវការ ដើម្បីសម្រួលកិច្ចការរបស់ពួកគាត់។ ដូច្នេះវានឹងមិនមានការប៉ះពាល់ដល់សុខុមាលភាពគ្រូ ហើយគ្រូក៏មានពេលវេលាគ្រប់គ្រាន់ការរៀបចំការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព និងយកចិត្តទុកដាក់កាន់តែច្រើនទៅលើសិស្សដែរ។ បន្ថែមពីនេះ គ្រឹះស្ថានអប់រំត្រូវតែចូលរួម និងអនុវត្តឱ្យបានដាច់ខាតទៅលើការត្រួតពិនិត្យអាហារដែលមានលក់ក្នុងបរិវេណសាលារៀន។ គ្រឹះស្ថានអប់រំត្រូវតែប្រាកដថា មិនមានសារធាតុប៉ះពាល់សុខភាព និងការលូតលាស់កុមារទាំងផ្នែករាងកាយ និងខួរក្បាលជាដើម។ ជារឿងមិនគួរមើលរំលងមួយទៀត គឺគ្រឹះស្ថានអប់រំត្រូវបង្កើតបរិយាកាសសុវត្ថិភាព និងមនោរម្យសម្រាប់សិស្ស ដោយគ្មានការរើសអើង និងបែងចែកផលប្រយោជន៍ជាដើម។ ដូច្នេះសាលាត្រូវបង្កើនការអប់រំ អំពីសិទ្ធិរបស់កុមារ តួនាទីក្រមសីលធម៌ និងគុណធម៌ទៅកាន់គ្រូ សិស្ស និងអ្នកដែលពាក់ព័ន្ធ ដើម្បីឱ្យមាន ការគោរពសិទ្ធិ តួនាទី និងចិត្ត មេត្តា ករុណា ទៅកាន់គ្រប់គ្នាទើបគ្រូអាចបង្រៀន និងសិស្សអាចរៀនប្រកបដោយសុខុមាលភាពបាន។
ការអប់រំប្រកបដោយសុខុមាលភាពក្នុងកម្រិតបឋមសិក្សា ជាមូលដ្ឋានសំខាន់សម្រាប់បណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានស្មារតីរឹងមាំ មហិច្ឆតាក្នុងការដឹកនាំ និងចូលរួមដោះស្រាយបញ្ហារបស់ខ្លួនឯង គ្រួសារ សង្គម និងប្រទេសជាតិទាំងមូល ជាពិសេសពួកគេនឹងរស់នៅក្នុងជីវភាពដែលមានសុភមង្គលទាំងផ្លូវកាយ ផ្លូវចិត្ត និងក្នុងការងាររបស់ពួកគេផងដែរ៕