ហេតុអ្វីនវានុវត្តន៍នៅកម្ពុជាមានកម្រិតតិច
ប្រភពរូបភាព៖ B2B Cambodia, តំណរភ្ជាប់
បើតាម Nick Jain, នវានុវត្តន៍ ត្រូវបានគេឲ្យនិយមន័យថា ជាដំណើរការនៃការនាំមកនូវគំនិត វិធីសាស្រ្ត ផលិតផល សេវាកម្ម ឬដំណោះស្រាយថ្មីៗដែលផ្តល់វិជ្ជមានដល់សង្គម។ នវានុវត្តន៍មានសារៈសំខាន់ណាស់ចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ដោយសារវាជួយដល់ ការបង្កើតការងារក្នុងស្រុក ការប្រកួតប្រជែងក្នុងស្រុក និងក្រៅស្រុកជាដើម។ ដោយមើលឃើញពីសារៈសំខាន់នៃនវានុត្តន៍មកលើប្រទេសកម្ពុជានេះហើយ ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ ២០២០-២០៣០ ដើម្បីកសាងសមត្ថភាពជាតិនៅក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវរបស់ប្រទេសជាតិ។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលយើងកត់សម្គាល់ជាក់ស្តែងនោះគឺ រាជរដ្ឋាភិបាលបានប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៏ នៅឆ្នាំ2020 ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទីបួន ដែលរួមបញ្ចូលបច្ចេកវិទ្យា និងនវានុវត្តន៍។
ថ្មីៗនេះ រាជរដ្ឋាភិបាលបានរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី១នៅឆ្នាំ2023 និង លើកទី២នៅឆ្នាំ2024 ដែលជាផ្នែកមួយសម្រាប់លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសហគ្រាសធុនតូច និងមធ្យម បច្ចេកវិទ្យា និងនវានុវត្តន៍ដោយមានអ្នកចូលរួមយ៉ាងកុះករពីអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកច្នៃប្រឌិត សហគ្រិន អ្នកបង្កើតគោលនយោបាយ និស្សិត និងសាធារណជនទូទៅមកពីក្នុង និងក្រៅប្រទេស។
តែយ៉ាងណា ប្រព័ន្ធនវានុវត្តន៍នៅប្រទេសកម្ពុជាបច្ចប្បន្ន នៅតែមានកម្រិតតិចតួច និងមិនសម្បូរបែបស្របតាមការវិវត្តន៍នៃឧស្សាហកម្ម៤.០។ ជាក់ស្តែង បើតាមរបាយការណ៍ សន្ទស្សន៍នវានុវត្តន៍សកល(GII)ឆ្នាំ 2023 កម្ពុជាស្ថិតនៅចំណាត់ថ្នាក់101ក្នុងចំណោមប្រទេសចំនួន132នៅលើពិភពលោក។ ដូច្នេះតើមានកត្តាអ្វីខ្លះដែលធ្វើឲ្យនវានុវត្តន៍នៅប្រទេសកម្ពុជាមានតិច?
មែនទែនទៅ មានកត្តាជាច្រើនដែលនាំឲ្យការនវានុវត្តន៍នៅប្រទេសកម្ពុជាមានកម្រិតតិច។ ប៉ុន្តែកត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលគេសង្កេតឃើញ គឺថាការខ្វះខាតអ្នកជំនាញនៅក្នុងវិស័យបចេ្ចកវិទ្យា វិទ្យាសាស្រ្ត និង នវានុវត្តន៍នេះតែម្តង។ កត្តាដែលធ្វើឲ្យអ្នកជំនាញក្នុងវិស័យនេះខ្វះខាត អាចបណ្តាលមកពី ចំណាប់អារម្មណ៍ទៅលើវិស័យទាំងនោះផ្ទាល់។ ជាក់ស្តែងបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សាជាច្រើនក៏ដោយ ក៏ចំនួននិស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា រួមនឹងផ្នែកវិទ្យាសាស្ត្រសុខាភិបាល កសិកម្ម និរន្តរភាព និងវិទ្យាសាស្ត្រធម្មជាតិនៅតែមានកម្រិតទាបនៅឡើយ។ ដោយឡែកបើផ្អែកតាមរបាយការណ៍របស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI)វិញ យើងសង្កេតឃើញនិស្សិតបញ្ចប់វិទ្យាល័យភាគច្រើន ពួកគេចូលចិត្តមុខជំនាញដែលមិនមែនជាបច្ចេកវិទ្យា។ មុខជំនាញទាំងនោះភាគច្រើនមានដូចជា សេដ្ឋកិច្ច មនុស្សសាស្ត្រ និងគណនេយ្យជាដើម។ ការជំរុញឲ្យសិស្សជ្រើសរើសទៅលើមុខជំនាញបច្ចេកវិទ្យាពិតជាមានសារៈសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចជាតិក៏ដូចជាការនវានុវត្តន៍។ យើងទទួលស្គាល់ថា និស្សិតភាគច្រើនមិនសូវចាប់យកជំនាញដែលពាក់ព័ន្ធនឹងវិទ្យាសាស្ត្រអាចដោយសារតែភាគច្រើនគាត់មិនសូវបានដឹងពីឱកាសការងារដែលមាននៅក្នុងវិស័យទាំងនោះ។ ទោះបីជារាជរដ្ឋាភិបាលបានបង្កើតនូវសាលារៀនជំនាន់ថ្មីដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកSTEMនេះក៏ពិតមែន ប៉ុន្តែចំនួននៃសាលារៀនជំនាន់ថ្មីនេះនៅមានចំនួនតិចតួច និងមិនទាន់គ្រប់ដណ្តប់បានទូទាំងប្រទេសដែលអាចឱ្យសិស្សចាប់យកការសិក្សាបែបនោះនៅឡើយ។ ជាក់ស្តែងបើយោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជននិងកីឡានៅឆ្នាំ២០២៣ សាលារៀនជំនាន់ថ្មីមានចំនួន១៣តែប៉ុណ្នោះក្នុងចំណោមសាលារៀនចំនួន១៨៨៣០សាលារៀន។
លើសពីកត្តាខ្វះអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា កត្តាដែលមិនហ៊ានសាកនូវអ្វីដែលថ្មីក៏ត្រូវបានរាប់បញ្ចូលដែរ។ ជាការពិត ប្រជាជនកម្ពុជាភាគច្រើនមិនសូវហ៊ានសាកល្បងទៅនឹងអ្វីដែលថ្មី ពួកគេចូលចិត្តគិតតែផលប្រយោជន៍រយៈពេលខ្លី។ មែនទែនទៅ ពួកគេឃើញផលិតផល ឬសេវាកម្មណាមួយដែលលក់ដាច់ក្នុងទីផ្សារ ពួកគេតែងតែតាមគ្នាដែលនាំឲ្យមានអ្នកលក់ច្រើនជាងអ្នកទិញក្នុងទីផ្សារ។ បើផ្អែកតាមទ្រឹស្តី ការផ្គត់ផ្គង់ និងតម្រូវការ របស់ Adam Smith នៅក្នុងឆ្នាំ1776 បានលើកឡើងថា កាលណាការផ្គត់ផ្គង់លើសពីតម្រូវការ តម្លៃនៃផលិតផលឬសេវាកម្មនោះនឹងធ្លាក់ចុះ។ ការដែលប្រជាជនយើងចូលចិត្តចម្លងគ្នាក្នុងការធ្វើអាជីវកម្មបានរាំងស្ទះការនវានុវត្តន៍យ៉ាងខ្លាំងខ្លា។ រាំងស្ទះដោយហេតុថា អ្នកដែលមានគំនិតនវានុវត្តន៍ថ្មីៗ ក៏មិនហ៊ានបញ្ចេញវាទៅលើទីផ្សារ ព្រោះខ្លាចគេចម្លងតាម។ ចំណែក អ្នកដែលចម្លងគំនិតអាជីវកម្មពីគេវិញ នៅពេលដែលការផ្គត់ផ្គង់លើសពីតម្រូវការ នោះការលក់របស់គេនឹងធ្លាក់ចុះ ហើយវាធ្វើឲ្យសេដ្ឋកិច្ចរបស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត អាចដោយសារតែអ្នកទាំងនោះខ្ចីលុយពីកម្ចីណាមួយ ឬខ្ចីពីធនាគារយកមកទិញបរិក្ខារធ្វើអាជីវកម្ម។
ក្រៅពីកត្តាទាំងនេះ យើងក៏អាចមើលទៅលើកត្តាខ្វះការគាំទ្រថវិកាទៅលើវិស័យស្រាវជ្រាវនិងអភិវឌ្ឍន៍។ ជាក់ស្តែងប្រទេសកម្ពុជាចំណាយត្រឹមតែ០.១២ភាគរយទៅលើការស្រាវជ្រាវនិងអភិវឌ្ឍន៍នៃផលិតផលក្នុងស្រុកសរុប(R&D to GDP Ratio)តែប៉ុណ្ណោះក្នុងឆ្នាំ២០២០។ ដោយ1/3នៃថវិកាដែលគាំទ្រគម្រោងលើវិស័យនេះ មានប្រភពមកពីម្ចាស់ជំនួយបរទេស និងអង្គការក្រៅរដ្ឋាភិបាល។
សរុបសេចក្តីមក ការនវានុវត្តន៍នៅកម្ពុជា នៅតែមានកម្រិតទោះបីជាមានគោលនយោបាយជម្រុញពីដ្ឋាភិបាលយ៉ាងណាក្តី។ ប្រព័ន្ធនវានុវត្តន៍ត្រូវចាប់ផ្តើមពីយើងទាំងអស់គ្នា ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និរន្តរភាព និង អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ កត្តាដែលបានលើកឡើងខាងលើនេះ អាចដោះស្រាយបានទៅតាមការលើកកម្ពស់ការអប់រំក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា (STEM) ការសហការរវាង រដ្ឋនិងឯកជន និងជំរុញការលើកទឹកចិត្តផ្នត់គំនិតថ្មីៗដែលមានប្រយោជន៍ដល់សង្គម។ ការនវានុវត្តន៍អាចនាំទៅរកការបង្កើតផលិតផលនិងសេវាកម្មថ្មីៗ ដែលធ្វើឲ្យប្រទេសកម្ពុជាក្លាយជាកន្លែងប្រកួតប្រជែងខ្ពស់ក្នុងឆាកអន្តរជាតិ។ ការប្រកួតប្រជែងខ្ពស់ក្នុងឆាកអន្តរជាតិអាចទាក់ទាញការវិនិយោគពីបរទេស និងពិពិធកម្មទីផ្សារដែលអាចបង្កើតការងារជាច្រើនដល់ប្រជាជន៕ ដើម្បីជំរុញនវានុវត្តន៍ឲ្យទៅមុខ យើងត្រូវកសាងធនធានមនុស្សនៅក្នុងវិស័យបច្ចេកវិទ្យាវិទ្យាសាស្ត្រ និងនវានុវត្តន៍ជាមុនសិន ដោយលើកកម្ពស់ឬបញ្ចូលចំណេះដឹងផ្នែកវិទ្យាសាស្ត្រ ឌីជីថល និងសហគ្រិនភាពទៅក្នុងវិស័យអប់រំតាំងពីក្មេងដើម្បីឲ្យពួកគេយល់ដឹង និងស្រឡាញ់វិស័យទាំងនោះ។