Debate
តើប្រទេសកម្ពុជាគួតែដាក់បញ្ចូលមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយ ចូលក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យដែរឬទេ?
Apr 17, 2021 - May 01, 2021Moderator
សូមស្វាគមន៍មកកាន់ការតទល់មតិរបស់កាហ្វេនយោបាយ! នេះគឺជាការធ្វើការតទល់មតិលើកទី១របស់យើង ហើយប្រធានបទគឺ៖ «តើប្រទេសកម្ពុជាគួតែដាក់បញ្ចូល មុខវិជ្ជាវិទ្យាសាស្រ្តនយោបាយ ចូលក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យដែរឬទេ?» ដែលមានវត្តមាន កញ្ញា សាមឿត ស៊ាវម៉េង ខាងស្រប និង លោក វណ្ណ ប៊ុនណា ខាងបដិសេធ ដោយម្នាក់ៗជ្រើសរើសយកទឡ្ហីករណ៍តែចំនួន៣ប៉ុណ្ណោះ យកមកបកស្រាយ។ សូមបញ្ចាក់ផងដែរថា ទឡ្ហីករណ៍ដែលពួកគាត់បានយកមកដេញដោលនេះ មិនមែនជាមតិផ្ទាល់ខ្លួនរបស់គាត់នោះទេ ដោយសាតែយើងត្រូវកំណត់ឲ្យមានអ្នកស្រប និងអ្នកបដិសេធ។ គោលបំណងនៃការតទល់មតិ គឺដើម្បីលើកកម្នូពស់នូវវប្បធម៌សន្ទនាប្រជាធិបតេយ្យក្នុងចំណោមយុវជននៅកម្ពុជា។
សូមអានការដេញដោលមតិនេះឲ្យបានល្អិតល្អន់ជាមុនសិន មុននឹងអ្នកទាំងអស់គ្នាបោះឆ្នោតឲ្យបេក្ខជនរបស់យើង។ នេះដោយសារតែអ្នកទាំងអស់គ្នាអាចបោះឆ្នោត បានតែម្ដងប៉ុណ្ណោះ ដោយប្រើប្រាស់គណនីហ្វេសប៊ុក។ ក្រុមកាហ្វេនយោបាយ មិនមានសិទ្ធិនិងមិនអាចដឹងបានទេថា អ្នកណាបានបោះឆ្នោតបេក្ខជនមួយណា។ ការបោះឆ្នោត គឺអនាមិកទាំងអស់! រយ:ពេលនៃការបោះឆ្នោត គឺពីរសប្ដាហ៍ ហើយអ្នកដែលទទួលបានភាគរយច្រើនជាង គាត់គឺអ្នកឈ្នះ។ អ្នកអាចចូលរួមបញ្ចេញមតិយោបល់ទៅលើការដេញដោលនេះ នៅខាងក្រោមបាន!
Read more...Agree
ប្រជាពលរដ្ឋខ្មែរជាពិសេសយុវជន គួរតែសិក្សាអំពីនយោបាយ។ មិនថាសិស្សវិទ្យាល័យ សាកលវិទ្យាល័យ ឬអ្នកដែលកំពុងធ្វើការនោះទេ មុខវិជ្ជា វិទ្យាសាស្រ្តនយោបាយមានសារសំខាន់សម្រាប់ពួកគាត់ ជាពិសេសគឺយុវជននៅកម្រិតសិក្សាវិទ្យាល័យ ដែលខ្ញុំគិតថា ពួកគាត់ គួរតែរៀន អំពីនយោបាយដែរ។ ខ្ញុំមានហេតុផលចំនួនបី ដែលខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជា គួរតែដាក់ មុខវិជ្ជាវិទ្យាសាស្រ្តនយោបាយ ចូលក្នុងកម្មវិធីសិក្សាកម្រិតវិទ្យាល័យ៖
- យុវជននៅវិទ្យាល័យ ជាទូទៅមានអាយុចន្លោះពី១៦ដល់១៨ឆ្នាំ ជាវ័យដែលកំពុងតែចង់ដឹង ចង់ឮ ចង់ចូលរួមសកម្មភាពសង្គមផ្សេងៗក្រៅតែពីការសិក្សានៅសាលា។ ការបញ្ចូលមុខវិជ្ជា វិទ្យាសាស្រ្តនយោបាយនៅថ្នាក់វិទ្យាល័យនេះ មិនមែនយើងផ្ដល់ឲ្យគាត់នូវមេរៀនស៊ីជម្រៅ ដូចជាថ្នាក់បរិញ្ញាប័ត្រ ឬអនុបណ្ឌិតនោះទេ។យើងអាចស្រាវជ្រាវនិងជ្រើសរើសមុខវិជ្ជាណា ដែលសំខាន់ៗ សម្រាប់វ័យពួកគាត់ ដែលគាត់ត្រូវដឹងនិងអាចទទួលចំណេះដឹងបាន។ ឧទាហរណ៍ដូចជា៖ ការបោះឆ្នោត (គេប្រព្រឹត្តទៅ ប៉ុន្មានឆ្នាំម្ដង? តើបោះឆ្នោតមានអ្វីខ្លះ? ដើម្បីអ្វី?) តើការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្រ្តី គេធ្វើទៅយ៉ាងម៉េច? តើយុវជនមាន តួនាទីអ្វីខ្លះនៅក្នុងឆាកនយោបាយ? មេរៀនតិចៗទាំងអស់នេះ វាអាចជួយឲ្យគាត់មាន ចំណេះដឹងទៅគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត ឬចូលរួមសកម្មភាពនយោបាយផ្សេងៗ។
- យុវជនខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោតជ្រើសរើសបេក្ខជនម្នាក់ ដែលគេពេញចិត្ត ដើម្បីដឹកនាំភូមិឃុំនិងប្រទេសជាតិរបស់គេរយ:ពេល៤ឬ៥ឆ្នាំខាងមុខ។ នេះមាន ន័យថា ភាគច្រើននៃពួកគាត់ប្រហែលជានិស្សិតឆ្នាំទី១ឬទី២ ហើយអ្នកខ្លះទើបតែ ចប់ថ្នាក់ទី១២។ ដូច្នេះ បើសិនជាពួកគាត់មិនយល់ដឹងអំពីការបោះឆ្នោត និងទិដ្ឋភាព នយោបាយទូទៅនៅក្នុងប្រទេសជាតិគាត់ទេ ខ្ញុំគិតថាការសម្រេចចិត្តបោះឆ្នោតពួកគាត់អាច នឹងមានភាពមិនច្បាស់លាស់និងស៊ីជម្រៅ។ នេះដោយសារតែ អ្នកខ្លះគាត់បោះឆ្នោតទៅតាម ការសម្រេចចិត្តរបស់ឪពុកម្ដាយ ឬសាច់ញាតិជាដើម។ ប៉ុន្ដែ បើសិនជាពួកគាត់បានដឹង ជាមុន មានពេលស្វែងយល់អំពីនយោបាយជុំវិញខ្លួន គាត់នឹងយល់កាន់តែច្បាស់ថា អ្វីទៅជានយោបាយ? តើអ្វីទៅជាការបោះឆ្នោត? អ្នកណាដែលគាត់គួរតែបោះឲ្យ? ម្យ៉ាងវិញទៀត ពេលរៀនចប់ ថ្នាក់វិទ្យាល័យ មិនប្រាកដថា ពួកគាត់នឹងអាចនឹងទទួលបាន ឪកាសរៀនអំពីនយោបាយ ពិភាក្សាអំពីបញ្ហានេះ នៅសាកលវិទ្យាល័យនោះទេ ដោយសារតែនៅសាកលវិទ្យាល័យ គាត់ត្រូវផ្ដោតលើជំនាញ ជាពិសេសរកការងារធ្វើ។
- ការបញ្រ្ជាបចូលមុខវិជ្ជាមួយនេះ ចូលទៅកាន់សិស្សវិទ្យាល័យ វាជាពេលវេលាមួយដែល អាចកសាងមូលដ្ឋានគ្រឹះនៃការខ្វាយខ្វល់អំពីបញ្ហាប្រទេសជាតិ និងកសាងវប្បធម៌នៃការអាន ពិភាក្សា និងស្វែងយល់បន្ថែមទៀត ជាជាងចំណាយពេលវេលា ប្រើប្រាស់បណ្ដាញសង្គមច្រើនពេក។
Disagree
វិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាប្រកបដោយវិទ្យាសាស្ត្រនិងជាប្រព័ន្ធទៅលើនយោបាយ។ នៅក្នុងមុខជំនាញវិទ្យាសាស្រ្តនយោបាយនេះផងដែរ វាក្តោបទៅលើមុខវិជ្ជាដូចជា ទ្រឹស្តីនយោបាយ ទស្សនៈវិទ្យានយោបាយ ការប្រៀបធៀបនយោបាយ ទំនាក់ទំនងអន្តរជាតិ និងរដ្ឋបាលសាធារណៈជាដើម។ ងាកទៅរកប្រធានបទខាងលើវិញ កម្ពុជាមិនគួរដាក់បញ្ចូលវិទ្យាសាស្រ្តនយោបាយនៅក្នុងកម្មវិធីសិក្សានៅកម្រិតថា្នក់វិទ្យាល័យនោះទេ។ ហេតុអ្វី? ព្រោះ៖
- វិទ្យាសាស្ត្រនយោបាយ ជាមុខវិជ្ជាកម្រិតជំនាញឯកទេស មិនមែនជាមុខវិជ្ជាបែបចំណេះដឹងទូទៅសម្រាប់សិស្សចំណេះដឹងនៅថ្នាក់វិទ្យាល័យសិក្សានោះទេ។គេត្រូវដឹងថា ការសិក្សានៅកម្រិតថ្នាក់វិទ្យាល័យ ជាការសិក្សាផ្តោតទៅលើកចំណេះដឹងទូទៅ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់សិស្សចាប់យកមុខជំនាញឯកទេសផ្សេងៗ នៅក្នុងថ្នាក់មហាវិទ្យាល័យ និងថ្នាក់បន្តបន្ទាប់ទៀត។ហើយដើម្បីសិក្សាវិទ្យាសាស្រ្តនយោបាយនេះបាន គឺតម្រូវឲ្យសិស្សគួរមាន ចំណេះដឹងទូទៅឱ្យបានទូលំទូលាយពីវិទ្យាល័យសិនជាពិសេសលើមុខវិជ្ជាផ្នែកប្រវត្តិសាស្រ្ត សិក្សាសង្គម ភូមិវិទ្យា ពលរដ្ឋវិទ្យា និងផ្នែកភាសាជាដើម។
- ក្នុងករណីថា បើចង់បង្រៀនឱ្យយុវជនក៏ដូចជាសិស្សឱ្យបានស្វែងយល់ដឹងពីសិទ្ធិ និងករណីយកិច្ចរបស់ពួកគេក្នុងការចូលរួមការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការពង្រឹង និងពង្រីកការយល់ដឹងរបស់ពួកគេទៅលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងស្ថាប័ននយោបាយរបស់រដ្ឋ គេមិនចាំបាច់បញ្ចូលមុខវិជ្ជាវិទ្យាសាស្រ្តនយោបាយទាំងស្រុងទៅក្នុងកម្មវិធីសិក្សា តែគួរពង្រឹង និងពង្រីកមេរៀនទាំងនោះទៅក្នុងមុខវិជ្ជាដែលមានស្រាប់ ដូចជា សិក្សាសង្គម និងពលរដ្ឋវិជ្ជាជាដើម ត្បិតមុខវិជ្ជាដែលទាក់ទងនឹងសិទ្ធិ និងករណីយកិច្ច របស់ពលរដ្ឋមួយចំនួនត្រូវបានគេដាក់បញ្ចូលទៅក្នុងមុខវិជ្ជានេះរួចទៅហើយ។ ហើយរឿងដែលចាំបាច់ត្រូវធ្វើទៅវិញនោះគឺ ការបើកលំហសេរីភាពសិក្សាធិការ និងនយោបាយពីរដ្ឋា ភិបាលសម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូឱ្យបានទូលំទូលាយ ដើម្បីឱ្យពួកគាត់ហ៊ានពិភាក្សាដេញដោលពីកិច្ចការប្រទេសជាតិ ក៏ដូចជានយោបាយ ដោយមិនមានការភ័យខ្លាច។
- ដោយសារបច្ចុបន្ន មុខវិជ្ជាសិក្សានៅថ្នាក់វិទ្យាល័យមានចំនួនច្រើនទៅហើយ ដូច្នេះការដាក់មុខវិជ្ជាវិទ្យាសាស្ត្រនយោបាយបន្ថែមមួយទៀត វាអាចជាការដាក់សម្ពាធបន្ថែមទៅសិស្ស ក្នុងការផ្តោតអារម្មណ៍ទៅលើមុខវិជ្ជាដទៃទៀត។ ប្រសិនបើគេចង់ដាក់មុខវិជ្ជាបន្ថែមទៀតទៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យនោះ គេគួរផ្តល់អាទិភាពលើមុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) វិញ ព្រោះដើម្បីរៀបចំយុវជនកម្ពុជា ឲ្យទាន់សម័យឧស្សាហកម្ម 4.0 ដើម្បីជាស្ពានសម្រាប់កម្ពុជាក្នុងការសម្រចនូវទស្សនៈវិស័យរបស់ខ្លួនឲ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០៕