សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋក្នុងបទដ្ឋានសង្គមលទ្ធិប្រជាធិបតេយ្យ
សរសេរដោយ៖ យ៉ាត់ ម៉ាឡៃ
កែអត្ថបទដោយ៖ អូន ឆេងប៉
(Photo Credit: "freedom of expression is your right" by rhinman)
អត្ថបទទស្សនៈ៖ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋក្នុងបទដ្ឋានសង្គមលទ្ធិប្រជាធិបតេយ្យ
ប្រទេសកម្ពុជាគឺជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ដែលមានន័យថាផ្តល់សិទ្ធិសេរីភាពគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ប្រទេស មានសិទ្ធិអំណាចគ្រប់គ្រាន់នៅក្នុងការបញ្ចេញមតិជាសាធារណៈ។ តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (មាត្រា ៤១) សិទ្ធិនិងសេរីភាពជាមូលដ្ឋានជាច្រើនរបស់ពលរដ្ឋខ្មែរនិងសង្គមស៊ីវិល ប្រជាពលរដ្ឋលែងមានកង្វល់នៅក្នុងការបញ្ចេញមតិនិងមិនមានការរំខានពីរាជរដ្ឋាភិបាល។
ក៏ប៉ុន្តែ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស គឺនៅមានកម្រិតនៅឡើយបើធៀបទៅនឹងប្រទេសដទៃ។ ក្នុងបរិបទសង្គមខ្មែរបច្ចុប្បន្ន មានភាពមិនប្រក្រតីទាក់ទងទៅនឹងបញ្ហាសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ សកម្មភាពពុករលួយថ្មីៗ ដែលមានជនល្មើសមួយចំនួនត្រូវបានចាប់ខ្លួន ប៉ុន្តែមិនយូរប៉ុន្មានក៏បានត្រូវបានដោះលែង ដូច្នេះជាកត្តាដែលជះឥទ្ធិពលមកលើសិទ្ធិសេរីភាពបញ្ចេញមតិ ដែលបណ្ដាលឲ្យស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជាស្ថិតក្នុងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរជាងមុន ក្នុងន័យដែលទទួលបានការចាប់អារម្មណ៍តិចតួច ចំណែកឯសេរីភាពនៅក្នុងបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំង ។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច អះអាងថាខ្លួនមានសិទ្ធិក្នុងការដឹកនាំប្រទេសក្នុងមាគ៌ាអោយស្របតាមពាក្យប្រជាធិបតេយ្យ នៅក្នុងការគ្រប់គ្រងសារព័ត៌មាន និងមានការផ្តល់អាជ្ញាបណ្ណ កំណត់ថាអ្នកណាដែលអាចធ្វើសកម្មភាពសង្គមស៊ីវិល អ្នកណាអាចដឹកនាំបក្សក្រៅរដ្ឋាភិបាល ហើយអ្នកណាអាចប្រកបវិជ្ជាជីវៈសារព័ត៌មានបាន។
ការបង្ក្រាបនិងការគំរាមកំហែង លើស្ថាប័ននិងអ្នកសារព័ត៌មាន ដែលមិនធ្វើការក្រោមចំណុះរដ្ឋាភិបាលនិងគណបក្សកាន់អំណាច ធ្វើឱ្យមានការខកខានក្នុងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ។ ដូច្នេះយើងអាចនិយាយបានថាប្រទេសកម្ពុជាបើនិយាយអំពីប្រជាធិបតេយ្យមានកម្រិតនៅឡើយ ។ ដោយមានការចាប់ខ្លួនសកម្មជនបរិស្ថាន៣រូប ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រុមអ្នកឃ្លាំមើលទាមទារឱ្យទម្លាក់បទចោទនិងដោះលែងសកម្មជនសង្គម នៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០២១ ដែលបានចោទប្រកាន់ពួកគាត់ថាជាការបង្កអសន្តិសុខដល់សង្គម ដែលការចាប់ខ្លួននេះមិនមែនជាលើកទីមួយនោះទេ នៅពេលសកម្មជនបរិស្ថានប្រើសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិរិះគន់រាជរដ្ឋាភិបាល ត្រូវបានអាជ្ញាធរតាមរំខាននិងចាប់ខ្លួន ។
មានយុវជនមួយចំនួននៅតាមជនបទ ដែលពួកគាត់បានបញ្ចេញមតិដើម្បីឱ្យសហគមន៍របស់ពួកគាត់មានដំណោះស្រាយ ដូចជាទំនាស់ដីធ្លី ការកាប់បំផ្លាញព្រៃឈើ បញ្ហាព្រំដែន ប៉ុន្តែសំឡេងរបស់ពួកគាត់មិនមានឥទ្ធិពល និងមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរនៅក្នុងតំបន់ឡើយ មានតែការបិទសិទ្ធិនិងគំរាមកំហែងដល់ពួកគាត់ទៅវិញ ។
ទាំងអស់នេះសបញ្ជាក់ឱ្យឃើញថាអំណាចរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស មិនទាន់ទទួលបានគ្រប់គ្រាន់សម្រាប់ពួកគាត់នៅឡើយទេ។
ប្រសិនបើប្រជាពលរដ្ឋបញ្ចេញមតិលើកសរសើរដល់រាជរដ្ឋាភិបាលទើបជាទីពេញចិត្តរបស់អ្នកមានអំណាច ។ ជាមួយគ្នានេះដែរ ក្រុមអង្គការសង្គមស៊ីវិលតែងបានទាមទារទៅស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលទម្លាក់បទចោទ និងដោះលែងតំណាងសហគមន៍ដីធ្លី បរិស្ថាន និងព្រៃឈើ ដោយថា វិធានទាំងនោះធ្វើឡើងក្រោមឥទ្ធិពលនយោបាយដើម្បីបំបិទសំឡេងរិះគន់ មិនអនុលោមតាមច្បាប់ជាតិនិងអន្តរជាតិ។ ក្រុមអ្នកឃ្លាំមើលទាំងនោះបានលើកយកករណីចាប់ឃុំខ្លួនសកម្មជនការពារធនធានធម្មជាតិដ៏សកម្ម នៅខេត្តរតនគិរី លោក ឆន ផល្លា។ ការចាប់ឃុំខ្លួនតំណាងសហគមន៍ដីធ្លីដ៏លេចធ្លោម្នាក់ទៀតនៅឃុំជាំក្រវៀន ខេត្តត្បូងឃ្មុំ លោក ផុន សុផល, សំណុំរឿងសកម្មជនការពារព្រៃឡង់ លោក ចាន់ ធឿន ដែលត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងមនុស្សឃាត» ពីជនល្មើសកាប់ឈើ និងសំណុំរឿងចោទប្រកាន់មួយចំនួនទៀតទៅលើសកម្មជនព្រៃឈើនៅខេត្តព្រះវិហារ។
សរុបមក យើងឃើញថា មានបុគ្គលមួយចំនួនតែងតែជីកកកាយ សួរសំណួរវែកញែកអំពី
តើមូលហេតុអ្វីបានជានាំអោយរដ្ឋាភិបាលរឹតត្បិតសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ?
ចម្លើយគឺ ពេលខ្លះការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ត្រូវបានចាត់ទុកថាជាការញុះញង់ បង្កការបះបោរ បំបែកបំបាក់ផ្ទៃក្នុង ផ្សព្វផ្សាយនូវរាល់ព័ត៌មានខ្លះមិនពិតទាំងស្រុងក្នុងការនិយាយវែកញែក មិនមានភស្តុតាង ដូចនេះវាអាចធ្វើឱ្យមានផលប៉ះពាល់។
ជាមួយគ្នានេះដែរ យើងអាចសន្និដ្ឋានបានថា បើកំណើននៃអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈកាន់តែច្រើន និងការណ៍ដែលពលរដ្ឋអាចបញ្ចេញមតិបានដោយសេរី នោះវិសាលភាពក្នុងការផ្សព្វផ្សាយក៏កាន់តែទូលំទូលាយ។ ម៉្យាងទៀត វាក៏ផ្នែកមួយក្នុងការចូលរួមចំណែកជួយទៅដល់ការងាររាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយនូវព័ត៌មានដែលពិតនិងមានទម្ងន់។
ជាចុងក្រោយ ក្នុងនាមយើងជាយុវជនខ្មែរគ្រប់រូប យើងតែងតែចង់បាននូវសិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិ ដែលពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗដែលកើតមានក្នុងសកម្មភាពអវិជ្ជមាន ក៏ដូចទៅនឹងការសិក្សាស្រាវជ្រាវតាមដានយ៉ាងស្វិតស្វាញ ដើម្បីទប់ទល់នឹងជួយដោះស្រាយបញ្ហាប្រទេសជាតិ អភិវឌ្ឍន៍ អភិរក្ស ថែរក្សា ការពារអ្វីដែលយើងមាន៕
*អត្ថបទទសន្ស:នេះ ត្រូវបានផលិតឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នា