Drink coffee. Talk politics. Blog opinions

Koffee

សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋក្នុងបទដ្ឋានសង្គមលទ្ធិប្រជាធិបតេយ្យ

សរសេរដោយ៖ យ៉ាត់ ម៉ាឡៃ

កែអត្ថបទដោយ៖ អូន ឆេងប៉

(Photo Credit: "freedom of expression is your right" by rhinman)

 

អត្ថបទទស្សនៈ៖ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋក្នុងបទដ្ឋានសង្គមលទ្ធិប្រជាធិបតេយ្យ

 

ប្រទេសកម្ពុជាគឺជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ដែលមានន័យថាផ្តល់សិទ្ធិសេរីភាពគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ប្រទេស មានសិទ្ធិអំណាចគ្រប់គ្រាន់នៅក្នុងការបញ្ចេញមតិជាសាធារណៈ។ តាម​រដ្ឋធម្ម​នុញ្ញ​នៃ​ព្រះ​រាជាណា​ច​ក្រ​កម្ពុជា (​មា​ត្រា ៤១) សិទ្ធិ​និង​សេរីភាពជា​មូលដ្ឋាន​ជា​ច្រើន​របស់​ពលរដ្ឋ​ខ្មែរ​និង​សង្គម​ស៊ី​វិល ប្រជាពលរដ្ឋលែងមានកង្វល់នៅក្នុងការបញ្ចេញមតិនិងមិនមានការរំខានពីរាជរដ្ឋាភិបាល។

 

ក៏ប៉ុន្តែ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស គឺនៅមានកម្រិតនៅឡើយបើធៀបទៅនឹងប្រទេសដទៃ។ ក្នុងបរិបទសង្គមខ្មែរបច្ចុប្បន្ន​​ មានភាពមិនប្រក្រតីទាក់ទងទៅនឹងបញ្ហាសេ​រី​ភាព​ខាង​កា​របញ្ចេញម​តិ​របស់​ខ្លួន ​សេ​រី​ភាព​ខាងសារ​ព័ត៌​មាន ​សេ​រី​ភាព​ខាង​កា​រ​បោះ​ពុម្ពផ្សាយ​ និង​សេ​រី​ភាព​ខាង​ការ​ជួប​ប្រ​ជុំរបស់ប្រជាពលរដ្ឋ។​ ជាមួយគ្នានេះដែរ ​សកម្មភាពពុករលួយ​ថ្មីៗ ដែល​មាន​ជនល្មើស​​មួយ​ចំនួនត្រូវបានចាប់ខ្លួន ប៉ុន្តែមិនយូរប៉ុន្មានក៏បានត្រូវបានដោះលែង ដូច្នេះជាកត្តាដែល​ជះឥទ្ធិពល​មក​លើ​​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​​ ដែលបណ្ដាល​ឲ្យ​ស្ថានភាព​សេរីភាព​បញ្ចេញ​មតិ​​នៅ​កម្ពុជា​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​មុន ក្នុងន័យដែលទទួលបានការចាប់អារម្មណ៍តិចតួច ចំណែកឯសេរីភាពនៅក្នុងបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំង ។

 

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច អះអាង​ថា​ខ្លួន​មានសិទ្ធិក្នុងការដឹកនាំប្រទេសក្នុងមាគ៌ាអោយស្របតាមពាក្យប្រជាធិបតេយ្យ នៅក្នុងការគ្រប់គ្រងសារព័ត៌មាន និងមានការផ្តល់អាជ្ញាបណ្ណ កំណត់ថាអ្នកណាដែលអាច​ធ្វើ​សកម្ម​ភាព​សង្គម​ស៊ីវិល​ អ្នកណា​អាច​ដឹក​នាំ​បក្ស​ក្រៅ​រដ្ឋាភិបាល ហើយអ្នកណាអាចប្រកបវិជ្ជាជីវៈសារព័ត៌​មាន​បាន។

 

ការបង្ក្រាប​និង​ការ​គំរាម​កំហែង លើស្ថាប័ននិងអ្នកសារព័ត៌មាន​ ដែល​មិន​ធ្វើ​ការ​ក្រោម​ចំណុះ​រដ្ឋាភិបាល​និងគណបក្សកាន់អំណាច ធ្វើឱ្យមានការខកខានក្នុងការ​អនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ។ ដូច្នេះយើងអាចនិយាយបានថាប្រទេសកម្ពុជាបើនិយាយអំពីប្រជាធិបតេយ្យមានកម្រិតនៅឡើយ ។ ដោយមានការចាប់ខ្លួនសកម្មជនបរិស្ថាន​៣​រូប ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ក្រុម​អ្នកឃ្លាំមើល​ទាមទារ​ឱ្យ​ទម្លាក់​បទចោទ​និង​ដោះលែង​សកម្មជន​សង្គម នៅ​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០២១ ដែលបានចោទប្រកាន់ពួកគាត់ថាជាការបង្កអសន្តិសុខដល់សង្គម ដែលការចាប់ខ្លួននេះមិនមែនជាលើកទីមួយនោះទេ នៅពេលសកម្មជនបរិស្ថានប្រើសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិរិះគន់រាជរដ្ឋាភិបាល ត្រូវបានអាជ្ញាធរតាមរំខាននិងចាប់ខ្លួន ។

មានយុវជនមួយចំនួននៅតាមជនបទ ដែលពួកគាត់បានបញ្ចេញមតិដើម្បីឱ្យសហគមន៍របស់ពួកគាត់មានដំណោះស្រាយ ដូចជាទំនាស់ដីធ្លី ការកាប់បំផ្លាញព្រៃឈើ បញ្ហាព្រំដែន ប៉ុន្តែសំឡេងរបស់ពួកគាត់មិនមានឥទ្ធិពល និងមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរនៅក្នុងតំបន់ឡើយ មានតែការបិទសិទ្ធិនិងគំរាមកំហែងដល់ពួកគាត់ទៅវិញ ។

 

ទាំងអស់នេះសបញ្ជាក់ឱ្យឃើញថាអំណាចរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស មិនទាន់ទទួលបានគ្រប់គ្រាន់សម្រាប់ពួកគាត់នៅឡើយទេ។​

 

ប្រសិនបើប្រជាពលរដ្ឋបញ្ចេញមតិលើកសរសើរដល់រាជរដ្ឋាភិបាលទើបជា​ទី​ពេញ​ចិត្ត​របស់​អ្នក​មានអំណាច ។ ជាមួយគ្នានេះដែរ ក្រុមអង្គការសង្គមស៊ីវិលតែងបានទាមទារទៅស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលទម្លាក់​បទចោទ និង​ដោះ​លែងតំណាង​សហគម​ន៍​ដីធ្លី បរិស្ថាន និង​ព្រៃឈើ ដោយ​ថា វិធាន​ទាំង​នោះធ្វើឡើង​​ក្រោម​ឥទ្ធិពល​នយោបាយ​ដើម្បី​បំបិទ​សំឡេង​រិះគន់ មិន​អនុលោម​តាម​ច្បាប់​ជាតិនិងអន្តរជាតិ។​ ក្រុមអ្នកឃ្លាំមើលទាំងនោះបានលើកយកករណី​ចាប់​ឃុំ​ខ្លួន​សកម្មជន​ការ​ពារធ​ន​ធាន​ធម្មជាតិដ៏សកម្ម នៅខេត្ត​រតនគិរី លោក ឆន ផល្លា។ ការចាប់ឃុំខ្លួន​តំណាងសហគមន៍ដីធ្លីដ៏លេចធ្លោ​ម្នាក់​ទៀ​ត​នៅ​ឃុំ​ជាំក្រវៀន ខេត្តត្បូងឃ្មុំ លោក ផុន សុផល, សំណុំរឿងសកម្មជនការពារព្រៃឡង់ លោក ចាន់ ធឿន ដែលត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងមនុស្សឃាត» ពីជនល្មើសកាប់ឈើ និងសំណុំរឿងចោទប្រកាន់មួយចំនួនទៀតទៅលើសកម្មជនព្រៃឈើនៅខេត្តព្រះវិហារ។

 

សរុបមក យើងឃើញថា​ មានបុគ្គលមួយចំនួនតែងតែជីកកកាយ សួរសំណួរវែកញែកអំពី

តើមូលហេតុអ្វីបានជានាំអោយ​រដ្ឋាភិបាល​រឹតត្បិតសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ?

ចម្លើយគឺ ពេលខ្លះការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ត្រូវបានចាត់ទុកថាជាការញុះញង់ បង្កការបះបោរ បំបែកបំបាក់ផ្ទៃក្នុង ផ្សព្វផ្សាយនូវរាល់ព័ត៌មានខ្លះមិនពិតទាំងស្រុងក្នុងការនិយាយវែកញែក មិនមានភស្តុតាង ដូចនេះវាអាចធ្វើឱ្យមានផលប៉ះពាល់។​

 

ជាមួយគ្នានេះដែរ យើងអាចសន្និដ្ឋានបានថា បើកំណើននៃអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ​កាន់តែច្រើន និងការណ៍ដែល​ពលរដ្ឋ​អាច​បញ្ចេញ​មតិ​បាន​ដោយ​សេរី​ នោះវិសាលភាពក្នុងការផ្សព្វផ្សាយក៏កាន់តែទូលំទូលាយ។ ម៉្យាងទៀត វាក៏ផ្នែកមួយក្នុងការចូលរួមចំណែកជួយទៅដល់ការងាររាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយនូវព័ត៌មានដែលពិតនិងមានទម្ងន់។

 

ជាចុងក្រោយ ក្នុងនាមយើងជាយុវជនខ្មែរគ្រប់រូប យើង​តែង​តែ​ចង់​បាន​នូវ​សិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិ ដែលពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗដែលកើតមានក្នុងសកម្មភាពអវិជ្ជមាន ក៏ដូចទៅនឹងការសិក្សាស្រាវជ្រាវតាមដានយ៉ាងស្វិតស្វាញ ដើម្បីទប់ទល់នឹងជួយដោះស្រាយបញ្ហាប្រទេសជាតិ អភិវឌ្ឍន៍ អភិរក្ស ថែរក្សា ការពារអ្វីដែលយើងមាន៕

 

*អត្ថបទទសន្ស:នេះ ត្រូវបានផលិតឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយ:អង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ​ មិនឆ្លុះបញ្ចាំងអំពីទស្សន:របស់ម្ចាស់ជំនួយនោះទេ។