Drink Coffee. Talk Politics. Blog Opinions

រដ្ឋនិងសង្គមស៊ីវិលត្រូវបន្ថយគន្លាតនិងសហការគ្នាដើម្បីជាតិនិងពលរដ្ឋ

Author Name : មឿន រិទ្ធិមុនី ,
Oct 12, 2024

រូបភាពដោយ៖ រដ្ឋាបាលខេត្តបាត់ដំបង (តំណរភ្ជាប់)

ក្នុង​គ្រួសារ​ណា​ក៏​ដោយ​ សមាជិក​គ្រប់​រូប​ត្រូវ​ចូល​រួម​បំពេញ​ចន្លោះ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ពេល​ដែល​សមាជិក​ណា​មួយ​មាន​កង្វះ​ខាត ឬ​ត្រូវ​ការ​ការ​គាំទ្រ ទោះ​រស់​នៅ​ក្រោម​ដំបូល​តែ​មួយ​ ឬ​រស់​នៅ​ឆ្ងាយ​ពី​គ្នា​ដោយ​មូល​ហេតុ​ផ្សេងៗ​ក៏​ដោយ។​ យ៉ាង​ណា​មិញ​ ពេល​ខ្លះ​ សមាជិក​គ្រួសារ​ក៏​ពើប​ប្រទះ​នឹង​ជម្លោះ​តូច​ធំ​នានា​ដោយ​ចៀស​មិន​ផុត ដូច​«ចាន​ក្នុង​រាវ​ លែង​អី​រណ្ដំ»។ ប៉ុន្តែ បើ​សមាជិក​គ្រួសារ​ទាំង​អស់​សុទ្ធ​មាន​ចេតនា​ល្អ​និង​ឆន្ទៈ​ ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​គ្រួសារ​ ហេតុ​អ្វី​ពួក​គេ​ពេល​ខ្លះ​ឈ្លោះ​រក​ចំណុច​រួម​មិន​បាន?

ករណី​ដូច​គ្នា​ គេ​អាច​ប្រដូច​បាន​នឹង​ទំនាក់​ទំនង​រវាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​បណ្ដា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​និង​តួអង្គ​សង្គម​ស៊ីវិល​នានា​នៅ​កម្ពុជា ដែល​ហាក់​នៅ​មាន​គន្លាត​នៃ​ការ​ជឿ​ទុក​ចិត្ត​គ្នា។​ ពួក​គេ​ត្រូវ​ប្រឹង​ដោះ​ស្រាយ​ភាព​មិន​ចុះ​សម្រុង​ ហើយ​បង្កើន​កិច្ច​សហការ​ដើម្បី​ជា​ប្រយោជន៍​ជាតិ​និង​ពលរដ្ឋ។

ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​និង​តួអង្គ​សង្គម​ស៊ីវិល​លេច​មុខ​ដំបូង​នៅ​ដើម​ទសវត្សរ៍​៩០​ អំឡុង​វត្ត​មាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស និង​ការ​ផ្ដើម​ធ្វើ​ប្រជាធិបតេយ្យ​ភាវូបនីយ​កម្ម​នៅ​កម្ពុជា។ ស្ថាប័ន​ទាំង​នោះ​ មួយ​ចំនួន​បម្រើ​ការ​ លើ​បេសក​កម្ម​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស តាម​ដាន​ការ​បោះ​ឆ្នោត​ និង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ដ៏​ក្មេង​ខ្ចី​របស់​ប្រទេស។

អស់​ពេល​ជាង​សាម​សិប​ឆ្នាំ​មក​នេះ​ កម្ពុជា​បាន​ស្គាល់​ស្ថិរភាព ​សន្ដិភាព​ពេញ​លេញ​ និង​វឌ្ឍ​នភាព​សេដ្ឋកិច្ច​ដែល​ស្ដែង​ឡើង​តាម​រយៈ វត្តមាន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ប្រទេស​ មាន​ស្ពាន​ថ្នល់ អគារ​ខ្ពស់ៗ។ បើ​យោង​តាម​ធនាគារ​ពិភព​លោក​(World Bank) ចំណូល​ប្រចាំ​ឆ្នាំ​សម្រាប់​ពល​រដ្ឋ​កម្ពុជា​ម្នាក់ៗ​ បាន​កើន​ឡើង​ពី ២៤៧.៣ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ១៩៩៣ ដល់​១៧៥៩.៦ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០២២ ហើយ​សូចនាករ​នេះ​ត្រូវ​​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​​រំពឹង​ថា​នឹង​កើន​ផុត​បន្ទាត់​២ពាន់​ដុល្លារ​អាមេរិក​ត្រឹម​ដំណាច់​ឆ្នាំ​២០២៤​នេះ។

​វឌ្ឍន​ភាព​ទាំង​នេះ​ មាន​ចំណែក​ចូល​រួម​ពី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ជា​ច្រើន​ ដែល​បាន​ដើរ​តួនាទី​កសាង​ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ក្រោម​ការអនុវត្ត​សកម្មភាព​ដែល​ធ្វើ​ឡើង​ដើម្បី​ ការ​បង្កើន​ចំណេះដឹង​ ការ​អប់រំ សេដ្ឋកិច្ច និង​កសិកម្ម​ជាដើម។ល។ ដូច​គ្នា​នឹង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេង​ទៀត​ដែរ  វិសាល​ភាព​នៃ​សកម្មភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​និង​ក្នុង​ស្រុក​ គឺ​ទូលំ​ទូលាយ​ណាស់​ ហើយ​លាត​សន្ធឹង​ស្ទើរ​តែ​គ្រប់​វិស័យ​នៃ​ការ​អភិវឌ្ឍ​សង្គម​​ លើ​វិស័យ​បរិស្ថាន ការ​អប់រំ​ស៊ីវិល​ សាសនា សិទ្ធិមនុស្ស ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ជំនួយ​សង្គ្រោះ​បន្ទាន់​ និង​បេសកកម្ម​ផ្សេងៗទៀត។ បច្ចុប្បន្នសមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មាន​ជាង​៦ពាន់​ ស្ថាប័ន​ ដែល​កំពុង​ដំណើរ​ការ​និង​ចុះ​បញ្ជី​ក្នុង​ក្រសួងមហាផ្ទៃ នេះ​បើ​តាម​ការ​ផ្សាយ​របស់​កាសែត​ខ្មែរថែមស៍

យើង​គួរ​តោង​យល់​ថា រដ្ឋ​តែ​ឯង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ជាតិ​និង​សង្គម​តែឯក​ឯង​បាន​ទេ ហើយ​ចាំ​បាច់​ត្រូវ​ការ​ការ​ចូល​រួម​ប្រកប​ដោយ​អត្ថន័យ​ពី​តួអង្គ​សង្គម​ផ្សេង​ទៀត រួម​មាន​វិស័យ​ឯក​ជន អង្គការ​សង្គម​ស៊ីវិល​ និង​ពល​រដ្ឋ​ជា​ម្ចាស់​ស្រុក។

អង្គការ​ក្រៅ​រដ្ឋា​ភិបាល​និង​តួអង្គ​សង្គម​ស៊ីវិល​នានា​មាន​តួនាទី​ស្វះ​ស្វែង​រក​ការ​បំពេញ​ចន្លោះ​ឆក​ល្វែង​ក្នុង​គោល​នយោបាយ​សង្គម និង​សេដ្ឋកិច្ច​របស់​រាជ​រដ្ឋាភិបាល​ ទាំង​អង្គ​ភាព​រដ្ឋបាល​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ។ ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង​ យើង​ឃើញ​មាន​ភាព​សហការ​គ្នា​ជា​ដៃគូ​យ៉ាង​ស្អិត​ល្មួត​រវាង​រដ្ឋ​និង​សង្គមស៊ីវិល​ លើ​វិស័យ​អប់រំ កសិកម្ម សេដ្ឋកិច្ច​ ជាដើម។ នៅ​ពេល​មាន​កិច្ច​សហការ​ស្រាក់​ដៃ​ក្រោម​ចក្ខុវិស័យ​រួម​រវាង​រដ្ឋ​និង​សង្គម​ស៊ីវិល យើង​ឃើញ​មាន​ផ្លែ​ផ្កា​និង​បម្រែ​បម្រួល​ជា​វិជ្ជមាន​លើ​វិស័យ​គោល​ដៅរបស់​ប្រទេស​ជាតិ​ទាំង​មូល។

គួរ​ឱ្យ​សោក​ស្ដាយ​ នៅ​លើ​វិស័យ​មួយ​ចំនួន​ទៀត​ ដូច​យ៉ាង​ ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​នយោបាយ​និង​ពលរដ្ឋ​ រដ្ឋ​និង​សង្គម​ស៊ីវិល​ ហាក់​នៅ​មាន​ភាព​ខុស​គ្នា​ខាង​ទស្សនៈ​ សកម្មភាព​ និង​ចេតនា​ ដែល​ពេល​ខ្លះ​ឈាន​ដល់​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក។ កន្លង​មក​រដ្ឋ​ធ្លាប់​ចោទ​ប្រកាន់​អង្គការ​សមាគម​ខ្លះ​ថា​នាំ​ផល​អវិជ្ជមាន​ដល់​សង្គម​ ឬ​មាន​ចេតនា​ប្រឆាំង​រដ្ឋាភិបាល​ថែម​ទៀត​ផង។​

អង្គការ​សង្គម​ស៊ីវិល​រង​ការ​ចោទ​ប្រកាន់​ថា​«ប្រឆាំង»​រដ្ឋាភិបាល

រដ្ឋ​និង​សង្គម​ស៊ីវិល​ដែល​បម្រើ​ការ​លើ​វិស័យ​សិទ្ធិមនុស្ស​និង​វិស័យ​បរិស្ថាន​ ហាក់​ធ្វើ​ការ​មិន​ស៊ី​សង្វាក់​គ្នា ដែល​ស្ដែង​ឡើង​តាម​រយៈ​ ការ​រាំង​ស្ទះ​អំឡុង​ពេល​បំពេញ​ការងារ​មួយ​ចំនួន​របស់​អង្គការ​សមាគម​ទាំង​នេះ។ អង្គ​ការ​សមាគម​ខ្លះ​ក្នុង​វិស័យ​ទាំង​ពីរ​នេះ ឃ្លាំមើល​ រាយការណ៍ និង​តស៊ូ​មតិ​ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​កែលម្អ​ក្នុង​វិស័យ​ទាំង​នេះ​ តាម​តែ​ជំនាញ​និង​អ្វី​ដែល​ពួក​គេ​បាន​ឃើញ។ ការណ៍​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ចៀស​មិន​ផុត​ជាមួយ​ស្ថាប័ន​រដ្ឋ​ដែល​យល់​ឃើញ​ផ្សេង។

កន្លង​មក​ មាន​ករណី​ចោទ​ប្រកាន់​លើ​សកម្ម​ជន​សិទ្ធិ​មនុស្ស​និង​បរិស្ថាន​មួយ​ចំនួន​ ថា​ពួក​គេ​រាយការណ៍​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​បំផ្លើស​អំពី​តថភាព​ជាក់​ស្ដែង​របស់​សង្គម​ ដែល​ប្រធាន​រឿង​មួយ​ចំនួន​ជា​បញ្ហា​ក្ដៅ និង​រសើប​ រហូត​មន្ត្រី​រដ្ឋ​ជា​អ្នក​អនុវត្ត​ច្បាប់​ខ្លះ​យល់​ថា​បាន​ប៉ះ​ពាល់​ដល់​កិត្តិយស​និង​មុខ​មាត់​របស់​ខ្លួន។

ដោយ​យល់​ថា​អង្គ​ការ​សមាគម​ទាំង​នោះ​មាន​ចេតនា​«ប្រឆាំង»​និង​បំផ្លើស​ការ​ពិត​ រដ្ឋ​មិន​សូវ​គោរព​ឱ្យ​តម្លៃ​មតិ​ចូល​រួម​ប្រកប​ដោយ​ស្វ័យភាព​របស់​ពួក​គេ​នោះ​ទេ ហើយ​ថែម​ទាំង​ចាត់​ទុក​ថា​ពួក​គេ​ធ្វើ​សកម្ម​ភាព​នានា​ដើម្បី​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ខាង​ផ្នែក​នយោបាយ​ទៀត​ផង។ យើង​អាច​ប្រដូច​ការ​យល់​ឃើញ​នេះ​ទៅ​នឹង​ជន​ដែល​មាន​សុខ​ភាព​មិន​ល្អ​ ហើយ​មិន​ហ៊ាន​ប្រាប់​គ្រូពេទ្យ​ពី​អាការ​រោគ​របស់​ខ្លួន​ទៅ​វិញ។

ការ​ចោទ​ប្រកាន់​ខាង​លើ​ បណ្ដាល​ឱ្យ​មាន​ការ​បាត់​បង់​នូវ​ធាតុ​ផ្សំ​ដ៏​វិសេស​ ពោល​គឺ​ការ​ចូល​រួម​របស់​យុវជន​ដែល​សកម្ម​ជាមួយ​អង្គការ​ទាំង​នោះ​ ដែល​យុវជន​ទាំង​ឡាយ​នោះ​ស្ថិត​ក្នុង​ចំណោម​កម្លាំង​ដ៏​សកម្ម​របស់​ប្រទេស។ ការ​ចោទ​ប្រកាន់​ទាំង​ផ្នែក​ពាក្យសម្ដី​និង​ផ្លូវ​ច្បាប់​ថា មួយ​ចំនួន​នៃ​យុវជន​ទាំង​នោះ​បំពុល​សង្គម និង​មាន​ចេតនា​ប្រឆាំង​រដ្ឋាភិបាល ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ បាន​គំរាម​កំហែង​រារាំង​យុវជន​ជំនាន់​ក្រោយៗ​ផ្សេង​ទៀត​ដែល​មាន​ក្ដី​ស្រមៃ​ និង​មហិច្ឆតា​ចង់​ប្រឡូក​តស៊ូ​មតិ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​និង​បរិស្ថាន។ ក្រោម​គំនាប​សង្គម​ ពួក​គេ​ប្រែ​ជាបាក់​ស្បាត​ មិន​ហ៊ាន​និយាយ​ស្តី​ ក្នុង​ការ​តស៊ូ​មតិ ​ក្រែង​រអា​ពី​សកម្ម​ភាព​ជា​ប្រយោជន៍​ដល់​សង្គម។ ការណ៍​​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​បាត់​បង់​នូវ​​ការ​ចូល​រួម​ដ៏​សំខាន់​ពី​សំណាក់​ធន​ធាន​មនុស្ស​​ជំនាន់​ក្រោយ​ជាច្រើន ដែល មាន​សមត្ថ​ភាព ពោរ​ពេញ​ដោយ​គំនិត ឧត្ដម​គតិ ចក្ខុវិស័យ​វែង​ឆ្ងាយ។

ដូច្នេះ​ស្ថាប័ន​រដ្ឋ​គួរ​លើក​កម្ពស់​ការ​ចូល​រួម​ និងបើក​ចំហរ​ស្វាគមន៍​​រាល់​សកម្មភាព​របស់​អង្គការ​ ឬ​សមាគម​ដែល​ធ្វើ​ការងារ​សង្គម​ពិត​ប្រាកដ​ ត្រឹមត្រូវ ជាក់ស្តែង​ និង​ប្រសិន​បើ​អង្គការ​ទាំង​នោះ​មិន​បាន​ធ្វើ​ខុស​ទៅ​នឹង​រដ្ឋ​ធម្ម​នុញ្ញ​របស់​ប្រទេស។ ការ​ចូល​រួម​របស់​ ប្រជាពលរដ្ឋ​ទូទៅ​ក៏​ដូច​ជា​ យុវជន​ដែល​ជា​កម្លាំង​សកម្ម​មិន​អាច​ខ្វះ​បាន។ រដ្ឋ​មាន​ករណីកិច្ច​បង្កបរិយាកាស​ឱ្យ​ពល​រដ្ឋ​និង​អង្គការ​សង្គមស៊ីវិល​​បាន​ចូល​រួម​បំពេញ​តួនាទី​ ក្នុង​ស្មារតី​រួប​រួម​ មិន​កិប​កេង​ មិន​កៀប​សង្កត់​គ្នា​ ទោះ​ក្នុង​រូប​ភាព​ណា​ក៏ដោយ​ មិន​ថា​ការ​ចាប់​ដាក់​ទោស​ផ្សេងៗ​ ព្រោះ​ការ​ប្រព្រឹត្ត​បែប​នោះ​នឹង​បន្ទុច​បង្អាក់​សកម្ម​ភាព​​ចូល​រួម​ ប្រកប​ដោយ​​ស្មារតី​ស្នេហា​ជាតិ​ពិត​ប្រកដ​របស់​ពល​រដ្ឋ​ជា​ម្ចាស់​ប្រទេស។

សម្ពាធ​លើ​ប្រភព​ធន​ធាន​នៃ​អង្គការ​សង្គម​ស៊ីវិល​ដែល​ប្រតិបត្តិ​អាស្រ័យ​នឹង​ជំនួយ​

​កង្វះ​ការ​គាំទ្រ​ពេញ​លេញ​ពី​ភាគី​ម្ចាស់​ជំនួយ​ទាំង​ក្នុង​និង​ពី​ក្រៅ​ប្រទេស​ អាច​នាំ​ឱ្យ​អង្គ​ការ​ ឬ​សមាគម​មួយ​ចំនួន​ប្រឈម​មុខ​នឹង​ការ​ខ្សោះ​ធន​ធាន​ និង​ឈាន​ទៅ​ដល់​ការ​បិទ​ទ្វារ​ មិន​អាច​បន្ត​នូវ​សកម្មភាព​ប្រតិបត្តិការ​​បាន។ សេណារីយោ​នោះ​នឹង​បង្ក​នូវ​ចន្លោះ​ប្រហោង​សម្រាប់​រដ្ឋ​​និង​ប្រជា​ជន​ ព្រោះ​អវត្ត​មាន​ដៃគូ​ជួយ​សហការ​សម្រាប់​ការ​អភិវឌ្ឍ ខ្សឹប​ប្រាប់​នូវ​ចំណុច​ខ្វះ​ខាត​ដែល​យើង​ទាំង​អស់​គ្នា​មាន។

ការ​ចោទ​ប្រកាន់​ដែល​ថា​ អង្គការ​សមាគម​នេះ​ ឬ​អង្គ​ការ​សមាគម​នោះ​ ធ្វើការ​ដើម្បី​តែ​បម្រើ​ផល​ប្រយោជន៍​ដល់ ​ក្រុម​ម្ចាស់​ជំនួយ​បរទេស​នោះ​ អាច​នាំ​ឱ្យ​មាន​ការ​ខក​ខាន​ និង​មិន​គាំទ្រ​ឱ្យ​ទទួល​បាន​ការ​គាំទ្រ​ទាំង​នោះ​ត​ទៅ​ទៀត​ដើម្បី​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន ហើយ​ពេល​ខ្លះ​អង្គការ​សមាគម​ទាំង​នោះ​ស្ទាក់​ស្ទើរ​មិន​ហ៊ាន​ទទួល​ជំនួយ​លើ​ប្រធាន​រឿង​ណា​ដែល​រដ្ឋ​យល់​ថា​រសើប​និង​ចម្រូង​ចម្រាស់។

ភាព​មិន​ស៊ីចង្វាក់​គ្នា​នេះ​ អាច​បណ្ដាល​ឱ្យ​មាន​ដំណើរ​រអាក់​រអួល​ក្នុង​លំហូរ​ជំនួយ​និងហិរញ្ញប្បទាន​ ដើម្បី​ទ្រ​ទ្រង់​ដល់​បេសកកម្ម​ការងារ​នៃ​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល​និង​តួអង្គ​សង្គម​ស៊ីវិល​នានា ដែល​ជះ​បច្ច័យ​អវិជ្ជមាន​ដល់​ការ​ចូល​រួម​របស់​ពួក​គេ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ និងផ្ដល់​ធាតុ​ចូល​ដល់​ភាគី​រដ្ឋា​ភិបាល។

ពេល​ខ្លះ​ ភាព​ស្រពេច​ស្រពិល​មិន​ដាច់​ស្រេច​ដោយ​ហេតុ​ថា​ទាំង​សង​ខាង មាន​ការ​គុំកួន​ ចង់​ចាញ់​ចង់​ឈ្នះ រវាង​គ្នា​បែប​នេះ មិន​ព្រម​បើក​ចិត្ត​ពិភាក្សា​គ្នា​អំពី​មូលហេតុ​ណាមួយ​ច្បាស់​លាស់​ វា​នឹង​បណ្តាល​ឱ្យ​មាន​ការ​លាប​ពណ៌​គ្នា​មើល​មុខ​គ្នា​មិន​ត្រង់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ភាព​ប្រឈម​បែប​នេះ​ក៏​អាច​នឹង​ធ្វើ​ឱ្យ​ម្ចាស់​ជំនួយ​មាន​ការ​រារែក​ក្នុង​ចាក់​បញ្ចូល​ប្រភព​ធន​ធាន​ដល់​បេសកកម្ម​ដ៏​សំខាន់​របស់​សង្គម​ស៊ីវិល​ផង​ដែរ។

ហេតុ​នេះ​ ស្ថាប័នរដ្ឋនិងអង្គការសង្គម​ស៊ីវិល​ត្រូវ​បង្កើន​ការ​បើក​ចំហ​ តម្លាភាព និង​គណនេយ្យ​ភាព​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក។ គ្រឹះស្ថាន​និង​តួអង្គ​សង្គម​ស៊ីវិល​នានា​ត្រូវ​បើក​ចំហ​ទិន្នន័យ និង​បង្ហាញ​នូវ​ព័ត៌មាន​ពិត​ នៃ​សកម្ម​ភាព​ទាំង​អស់ ពោរ​ពេញ​ដោយ​ភាព​ប្រាកដ​ប្រជា​និង​គុណភាព។ ធ្វើ​ដូច្នេះ​នឹង ជួយ​បញ្ចៀស​ភាព​ភាន់​ច្រឡំ​និង​ការ​សង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ពេល​ដែល​ទទួល​បាន​ការ​គាំទ្រ ​ទាំង​ធនធានហិរញ្ញវត្ថុ និង​ធន​ធាន​ផ្សេងៗ​ទៀត ពី​ក្រៅ​ប្រទេស។​ ដោយ​ឡែក​ ភាគី​រដ្ឋ​ត្រូវ​សម្លឹង​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​និង​យុត្តិធម៌​ លើ​ការ​អនុវត្ត​ពិត​ប្រាកដ​នៃ​ការងារ​ដ៏​មាន​សារៈសំខាន់​នៃ​អង្គការ​និង​តួអង្គ​សង្គម​ស៊ីវិល​នានា។ រដ្ឋ​ក៏​អាច​ចូល​រួម​លើក​កម្ពស់​ការ​ចូល​រួម​របស់​អង្គការ​និង​តួអង្គ​ទាំង​នោះ​តាម​រយៈ​ការ​លៃ​ទុក​ប្រភព​ធនធាន​របស់​ជាតិ​ ឧបត្ថម្ភ​ការ​ងារ​របស់​អង្គការ​សង្គមស៊ីវិល​ ដើម្បី​បង្កើន​ភាព​ជា​ដៃ​គូ និង​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​សង្គម​ ដើម្បី​ប្រយោជន៍​រួម​ក្នុង​ស្មារតី​អភិបាល​កិច្ច​ប្រកប​ដោយ​បរិយាប័ន្ន។

ប្រទេស​កម្ពុជា​យើង​ទើប​រួច​ចេញ​ពី​យុគ​សម័យ​ជា​ច្រើន​ឆ្នាំ​សង្គ្រាម​នៃ​ការ​ឈ្លោះ​ប្រកែក​បង្ហូរ​ឈាម​សាសន៍​ឯង។ យើង​កំពុង​តែ​ដើរ​ឈាន​ទៅ​រក​ឋានៈ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ នៅ​លើ​ផ្លូវ​នៃ​សន្តិភាព​ពេញ​លេញ។ ដំណើរ​នេះ​ទាម​ទារ​ឱ្យមាន​កិច្ច​សហការ ​និង​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ទាំងអស់។ មិន​ថា​ជា​ម្ចាស់​ជំនួយ​ក្នុង​ឬ​ក្រៅ​ប្រទេស​ មិន​ថា​ស្ថាប័នរដ្ឋ មិន​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល ទាំង​អស់​គ្នា​សុទ្ធ​សឹង​ជា​សរសៃ​ឈាម​ជា​ច្រើន​ដែល​ដើរ​តួនាទី​សំខាន់​ដូច​គ្នាៗ ក្នុង​ការ​បំពេញ​នូវ​សព៌ាង្គកាយ​របស់​ប្រទេស​យើង។

យើង​ត្រូវ​បើក​ចំហរ​ការ​ចូល​រួម​ជួយ​អភិវឌ្ឍន៍​ប្រទេស​យើង​ទាំង​អស់​គ្នា។  ជារួម គឺ​ដើម្បី​គោល​បំណង​នៃ​ការ​ធ្វើ​ការ​ងារ​ទាំង​នោះ​ជួយ​ឱ្យ​មាន​ការ​រីក​ចម្រើន និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​កម្ពុជា​ជា​របស់​យើង​ទាំង​អស់​គ្នា។ ម្យ៉ាង​វិញ​ទៀត ការ​រួម​ដៃ​គ្នា​ស្អិត​ល្មួត​នៃ​ភាគី​ទាំង​សង​ខាង​ គឺ​ជា​រូបភាព​ដ៏​ស្រស់​បំព្រង​មួយ​ជួយ​ចម្លង​យឹត​យោង​យុវជន​បន្តវេន​ជំនាន់​ក្រោយៗ​ឱ្យ​មាន​ការ​លូត​លាស់​ប្រកប​ដោយ​ភាព​ចម្រុះ​មតិ​និង​សកម្ម​ភាព។ ពួក​គេ​ក៏​អាច​ជួយ​ជ្រោម​ជ្រែង​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កម្រិត​ខ្ពស់​ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នា​ពេល​អនាគត៕

Related Post