Drink coffee. Talk politics. Blog opinions

Debate

តើកម្ពុជាគួរលុបចោលការប្រលងបាក់ឌុបហើយជំនួសដោយការប្រលងចូលសកលវិទ្យាល័យដែរឬទេ?

Moderator
Mr.លី ជីងគួយ

សូមស្វាគមន៍មកកាន់ការដេញដោលមតិរបស់កាហ្វេនយោបាយ! នេះគឺជាការធ្វើការតទល់មតិលើកទី២របស់យើង​​​ ហើយប្រធានបទគឺ៖​ «តើកម្ពុជាគួរលុបចោលការប្រលងបាក់ឌុបហើយជំនួសដោយការប្រលងចូលសកលវិទ្យាល័យដែរឬទេ?» ដែលមានវត្តមាន​ លោក គុយ គឹមសៀន​ ខាងស្រប​ និង កញ្ញា សំរេច អមរា​ ខាងបដិសេធ ដោយម្នាក់ៗ​ជ្រើសរើសយកទឡ្ហីករណ៍តែចំនួន៣ប៉ុណ្ណោះ​ យកមកបកស្រាយ។ សូមបញ្ចាក់ផងដែរថា ទឡ្ហីករណ៍ដែលពួកគាត់បានយកមកដេញដោលនេះ មិនមែនជាមតិផ្ទាល់ខ្លួនរបស់គាត់នោះទេ ដោយសាតែយើងត្រូវកំណត់ឲ្យមានអ្នកស្រប និងអ្នកបដិសេធ។ គោលបំណងនៃការតទល់មតិ គឺដើម្បីលើកកម្នូពស់នូវវប្បធម៌សន្ទនាប្រជាធិបតេយ្យក្នុងចំណោមយុវជននៅកម្ពុជា។

សូមអានការដេញដោលមតិនេះឲ្យបានល្អិតល្អន់ជាមុនសិន​ មុននឹងអ្នកទាំងអស់គ្នាបោះឆ្នោតឲ្យបេក្ខជនរបស់យើង។​ នេះដោយសារតែអ្នកទាំងអស់គ្នាអាចបោះឆ្នោត​ បានតែម្ដងប៉ុណ្ណោះ ដោយប្រើប្រាស់គណនីហ្វេសប៊ុក។​ ក្រុមកាហ្វេនយោបាយ​ មិនមានសិទ្ធិនិងមិនអាចដឹងបានទេ​ថា អ្នកណាបានបោះឆ្នោតបេក្ខជនមួយណា។​ ការបោះឆ្នោត គឺអនាមិកទាំងអស់! រយ:ពេលនៃការបោះឆ្នោត​ គឺពីរសប្ដាហ៍ ហើយអ្នកដែលទទួលបានភាគរយច្រើនជាង​ គាត់គឺអ្នកឈ្នះ។ អ្នកអាចចូលរួមបញ្ចេញមតិយោបល់ទៅលើការដេញដោលនេះ នៅខាងក្រោមបាន!

Read more...
Agree
Mr.គុយ គឹមសៀន

ការប្រលងបញ្ចប់វិទ្យាល័យ គឺជារឿងដែលសំខាន់ដោយវាកំណត់ វាស់ស្ទង់ពីសមត្ថភាពសិស្ស និងកំណត់រកទិសដៅការងារ ហើយក៏ជាជំហានដំបូងក្នុងការចាប់ផ្តើមជីវិតថ្មីរបស់សិស្សានុសិស្សក្នុងការក្លាយជានិស្សិត។ ដូចនេះវាត្រូវតែមានភាពច្បាស់លាស់ ត្រឹមត្រូវ សុក្រឹត្យ និងជាសកល ដើម្បីបញ្ជាក់ពីកម្រិតសមត្ថភាពរបស់សិស្សបានច្បាស់ ចៀសវាងការសម្រេចចិត្តជ្រើសមុខជំនាញខុសពីសមត្ថភាពដែលនាំអោយខាតពេលវេលា។ អាស្រ័យដូចនេះ ខ្ញុំមានទឡ្ហីករណ៍៣ចំណុច ដើម្បីធ្វើការគាំទ្រទៅលើប្រធានបទដែលលើកឡើងថា "កម្ពុជាគួរលុបចោលការប្រលងបាក់ឌុប ហើយជំនួសដោយការប្រលងចូលសាកលវិទ្យាល័យ ដូចជា SAT, KSAT, GaoKao"។

១. ប្រព័ន្ធនិទ្ទេសនៃការប្រលងបាក់ឌុបនៅមានភាពខ្វះខាត។

និទ្ទេស A-E មិនបានកំណត់ពីសមត្ថភាពសិស្សពិតប្រាកដ។ នៅពេលចុះឈ្មោះចូលសាកលនិទ្ទេសរបស់សិស្សមិនមានលក្ខណៈខុសគ្នានោះទេ ដែលនេះមិនបានលើកទឹកចិត្តសិស្សអោយខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព។ តែការប្រលងចូលសាកលវិទ្យាល័យ ដែលធ្វើអោយសិស្សមានការខិតខំប្រឹងប្រែង ដើម្បីយកពិន្ទុល្អក្នុងការចូលរៀនក្នុងសាកលវិទ្យាល័យ។ ការប្រលងនេះត្រូវបានទទួលស្គាល់ជាសកល ដែលផ្តល់ភាពងាយស្រួលដល់សិស្សក្នុងការដែលចង់បន្តការសិក្សាទៅក្រៅប្រទេស។ ការនៗប្រលងនេះដែរមានភាពច្បាស់លាស់ដែលកំណត់ពីសមត្ថភាពសិស្សជាក់ស្តែង ដែលនេះជំរុញគុណភាពនៃការសិក្សារបស់សិស្សនៅកម្ពុជា។

២. ស្តង់ដាកម្រិតវិញ្ញាសាររបស់ប្រលងបាក់ឌុបនៅមានកម្រិត

វិញ្ញាសារប្រលង គឺមិនសង្កត់ទៅលើវិធីធ្វើនោះទេ តែផ្តោតទៅលើចំលើយដែលត្រឹមត្រូវ។ កម្រិតពិបាកនៃវិញ្ញាសារក៏ពិបាកជាងវិញ្ញាសារក្នុងការប្រលងតាមសាលាផងដែរ។ ឧបសគ្គចំបងរបស់ការប្រលងគឺ ពេលវេលា។ សិស្សត្រូវមានភាពវ័យឆ្លាត រហ័សរហួន និងការប្រុងប្រយ័ត្នខ្ពស់។ សិស្សត្រូវចេះគ្រប់គ្រងអារម្មណ៌ខ្លួនឯងក្រោមស្ថានភាពដ៏តានតឹងមួយនេះ។ការប្រលងចូលសាកលវិទ្យាល័យមានអត្ថប្រយោជន៌សម្រាប់សាកល គឺបង្កើតភាពងាយស្រួលដល់សាកលក្នុងការផ្តល់សិទ្ធអោយសិស្សចូលរៀន ដោយមើលទៅតាមពិន្ទុជាក់ស្តែង។ ចំណែកឯសិស្សអាចវាស់ស្ទង់ពីសមត្ថភាពរបស់ខ្លួនឯងនិងជ្រើសរើសជំនាញនិងសាកលដែលសាកសមនឹងខ្លួនជាទីបំផុត។ ជាទូទៅសាកលដែលល្បី គឺទាមទារនូវសិស្សពូកែដែលបានពិន្ទុខ្ពស់ក្នុងការប្រលង ហលយសិស្សទាំងអស់នោះមានអាទិភាពក្នុងការជ្រើសរើសសាកលដែលខ្លួនពេញចិត្ត។

៣.​ ចំណាយថវិការដែលមិនចាំបាច់

សព្វថ្ងៃដើម្បីចូលរៀនតាមសកលមួយចំនួនគឺតម្រូវអោយសិស្សធ្វើការប្រលងមួយដែលរៀបចំឡើងដោយសាកលផ្ទាល់និងខុសៗពីគ្នា។ បើទោះជាមានសញ្ញាបត្របាក់ឌុបក៏ដោយក៏សិស្សត្រូវ ប្រលងតាមសាកលដដែល ដូចនេះគួរតែលុបចោលនូវបាក់ឌុបនិងជំនួសដោយការប្រលងចូលវិទ្យាល័យតែម្តងជាការប្រសើ។ ការធ្វើបែបនេះក៏កាត់បន្ថយភាពតានតឹងរបស់សិស្ស ដោយពុំចាំបាច់ត្រូវខ្វល់ខ្វាយក្នុងការប្រលង2 ដងនោះទេ។ ការលុបជំនួសបែបនេះក៏កាត់បន្ថយថវិការការចំណាយថវិការរបស់សិស្សមួយចំនួនធំផងដែរ ដោយពួកគេមិនចាំបាច់ត្រូវរៀនបន្ថែមពេលចប់បាក់ឌុបនោះទេ។ហើយវាក៏បាន​កាត់បន្ថយថវិការក្នុងការចំណាយដើម្បីរៀបចំការប្រលង២ដងផងដែរ

Read more...
Disagree
Ms.សំរេច អមរា

ការប្រឡងបាក់ឌុបត្រូវបានធ្វើ និងរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យើងសង្កេតឃើញថា ប្រសិទ្ធភាព និងវឌ្ឍនភាព កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនៃសមត្ថភាពសិស្សានុសិស្ស ក៏ដូចជាវិស័យអប់រំនៅកម្ពុជាទាំងមូលផងដែរ។ ការប្រលងបាក់ឌុប ជាស្ពានឆ្លុះបញ្ចាំងសមត្ថភាពមួយកម្រិតរបស់សិស្សានុសិស្ស ហើយក៏ជាការប្រឡងដែលមានប្រសិទ្ធភាពផងដែរ។ ការប្រឡងបាក់ឌុប នៅតែសំខាន់ និងចាំបាច់ នឹងមិនត្រូវលុបបំបាត់ឡើយ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងដំណើរនៃវិស័យអប់រំនៅកម្ពុជានាបច្ចុប្បន្ន។

១. ការលុបចោលការប្រលងបាក់ឌុបមិនបានផ្តល់ភាពប្រសើរដល់វិស័យអប់រំនោះទេ។ 

ជាការពិតណាស់ ការលុបចោលការប្រលងបាក់ឌុប មិនបានផ្តល់ផលចំណេញដល់វិស័យអប់រំនៅកម្ពុជានោះទេ បើសិនបើគុណភាពសិស្សនៅមានកម្រិត និងរចនាសម្ព័ន្ធគ្រឹះស្ថានសិក្សាមិនទាន់មានភាពប្រសើរឡើងតាមស្តង់ដារអន្តរជាតិ។ ម្យ៉ាងទៀត ការប្រលងបាក់ឌុបគឺជាស្ពានដើម្បីអោយសិស្សចាប់យកជំនាញ និងស្គាល់ពីខ្លួនឯង។ បើសិនជាគ្មានការប្រឡងបាក់ឌុបទេ សិស្សនឹងមិនអាចមានទឹកចិត្តផ្តោតលើគោលដៅប្រលងជាប់ និងខំសិក្សាពីជំនាញដែលខ្លួនឯងជ្រើសទេ ( វិទ្យាសាស្រ្ត និងសង្គម)។ ហើយការហើយមានប្រឡងបាក់ឌុបធ្វើអោយសិស្សខិតខំសិក្សា ទន្ទឹមនឹងនេះ ពួកគេក៏អាចស្វែងយល់ពីមុនជំនាញដែលគេស្រលាញ់ផងដែរ។ 

២. ប្រទេសកម្ពុជាជាប្រទេសដែលវិស័យអប់រំនៅមានកម្រិត បើប្រៀបធៀបស្ថិតិទូទាំងពិភពលោក។

 «ឃើញដំរីជុះ កុំជុះតាមដំរី » ចង់មានន័យថា បើយើងមើលទៅប្រទេសអាមេរិក កូរ៉េខាងត្បូង និងចិន យើងឃើញថាប្រទេសទាំងនេះពោរពេញដោយធនធានមនុស្ស និងការអភិវឌ្ឈដ៏សម្បូរបែប តែបើក្រឡែកមកមើលប្រទេសកម្ពុជាវិញគឺ មិនទាន់បោះជំហានបានឆ្ងាយនៅឡើយទេ។ ដូច្នេះយើងត្រូវដើរមួយជំហាន គិតមួយជំហាន។ ដូចគ្នាដែរ សាកលវិទ្យាល័យនៅប្រទេសទាំងនោះ សុទ្ធតែទទួលបានការចាប់អារម្មណ៍ពីសិស្សទូទាំងពិភពលោក តែកម្ពុជាមិនដូចគ្នានោះទេ។ សាលានៅកម្ពុជាភាពច្រើននៅមានកម្រិត ដោយសារតែគុណភាពមិនទាន់មានស្តង់ដាខ្ពស់ ហើយមានចំនួនច្រើនល្មម ប៉ុន្តែសាកលដែលទទួលបានការកត់សម្គាល់គឺមានតិច។ 

៣៖  កត្តាសិស្ស បានជះឥទ្ធិពលដល់វិស័យអប់រំនៅកម្ពុជា។ 


មិនប្រាកដថាសិស្សដែលចប់វិទ្យាល័យ បន្តការសិក្សានៅសាកលវិទ្យាល័យទាំងអស់នោះទេ ។ ប៉ុន្មានភាគរយ? 
នេះមិនទាន់គិតថា តើសិស្សប៉ុន្មានភាគរយ ដែលមានសមត្ថភាពប្រឡងជាប់ចូលសាកល បើសិនជាការប្រឡងបាក់ឌុបត្រូវលុបបំបាត់នោះ? សិស្សមួយជំនួនជួបផលវិបាកក្នុងការផ្គត់ផ្គង់ថវិកាបង់សាលា ក៏ដូចជាជួយគ្រួសារ។ កត្តានេះបានអោយសិស្ស តាមជនបទមិនសូវជាមានលទ្ធិភាពក្នុងការបន្តការសិក្សានូវសាកលវិទ្យាល័យ។

Read more...