Podcast
ក្រុមកាហ្វេនយោបាយបើកគេហទំព័រឲ្យយុវជនសរសេរបញ្ចេញមតិដោយសេរី
Apr 04, 2021
វណ្ណ សុគន្ធា
ដោយ៖ វណ្ណ សុគន្ធា
www.politikoffee.com គឺជាគេហទំព័រថ្មីមួយរបស់ក្រុមកាហ្វេនយោបាយ ដែលទើបប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃសៅរនេះ។ គេហទំព័រនេះ អនុញ្ញាតឲ្យយុវជនដែលមានអាយុក្រោម៣០ឆ្នាំ អាចសរសេរបញ្ចេញមតិជាភាសាខ្មែរក៏បានឫ ភាសាអង់គ្លេសក៏ពាក់ព័ន្ធនឹងរឿងនយោបាយ ឫ សង្គមផ្សេង។
ស្ថាបនិកក្រុមកាហ្វេនយោបាយ លោកអ៊ូ រិទ្ធី បានលើកឡើងថា ការបង្កើតគេហទំព័រនេះ គឺដើម្បីជួយជំរុញឲ្យក្រុមយុវជនខ្មែរបង្កើតទម្លាប់សរសេរ និង ចេះវិភាគពីរឿងនយោបាយ និងរឿងសង្គមផ្សេងៗទៀត។ បើតាមស្ថាបនិករូបនេះ តាមរយៈក្រុមកាហ្វេនយោបាយ ក្រុមយុវជនធ្លាប់តែបានបញ្ចេញមតិ និង ពិភាក្សាជជែកគ្នាដោយផ្ទាល់មាត់ តែមិនបានបញ្ចេញមតិតាមរយៈការសរសេរនោះទេ។ ដូច្នេះហើយគេហទំព័រនេះ នឹងបង្កើនចំណេះដឹងផ្នែកសរសេរ និង វិភាគបន្ថែមទៀតដល់ពួកគេ។
ថ្វីបើបើកឲ្យសរសេរដោយសេរីក៏ពិតមែន ប៉ុន្តែគេហទំព័រនេះក៏បានតម្រូវឲ្យធ្វើតាមនីតិវិធី និង ទាមទារលក្ខខណ្ឌមួយចំនួនផងដែរ។ លោកឃុន សីហា អ្នកគ្រប់គ្រងគេហទំព័រនេះ បានពន្យល់ថា មុននឹងបង្ហោះចូលក្នុងគេហទំព័រ ម្ចាស់អត្ថបទទាំងអស់ត្រូវផ្ញើមកកាន់អ្នកគ្រប់គ្រងផ្នែកនីមួយៗ ដូចជា ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច និងកិច្ចការបរទេស។ អ្នកគ្រប់គ្រងផ្នែកទាំងនោះ នឹងធ្វើការពិនិត្យអត្ថបទ មុននឹងបញ្ចូលទៅចូលក្នុងគេហទំព័រ។ ជាមួយគ្នានេះ ក្រុមកាហ្វេនយោបាយបានទាមទារឲ្យយុវជនទាំងអស់ ត្រូវសរសេរដោយមានអំណះអំណាងច្បាស់លាស់ ហើយមិនត្រូវប្រើប្រាស់ពាក្យជេរប្រមាថ និង មិនវាយប្រហារខ្លាំងលើបុគ្គលិក ឫគណបក្សនយោបាយណាមួយឡើយ។
សូមបញ្ជាក់ថា ក្រុមកាហ្វេនយោបាយ ឫ Politikoffee បានចាប់ផ្តើមបង្កើតឡើងកាលពីឆ្នាំ២០១១ ដោយយុវជនចំនួន៤ រូប។ ក្រុមនេះបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រីក និង ពង្រឹងចំណេះដឹងផ្នែកនយោបាយ និងសង្គម បង្កើតវប្បធម៌ពិភាក្សា ដេញដោល និងតស៊ូមតិ និងលើកកម្ពស់សេរីភាពក្នុងបញ្ចេញមតិរបស់ក្រុមយុវជន។ មកដល់ពេលនេះ ក្រុមកាហ្វេនយោបាយមានសមាជិកប្រមាណ៣០០នាក់ក្នុងនោះ ៥០នាក់ ជាសមាជិកសកម្មដែលតែងតែចូលរួមកិច្ចពិភាក្សាតុមូលនៅរៀងរាល់រសៀលថ្ងៃសៅរ៍នៅទីស្នាក់ការអង្គការខុនរ៉ាដ ប្រចាំនៅកម្ពុជា៕
Original Link: https://www.rfi.fr/km/cambodia/politikoffee-ou-ritthy-24-01-2015