ពេលនេះជាពេលវេលាក្នុងការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ
សរសេរដោយ៖ ខន សុខា, សួ សុវណ្ណិកា និង រឿន ចន្ទ័សូលីកា
កែអត្ថបទដោយ៖ អូន ឆេងប៉
(Photo credit: "#orangeurhood Cambodia" by UN Women Gallery is licensed under CC BY-NC-ND 2.0)
អត្ថបទទស្សនៈ៖ ពេលនេះជាពេលវេលាក្នុងការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ
នៅក្នុងគ្រួសារដែលចាប់ផ្ដើមចេញពីចំណងអាពាហ៍ពិពាហ៍ដែលមានបុរស និងស្ត្រីបានរួមគ្នាបង្កើតជាគ្រួសារមួយ ដោយមានការយល់ព្រមពីញាតិលោហិតសងខាង ដោយគោរពតាមច្បាប់កម្ពុជាផងដែរ មុននឹងក្លាយជាប្ដីប្រពន្ធស្របច្បាប់។ គ្រួសារនីមួយៗតែងតែមានសុភមង្គលក្នុងគ្រួសារ បង្កើតបានជាភាពរីករាយក្រោមចំណងអាពាហ៍ពិពាហ៍។ ប៉ុន្តែមានគ្រួសារខ្លះ ហាក់មិនទទួលបាននូវសុភមង្គលឡើយ ដោយបង្កើតបានជាអំពើហិង្សានៅក្នុងគ្រួសារទៅវិញ។ អំពើហិង្សាទាំងនោះបានធ្វើឱ្យគ្រួសារខ្លះ ប្រឈមនឹងការបែកបាក់រស់នៅមិនចុះសម្រុងនឹងគ្នា ហើយឈានដល់ការការប្រព្រឹត្តអំពើជាបទល្មើសផងដែរ។ លើសពីនេះ អាចប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់សម្រាប់ជនល្មើសផងដែរ។ ដូច្នេះ ដោយមើលឃើញផលអវិជ្ជមាននៃអំពើហិង្សាក្នុងគ្រួសារ គេបានដាក់ចេញនូវយន្តការជាច្រើនក្នុងការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ។
អត្ថន័យនៃពាក្យ អំពើហិង្សា បើយោងតាមអង្គការថែទាំសុខភាពគ្រួសារកម្ពុជា(រ៉ាក់)បង្ហាញថា គឺជាគម្រូនៃឥរិយាបទដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ឬការរំលោភបំពានផ្សេងៗទៀតដោយមនុស្សម្នាក់ប្រឆាំងនិងការផ្សេងទៀតនៅក្នុងការកំណត់ក្នុងការគ្រួសារ ដូចជានៅក្នុងអាពាហ៍ពិពាហ៍ ឬដែលមានចរិកលក្ខណៈជាការប្រមាថមាក់ងាយ ការរំលោភបំពាន ការគំរាមគំហែងលើផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្លូវសេដ្ឋកិច្ច ដល់មនុស្សណាម្នាក់ ក្រុមណាមួយ ហើយដែលប្រព្រឹត្តដោយមនុស្សម្នាក់ ឬច្រើននាក់ដើម្បីត្រួតត្រាទៅលើមនុស្សផ្សេងៗទៀតដែលកំពុងរស់នៅក្នុងគ្រួសារនោះ។
តើមានមូលហេតុអ្វីខ្លះដែលនាំឱ្យមានអំពើហិង្សា? តើអំពើហិង្សាមានអ្វីខ្លះ?
ទន្ទឹមនឹងនេះ តើយើងមានដំណោះស្រាយបែបណាខ្លះក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារជាបន្តទៀត?
អំពើហិង្សាក្នុងគ្រួសារតែងតែកើតឡើងដោយមានមូលហេតុរបស់វា មិនមែនកើតឡើងដោយគ្មានមូលហេតុនោះទេ។ យោងតាមអង្គការសុខភាពថែទាំសុខភាពគ្រួសារកម្ពុជា(រ៉ាក់) បានបង្ហាញពីមូលហេតុដូចខាងក្រោម៖ ចង់បានអំណាច និងការត្រួតត្រាលើសមាជិកគ្រួសារ ចង់ឱ្យគេគោរពកោតខ្លាចធ្វើតាម ចង់ឱ្យគេគោរពកោតខ្លាចធ្វើតាមតម្រូវការរបស់ខ្លួនឯង ចង់ឱ្យគេស្ដាប់តាមការបង្គាប់បញ្ជារបស់ខ្លួន ចង់បង្ហាញថាខ្លួនជាមនុស្សខ្លាំងពូកែ ខ្វះវិធីគ្រប់គ្រងកំហឹងរបស់ខ្លួន ខ្វះការអធ្យាស្រ័យពីអ្នកដ៏ទៃ ការប្រកាន់យកនូវការអនុវត្តទម្លាប់ខុសឆ្គងមួយចំនួន៖ ស្ត្រីមិនស្មើរបុរស ឬឯងមិនស្មើរអញ ខ្លួនមានសិទ្ធិអំណាចទៅលើអ្នកក្រោមបង្គាប់ ឬសមាជិកគ្រួសារជាដើម។
បន្ថែមពីលើនេះច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះក្នុងមាត្រា៣បង្ហាញ មានដូចជា៖ ១. ការប៉ះពាល់ដល់ជីវិត ២. ការប៉ះពាល់ដល់បូរណៈភាពរូបរាងកាយ ៣. ការធ្វើទារុណកម្ម ឬការធ្វើអំពើឃោរឃៅ និង ៤. ការឈ្លានពានផ្លូវភេទ។ ទន្ទឹមនឹងនេះ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ជំពូក៤ វិធានការទប់ស្កាត់ និងការពារជនរងគ្រោះចាប់ពីមាត្រា១៣ដល់មាត្រា១៩ បានបង្ហាញពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារផងដែរ។ ចំពោះអង្គការសុខភាពថែទាំសុខភាពគ្រួសារកម្ពុជា(រ៉ាក់) ការកាត់បន្ថយអំពើហិង្សាក្នុងសហគមន៍រួមមាន៖ និយាយពន្យល់ពីផលប៉ះពាល់នៃអំពើហិង្សាដោយបើកចំហជាមួយមិត្តភក្តិ ឪពុកម្ដាយនិងសហគមន៍ ធ្វើការដោយផ្ទាល់ជាមួយសហគមន៍ដើម្បីផ្លាស់ប្ដូរឥរិយាបទហិង្សា និងការពារមនុស្សគ្រប់គ្នាក្នុងសហគមន៍ គ្រប់គ្រងការទទួលខុសត្រូវរបស់ខ្លួនលើការប្រើប្រាស់គ្រឿងស្រវឹង ស្វះស្វែងរកវិធីសាស្ត្រដោះស្រាយដោយអហិង្សា និងលើកទឹកចិត្តយុវ័យចេះគោរពខ្លួន និងគោរពគ្នាទៅវិញទៅមក។
យោងតាមការបកស្រាយខាងលើនេះ យើងអាចធ្វើការសន្និដ្ឋានបានថា មានបទដ្ឋានគតិយុត្តិជាច្រើនបានបញ្ញត្តិ ដូចជា ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍និងគ្រួសារ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះឆ្នាំ២០០៥ និងគោលនយោបាយស្ដីពីភូមិឃុំមានសុវត្តិភាពដែលបានបង្ហាញពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។ ដើម្បីចៀសវាង ក៏ដូចជាលុបបំបាត់នូវបញ្ហាដែលកំពុងជួបប្រឈមនេះ យើងគួរតែអនុវត្តតាមច្បាប់ដែលមានចែង ដើម្បីបង្ការនូវបទល្មើសផ្សេងៗ។
ការផ្ដល់តម្លៃចំពោះគ្នាទៅវិញទៅមក និងការគោរពគ្នានៅក្នុងគ្រួសារ ដោយប្រកាន់ភ្ជាប់នូវការអធ្យាស្រ័យល្អ តែងនាំមកនូវការចុះសម្រុងរវាងគ្នានិងគ្នា។ សៀវភៅសីលធម៌-ពលរដ្ឋវិជ្ជាថ្នាក់ទី១១របស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីនិយមន័យនៃការអធ្យាស្រ័យគឺការគោរពគ្នា ការយោគយល់ ការអត់ឱនគ្នា តាមរយៈការយល់ចិត្តគ្នាទៅវិញទៅមកទាំងកាយ ទាំងវាចា និងទាំងចិត្ត។ ចំពោះសាលារៀនដែលមានតួនាទីសំខាន់ៗក្នុងការអប់រំសិស្សានុសិស្ស ដោយបានដាក់បញ្ចូលនូវគោលការណ៍អប់រំនិងមេរៀនស្ដីពីការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារផងដែរ សម្រាប់ឱ្យសិស្សានុសិស្សស្វែងយល់បន្ថែមចាប់ពីបឋមសិក្សារហូតដល់មធ្យមសិក្សាជាដើម។ លើសពីនេះ វត្តអារាម ក៏បានដើរតួរយ៉ាងសំខាន់ផងដែរក្នុងការផ្សេព្វផ្សាយលុបបំបាត់អំពើហិង្សាក្នុងគ្រួសារដោយបានផ្សារភ្ជាប់នឹងធម្មទេសនា។ បន្ថែមពីនេះ ព្រះសង្ឃបានបង្កើតកម្មវិធីទស្សនៈទានជាច្រើនក្នុងការផ្សព្វផ្សាយដល់សាធារណៈជន ក្នុងការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសធម៌អហិង្សាដែលមានចែងក្នុងព្រះពុទ្ធសាសនា។
ការរកដំណោះស្រាយដោយអហិង្សា និងការពិភាក្សាគ្នាចំពោះបញ្ហាដែលបានកើតឡើង នោះនាំឱ្យមានការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារជាអតិបរមា។ ការមិនប្រើអំពើហិង្សាក្នុងការដោះស្រាយបញ្ហា បានជះឥទ្ធិពលល្អក្នុងសង្គម ក្នុងការប្រកាន់ខ្ជាប់ធម៌អហិង្សា។ យោងតាមសៀវភៅសីលធម៌-ពលរដ្ឋវិជ្ជាថ្នាក់ទី១១ ទំព័រទី១២ ក្នុងមេរៀនទី៣របស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញនិយមន័យស្ដីពី «ធម៌អហិង្សា គឺធម៌ទាំងឡាយណាដែលទ្រទ្រង់មនុស្សមិនឱ្យប្រព្រឹត្តអំពើហិង្សា មិនឱ្យបៀតបៀន ឬធ្វើទុក្ខបុកម្នេញអ្នកដ៏ទៃ និងមិនធ្វើឱ្យអ្នកដ៏ទៃមានការឈឺចាប់ទាំងផ្លូវចិត្ត ទាំងផ្លូវកាយ»។
សង្គមមនុស្សនឹងមានសុខសន្តិភាពពេញលេញ ប្រសិនបើបុគ្គលម្នាក់ៗប្រតិបត្តិតាមគោលការណ៍នៃធម៌អហិង្សាដូចខាងក្រោមដែលរួមមាន៖
- ប្រកាន់ខ្ជាប់សេចក្ដីស្ងប់ខាងផ្លូវកាយនិងផ្លូវចិត្ត គឺការរួមរស់ជាមួយគ្នាដោយសុខដុមរមនា មិនបៀតបៀនគ្នា មិនព្យាបាទ ឈ្នានីសគ្នា ពោលគឺការរស់នៅដោយគន្លងធម៌ប្រកបដោយចិត្ត មេត្តា ករុណា មុទិតា ឧបេក្ខា និងគ្មានការលោភលន់កេងប្រវ័ញ្ច
- ខន្តី ឬសេចក្ដីអត់ធន់ ជាឱសថទប់ទល់នឹងពាក្យទិតៀន និងការឈ្លោះប្រកែកគ្នា។ បុគ្គលដែលប្រកបដោយសេចក្ដីអត់ធន់ នឹងទទួលបានមិត្តល្អ បានកិត្តិយស និងសុភមង្គល។ ជនដែលចេះអត់ឱន តែងតែមានការស្រឡាញ់រាប់អានពីអ្នកដ៏ទៃជានិច្ច
- ប្រព្រឹត្តតែអំពើល្អ លះបង់គំនុំគុំគួនដែលមាននៅក្នុងចិត្ត ពោលគឺ ពៀររំងាប់ដោយការមិនចងពៀរ ហើយមានតែសេចក្ដីស្រលាញ់ទេដែលជួយមនុស្សឱ្យរួចផុតពីការស្អប់និងកំហឹងបាន។ ការរស់នៅប្រកបដោយចិត្តមេត្តា ករុណា នឹងនាំមកនូវសុភមង្គលជានិច្ចនិរន្តរ៍។
បន្ថែមពីនេះ សៀវភៅសីលធម៌-ពលរដ្ឋវិជ្ជា បានបង្ហាញពីផលប្រយោជន៍នៃការប្រតិបត្តិធម៌អហិង្សា ការរស់នៅក្នុងសង្គម ប្រសិនបើមនុស្សម្នាក់ៗជ្រើសរើសយកធម៌អហិង្សាមកដាក់ក្នុងខ្លួន គឺមនុស្សអាចឈ្នះចិត្តខ្លួនឯងបាន។ បើចិត្តមនុស្សគ្រប់គ្នាមានធម៌អហិង្សា កាយនិងវាចាក៏មានធម៌អហិង្សាដែរ។ ការជ្រើសរើសយក ឬការប្រកាន់ខ្ជាប់ធម៌ គឺធ្វើឱ្យគ្រួសារ សហគមន៍ ប្រទេសជាតិនិងពិភពលោកទាំងមូលមានស្ថិរភាព មិនមានជម្លោះវាយប្រហារគ្នា មានសន្តិភាព ការគោរពគ្នាទៅវិញទៅមក ទទួលបានផលប្រយោជន៍គ្រប់យ៉ាងដូចជាគោរពជីវិតមនុស្ស តម្លៃមនុស្ស សហប្រតិបត្តិការ មានការយោគយល់គ្នារវាងជនជាតិនិងជនជាតិ រវាងជាតិនិងជាតិ និងការយល់គ្នាជាអន្តរជាតិ។ ជារួម បុគ្គលគ្រប់រូបដែលប្រកាន់ខ្ជាប់ធម៌អហិង្សា មានសន្តិភាពផ្លូវចិត្ត ផ្លូវកាយ សុភមង្គលដល់ជីវិតមនុស្សគ្រប់រូប នឹងចូលរួមចំណែកធ្វើឱ្យសង្គមគ្រួសារ ប្រទេសជាតិមានការអភិវឌ្ឍគ្រប់ផ្នែក។
មិនតែប៉ុណ្ណោះ ការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា។ ការរួមចំណែកដែលមិនអាចខ្វះបាន គឺការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពលរដ្ឋទូទៅដូចជា៖ ចូលរួមរាយការណ៍ជូនសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ពេលមានការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ការចូលរួមយុទ្ធនាការនានាស្ដីពីការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារក្នុងសហគមន៍ ការផ្សព្វផ្សាយ ការចែករំលែកចំណេះដឹងស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារទៅកាន់មិត្តភ័ក្រ បងប្អូននិងមនុស្សជុំវិញខ្លួនជាដើម ដែលជាកាតព្វកិច្ចរួមរបស់ពលរដ្ឋទូទៅក្នុងការរួមចំណែកលុបបំបាត់អំពើហិង្សាក្នុងគ្រួសារយ៉ាងមានប្រសិទ្ធិភាព។ ការអប់រំយែនឌ័រស្ដីពីភាពស្មើគ្នារវាងបុរសនិងស្ត្រីក្នុងការសម្រេចចិត្ត ឬធ្វើអ្វីមួយនោះ ដោយមានការចូលរួមពីស្ត្រី ដែលបង្ហាញពីការគោរពសិទ្ធិ ដែលជាផ្នែកមួយដែលមានផ្នត់គំនិតភាពស្មើគ្នារវាងបុរសនិងស្រ្តី ដែលអាចឈានទៅរកការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារបានផងដែរ។
ដូច្នេះក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយ ខ្ញុំនឹងចូលរួមយ៉ាងសកម្មក្នុងការលុបបំបាត់រាល់អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាដ៏ទៃទៀត ការប្រកាន់ភ្ជាប់ធម៌អហិង្សាជានិច្ចក្នុងការរកដំណោះស្រាយអ្វីមួយ និងបង្កើនការចូលរួមគ្រប់សកម្មភាពក្នុងការឆ្លើយតបទៅលើលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ។
«បដិសេធការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ និងបញ្ចប់អំពើហិង្សាគ្រប់រូបភាព សម្រាប់មនុស្សគ្រប់គ្នា!»
* អត្ថបទទស្សន:នេះ ត្រូវបានផលិតឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នា