Drink coffee. Talk politics. Blog opinions

Koffee

អត្ថបទទស្សន:៖ តើគេត្រូវធ្វើដូចម្ដេចទើបអនុវត្តសេរីភាពបញ្ចេញមតិបានពេញលេញនិងស្របច្បាប់?

សរសេរដោយ៖ ឃី ចន្ទក្រឹះស្នា, ពៅ ណាទី និង សុខ សុម៉ា

កែអត្ថបទដោយ៖ អូន ឆេងប៉

(Photo Credit: The United Nations High Commissioner for Human Rights (OHCHR) )

អត្ថបទទស្សន:៖ តើគេត្រូវធ្វើដូចម្ដេចទើបអនុវត្តសេរីភាពបញ្ចេញមតិបានពេញលេញនិងស្របច្បាប់?

 

នៅពេលនិយាយអំពីសេរីភាពបញ្ចេញមតិ គេនឹងនឹកឃើញទៅដល់ការប្រើប្រាស់បណ្ដាញសង្គមក្នុងការបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហាសង្គម បរិស្ថាន វប្បធម៌ និងអក្សរសាស្រ្ដជាដើម។ ប៉ុន្តែការប្រើប្រាស់សេរីភាពនេះ ហាក់ដូចជាមិន​ត្រូវបានផ្ដល់ឱ្យពេញលេញនោះទេ ដោយសារកន្លងមកមាន​បណ្ដាសារព័ត៌មានមួយចំនួនបានចុះផ្សាយពីការចា​ប់ខ្លួន និងឃុំខ្លួនអ្នកដែលបានរិះគន់ពីរឿងបរិស្ថាន និងបញ្ហាសិទ្ធិមនុស្សជាដើម។

 

តាមរយៈរបាយការណ៍ប្រចាំឆ្នាំទី៥ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបរាប់ថា​ ការរឹតត្បិត និងរំលោភបំពានទៅលើសេរីភាពបញ្ចេញមតិចំនួន១០៨ករណី ដែលបានកើតឡើងនៅឆ្នាំទី៥ ពីថ្ងៃទី០១ ខែមេសា ដល់ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៥៣% (ឬ៥៧ករណី) បានកើតឡើងតាមប្រព័ន្ធអ៊ីនធឺណេត។ របាយការណ៍នេះបានបន្តទៀតថា ការរឹតត្បិតសេរីភាពមតិខ្លួនឯងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ថិតនៅលើលំដាប់ថ្នាក់ទី១ ដែលមាន៤៦ករណី។

កន្លងមកមន្រ្តីអង្គការសង្គមស៊ីវិល បានលើកឡើងពីការចាប់ខ្លួនអ្នករិះគន់នូវការបញ្ចេញមតិនៅតាមបណ្ដាញសង្គមថា ជាការដើរផ្ទុយពីសង្គមប្រជាធិបតេយ្យដែលផ្តល់ឱ្យនូវសិទ្ធិបញ្ចេញមតិរិះគន់ដើម្បីស្ថាបនា។ ដូចគ្នានេះដែរ ក្រុមអង្គការសង្គមស៊ីវិល ក៏បានបង្ហាញពីការព្រួយបារម្ភនៅដែលតុលាការប្រើប្រាស់បទល្មើសញុះញង់ក្នុងការចោទប្រកាន់អ្នកបញ្ចេញមតិក្នុងបញ្ហាសង្គមផងដែរ។

បើយោងតាម កតិកាសញ្ញាអន្តរជាតិស្ដីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ មាត្រា១៩ បានចែងថា៖ «ជនគ្រប់រូបមានសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិនេះត្រូវរាប់បញ្ចូលទាំងសេរីភាព ស្រាវជ្រាវព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង ដោយមិនគិតពីព្រំដែនដោយផ្ទាល់មាត់ ឬបោះពុម្ពតាមទម្រង់សិល្ប: ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដទៃទៀតក្ដី តាមការជ្រើសរើសរបស់ខ្លួន»។

 

ទោះបីជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានអនុម័តឱ្យប្រើប្រាស់អនុក្រឹត្យស្ដីពីច្រកទ្វារអ៊ីនធឺណេត ដែលអនុក្រឹត្យនេះមានតួនាទីក្នុងការគ្រប់គ្រងបណ្ដាញអ៊ីនធឺណេតនៅក្នុងប្រទេស។ មន្រ្ដីរដ្ឋាភិបាលបានលើកឡើងថា អនុក្រឹត្យនេះនឹងប្រមូលថវិកាជាតិ និង លើកកម្ពស់នៃការតភ្ជាប់អ៊ីនធឺណេតរបស់ប្រទេសឱ្យមានប្រសិទ្ធភាព។ ប៉ុន្តែយើងសង្កេតឃើញថាមានប្រតិកម្មពីក្រុមអង្គការសង្គមស៊ីវិលជាតិ និងក្រុមយុវជនមួយចំនួន អំពីការរឹតត្បិតសេរីភាពបញ្ចេញមតិដែលជាសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងស្នើសុំឱ្យមានការនិរាករណ៍នូវអនុក្រឹត្យមួយនេះទៀតផង។

ថ្មីៗនេះដែរ ការព្រមានចាប់ខ្លួនអ្នកវិភាគឯករាជ្យពីសំណាក់អ្នកដឹកនាំនយោបាយបន្ទាប់ពីពួកគេបានបញ្ចេញមតិលើបណ្ដាញសង្គម បានធ្វើឱ្យមាននូវការបារម្ភពីសំណាក់មន្រ្ដីសិទ្ធិមនុស្ស និងអ្នកការសែត។ 

 

តើការប្រើប្រាស់សេរីភាពបញ្ចេញមតិនេះពិតជាអាចធ្វើបានគ្រប់កាលៈទេសៈបានមែនទេ? 

ហើយតើធ្វើដូចម្ដេចទើបប្រជាពលរដ្ឋអាចប្រើប្រាស់សិទ្ធិនេះបានយ៉ាងពេញលេញ?

 

សេរីភាពបញ្ចេញមតិជាសិទ្ធិដែលអាចដកហូតបាន

ជាគោលការណ៍ច្បាប់ សេរីភាពបញ្ចេញមតិគឺជាសិទ្ធិមានដែនកំណត់ (Limited Rights) ដែលច្បាប់ចែងកំណត់ពីព្រំដែនរបស់វា។ កាលណាបុគ្គលប្រើប្រាស់សិទ្ធិនេះបណ្ដាលឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ទំនៀមទម្លាប់ល្អរបស់សង្គម សណ្ដាប់ធ្នាប់សារធារណៈ និងសន្តិសុខជាតិ ជននោះនឹងទទួលការផ្ដន្ទាទោសតាមការកំណត់ដោយច្បាប់។

 

រដ្ឋធម្មនុញរបស់ប្រទេសកម្ពុជា មាត្រា៤១ចែងថា៖

«ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន[...]។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គមដល់សណ្ដាប់ធ្នាប់សាធារណៈនិងដល់សន្តិសុខជាតិបានឡើយ»។ 

 

ទោះបីជាយ៉ាងនេះក្ដី ច្បាប់ត្រូវចែងពន្យល់ឱ្យបានច្បាស់អំពីលក្ខខណ្ឌនៃការរឹតត្បិតនីមួយៗទាំងនេះ ដែលមិនធ្វើឱ្យមានការបកស្រាយតាមអំពើចិត្ត និងលើសពិន័យដើម។ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥ ចែងថា៖ «នៅក្នុងរឿងព្រហ្មទណ្ឌ ច្បាប់ត្រូវបកស្រាយយ៉ាងតឹងរ៉ឹង។ ចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្ត ឬ ប្រព្រឹត្តតាមសទិសភាពបានឡើយ»។ នេះមានន័យថា នៅពេលណាដែលចៅក្រមធ្វើការបកស្រាយពន្លាតលើសពីន័យច្បាប់ នោះការបកស្រាយនេះនឹងទាញចូលទៅរកអង្គហេតុមួយថ្មីទៀត។ ជាក់ស្ដែងគេសង្កេតឃើញថា​ បទល្មើសញុះញង់ដែលចែងនៅក្នុងមាត្រា៤៩៣ ដល់ ៤៩៨ នៅក្នុងផ្នែកទី៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានក្រុមអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភចំពោះការប្រើប្រាស់សិទ្ធិនេះ ដើម្បីបំបិទសេរីភាពបញ្ចេញមតិរបស់សាធារណជន។

ការប្រើប្រាស់សិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋត្រូវបា​នទទួលស្គាល់ដោយពេញលេញនៅក្នុងប្រទេសនីតិរដ្ឋ អំណាចទាំងបីត្រូវបែកចែកដាច់ពីគ្នាអំណាចតុលាការ ជាអំណាចឯករាជ្យ។ អំណាចនេះមិនត្រូវស្ថិតនៅក្រោមឥទ្ធិពលនៃអំណាចណាមួយឡើយ។ មានតែចៅក្រមទេមានសិទ្ធិជម្រះក្ដី ដោយត្រូវឈរលើគោលការណ៍ច្បាប់ មិនលំអៀង និងមិនត្រូវស្ថិតក្រោមសម្ពាធពីភាគីណាមួយដោយប្រយោលក្ដី ឬផ្ទាល់ក្ដី។ ដោយឈរលើគោលការណ៍នេះ ទើបប្រជាពលរដ្ឋអាចអនុវត្តសិទ្ធិរបស់ខ្លួនបានពេញលេញ និងមិនរងសម្ពាធពីការចោទប្រកាន់ណាមួយឡើយ។​

សេរីភាពបញ្ចេញមតិ គឺជាធាតុចាំបាច់ដែលមិនអាចកាច់ផ្ដាច់ពីសង្គមប្រជាធិបតេយ្យ។ រដ្ឋដែលទទួលស្គាល់ និងផ្ដល់សច្ចាប័នលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ មានភារកិច្ចក្នុងការ គោរព ការពារ និងបំពេញនូវលិខិតបទដ្ឋាននានាស្របតាមច្បាប់សិទ្ធិមនុស្សអន្តជាតិ។ ដូចដែរប្រទេសកម្ពុជាជារដ្ឋហត្ថាលេខីនៃកតិកាសញ្ញា និងសន្ធិសញ្ញាផ្សេងៗទាក់ទងនឹងសិទ្ធិមនុស្សដូចមានចែងនូវក្នុងរដ្ឋធម្មនុញ ប្រទេសកម្ពុជាមានភារកិច្ចក្នុងការការពារនូវសេរីភាពក្នុងការបញ្ចេញមតិ និងទស្សនៈនានារបស់ប្រជាពលរដ្ឋ។ 

ការបើកលំហនយោបាយឱ្យប្រជាពលរដ្ឋអាចបញ្ចេញមតិរិះគន់ក្នុងន័យស្ថាបនាពីបញ្ហាសង្គមជាតិ គឺបង្ហាញពីការចូលរួមរបស់ប្រជាពលរដ្ក្នុងដំណើរការប្រជាធិបតេយ្យ។ មួយវិញទៀត ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋក៏បង្ហាញពីការចូលរួម ក្នុងការសម្រេចចិត្តនានា ដែលជាធាតុផ្សំនៃគោលការណ៍អភិបាលកិច្ចល្អនៃយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៤ នីតិកាលទី៦ របស់រាជរដ្ឋាភិបាល ។ សង្គមមួយអាចអភិវឌ្ឍទៅបាន ល្កឹកណាដែរសង្គមនោះទទួលស្គាល់ពីភាពចម្រុះរបស់ប្រជាពលរដ្ឋប្រកបដោយបរិប័ន្ន ដោយមិនបែកចែកនិន្នាការនយោបាយ និងការគុំគួនគ្នា។ នៅពេលដែលប្រជាពលរដ្ឋអាចបញ្ចេញមតិកែលម្អ ឬរិះគន់ដើម្បីស្ថាបនា ស្ថាប័នសាធារណៈឬ អាជ្ញាធរសាធារណៈបានដោយសេរីនោះ ប្រទេសជាតិនិងទទួលបានគំនិតចូលរួមពីប្រជាពលរដ្ឋប្រកបដោយចម្រុះភាព ហើយប្រទេសជាតិនឹងមានការអភិវឌ្ឍឈានទៅមុខ។

 

សរុបមកវិញ សេរីភាពបញ្ចេញមតិគួរតែត្រូវបានផ្ដល់ឱ្យពេញលេញដល់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិនានាស្ដីពីសិទ្ធិមនុស្ស។ នៅពេលដែលលំហនៃការចូលរួមប្រជាពលរដ្ឋបានពេញលេញ នោះដំណើរការប្រជាធិបតេយ្យនឹងមានការរីកចម្រើន។ ការអភិវឌ្ឍរបស់ប្រទេសជាតិ​ត្រូវការមតិចូលរួមរបស់ប្រជាពលរដ្ឋ។ ហេតុដូចនេះ រដ្ឋត្រូវតែអប់រំប្រជាពលរដ្ឋឱ្យយល់ពីគោលការណ៍ និងបើកចំហសេរីភាពក្នុងបញ្ចេញមតិស្របតាមគោលគំនិតនៃច្បាប់។

 

ក្នុងនាមជាពលរដ្ឋ និងជាយុវជនដែលរស់នៅក្នុងសង្គមប្រជាធិបតយ្យ ​និងជាអ្នកដែលចង់បាននូវសេរីភាពមួយដែលពេញលេញស្របតាមច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសលំហនៃការចូលរួមរបស់ប្រជាពលរដ្ឋ ខ្ញុំមាននូវការស្នើរសុំមួយចំនួនពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិ៖ 

  • រដ្ឋាភិបាលគួរតែបើកចំហទទួលយកនូវទស្សនៈចូលរួមរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ពីព្រោះការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញទស្សនៈទាំងនេះ ជាការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដែលពួកគេអាចលើកជាមតិក្នុងការរិះគន់ដើម្បីស្ថាបនា និងកែលំអរភាពអសកម្មមួយចំនួនរបស់អាជ្ញាធររដ្ឋ។
  • រដ្ឋាភិបាលគួរតែវិសោធនកម្មនូវច្បាប់ណាដែលរឹតត្បិតដល់សេរីភាពបញ្ចេញមតិជាពិសេសបទញុះញង់​ នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជណាចក្រកម្ពុជា ស្របតាមរដ្ឋធម្មនុញ និង កតិការសញ្ញាស្ដីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ម្យ៉ាងទៀត ការដាក់ទោសទណ្ឌដល់បុគ្គល ឬក្រុមមនុស្សដែលបានលើកឡើងពីបញ្ហាសង្គមគួរតែបញ្ឈប់ ផ្ទុយមកវិញ រដ្ឋាភិបាលគួរតែលើកតម្កើងឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋក្នុងបញ្ហាសង្គមជាតិ។
  • ប្រជាពលរដ្ឋត្រូវតែស្វែងយល់ឱ្យបានច្បាស់ពីដែនកំណត់នៃសេរីបញ្ចេញមតិរបស់ខ្លួន និងត្រូវចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជាតិ និងលទ្ធិប្រជាធិបតេយ្យ។
  • អំណាចទាំង៣ ត្រូវបែកចែកឱ្យដាច់ពីគ្នា។ អំណាចតុលាការត្រូវស្ថិតនៅដាច់ដោយឡែកពីអំណាចនីតិប្រតិបត្តិ ហើយចៅក្រមត្រូវជម្រះក្ដីដោយជៀសវាងនូវអនាគតិទាំង៤ និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ខ្លួន។​ ម្យ៉ាងទៀត ស្ថាប័ននគរបាលត្រូវតែបម្រើដល់ផលប្រយោជន៌សាធារណៈ និង ត្រូវទទួលខុសត្រូវចំពោះទណ្ឌកម្មវិន័យចំពោះការប្រព្រឹត្តិអំពើរបស់ខ្លួន។
  • អ្នកមានឥទ្ធិពលលើបណ្តាញសង្គម(Influencer) ត្រូវសិក្សាពីសេរីភាពនៃការបញ្ចេញមតិឱ្យបានត្រឹមត្រូវ ហើយត្រូវផ្សព្វផ្សាយជូនទៅមហាជនឱ្យបានយល់ពីសេរីភាពនៃការបញ្ចេញមតិ និងការបញ្ចេញមតិឲបានត្រឹមត្រូវស្របតាមច្បាប់។

 

* អត្ថបទទស្សន:នេះ ត្រូវបានផលិតឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយ:អង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ​ មិនឆ្លុះបញ្ចាំងអំពីទស្សន:របស់ម្ចាស់ជំនួយនោះទេ។