Drink coffee. Talk politics. Blog opinions

Debate

ការប្រើប្រាស់បណ្តាញសង្គម ធ្វើឱ្យយើងបង្កើនចំណេះដឹងផ្នែកព័ត៌មាន (#អក្ខរកម្មព័ត៌មាន)

Moderator
Mr.ឡេង ហ៊ីវហ្វី

ជម្រាបសួរប្រិយមិត្តកាហ្វេនយោបាយ និង​ជនរួមជាតិជាទីស្រលាញ់រាប់អាន។ សូមស្វាគមន៍មកកាន់វេទិកាតទល់មតិរបស់យើងទាំងអស់គ្នាសាជាថ្មីម្តងទៀត។ បច្ចេកវិទ្យាបានធ្វើឱ្យទំនាក់ទំនងមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។ ទន្ទឹមនឹងនេះដែរ  បណ្តាញ​សង្គមបានក្លាយជាផ្នែកមួយដ៏សំខាន់ដែល​ធ្វើឱ្យការ​ទំនាក់ទំនង ទទួល និង​ចែក​រំលែក​ព័ត៌មាន កាន់តែមានងាយ​ស្រួលមួយកម្រិត​ទៀត សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា ក៏ដូចមនុស្សជុំវិញពិភពលោក។

នាឆ្នាំ២០២២នេះ កម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រហែល ១៧.៧ លាននាក់ (ម្នាក់​អាច​ប្រើ​ឧបករណ៍​ច្រើនជាងមួយ) នេះបើយោងតាមនិយតករទូរគមនាគមន៍កម្ពុជា។ សម្រាប់​​អ្នក​ប្រើប្រាស់​បណ្តាញសង្គម ចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកនៅប្រទេសកម្ពុជានៅឆ្នាំ២០២២នេះ មាន​១១លាន៦ គណនី ( ម្នាក់​អាច​ប្រើ​​ច្រើនជាងមួយគណនី) យោងតាមរបាយការណ៍របស់ Datareportal។ ចំនួន​អ្នក​ប្រើប្រាស់​TikTokនៅកម្ពុជា មានចំនួន ៦,៦៨លានគណនី (ម្នាក់​អាច​ប្រើ​ច្រើនជាងមួយគណនី)  នៅឆ្នាំ២០២២ (រាប់ចាប់ពីអាយុ១៨ ឆ្នាំ​ឡើង​ទៅ)។ ការសិក្សាស្រាវជ្រាវ (Human-Centred Design Methods) របស់ Sour Mouy​នៅ​ចុង​ឆ្នាំ២០២១​ បានឱ្យដឹងថា យុវជន​ជនបទ​ជា​មធ្យម​ចំណាយ​ពេល​ប្រើប្រាស់​បណ្តាញ​សង្គម​ប្រមាណ​ជា ៤ម៉ោង ៤០នាទី (Facebook: 3h40m; TikTok: 25m; Youtube 25m; Instagram: 20m)។

ដោយមានការសហការជាមួយ​វេទិកាសួរ​មួយ  ដែល​កំពុង​រៀបចំ​យុទ្ធនាការ​អក្ខរកម្ម ឌីជីថល ក្នុង​គោលបំណងបង្កើនសមត្ថភាពការគិតស៊ីជម្រៅ និង​ការកំណត់​​ប្រភព​​ព័ត៌មាន​ដែល​គួរ​ឱ្យ​ទុក​ចិត្ត ដើម្បីធ្វើ​សេចក្តី​​សម្រេច​ចិត្ត​ឱ្យ​បាន​ត្រឹមត្រូវក្នុង​រយៈពេល​វែង។

ដូច្នេះហើយប្រធានបទនៃការ​តទល់​មតិ​លើកនេះគឺ «តើការប្រើប្រាស់បណ្តាញសង្គម ធ្វើឱ្យ​យើង​បង្កើនចំណេះដឹង​ផ្នែ​កព័ត៌មាន (#អក្ខរកម្មព័ត៌មាន) ឬយ៉ាងណា?»

យោងតាមអង្គការយូណេស្កូ៖ អក្ខរកម្មព័ត៌មាននិងប្រព័ន្ធ ផ្សព្វផ្សាយ ត្រូវ​បាន​កំណត់​ថា ជា​ចំណេះ​ដឹង និង​ជំនាញ​ដែល​ត្រូវការ​ ដើ​ម្បី​ស្វែងរក​ការ​វិភាគ វាយតម្លៃស៊ីជម្រៅ និង​បង្កើត​ព័ត៌មាន​នៅ​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយ និងបរិបទផ្សេងៗ។​​ វាជួយអ្នកប្រើប្រាស់​ឱ្យធ្វើការ ជ្រើស​រើស​ត្រូវ​អំពី​របៀប​ដែលពួកគេចូលរួមក្នុងការកសាងសន្តិភាព សមភាព សេរីភាព​នៃ​ការបញ្ចេញ​មតិ ការសន្ទនា ការទទួលបានព័ត៌មាន និងការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

វេទិកា​តទល់មតិលើកនេះ យើងមាន លោក​ លី ជិងគួយ ខាងមតិស្រប និងកញ្ញា ហេង សុជា​ ខាង​មតិបដិ​សេធ។ ពួកគេ​ម្នាក់ៗ​​ជ្រើសរើស​យកទឡ្ហីករណ៍​ចំនួន៣​​យក​មក​បកស្រាយ។ គោល​បំណង​នៃ​ការតទល់មតិ​នេះ​ គឺដើម្បីលើកកម្ពស់​វប្បធម៌សន្ទនា​ប្រជាធិបតេយ្យ​ក្នុង​ចំណោមយុ​វជននៅកម្ពុជា។

ដោយសារតែអ្នកទាំងអស់គ្នាអាចបោះឆ្នោត​​បានតែម្ដងប៉ុណ្ណោះ ដោយប្រើប្រា​ស់​គណនី​ហ្វេស​ប៊ុក ដូច្នេះ​​សូមអានការដេញដោលមតិនេះឲ្យបានល្អិតល្អន់ជាមុនសិន ​មុន​នឹង​បោះឆ្នោត​​ឱ្យ​បេក្ខជន​របស់​យើង។​

ក្រុមកាហ្វេនយោបាយ​ និង​វេទិកា​សួរមួយ មិនមានសិទ្ធិ និងមិនអាចដឹងបានទេ​ថា អ្នកណា​បាន​បោះឆ្នោត​ឱ្យ​​បេក្ខជន​មួយណា។​ រាល់ការបោះឆ្នោតគឺសម្ងាត់ រយ:ពេលនៃការបោះឆ្នោត​គឺពីរសប្ដាហ៍ ហើយអ្នកដែលទទួលបានភាគរយច្រើនជាង​គេ​គឺជា​អ្នកឈ្នះ។ បងប្អូនប្រិយមិត្តជនរួមជាតិទាំងអស់អាចចូលរួម​បញ្ចេញ​មតិ​យោបល់​ទៅ​លើ​ការដេញ​ដោល​នេះ​នៅ​ខាងក្រោម​បាន!

Read more...
Agree
Mr.លី ជិងគួយ

ជាការ​ពិតណាស់ វិវឌ្ឍនភាព​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​ការផ្សព្វផ្សាយ​ព័ត៌មាន​​​វិវត្តន៍​ក្លាយ​ជា​ប្រព័ន្ធ​ព័ត៌មាន​បែប​រហ័ស រួម​ទាំង​អាច​ដឹង​ពី​បញ្ហាទាំ​ង​ក្នុង និង​ក្រៅប្រទេស​លឿន​តាម​បែប​ផែន​ថ្មី គឺ​ប្រព័ន្ធ​បណ្តាញ​សង្គម។ ខ្ញុំជឿជាក់​ថា ការប្រើប្រាស់​បណ្តាញ​សង្គម​ធ្វើ​ឱ្យ​មនុស្ស​បង្កើន​ចំណេះដឹង​ផ្នែក​ព័ត៌មាន ឬ​ហៅ​ថា #​អក្ខរកម្មព័ត៌មាន។ ដូចនេះ​ខ្ញុំ​នៅ​តែ​គាំទ្រ​ទៅ​លើ​ប្រធាន​បទ​ខាង​លើ​ដោយ​មាន​ទឡ្ហីករណ៍​បី​សំខាន់​មក​គាំទ្រ៖

 

ទឡ្ហីករណ៍ទី១៖ បណ្តាញសង្គមអាចជួយបង្កើនឱ្យ​មា​នការ​គិត​បែប​ស៊ីជម្រៅ​ក្នុង​ការធ្វើ​ការសម្រេច​ចិត្ត​ឱ្យ​ត្រឹមត្រូវ​

កំណើន​នៃ​សារព័ត៌មាន​ភាគច្រើន​​រមែង​តែង​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​ដោយសារ​ប្រព័ន្ធ​បណ្តាញសង្គម​​បា​ន​ជួ​យ​សម្រួលដល់ថវិការ​ជាច្រើន ទៅ​ដល់​​ភ្នាក់ងារ​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​មាន​បំណង​ចង់​ចាប់ផ្តើម​ការងារ​ក្នុង​វិស័យ​នេះ ជាមួយ​ហិរញ្ញវត្ថុ​ដែល​មាន​កម្រិត។​ ដូចនេះ​យើង​ឃើញ​ថា គ្រប់​សារព័ត៌មាន​រមែង​តែង​ប្រើប្រាស់ និង​ផ្សព្វផ្សាយ​តាម​រយៈ​​បណ្តាញ​សង្គម ដែល​វា​ញ៉ាំង​ឱ្យ​បណ្តាញសង្គម​មាន​អ្នកប្រើ​ប្រាស់​ជាច្រើន ដែល​​សឹង​តែ​អាច​​និយាយបានថា បណ្តាញសង្គម​គឺជា​ស្នូល​នៃ​បណ្តុំ​ព័ត៌មាន រួមទាំង​ការប្រាស្រ័យ​ទាក់ទង​​ក្នុង​សង្គម​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

ម្យ៉ាង​វិញ​ទៀត លំហូរ​នៃ​ព័ត៌មាន​របស់​បណ្តាញ​សង្គ​មគឺមាន​យ៉ាង​ច្រើន​ដែល​ធ្វើ​ឱ្យ​យើង ទទួល​បាន​ព័ត៌មាន​គ្រប់រូបភាព និង​គ្រប់ជ្រុង​ ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​អាច​វែក​ញែក និង​វិនិច្ឆ័យ​ហេតុ និង​ផល​ដែល​មាន​ភាព​សុក្រឹត្យ និង​ត្រឹមត្រូវ​ខ្ពស់ រួមទាំង​អាច​ឱ្យ​អ្នក​ប្រើប្រាស់​ទាំង​អស់​អាច​ដឹងថា ព័ត៌មាន​ណា​ជា​ព័ត៌មាន​ពិត និង​ប្រឌិត។ បណ្តាញ​សង្គម​​ក៏​ជា​កន្លែង​ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​អាច​បញ្ចេញ​មតិ​យោបល់ រួម​ទាំង​អាច​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​យល់​ដឹង និង​បង្កើត​ការគិត​បែប​ស៊ីជ​ម្រៅ​បាន​ខ្ពស់ ដែល​​អាច​ឱ្យ​ពួកគាត់​មាន​ការសម្រេច​ចិ​ត្ត​ត្រឹមត្រូវ រួមទាំងអាចវែកញែករកប្រភពនៃព័ត៌មានដែលពិតប្រាកដ។

ទឡ្ហីករណ៍ទី២៖ បណ្តាញសង្គម​អាចផ្តល់ឱ្យ​មាន​កម្មវិធី​ក្នុង​ការ​ទំនាក់ទំនង និង​ជួយ​អភិវឌ្ឍន៍​ការចូលរួម​យ៉ាង​សកម្ម​ក្នុង​សង្គម​រវាង​​ប្រជាពលរដ្ឋ រដ្ឋាភិបាល និងអង្គការមិនមែន​​រដ្ឋាភិបាលដែលដើរតួសំខាន់នៅក្នុងសង្គម

នៅក្នុង​បណ្តាញសង្គម ​មិនមែន​មាន​តែ​​ប្រជាពលរដ្ឋ​ធម្មតា​​នោះទេ​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ តែ​ក៏​មាន​ការចូលរួម​ពី​សំណាក់​រដ្ឋាភិបាល មន្រ្តី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត រួមទាំង​អង្គការ​មិនមែន​​​រដ្ឋា​ភិបាល​ក្នុង និង​ក្រៅប្រទេស​ ​បាន​​បង្កើតទំព័រ (ផេក) ឆានែល (Channel) ឬក្រុម ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន និង​ឱកាស​ជាច្រើន​ដែល​ញ៉ាំងឱ្យ​បណ្តាញ​ទំនាក់ទំនង​សង្គម​នេះ ចង​ជា​ប្រព័ន្ធ​មួយ​ដែល​ប្រៀប​ដូចជា​​ប្រព័ន្ធទំនាក់ទំនង​ដែលធ្វើឱ្យ​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ភាគច្រើន​មាន​តម្លាភាព និង​សុក្រឹត្យភាព។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏អាចជួយ​ឱ្យ​យុវជន​មាន​ការចូលរួម និង​ការយល់​ដឹង​អំពី​បញ្ហា​សង្គម សេដ្ឋកិច្ច​ និង​នយោបាយ​​ក្នុងស្រុកដែ​ល​មិ​ន​ធ្លាប់​មាន​ពី​មុន​មក ហើយ​រដ្ឋាភិបាល​​ក៏​អាច​ជួយ​ពន្យល់​បន្ថែម និង​អាច​ផ្សព្វផ្សាយ រួមទាំង​ប្រកាស​នូវ​វិធាន​​ការមួយ​ចំនួន​បាន​ទូលំទូលាយ ជាជាង​ការផ្សព្វផ្សាយ​តាម​បែប​ប្រពៃណី ​ដែល​នេះ​​ពិតជា​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ទាំង​ភាគី​រដ្ឋាភិបាល ប្រជាពលរដ្ឋ រួមទាំង​អង្គការ​មិនមែន រដ្ឋាភិបាល​ដទៃ​ទៀត​ដែល​ចាំ​ឃ្លាំ​មើល​ការអនុវត្ត​របស់​មន្រ្តី​រដ្ឋាភិបាល​ទាំងនោះ​ ក្នុង​ការ​កែ​តម្រូវ​ឱ្យ​​បាន​​ល្អ​ជា​​ងមុន ដែល​ជួយ​ឱ្យ​មាន​ទំនាក់ទំនង​យ៉ាង​ប្រសើរ​​​ក្នុងសង្គម តាមរយៈ​ការ​ឆ្លើយ​​តប និង​ការទាមទារ​រវាង​រដ្ឋាភិបាល ប្រជាពលរដ្ឋ រួមទាំងអង្គការមិនមែនរដ្ឋាភិបាល។

ទឡ្ហីករណ៍ទី៣៖ បណ្តាញសង្គមផ្តល់ឱ្យ​នូវ​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ជាច្រើន​ដែល​ជួយ​លើក​​តម្កើង​​ពុទ្ធិ​របស់​អ្នក​ប្រើប្រាស់ និង​សាធារណៈជន​ផង​ដែរ

វិសាលភាព​នៃ​ប្រព័ន្ធ​បណ្តាញ​សង្គម​ប្រមូល​ផ្តុំ​ព័ត៌មាន​ជាច្រើន​ដែល​អាច​ជួយ​ឱ្យ​អ្នក​ប្រើប្រាស់ ងាយ​ដឹង​ពី​ប្រភព​ច្បាស់លាស់ រួមទាំង​ការពិត​ផង​ដែរ។​ ជារួម ប្រភព​ព័ត៌មាន​ដែល​មាន​កំណត់​​​​​ហេតុ​ច្បាស់​លាស់ ភាគច្រើន​គឺ​ចេញ​ពី​តួអង្គ ឬ​ស្ថាប័ន​ដែល​គេ​ទទួល​ស្គាល់។ ពេល​ខ្លះ​ប្រ​ព័ន្ធ​បណ្តាញ​សង្គម​អាច​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មួយ​ចំនួន​ដែល​អ្នកសារ​ព័ត៌មាន​មិន​ហ៊ាន ឬ​មិន​បាន​ចុះផ្សាយ​ ដូចជា​​បញ្ហាមួ​យ​ចំនួ​ន​ទាក់ទង​នឹង​ការបញ្ចេញ​មតិ ការនិយាយ​ទាក់ទង​នឹង​នយោបាយ ឬ​បញ្ហា​ដែល​រសើប​ក្នុង​បរិបទ​មួយ​ចំនួន​ដែល​មិន​ទាន់​អាច​នឹង​និយាយ​បាន​​។​ ដូច្នេះ​បណ្តាញ​សង្គម​​​​មាន​ភាព​រហ័ស ​ច្បាស់​លាស់ រួមទាំង​ទាន់​សម័យ​កាល​​ជាង​កាល​ពី​សម័យ​មុន ​ដែលរាល់​ការតាមដាន​ព័ត៌មាន​​ពី​សម័យ​មុន​ ​អាស្រ័យ​លើ​អ្នកសារ​ព័ត៌មាន​មួយ​ជ្រុង​តែ​ប៉ុណ្ណោះ។​

ជារួម បណ្តាញសង្គម​ពិតណាស់មានព័ត៌មានជាច្រើនដែលអាច​ឲ្យអ្នកប្រើប្រាស់​មាន​ការយល់​ដឹង រួមទាំងអាចបង្កើននូវការគិតបែបស៊ីជម្រៅ តាមរយៈការវិភាគ និង​ការតាម​ដាន​ព័ត៌មាន ហើយ​វា​ក៏​ចូលរួម​ចំណែក​ដល់​ការបង្កើន​ពុទ្ធិ​ដល់​អ្នក​ប្រើប្រាស់​ដោយសារ​តែ​មាន​តួអង្គ​សំខាន់ៗជា​ច្រើន ​ដូចជា​​រដ្ឋាភិបាល​ និង​ដៃគូ​ពាក់ព័ន្ធ​ដែល​ដើរ​តួសំខាន់​ក្នុង​ការអភិវឌ្ឍ​សង្គម៕

Read more...
Disagree
Ms.ហេង សុជា

នៅចុងសវត្សរ៍ទី២០ និងទី​២១​​ ដោយសារ​តែមាន​ការ​ធ្វើ​សកលភាវូបនីយកម្ម ពីបណ្តា​ប្រទេស​មួយទៅប្រទេសមួយទៀត ​ក្នុង​ការទំនាក់ទំនង​តាម​បណ្តាញសង្គម​ដើម្បី​ប្រាស្រ័យ​ទាក់ទង​គ្នា​ ធ្វើ​ពាណិជ្ជកម្ម ការទូត​ ការផ្លាស់ប្តូរការសិក្សាជាដើម ​ជាហេតុ​នាំឱ្យ​ការប្រើប្រាស់​​បណ្តាញ​សង្គម​នៅទូទាំងសកលមាន​ការកើន​ឡើង។ ប៉ុន្តែ​សម្រាប់​​កម្ពុជា​​​ដែល​​ជា​ប្រទេស​កំពុង​​អភិវឌ្ឍន៍​ ​ការប្រើប្រាស់​បណ្តាញសង្គមនៅមានការយល់ដឹងទាបនៅឡើយ។

ដូច្នេះហើយ ការ​ប្រើប្រាស់បណ្តោញសង្គម ពុំ​ធ្វើ​ឱ្យមនុស្ស បង្កើន​ចំណេះដឹង​ផ្នែក​អក្ខរកម្ម​ព័ត៌​មាន​​នោះ​ទេ ដោយ​នាងខ្ញុំ​សូមលើក​យក​ទឡ្ហីករណ៍​ចំនួន​បី​យកមកបកស្រាយ៖​ 

ទឡ្ហីករណ៍ទី១ : បណ្តាញសង្គមពុំអាចជួយបង្កើនឱ្យ​មា​នការ​គិត​បែប​ស៊ីជម្រៅ​ក្នុង​ការធ្វើការសម្រេចចិត្តឱ្យ​ត្រឹមត្រូវ ប៉ុន្តែវានាំឱ្យមានការភ័ន្តច្រឡំ 

បើ​យើងក្រឡេក​មើល​ទៅលើប្រព័ន្ធផ្សព្វផ្សាយ គឺមាន​មាតិការ និង​ការ​បង្ហោះ​សារ​ផ្សេងៗ​ជា​ច្រើន​រាប់​មិនអស់។​ នៅពេល​ដែល​ព័ត៌មាន​​មានច្រើនពេក ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញ​សង្គម​​មាន​ការភ័ន្តច្រលំ​​ ​ដោយសារពួកគាត់ចូ​​​​លចិត្តមើលតែចំណងជើងខ្លី​របស់អត្ថបទ ហើយ​ចែករំលែកតៗ​គ្នា ដោយមិនដឹងពីប្រភពច្បាស់​របស់ព័​ត៌មានឡើយ​។ ម្យ៉ាងវិញទៀត នៅ​ពេល​​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ច្រើន​ពេក​ ធ្វើឱ្យ​ព័ត៌មាន​ក្លែងក្លាយ​ក៏​កើន​ឡើង ហើយ​បាន​​ធ្វើ​ឱ្យសាធារណជន​មាន​ការភន្ត័​ច្រលំ និង​មិន​សូវ​ចាប់​អារម្មណ៍​លើព័ត៌មាន​ពិត​ដែល​បាន​កើត​ឡើង​។ មិនតែប៉ុណ្ណោះ​ អ្នកប្រើប្រាស់​បណ្តាញ​សង្គម ប្រើប្រាស់តាមអារម្មណ៍។ ពួកគាត់​និយមធ្វើអីមួយ​តាមគ្នា ជាពិសេស ចូលចិត្ត​តាមដាន​រឿង​​ដែល​អត់​ប្រយោជន៍ តាមដាន​រឿង​គ្រួសារ​​គេ​ឈ្លោះគ្នា ហែកហួរគ្នាជាដើម ។​

ទោះបីជា​​ប្រព័ន្ធផ្សព្វផ្សាយជាស្នូល​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក៏ដោយ   ក៏​ប៉ុន្តែ​ការប្រើប្រាស់​បណ្តាញ​សង្គម​​មិ​ន​ធ្វើ​ឱ្យ​បង្កើន​​អក្ខរកម្ម​ព័ត៌មាន​នោះទេ ពីព្រោះ​អ្នក​ប្រើ​ក៏​ដូចជា​អ្នក​ទទួលព័ត៌​មាន​​​តាម​​បណ្តាញ​​សង្គម មិន​ទាន់​មាន​ភាពសុក្រឹត្យ​ និង​ត្រឹមត្រូវ​នៅ​ឡើយ  ពីព្រោះ​ប្រជា​ពលរដ្ឋ ​និ​ង​យុវជន​ប្រើប្រាស់បណ្តាញសង្គម គឺ​ដើម្បី​លេង​ហ្គេម លេងហ្វេសប៊ុក មើល​វីដេអូ​លើ​​ Tiktok Youtube ជាដើម ។ ការទទួលព័ត៌មានទៀតសោធ គឺ​ពួកគាត់​ភាគច្រើន​មិន​សូវ​ខ្វល់​​ពី​ប្រភ​ព​ព័ត៌មាន​នោះម​កពីណា​ ពិត ឬមិន​​ពិត​​នោះ​ទេ​។ ដូច្នេះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​​​​នឹ​​ង​ទទួល​​​បាន​តែ​ព័ត៌មានក្លែ​​ង​ក្លាយ និង​អាច​ក្លាយ​ជា​​​ជន​រ​​ងគ្រោះ​នៃ​ការប្រើប្រាស់​បណ្តាញ​សង្គម​ដែល​មិន​ត្រឹម​ត្រូវ​ផងដែរ​។

ទឡ្ហីករណ៍ទី២ :​បណ្តាញសង្គមពុំ​អាចផ្តល់ឱ្យ​មាន​កម្មវិធី​ក្នុង​ការ​ទំនាក់ទំនង និង​ជួយ​អភិវឌ្ឍន៍​ការចូលរួម​យ៉ាង​សកម្ម​ក្នុង​សង្គម​រវាង​​ប្រជាពលរដ្ឋ រដ្ឋាភិបាល និងអង្គការមិនមែន​​រដ្ឋាភិបាល​តែប៉ុណ្ណោះ​​ទេ​ ថែមទាំងរាល់​ប្រភពព័ត៌មានពុំទាន់មាន​ភាពច្បាស់លាស់ និង​សុក្រឹត្យ​នៅឡើយ  

ទោះបីក្រសួងព័ត៌មានបង្ហាញថា ប្រជាពលរដ្ឋ​៥៨% ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការបញ្ចេញ​មតិ​ក៏​ដោយ ប៉ុន្តែ​លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​​​​អ្នកកា​សែត CamboJA បាន​បដិសេធ​ការលើក​របស់​ក្រសួងព័ត៌មាន ​ដោយបញ្ជាក់​​​ថា សិទ្ធិ និង​សេរីភាព​ក្នុង​ការបញ្ចេញ​​មតិ​នៅ​​មាន​ការរឹត​បន្តឹង​នៅឡើយ ដោយហេតុថា រាជ​រដ្ឋា​ភិបាល​បានដាក់ប្រព័ន្ធ​ត្រួតពិនិត្យ​លើសកម្មភាពរបស់អ្នកប្រើប្រាស់បណ្តាញសង្គម​​។ បើទោះបីជា​ប្រព័ន្ធផ្សព្វផ្សាយមានការចូល​រួម​ប្រើប្រាស់​ពីមន្រ្តីគ្រប់ជាន់ថ្នាក់ ជាពិសេសមន្រ្តី​ក្រសួងព័ត៌មាន​ តួរអង្គរដ្ឋាភិបាល និងសង្គមស៊ីវិលក្តី ហើយ​​បាន​ធ្វើការ​យ៉ាង​ស្វិតស្វាញ​លើ​រឿង​នេះ​ក៏ដោយ ក៏មិនទាន់បង្ហាញពីភាពសុក្រឹត្យនៅឡើយ។

បើយើងក្រឡេកទៅមើលសង្គមរបស់យើងវិញ គឺជាប្រកាន់​យក​លទ្ធិ​​ប្រជាធិបតេយ្យ ប៉ុន្តែគេ​សង្កេត​ឃើញថា ការ​បញ្ចេញមតិទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស បញ្ហា​ដីធ្លី ​​បញ្ហាការងារ ជាដើម ត្រូវរិតបន្តឹងដោយច្បាប់ និងគំរាមគំហែង​នៅតាមបណ្តាញសង្គម​។​ ជាពិសេស​យើង​ឃើញថា ​ការចាប់ចង​សកម្មជនការពារព្រៃឈើ សកម្មជនបរិស្ថាន សកម្មជនសិទ្ធមនុស្ស សហជីព​ គ្រូបង្រៀន សកម្មជននយោបាយ ដែលពួកគាត់ព្យាយាមតស៊ូមតិ​តាម​បណ្តាញ​សង្គម គឺមានការរឹតត្បិត​ រារាំង ​និង​គំរាមគំហែងជាដើម។ នេះសរបញ្ជាក់ថា​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​នៅ​មិ​ន​ទាន់​មានភាពច្បាស់លាស់​ និង សុក្រឹត្យភាពនៅឡើយ។

ទឡ្ហីករណ៍៣​:  វិសាលភាព​នៃ​បណ្តាញ​សង្គម​ពុំបាន​​​​​ផ្តល់ឱ្យ​នូវ​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ ដើម្បី​ជួយ​លើក​តម្កើង​​ពុទ្ធិ​របស់​អ្នក​ប្រើប្រាស់ និង​សាធារណៈជន​នោះទេ ហើយ​​​ថែម​ទាំង​​​ មិន​បានធ្វើឱ្យអ្នកប្រើប្រាស់​មានការគិតត្រឹមត្រូវ និងច្បាស់លាស់នៅឡើយ 

ទោះបីមានការរីកចម្រើនខាង​​បណ្តាញសង្គមក៏ដោយ ក៏អ្នកទទួលព័ត៌មាននៅ​តែ​មិន​ទាន់​ទទួល​បាន​​ព័ត៌មាន​​ដែល​​សុក្រឹត្យ​​រវាង​​អ្ន​ក​ផ្តល់ព័ត៌មាន និងអ្នក​​ទទួលព័ត៌មាន​នៅ​ឡើយ។​  ​ ដោយសារតែអ្នកប្រើប្រាស់បណ្តោញសង្គម​ គ្មាន​ការ​គិត​បានល្អិតល្អន់​ពីប្រភពរបស់​បណ្តាញ​សង្គម​ថាម​កពីណា ពិត ឬមិនពិត ទើប​បណ្តោយ​ឱ្យ​អ្នកប្រើប្រាស់​ត្រូវ​បាន​ជន់លិច​ដោយ​ព័ត៌មាន​មិនពិត​។ ម្យ៉ាងទៀត អ្នកប្រើប្រាស់បណ្តាញ​សង្គម​ពិបាក​បង្កើន​ចំណេះ​ដឹង​ដ៏​​រឹងមាំ និង​ស៊ីជម្រៅ​ដើម្បីសម្រេចចិត្តបានត្រឹមត្រូ​​​​​វ ពីព្រោះ​អ្នក​ប្រើប្រាស់​បណ្តាញសង្គម ត្រូវ​បាន​ជាប់​អន្ទាក់​នឹង​ព័ត៌មានក្លែងបន្លំ ការបោកប្រាស់ ការបន្លំតាមអ៊ីនធឺណិតផងដែរ ដូចជា​ករណី​នៅ​ក្នុងក្រុង​ព្រះសីហនុ ដែលមាន​ការបោកលុយតាមប្រព័ន្ធអ៊ីនធឺណិតរវាង​ជនបរទេស និង​ជន​បរទេស​ជាដើម​។ ​​មិនតែប៉ុណ្ណោះ តាមរយៈ​សារព័ត៌មាន និង​បណ្តាញសង្គម គេសង្កេត​ឃើញ​ថា មានករណីប្លន់ ចាប់​ជម្រិត និងយករូបភាព​អាក្រាត​មកគំរាមកំហែង​តាមរយៈ​បណ្តាញ​​សង្គម​ជាដើម។ ​លើសពីនេះ គេ​ក៏​ឃើញ​មាន​ករណី​រំលោភ​សម្លាប់​កើនឡើង​ ដោយសារ​តែការប្រើប្រាស់​បណ្តាញសង្គមតាមចិត្ត ​ដើម្បី​តែ​កំសាន្ត​អារម្មណ៍​ និង​សប្បាយ​ភ្លេច​គិត និងមើលរឿងអាសអាភាស​ និងការបង្ហោះរូបភាពស៊ិចស៊ី ច្រើន​ពេក​នៅ​លើ​បណ្តាញ​សង្គម។ មួយវិញទៀត យើងក៍សង្កេត​ឃើញពីការ​ប្រើពាក្យពេចន៍​មិន​សមរម្យ​នៅ​លើ​បណ្តាញ​​សង្គម ដែលធ្វើឱ្យ​អ្នក​ប្រើប្រាស់​បណ្តាញស​ង្គម​យកតម្រាប់​តាម ជាពិសេស ក្មេងៗ​ជំទង់ ​និងយុវជន អាយុ​ចាប់ពី១៣ ដល់២៥​ឆ្នាំ​។ ព្រមទាំង​​មានការបោកលុយ​​តាមហ្គេម អន​ឡាញ និង​កាស៊ីណូអនឡាញជាដើម​។​ ដូច្នេះហើយ សរបញ្ជាក់ ឱ្យ​ឃើញ​ថា ការប្រើ​ប្រាស់​​បណ្តាញ​​សង្គម មិន​បង្កើន​ចំណេះ​ដឹង​អក្ខរកម្មទេ​ តែបែជាធ្វើឱ្យ​សង្គម​​អសន្តិសុខ​ទៅវិញ​។ មួយវិញទៀត​ប្រភពព័ត៌មាន​ដែលទទួល​បាន​ ពោរពេញទៅដោយព័ត៌មានក្លែងក្លាយ និង បំពុល​សង្គម​ថែមទៀត​។​ ដូច្នេះ​ហើយប្រព័ន្ធផ្សព្វផ្សាយ​សង្គម​មិនបានធ្វើឱ្យ​បង្កើនការគិត​ឱ្យ​​បានត្រឹមត្រូវ​និង ច្បាស់លាស់ឡើយ តែបែរបង្កឱ្យមានគ្រោះថ្នាក់ទៅវិញ នៅពេលដែលយើង​គ្មានការគិត​ស៊ីជម្រៅ និង​ល្អិតល្អន់​ដើម្បីសម្រេចចិត្ត​បាន​ត្រឹមត្រូវ។

ដូច្នេះ យោងតាមទឡ្ហីករ​ណ៍ទាំងបី​ខាងលើ សបញ្ជាក់ឱ្យឃើញថា​ ការប្រើប្រាស់​បណ្តាញ​សង្គម​ពុំ​​ធ្វើ​​ឱ្យ​​យើង​​បង្កើន​ចំណេះ​ដឹង​ផ្នែក​ព័ត៌មាន​​​នោះ​ទេ ​​ប៉ុន្តែ​វា​បែរជា​​បង្កើន​ភាពអសន្តិសុខ និង​សណ្តាប់​ធ្នាប់​ដល់​សង្គម​ទៀត​ផង ពីព្រោះថា​ ប្រជាពលរដ្ឋក​ម្ពុជា​មាន​ចំណេះ​ដឹង​នៅ​មាន​កម្រិតនៅ​ឡើយ។ ​ពួកគាត់ងាយនឹង​ទទួល​ឥទ្ធិពល​ពីសកល​ភាវូបនីយកម្ម ជាពិសេស​តាម​បណ្តាញ​សង្គ​ម​​។ ប្រសិន​បើ​​ក្នុង​សង្គម​ពោរពេញ​ដោយ​ព័ត៌មាន​ក្លែងក្លាយ និង​គ្មានប្រ​ភព​ច្បាស់លាស់​ ហើយ​​រដ្ឋាភិបាល​គ្មាន​វិធានការ​ច្បាស់លាស់​ក្នុង​ការគ្រប់គ្រង នោះ​ប្រជាជន និងក្លាយ​ជា​ជនរងគ្រោះរបស់ព័ត៌មានក្លែងក្លាយ​៕​

Read more...