Drink Coffee. Talk Politics. Blog Opinions

បង្កើនការអប់រំប្រកបដោយសុខុមាលភាពសម្រាប់សិស្សកម្រិតបឋមសិក្សា

Author Name : សន បូរី ,
Oct 12, 2024

រូបថតដោយ Global Partnership For Education ថតនៅខែធ្នូ ឆ្នាំ២០១១។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0

ប្រទេស​មួយ​ដែល​ប្រជាជន​រស់​នៅ​ប្រកប​ដោយ​សុភមង្គល មាន​ភាព​រីករាយ និង​ជា​ប្រទេស​ពោរ​ពេញ​ទៅ​ដោយ​ធន​ធាន​មនុស្ស​ខ្លាំង​ពូកែ​ និង​មាន​ឆន្ទៈ​ក្នុង​ការ​ដឹក​នាំ និងចូលរួម​ជួយ​ដោះ​ស្រាយ​បញ្ហា​នានា​ក្នុង​សង្គម​លើ​គ្រប់​វិស័យ​បាន។​ ហើយជាង​នេះ​ទៅ​ទៀត ប្រទេសមួយ​នោះ​ក៏​នឹង​រីក​ចម្រើនលើ​គ្រប់​វិស័យ​ មាន​សុខ​សន្តិភាព​ក្នុង​សង្គម និង​​មាន​អត្រា​ភាព​ក្រី​ក្រ​ទាប​ផង​ដែរ។ ប្រាកដ​ណាស់​ ប្រជាជន​រស់​នៅ​ដោយ​សុខុមាល​ភាព​បាន អាស្រ័យ​ដោយ​ប្រទេស​នោះបាន​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ប្រកប​ដោយ​សុខុមាល​ភាព។ ចុះ​តើ​សុខុមាល​ភាព​មាន​ន័យ​យ៉ាង​ណា​ទៅ?

​បើ​យោង​តាម អង្គការសុខភាពពិភពលោក (WHO) សុខុមាលភាព​គឺ​សំដៅ​ទៅ​លើ​ ភាព​វិជ្ជ​មាន​ដែល​ជួប​ប្រទះ​ដោយ​បុគ្គល​ម្នាក់ៗ ​និង​សង្គម។ ស្រដៀង​គ្នា​ទៅ​នឹង​សុខភាព​នៃសព៌ាង្គ​កាយ​ដែរ វា​ជា​កត្តា​ចាំ​បាច់​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​ត្រូវ​បាន​កំណត់​ដោយ​លក្ខខណ្ឌ​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន។​ សុខុមាល​ភាព​គ្រប​ដណ្តប់​លើ​គុណភាព​ជី​វិត និង​សមត្ថ​ភាព​របស់​មនុស្ស​ និង​សង្គម​ ដែល​រស់​និង​ប្រព្រឹត្ត​ទៅ​ជាមួយ​អត្ថន័យ​និង​គោល​បំណង​ជាក់​ច្បាស់​ ក្នុង​ការ​រួម​ចំណែក​ដល់​ពិភពលោក​របស់​ខ្លួន។

ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​នូវ​សុខុមាល​ភាព​មនុស្ស​និង​សង្គម​ គេត្រូវ​ពឹង​ផ្អែក​លើ​វិស័យ​អប់​រំ ដែល​ចាប់​ផ្ដើម​សំខាន់​ពី​ការ​អប់​រំ​នៅ​កម្រិត​បឋម​ឡើង​ទៅ។

​ការ​អប់រំ​ត្រូវ​តែ​គិត​គូរ​ដល់​សុខុមាល​ភាព​របស់​សិស្ស ជា​ពិសេស​គឺ​សិស្ស​ក្នុង​កម្រិត​បឋម​សិក្សា។ បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​ឆ្នាំ២០២៣​របស់ អ្នកស្រី Fatima Malik និង​លោក Raman Marwaha ចុះ​ផ្សាយ​លើ​ទំព័រ​បណ្ណាល័យ​វេជ្ជសាស្ត្រ​ជាតិ​អាមេរិក (NLM)  អាយុ​របស់​កុមារ​ ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​លូត​លាស់​ក្នុង​ការ​បង្កើន​ភាព​ក្លាហាន ឆន្ទៈ ភាព​រីករាយ​ក្នុង​ការ​សិក្សា ការ​រស់​នៅ ​និង​ចាប់​កំណត់​អត្ត​សញ្ញាណ ទេព​កោសល្យ​ភាព​ខ្លាំង​ឬ​ខ្សោយ ក៏​ដូច​ជា​អ្វី​ និង​ឱកាស​ដែល​ពួក​គេ​ចង់​បាន​ គឺ​មាន​អាយុ​ចន្លោះ​៦ឆ្នាំ​ទៅ​១២ឆ្នាំ។ ​​នេះ​គឺ​ជា​ក្រុម​អាយុ​របស់​សិស្ស​ដែល​កំពុង​រៀន​ក្នុង​កម្រិត​បឋម​សិក្សា។​ ហេតុ​នេះ​ការ​អប់រំ​ប្រកប​ដោយ​សុខុមាល​ភាព​ក្នុង​កម្រិត​បឋម​សិក្សា​ពិត​ជា​សំខាន់។

ប៉ុន្តែ​បើ​យើង​ក្រឡេក​មក​មើល​ការ​អប់រំ​ក្នុង​កម្រិត​បឋម​សិក្សា​ក្នុង​ប្រទេស​កម្ពុជា​វិញ​ គឺ​មិន​ទាន់​បាន​ផ្ដល់​នូវ​ការ​អប់រំ​ដល់​កម្រិត​មួយ​ប្រកប​ដោយ​សុខុមាល​ភាព​ដល់​សិស្ស​នៅ​ឡើយ​ទេ។ ពិត​ណាស់​ ស្ថិតិ​និង​សូចនាករ​អប់រំ​សាធារណៈ​ឆ្នាំ២០១៨-២០១៩ ​របស់​ក្រសួង​អប់រំ​ បាន​បង្ហាញ​ថា​ ចំនួន​សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​កម្រិត​បឋម​សិក្សា​​បាន​កើន​ឡើង​។ ក៏​ប៉ុន្តែ​ចំពោះ​សិស្ស​ដែល​បោះ​បង់​ការ​សិក្សា​ក្រោយ​បញ្ចប់​ថ្នាក់​កម្រិត​បឋម​សិក្សា​នៅ​តែ​មាន (នេះ​មិន​ទាន់​និយាយ​ដល់​ផល​ប៉ះពាល់​លើ​អត្រា​សិស្ស​បោះបង់​ការ​សិក្សា​អំឡុង​វិបត្តិកូវីដ១៩​នៅ​ឡើយ)។ គុណ​ភាព​វិស័យ​អប់រំ​ក៏​នៅ​មាន​កម្រិត​ដោយ​មិន​ទាន់​អាច​ផ្ដល់​ឱ្យ​កុមារ​នូវ​ការ​អប់រំ​មួយ​ដែល​ប្រកប​ដោយ​សុខុមាល​ភាព​អប់រំ​ពិត​ប្រាកដ​នៅ​ឡើយ។​ កត្តា​ចម្បងៗ​ដែល​បណ្ដាល​ឱ្យ​រាំង​ស្ទះ​ដល់​ការ​អប់រំ​ប្រកប​ដោយ​សុខុមាល​ភាព​មាន​ដូច​ជា កត្ដា​គ្រួសារ​ កត្តា​បុគ្គ​លិក​អប់រំ​ និង​កត្តា​គ្រឹះ​ស្ថាន​អប់រំ។​

​គ្រួសារ

​ការសិក្សា​ស្រាវ​ជ្រាវ​កន្លង​មក​ និង​ក៏​ដូច​ជា​តាម​រាយការណ៍​នានា​បាន​ចង្អុរ​ទៅ​រក​កត្តា​គ្រួសារ​ដែល​អាច​បង្ក​ជា​ការ​រាំង​ស្ទះ​ដល់​ការ​អប់រំ​ប្រកប​ដោយ​សុខុមាល​ភាព​ព្រោះ​បទ​ពិសោធ​ និង​ទម្លាប់​ពី​អតីត​កាល​របស់​គ្រួសារ​របស់​កុមារ។ នេះ​រួម​ចំណែក​មួយ​ផ្នែក​ពី​សំណាក់​ប្រវត្តិ​សាស្ត្រ​ប្រកប​ដោយ​ហិង្សា​ក្នុង​ទសវត្សរ៍​កន្លង​មក​របស់​កម្ពុជា​  ដែល​ប្រជាជន​ត្រូវ​រស់​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​ និង​សង្គ្រាម​ស៊ីវិល​អូស​បន្លាយ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក​VOAកាល​ពី​ខែ​មករា​ឆ្នាំ​២០២៤​នេះ ដែល​បាន​ធ្វើ​សម្ភាស​ផ្ទាល់​អ្នក​រួច​រស់​ជីវិត​ក្រោយ​របប​ខ្មែរ​ក្រហម​ និង​បាន​យោង​ការ​សិក្សា​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាល​ពី​ឆ្នាំ​២០២៣ ​វិបត្តិ​ផ្លូវ​ចិត្ត​ដែល​របប​ខ្មែរ​ក្រហម​បាន​បន្សល់​ទុក​ នៅ​តែ​បន្ត​លង​បន្លាច​អ្នក​រង​គ្រោះ​ទាំង​នោះ។ ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ការ​ឆ្លង​កាត់​សម័យ​កាល​ដ៏​សែន​ខ្មៅ​ងងឹត​ ​បាន​បង្ក​ក្ដី​ឈឺចាប់​យូរ​អង្វែង​និង​បន្ត​ជា​វិបត្តិ​ផ្លូវ​ចិត្ត​ដ៏​ធ្ងន់​ធ្ងរ​សម្រាប់​ពួក​គេ​មក​ទល់​សព្វថ្ងៃ ដោយ​ពេល​ខ្លះ​ពួក​គេ​ដឹង​ខ្លួន និង​ពេល​ខ្លះ​ពួក​គេ​មិន​ដឹង​ខ្លួន​អំពី​អម្រែក​នៃ​វិបត្តិ​ទាំង​នេះ​ និង​ក៏​ដូច​ជា​ផល​ប៉ះពាល់​ដល់​ជំនាន់​ក្រោយ​នោះ​ទេ។

ប្រវត្តិ​នៃ​ការ​ឈឺ​ចាប់​និង​ទុក្ខ​វេទ​នា​ទាំង​នេះ​ បាន​នាំ​ឱ្យ​គ្រួសារ​ខ្លះ​យល់​ថា អវត្តមាន​នៃ​សង្គ្រាម​ ការ​មាន​ទ្រព្យ​ធន​ស្បៀង​អាហារ​ហូប​ចុក​គ្រប់​គ្រាន់​ និង​ជា​ប្រការ​ចាំ​បាច់​ទៅ​ហើយ​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​ចៅ​។ ហើយ​ការ​យល់​ឃើញ​បែប​នេះ មិន​ឆ្លុះ​បញ្ចាំង​អំពី​តថ​ភាព​ជាក់​ស្ដែង​នៃ​ការ​ចិញ្ចឹម​បីបាច់​កុមារ​ក្នុង​បរិយាកាស​សង្គម​ និង​សកល​ជំនាន់​ថ្មី​ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ផ្ដល់​ឱ្យ​លើស​ពី​ដំបូល​ស្នាក់​នៅ ម្ហូប​ម្ហា​ហូប​ចុក​ ដោយ​ត្រូវ​មាន​ផង​ដែរ​ ការ​យក​ចិត្ត​ទុក​ដាក់​អំពី​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​ពួក​គេ ការ​ជម្រុញ​​គាំទ្រ​លើក​ទឹក​ចិត្ត​ពី​សំណាក់​ចាស់​ទុំ ​និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លូត​លាស់​​គ្រប់​ជ្រុង​ជ្រោយ​របស់​កុមារ។ ក្នុង​គ្រួសារ​ខ្លះ​ ថែម​ទាំង​បាន​កំណត់​ផ្លូវ​ដើរ​ថ្ងៃ​អនាគត​របស់​កូន​ចៅ​ជា​ស្រេច​ មិន​ថា​ជំនាញ​រៀន​នៅ​មហា​វិទ្យាល័យ​ឬ​ជម្រើស​ការងារ​នោះ​ទេ ដោយ​មិន​បាន​ពិគ្រោះ​សួរ​ចិត្ត​គំនិត​របស់​កុមារ​ជា​សាម៉ី​ខ្លួន​ឡើយ។ ការណ៍​នេះ​នាំ​ឱ្យ​កុមារ​ក្នុង​គ្រួសារ​ទាំង​នោះ​ ជួប​ប្រទះ​បញ្ហា​ដូច​ជា​ កង្វះ​សិទ្ធិ​សេរី​ភាព​ក្នុង​កំណត់​ផ្លូវ​ដើរ​សម្រាប់​ខ្លួន​ឯង​ ត្រៀម​ក្លាយ​ជា​មនុស្ស​ធំ​ដែល​មាន​ម្ចាស់​ការ​លើ​ជីវិត​ខ្លួន​ឯង និង​វិបត្តិ​អត្តសញ្ញាណ​ដោយ​ពួក​គេ​ជួប​បញ្ហា​មិន​ស្គាល់​ពី​ភាព​ខ្លាំង​និង​ទេព​កោសល្យ​របស់​ខ្លួន​ឯង​ច្បាស់ ដ្បិត​អ្វីៗ​ត្រូវ​កំណត់​ទុក​រួច​ជា​ស្រេច​ដោយ​អាណាព្យាបាល។

​បុគ្គលិក​អប់រំ​

​បុគ្គលិក​អប់រំ​ខ្លះ​ ក៏​បាន​ក្លាយ​ជា​កត្តា​មួយ​ដែល​បាន​បង្ក​ការ​រាំង​ស្ទះ​ដល់​ការ​អប់រំ​ប្រកប​ដោយ​សុខុមាល​ភាព​ដល់​​កុមារ​ផង​ដែរ។ លោក​គ្រូ​អ្នក​គ្រូ​មួយ​ចំនួន​​នៅ​តែ​បន្ត​ប្រកាន់​យក​ការ​បង្រៀន​បែប​ប្រពៃណី។បើ​យោង​តាម មជ្ឈ​មណ្ឌល​កម្ពុជា4.0 ការ​បង្រៀន​បែប​ប្រពៃណី​គឺ​គ្រូ​ជា​អ្នក​រៀប​ចំ​មេរៀន​សម្រាប់​ការ​បង្រៀន​ដោយ​ផ្អែក​លើ​សៀវ​ភៅ​​ពុម្ភ​ទាំង​ស្រុង ហើយ​មិន​បាន​រួម​បញ្ចូល​វិធី​សាស្រ្ត​បង្រៀន​តាម​ការ​បង្ហាញ ​រូបភាព ​ពិភាក្សា​ក្រុម ​ករណី​សិក្សា​ ឬ​ក៏​​រួម​បញ្ចូល​តម្រូវ​ការ​របស់​សិស្ស​ជា​ធាតុ​ចូល​ក្នុង​ដំណើរ​ការ​បង្រៀន​នោះ​ទេ។ ការ​បង្រៀន​បែប​ប្រពៃណី​ផ្ដោត​​សំខាន់​លើ​ការ​កត់​ត្រា​និង​ចង​ចាំ​ត្រាប់​តាម​ការ​បង្រៀន​របស់​គ្រូ​ ដើម្បីប្រឡង​ជាប់​បាន​ពិន្ទុ​ល្អ​ ជា​ជាង​ការ​បើក​ឱ្យ​សិស្ស​បញ្ចេញ​គំនិត​ និង​អនុវត្ត​​ផ្ទាល់​នូវ​មេរៀន​ និង​ក៏​ដូច​ជា​ប្រឡង​ប្រណាំង​បង្ហាញ​ភាព​ច្នៃ​ប្រឌិត។

លើស​ពី​ការ​បង្រៀន ​ទំនាក់​ទំនង​របស់​គ្រូ និង​អាណា​ព្យាបាល​សិស្ស​ក៏​នៅ​មាន​គន្លាត​ឆ្ងាយ។ ក្នុង​ករណី​ខ្លះ​គ្រូ​ពុំ​ទាន់​បាន​ចំណាយ​ពេល​គ្រប់​គ្រាន់​ ក្នុង​ការ​តាម​ដាន​និង​ផ្ដល់​ព័ត៌​មាន​របស់​សិស្ស​ទៅ​ដល់​គ្រួសារ​ និង​អាណា​ព្យាបាល​អំពី​ការ​សិក្សា ​ឥរិយាបថ ​និង​ការ​លូត​លាស់​របស់​សិស្ស​នៅ​ឡើយ​ទេ។ ​ដូច្នេះ​ហើយ​ទើប​គ្រូ​ និង​អាណា​ព្យាបាល​មិន​បាន​ដឹង​អំពី​តម្រូវ​ការ ​និង​ភាព​ខ្វះ​ចន្លោះ​ពិត​ប្រាកដ​របស់​កុមារ។ ការណ៍​នេះ​បណ្ដាល​ឱ្យ​កុមារ​មាន​អារម្មណ៍​ឯកោ មិន​មាន​អារម្មណ៍​ថា​ខ្លួនមិន​ត្រូវ​បាន​រួម​បញ្ចូល​ជា​ចំណែក​សំខាន់​មួយ​នៅ​ក្នុង​ថ្នាក់​រៀន។

​គ្រឹះ​ស្ថាន​អប់រំ​

​ភាព​ខ្វះ​ចន្លោះ​មួយ​ចំនួន​របស់​គ្រឹះ​ស្ថាន​សិក្សា​អប់រំ​ ក៏​ជា​កត្តា​រួម​ចំណែក​ដល់​ការ​មិន​ទទួល​បាន​អប់រំ​ប្រកប​ដោយ​សុខុមាល​ភាព​របស់​កុមារ​ផង​ដែរ។ សុខុមាលភាព​របស់​គ្រូ​គឺ​ជា​កត្តា​សំខាន់​ដែល​មាន​ឥទ្ធិពល​ទៅ​ដល់​សុខុមាល​សិស្ស។ តែ​គ្រឹះ​ស្ថាន​អប់រំ​ខ្លះ​មិន​បាន​គិត​គូ​ពី​សុខុមាល​ភាព​របស់​គ្រូ​បង្រៀន​នៅ​ឡើយ​ ទាក់​ទង​នឹង​កិច្ចការ​រដ្ឋបាល​ដែល​ដាក់​ទៅ​កាន់​គ្រូ។ ពេល​ខ្លះ​ ការ​ដាក់​កិច្ច​ការ​នោះ​មិន​មាន​ការ​ណែនាំ​ច្បាស់​លាស់​ និង​ការ​ផ្ដល់​ពេល​វេលា​ដ៏​សម​រម្យ​ដែល​សមត្ថ​ភាព​របស់​គ្រូ​អាច​ធ្វើ​បាន។ជា​ឧទាហរណ៍​ជាក់ស្ដែង​ ការងារ​រដ្ឋបាល​ទាក់ទង​នឹង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល ដែល​បុគ្គលិក​អប់រំខ្លះ​មិន​មាន​ជំនាញ​និង​ធនធាន​គ្រប់​គ្រាន់​នោះ​វា​នឹង​បង្ក​ទៅ​ជា​សម្ពាធ​​និង​ចំណោទ​សួរ​លើ​សមត្ថភាព​របស់​គ្រូ។

គ្រឹះស្ថាន​អប់រំ​មួយ​ចំនួន​ទៀត​ក៏​ឆក​ល្វែង​លើ​ មួយ​ផ្នែក​សំខាន់​ទៀត​នៃ​សុខុមាល​ភាព​របស់​សិស្សានុសិស្ស ពោល​គឺ​គុណភាព​ និង​ប្រភេទ​ចំណីអាហារ​ដែល​លក់​ឱ្យ​សិស្ស​ទទួល​ទាន​ក្នុង​បរិវេណ​សាលា។ ម្ហូប​ចំណី​មួយ​ចំណែក​ដែល​លក់​ក្នុង​សាលា​ខ្វះ​ការ​ត្រួត​ពិនិត្យ​ផ្នែក​គុណភាព​ឱ្យ​បាន​គ្រប់​លក្ខណៈស្តង់​ដារ​ ដែល​ម្ហូប​ចំណី​មួយ​ចំនួន​មាន​សារ​ធាតុ​ស្ករ​ផ្អែម​ និង​មួយ​ចំនួន​ទៀត​ខ្វះ​ជីវជាតិ​និង​អាហារូបត្ថម្ភ​ចាំបាច់​សម្រាប់​ការ​លូត​លាស់​របស់​កុមារ។ ស្ថាន​ភាព​បែប​នេះ​ អាច​បង្ក​ផល​ប៉ះពាល់​ការ​លូត​លាស់​ផ្នែក​រាង​កាយ​និង​ប្រាជ្ញា​ស្មារតី​របស់​កុមារ​ ហើយ​បើ​ធ្ងន់​ធ្ងរ​អាច​បង្ក​ជា​ជំងឺ​ដង្កាត់​ នាំ​ឱ្យ​រអាក់​រអួល​ដល់​ការ​រៀន​សូត្រ​ជាដើម។

អនុសាសន៍

ការ​លើក​កម្ពស់​សុខុមាល​ភាព​របស់​សិស្ស​ក្នុង​បរិបទ​នៃ​ការ​អប់រំ​កម្រិត​បឋម​សិក្សា​ពិត​ជា​ត្រូវ​ការ​ចំណែក​ចូល​រួម​សកម្ម​ពី​សំណាក់​ គ្រួសារ លោក​គ្រូ​អ្នក​គ្រូ និង​គ្រឹះស្ថាន​អប់រំ។

ចំពោះ​គ្រួសារ ត្រូវ​តែ​ផ្លាស់​ប្តូរ​ទម្លាប់​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​កូន​ ដោយ​ផ្ដោត​លើ​ការ​ចិញ្ចឹម​និង​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​កូន​តាម​បែប​វិជ្ជមាន​វិញ។ យុទ្ធសាស្រ្តស្ដីពីការចិញ្ចឹមកូនបែបវិជ្ជមាន ចេញផ្សាយ​ដោយ​ក្រសួង​កិច្ច​ការ​នារី បាន​ណែនាំ​ថា គ្រួសារ អាណាព្យាបាល ត្រូវ​យក​ចិត្ត​ទុក​ដាក់​សាក​សួរ និង​ស្ដាប់​អំពី​បញ្ហា​ដែល​កុមារ​ជួប​ប្រទះ​ ទាំង​នៅ​ផ្ទះ និង​ជា​ពិសេស​នៅ​សាលារៀន ដែល​អាច​ឱ្យ​ពួក​គេ​ទទួល​បាន​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ និង​តែង​មាន​មនុស្ស​ដែល​ពួក​គេ​អាច​ចែក​រំលែក និង​រក​ដំណោះ​ស្រាយ​ជួយ​ពួក​គេ​បាន។​ បន្ថែម​ពី​នេះ​ទៅ​ទៀត​ គ្រួសារ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ ដំណាក់​កាល​នៃ​ការ​លូត​លាស់ ​និងការ​អភិវឌ្ឍរបស់កុមារ ​ទៅ​តាម​កម្រិត​អាយុ​របស់​ពួក​គេ​ ទម្ងន់​របស់​ពួក​គេ ទាំង​ផ្នែក​រាង​កាយ សតិ​បញ្ហា ស្មារតី ចរិត​លក្ខណៈ ការ​គិត និង​អារម្មណ៍។ ជា​ចុង​ក្រោយ​​ គ្រួសារ​ត្រូវ​ដាក់​ការ​រំពឹង​ទុក​បែប​វិជ្ជមាន​ទៅ​លើ​កុមារ​ ហើយ​បង្ហាញ​ពី​ការ​ណែ​នាំ​លើក​ទឹក​ចិត្ត​ស្វែង​រក​ទេព​កោសល្យ ភាពខ្លាំង និង​ចំណង់​ចំណូល​ចិត្ត​របស់​ពួកគេ​ពិត​ប្រាកដ។ ធ្វើ​ដូច្នេះ​ ពួក​គេ​នឹង​មាន​ជំនឿ​ចិត្ត​ក្នុង​កិច្ច​ការ​ រៀន​សូត្រ​ និង​មាន​អារម្មណ៍​វិជ្ជមាន​ចំពោះ​អនាគត​ និង​ប្រាដក​ប្រជា​ចំពោះ​គោល​ដៅ​របស់​ពួក​គេ។

​ចំពោះ​បុគ្គលិក​អប់រំ គួរ​ពិចារណា​ស្វះ​ស្វែង​ការ​​បង្រៀន​បែប​សកម្ម​វិញ ដោយ​អាច​ឱ្យ​សិស្ស​ធ្វើ​ការ​ជា​ក្រុម​ រៀន​តាម​រយៈ​រូប​ភាព រៀន​តាម​រយៈ​ព្យុះ​គំនិត ការ​អប់រំ​ស្ទែម (STEM) និង​វិធីសាស្រ្ត​ផ្សេងៗ​ដែល​អនុញ្ញាត​ឱ្យ​សិស្ស​ បញ្ចេញ​គំនិត និង​ភាព​ច្នៃ​ប្រឌិត​របស់​គេ។​ លើស​ពី​នេះ ការ​បង្រៀន​បែប​សកម្ម​នេះ​មិន​ត្រឹម​តែ​​បើក​លទ្ធភាព​ឱ្យ​សិស្ស​ទទួល​បាន​ចំណេះដឹង​ក្នុង​មេរៀន​ និង​ភាព​សប្បាយ​រីក​រាយ​ប៉ុណ្ណោះ​ទេ ពួកគេ​នឹង​បាន​អភិវឌ្ឍន៍​អាកប្ប​កិរិយា​របស់​ពួក​គេ​ក្នុង​ការសិក្សា ទំនាក់​ទំនង​ជាមួយ​គ្រូ និង​មិត្ត​ភក្តិ​ និង​ជំនាញ​សំខាន់ៗ​បួន​ក្នុង​សតវត្សន៍​ទី២១​នេះ​ទៀត​គឺ ជំនាញ​ការ​គិត​បែប​ត្រិះរិះ​ពិចារណា ជំនាញ​ការ​គិត​បែប​ច្នៃ​ប្រឌិត ជំនាញ​ក្នុង​ការ​សហការ​ និងជំនាញក្នុងការទំនាក់ទំនង។ ជាក់​ស្ដែង​បើ​យោង​តាម មជ្ឈមណ្ឌល​កម្ពុជា4.0​ ដដែល​បានឱ្យ​ឃើញ​ថា​ការ​អប់រំ​ស្ទែម​បាន​ឱ្យ​សិស្ស​មាន​ពិសោធន៍​បែប​វិទ្យាសាស្រ្ត​ផ្ទាល់​ លើស​ពី​ការ​រៀន​និង​ចង​ចាំ​ពី​ទ្រឹស្ដី​ក្នុង​សៀវ​ភៅ។ ហើយចំណុច​សំខាន់​មួយ​ទៀតដែល​បុគ្គលិក​អប់រំត្រូវគិតគូរនោះ​គឺ គ្រូ​ត្រូវ​តែ​តាមដាន ​និង​ផ្ដល់​ព័ត៌មាន​ដល់​អាណា​ព្យាបាល​ របស់​កុមារ​ដើម្បី​ដឹង​ពី​ឫស​គល់​បញ្ហា​ណា​មួយ​ដែល​កំពុង​រំខាន​ដល់​កុមារ ​ទាំង​ក្នុង​ការ​សិក្សា និង​ការ​រស់​នៅ។ ធ្វើ​ដូច្នេះ​ទើប​អាច​ជួយ​បំពេញ​ចន្លោះ​ខ្វះ​ខាត និង​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​កុមារ​ និង​រិះ​រក​ដំណោះ​ស្រាយ​សម្រាប់​កុមារ​ឱ្យ​មាន​ប្រសិទ្ធ​ភាព។ កុមារ​ខ្លួន​ឯង​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ ការ​គាំទ្រ​ និង​កំណត់​បាន​ទេ​ថា​អ្នក​ណា​ជា​អ្នក​ដែល​អាច​ផ្ដល់​ជំនួយ​ដល់​ពួក​គេ នៅ​ពេល​ពួក​គេ​ជួប​បញ្ហា។ បើ​គ្រូ​ដឹង​អំពី​តម្រូវ​ការ​របស់​សិស្ស​ម្នាក់ៗ វា​ក៏​បាន​ជួយ​ដល់​ការ​បង្រៀន​ប្រកប​ដោយ​សម​ធម៌​ទៅ​ដល់​សិស្ស​ផង​ដែរ។ ធ្វើ​ដូច្នោះ​ គ្រូ​នឹង​អាច​ឆ្លើយ​តប​ពី​តម្រូវ​ការ​របស់​សិស្ស​ម្នាក់ៗ​ដោយ​ផ្អែក​ទៅ​លើ​កម្រិត​នៃ​ចំណេះ​ដឹង ​ជំនាញ ​និង​ស្ថាន​ភាព​របស់​ពួក​គេ​បាន។

ចំពោះ​គ្រឹះ​ស្ថាន​អប់រំ​ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​សុខុមាល​ភាព​គ្រូ ​ដោយ​មាន​ការ​ណែនាំ​ និង​បណ្ដុះ​បណ្ដាល​គ្រូ​ក្នុង​កិច្ច​ការ​រដ្ឋ​បាល​ដែល​ឱ្យ​បាន​ត្រឹម​ត្រូវ។ ជា​ពិសេស គ្រឹះស្ថាន​ត្រូវ​គិត​ដល់​តម្រូវ​ការ​របស់​គ្រូ​ផង​ដែរ​ ទាក់​ទង​នឹង​ការ​កំណត់​ពេល​វេលា​សម​រម្យ និង​តម្រូវ​ការ​ធន​ធាន​ដែល​គ្រូ​ត្រូវ​ការ ​ដើម្បី​សម្រួល​កិច្ច​ការ​របស់​ពួក​គាត់។ ដូច្នេះ​វា​នឹង​មិន​មាន​ការ​ប៉ះ​ពាល់​ដល់​សុខុមាល​ភាព​គ្រូ​ ហើយ​គ្រូ​ក៏​មាន​ពេល​វេលា​គ្រប់​គ្រាន់​ការ​រៀប​ចំ​ការ​បង្រៀន​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព និង​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ច្រើន​ទៅ​លើ​សិស្ស​ដែរ។ ​បន្ថែម​ពី​នេះ គ្រឹះ​ស្ថាន​អប់រំ​ត្រូវ​តែ​ចូល​រួម​ និង​អនុវត្ត​ឱ្យ​បាន​ដាច់​ខាត​ទៅ​លើ​ការ​ត្រួត​ពិនិត្យ​អាហារ​ដែល​មាន​លក់​ក្នុង​បរិវេណ​សាលា​រៀន។ គ្រឹះស្ថាន​អប់រំ​ត្រូវ​តែ​ប្រាកដ​ថា​ មិន​មាន​សារ​ធាតុ​ប៉ះ​ពាល់​សុខ​ភាព និង​ការ​លូត​លាស់​កុមារ​ទាំង​ផ្នែក​រាង​កាយ​ និង​ខួរ​ក្បាល​ជា​ដើម។ ជា​រឿង​មិន​គួរ​មើល​រំលង​មួយ​ទៀត គឺ​គ្រឹះ​ស្ថាន​អប់រំ​ត្រូវ​បង្កើត​បរិយាកាស​សុវត្ថិ​ភាព​ និង​មនោរម្យ​សម្រាប់​សិស្ស​ ដោយ​គ្មាន​ការ​រើស​អើង និង​បែង​ចែក​ផល​ប្រយោជន៍​ជា​ដើម។ ដូច្នេះ​សាលា​ត្រូវ​បង្កើន​ការ​អប់រំ​ អំពី​សិទ្ធិ​របស់​កុមារ តួ​នាទី​ក្រម​សីលធ​ម៌ និង​គុណ​ធម៌​ទៅ​កាន់​គ្រូ សិស្ស និង​អ្នក​ដែល​ពាក់​ព័ន្ធ ​ដើម្បី​ឱ្យ​មាន​ ការ​គោរព​សិទ្ធិ តួ​នាទី និង​ចិត្ត​ មេត្តា ករុណា ទៅ​កាន់​គ្រប់​គ្នា​ទើប​គ្រូ​អាច​បង្រៀន​ និង​សិស្ស​អាច​រៀន​ប្រកប​ដោយ​សុខុមាល​ភាព​បាន។​

ការ​អប់រំ​ប្រកប​ដោយ​សុខុមាល​ភាព​ក្នុង​កម្រិត​បឋម​សិក្សា​ ជា​មូល​ដ្ឋាន​សំខាន់​សម្រាប់​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ឱ្យ​មាន​ស្មារតី​រឹង​មាំ មហិច្ឆតា​ក្នុង​ការ​ដឹក​នាំ និង​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​របស់​ខ្លួន​ឯង ​គ្រួសារ ​សង្គម​ និង​ប្រទេស​ជាតិ​ទាំង​មូល​ ជា​ពិសេស​​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ជីវភាព​ដែល​មាន​សុភ​មង្គល​ទាំង​ផ្លូវ​កាយ ​ផ្លូវ​ចិត្ត​ និង​ក្នុង​ការងារ​របស់​ពួក​គេ​ផង​ដែរ៕​

Related Post