តើការងារប្រកបរបរផ្លូវភេទជាមុខរបរខុសច្បាប់ឬយ៉ាងណា?
ក្រុមស្រ្តី ចូលរួមប្រារព្ធទិវាអន្តរជាតិ«បញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើអ្នករកស៊ីផ្លូវភេទ» នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែធ្នូ ២០២១។
ប្រភពរូបភាព៖ (មាស មល្លិកា/វីអូអេ) តំណរភ្ជាប់
ការងារប្រកបរបរផ្លូវភេទត្រូវបានមហាជនយល់ថា ជាការងារមិនល្អ គួរឱ្យស្អប់ខ្ពើម ពិសេសការដែលមានឈ្មោះជាអ្នករកស៊ីផ្លូវភេទត្រូវសង្គមចាត់ទុកថា គ្មានកិត្តិយសកេរ្តិ៍ឈ្មោះល្អនោះទេ។ កេរ្តិ៍ឈ្មោះមិនល្អដោយហេតុថា ជាមុខរបរដែលបន្ទាបបន្ថោកតម្លៃសេចក្តីថ្លៃថ្នូរដល់ស្រ្តីឯទៀត និងប៉ះពាល់ដល់ទំនៀមទម្លាប់វប្បធម៌។ ការណ៍នេះទើបញុំាងឱ្យសង្គមខ្មែរ មិនទទួលស្គាល់របរផ្លូវភេទមួយនេះថា ជាការងារត្រឹមត្រូវដូចគេឯង។ នៅចំពោះមុខបញ្ហាមួយនេះ អ្នករកស៊ីផ្លូវភេទត្រូវរងការរើសអើង ប្រឈមមុខនឹងការប្រើប្រាស់អំពើហិង្សា ការចាប់ឃាត់ពីអាជ្ញាធរ ការដាក់ទោសព្រហ្មទណ្ឌ និងគ្មានប្រព័ន្ធច្បាប់ការពារពេញលេញ។
មែនទែនទៅ ការងាររកស៊ីផ្លូវភេទនេះកើតមានរាប់រយលានឆ្នាំមកហើយ ពោលគឺមានអាយុកាលតាំងពី ២៤០០ មុនគ.សមកម្ល៉េះ។ ជាក់ស្តែងក្នុងសម័យក្រិក និងរ៉ូម ការងាររកស៊ីផ្លូវភេទត្រូវបានគេចាត់ទុកជាមុខរបរមួយស្របច្បាប់ និងដោយមានប្រទេសមួយចំនួនទទួលស្គាល់តួយ៉ាង កាណាដា អាល្លឺម៉ង់ ម៉ិចស៊ិក អូស្រ្តាលី និងកូឡំប៊ីជាដើម។ ដោយឡែកក្នុងប្រទេសកម្ពុជាវិញ គេសង្កេតឃើញនៅបន្តមានផ្នត់គំនិតប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់ប្រពៃណី ការដាក់គំនាបសម្ពាធមកលើស្រ្តីតាមរយៈការកំណត់ពីសិទ្ធិ តួនាទីសម្រាប់ស្រ្តី ទាំងការសម្រេចចិត្ត ការអប់រំ ការស្លៀកពាក់ ការចូលរួមក្នុងវិស័យនយោបាយ ការជ្រើសរើសការងារជាដើម។ ដូច្នេះហើយ បើក្រឡេកមកមើលពីការងារប្រកបរបរផ្លូវភេទនេះវិញ គឺត្រូវបានរឹតត្បិត មិនគោរពផ្តល់តម្លៃ ឬនិយាយដោយសាមញ្ញ គឺផាត់ចេញពីក្រុមមនុស្ស និងប្រភេទការងារទូទៅក្នុងសង្គម។
ស្ទើតែទាំងអស់នៃអ្នករកស៊ីផ្លូវភេទ ពួកគេទទទួលរងនូវការគៀបសង្កត់ផ្នែកសុវត្ថិភាពរាល់ពេលផ្តើមការងារនៅតាមទីសាធារណៈ ពិសេសនៅចំពោះមុខការចុះឃាត់ខ្លួនពីអាជ្ញាធរមូលដ្ឋាន និងដោយពេលខ្លះទៀតឈានដល់ការប្រើប្រាស់អំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពាន។ បើយោងតាមរបាយការណ៍របស់អង្គការបណ្ដាញការងារស្ត្រីរួបរួមគ្នាបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣ អ្នកប្រកបរបរផ្លូវភេទដែលត្រូវបានអាជ្ញាធរចាប់ខ្លួនមានចំនួន ៦៨៣នាក់។ របាយការណ៍រៀបរាប់ទៀតថា រាល់ការចាប់ខ្លួនភាគច្រើនពីសំណាក់អាជ្ញាធរ គឺមានការប្រើអំពើហិង្សា ការជេរប្រមាថមាក់ងាយ និងការកេងប្រវ័ញ្ចទ្រព្យសម្បត្តិ។ល។ ដោយឡែក បើផ្អែកតាមផែនការជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី២០១៩-២០២៣ បានឱ្យដឹងថា ស្ត្រីបម្រើសេវាផ្លូវភេទ គឺជាក្រុមមនុស្សដែលស្ថិតក្នុងកម្រិតហានិភ័យខ្ពស់ ត្បិតពួកគេពុំទទួលបានសេវាសាធារណៈផ្សេងៗដូចជា ការគាំទ្រដោយច្បាប់ ការអប់រំ និងសេវាសុខាភិបាល។
សព្វថ្ងៃនេះ សាធារណៈជនទូទៅយល់ថា របររកស៊ីផ្លូវភេទជាការងារមិនល្អ ថោកទាប ជាពិសេសបាត់បង់ភាពបរិសុទ្ធជាស្រ្តី។ ប៉ុន្តែចំពោះអ្នកប្រកបរបរនេះដោយផ្ទាល់វិញចាត់ទុកថា ជាការងារដែលមានតម្លៃ និងដោយអាចជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេបានមួយចំណែកធំផង។ ហេតុផលចម្បងដែលធ្វើឱ្យពួកគេមួយចំនួនក្លាយខ្លួនជារកស៊ីផ្លូវភេទ គឺបណ្តាលមកពីកម្រិតនៃការអប់រំទាប កត្តាជីវភាព ភាពគ្មានការងារធ្វើនៅក្នុងសង្គម ខ្វះភាពកក់ក្តៅនៅក្នុងគ្រួសារ ចាញ់បោកមេខ្យល់ទុច្ចរិត ការទទួលបានវប្បធម៌ពីបរទេសពិសេសពីប្រទេសជិតខាង និងកត្តាខ្លួនឯងផ្ទាល់។
ជារួមដើម្បីកាត់បន្ថយ និងលុបបំបាត់ផ្នត់គំនិតរើសអើងចំពោះអ្នកប្រកបរបរផ្លូវភេទ ពលរដ្ឋខ្មែរត្រូវចាប់ផ្តើមទទួលស្គាល់ និងជំរុញការយល់ដឹងពីសិទ្ធិអ្នកប្រកបរបរផ្លូវភេទ។ ចំពោះសង្គមវិញ ក៏ត្រូវចាត់ទុកការងារមួយនេះជាការងារមួយសុច្ចរិត ត្រឹមត្រូវដូចការងារឯទៀតដែរ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលគួរពិចារណាសិក្សាច្បាប់ការពារឱ្យបានពេញលក្ខណៈចំពោះក្រុមអ្នកប្រកបរបរផ្លូវភេទ ដើម្បីធានាបានពីកិច្ចការពារស្របច្បាប់ចំពោះពួកគេ ពិសេសជំនួយផ្លូវច្បាប់នៅពេលដែលពួកគេរងគ្រោះពីការធ្វើទុក្ខបុកម្នេញ។ ក្រៅពីនេះ រដ្ឋាភិបាលគួរតែបង្កើតទីតាំងមួយជាក់លាក់សម្រាប់ពួកគេ ដើម្បីបង្កាពីភាពរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ និងគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។ ត្រង់ចំណុចនេះ រដ្ឋគួរតែដាក់បម្រាមហាមមិនឱ្យស្ត្រីរកស៊ីពេលយប់ឈរចាំម៉ូយរបស់ខ្លួននៅពាសពេញផ្លូវដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងហាមជាដាច់ខាត់ចំពោះទីតាំងអាជីវកម្មណាដែលយកក្មេងស្រីមិនទាន់គ្រប់អាយុមកធ្វើការរកស៊ីសេវាកម្មផ្លូវភេទនេះ។ ការធ្វើដូច្នេះក៏ដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំពោះក្រុមអ្នករកស៊ីផ្លូវភេទអំឡុងពេលពួកគេបំពេញការងារ។
ប្រសិនបើសង្គមខ្មែរបើកទូទៅចំពោះការផ្លាស់ប្តូរផ្នត់គំនិតបែបនេះ ច្បាស់ណាស់ការងារមួយនេះនឹងត្រូវបានលើកកម្ពស់ ផ្តល់តម្លៃ និងត្រូវបានការពារដោយច្បាប់ពេញលេញនាពេលខាងមុខ។ យោងតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ មនុស្សជាតិមានសិទ្ធិសេរីភាពជ្រើសរើសការងារណាមួយដែលខ្លួនស្រឡាញ់ពេញចិត្ត និងទៅតាមសមត្ថភាពអាចធ្វើបាន។ មាត្រានេះបានចែងថា«ប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេចក្តីត្រូវការរបស់សង្គម»។ ដូច្នេះ មុខរបររកស៊ីផ្លូវភេទ ជាការប្រើប្រាស់រាងកាយរបស់បុគ្គលនិងជាសិទ្ធិសេរីភាពក្នុងការជ្រើសរើសមុខរបរដែលខ្លួនស្រឡាញ់ពេញចិត្តនឹងទៅតាមលទ្ធភាព។
សាធារណៈជនសូមធ្វើការកំណត់ និងបែងចែកឱ្យបានច្បាស់រវាងអ្នកប្រកបរបរផ្លូវភេទ និងការជួញដូរផ្លូវភេទ។ ការងាររកស៊ីផ្លូវភេទជាការងារមួយ លក់សេវាផ្លូវភេទដែលមានកិច្ចព្រមព្រៀង ដោយស្ម័គ្រចិត្តរវាងបុគ្គលពីរនាក់ ដើម្បីជាថ្នូរដោះដូរជាថរិកា ឬសំណងផ្សេងទៀត។ ចំណែកឯ ការជួញដូរផ្លូវភេទជាការធ្វើអាជីវកម្មផ្លូវភេទដោយបង្ខិតបង្ខំ ឬក្លែងបន្លំ ដោយពុំមានកិច្ចព្រមព្រៀងដោយបុគ្គល។ ក្នុងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី មាត្រា៥បានចែងថា«ការជួញដូរ និងអាជីវកម្មផ្លូវភេទបញ្ជាក់ថា រដ្ឋភាគី ត្រូវប្រកាន់យកវិធានការសមស្របទាំងអស់ រួមមានការធ្វើច្បាប់ដើម្បីបង្រ្កាបគ្រប់ទម្រង់់នៃការជួញដូរស្រ្តី និងអាជីវកម្មពេស្សាកម្មលើស្រ្តី»។ ហេតុនេះ សូមបញ្ឈប់ការដាក់ទោសកម្រិតព្រហ្មទណ្ឌទៅលើអ្នករកស៊ីផ្លូវភេទ។ បើយោងតាមការបញ្ជាក់ពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេងក្នុងវេទិកាអ្នកប្រកបរបរផ្លូវភេទ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅកម្ពុជាពុំមានច្បាប់ក្នុងមាត្រាណាបានចែងថា របររកស៊ីផ្លូវភេទ គឺជាការងារខុសច្បាប់នោះទេ។ ដូច្នេះការប្រកបរបរផ្លូវភេទ គឺជាមុខរបរ ស្របច្បាប់ ត្រឹមត្រូវមួយដូចនឹងការងារដទៃទៀតក្នុងសង្គម។
ដូច្នេះ យើងត្រូវលុបបំបាត់ការប្រើប្រាស់អំពើហិង្សា ការជេរប្រមាថ ការមាក់ងាយ ការកេងប្រវ័ញ្ច ការរំលោភបំពានមកលើអ្នកប្រកបរបរផ្លូវភេទបន្តទៀត។ ចំពោះបុរសដែលបានប្រើប្រាស់សេវារួចរាល់ សូមជៀសឱ្យឆ្ងាយពីការប្រើប្រាស់អំពើហិង្សាវាយធ្វើបាប កេងប្រវ័ញ្ចលើពួកគេ។ លើសពីនេះ រដ្ឋាភិបាលត្រូវផ្តល់ច្បាប់ពេញលេញក្នុងការការពារសិទ្ធិអ្នកប្រកបរបរផ្លូវភេទ ជាពិសេសផ្តល់ឪកាសនិងអនុញ្ញាតឱ្យពួកគេចូលរួមក្នុងកិច្ចពិភាក្សាដោយផ្ទាល់នៅពេលមានការកែសម្រួល ការតាក់តែងច្បាប់ ក៏ដូចជាគោលនយោបាយនានាដែលអនុវត្តទៅលើអ្នកប្រកបរបរផ្លូវភេទ។ មួយវិញទៀត រដ្ឋាភិបាលក៏គួរតែផ្តល់ការអប់រំបន្ថែមស្តីពីសិទ្ធិអ្នកប្រកបរបរផ្លូវភេទដល់ពលរដ្ឋ និងបណ្តុះបណ្តាលដល់អ្នកអនុវត្តច្បាប់ មន្រ្តីនគរបាល ប៉ូលីសដើម្បីធានាលក្ខខណ្ឌការងារមានសុវត្ថិភាពនៃការចុះចាប់ឃាត់ខ្លួនប្រឆាំងនឹងអ្នកប្រកបរបរផ្លូវភេទ និងដើម្បីធានាថា ច្បាប់ជួញដូរផ្លូវភេទ គឺមិនប៉ះពាល់ដល់អ្នកប្រកបរបរផ្លូវភេទ។ ជាមួយគ្នានេះ សូមរដ្ឋផ្តល់សេវាសាធារណៈពេញលេញប្រកបដោយគុណភាព និងដោយឥតគិតថ្លៃដូចពលរដ្ឋដទៃទៀតតួយ៉ាង ប័ណ្ណបសស និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជាដើម៕