Drink Coffee. Talk Politics. Blog Opinions

ហេតុអ្វីយុវជនសតវត្សរ៍ទី២១នៅតែភ័យខ្លាចក្នុងការចូលរួមក្នុងនយោបាយ?

Author Name : ,
Feb 21, 2022

សរសេរដោយ៖ ពក ពន្លឺ និង ស៊ន ស្រីអាង

កែអត្ថបទដោយ៖ អូន ឆេងប៉

(Photo Credit: "ASEAN Youth Volunteer Program" by USAID Asia is licensed under CC BY-NC 2.0)

 

អត្ថបទទស្សនៈ៖ ហេតុអ្វីយុវជនសតវត្សរ៍ទី២១នៅតែភ័យខ្លាចក្នុងការចូលរួមក្នុងនយោបាយ?

 

ស្ថានភាពបច្ចុប្បន្ន សកម្មជនអតីតគណបក្សប្រឆាំងមិនក្រោមពី១៤នាក់ទេ ដែលត្រូវបានចោទប្រកាន់ពីបទ «រួម​គំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» និង​បទ «រួម​គំនិត​ក្បត់​ និង​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ជាក់​ស្ដែង​​ថ្មីៗ​បំផុត​នេះ លោកស៊ិន ខុន ជា​សកម្ម​ជន​នយោបាយ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ធ្វើ​ឃាត។ លោក​ត្រូវ​បាន​គេ​​ស្គាល់​ថា​ឧស្សាហ៍​បង្ហោះ​រឿង​នយោបាយ​និង​បញ្ចេញ​មតិ​ទស្សនៈ​លើ​បណ្តាញ​សង្គម។

 

ម្យ៉ាង​វិញ​ទៀត​ ទោះ​បី​សកម្ម​ជន​នយោបាយ​មួយ​ចំនួន ខំ​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដូច​ជា​ប្រទេស​ថៃ​ជា​ដើម​ ក៏​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ចូន​ខ្លួន​មក​វិញ​ផង​ដែរ។ ជាក់​ស្តែង​កាល​ពី​ខែ​វិច្ឆិកា​​កន្លង​ទៅ​នេះ អ្នកស្រី ឡាញ់ ថាវរី អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ខ្លួន​មក​ឱ្យ​អាជ្ញាធរកម្ពុជា​វិញ។ បើ​យោង​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ចេញ​ផ្សាយ​របាយ​ការណ៍​កាល​ពី​ថ្មីៗ​នេះ​ មាន​សកម្ម​ជន​បរិស្ថាន នយោបាយ និងអ្នក​ទោស​មនសិការ​ចំនួន​៦០​នាក់​ទៀត​កំពុង​ជាប់​ឃុំ ​និង​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ផ្សេងៗ។​

ជា​រួម​រយៈពេល​មួយ​ទសវត្សរ៍​មក​នេះ សកម្មភាព​ចាប់​យុវជន​ដែល​ជា​សកម្មជន​នយោបាយ​ សកម្មជន​បរិស្ថាន សិទ្ធិ​មនុស្ស ឬ​រូប​វ័ន្តបុគ្គល​ដែល​បាន​បញ្ចេញ​គំនិត​ និង​ទស្សនៈ​ក្នុង​ប្រព័ន្ធ​​ទំនាក់​ទំនង​សង្គម​ពាក់ព័ន្ធ​នយោបាយ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ និង​គំរាម​គំហែង​ដោយ​សមត្ថកិច្ច​កាន់​តែ​ច្រើនៗ​ទៅ និង​ជា​បន្ត​បន្ទាប់។ ជា​ពិសេស​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​កាលពី​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ និង​មាន​សក្តានុពល​មួយ​នៅ​ក្នុង​ស្រុក​ ហើយ​នេះ​ក៏​ជា​ភ្លើង​ក្រហម​បង្ហាញ​ឱ្យ​គណបក្ស​នយោបាយ សកម្មជន យុវជន ពលរដ្ឋ និង​សាធារណ​ជន​ទូទៅ មាន​ការ​ភ័យ​ខ្លាច តក់​ស្លុត និង​លែង​ហ៊ាន​ចូល​រួម ​ឬ​បញ្ចេញ​មតិ​ពាក់​ព័ន្ធ​នយោបាយ​បន្ត​ទៀត។

ដោយ​ឡែក ទោះ​បី​ប្រទេស​ជាតិ​មាន​វិបត្តិ​វឹកវរ ដោយ​សារ​កូវីដ-១៩​ក៏​ដោយ​ ក៏​មាន​យុវជន​មិន​ក្រោម​ពី​២០នាក់​ទេ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ចោទ​ពី​បទ «ញុះ​ញង់ និង​បង្ក​ឱ្យ​មាន​អសន្តិសុខ​សង្គម» ដែល​ជា​បទ​ល្មើស​ដ៏​ល្បី​​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​ប្រចាំ​យុគ​សម័យ​កូវីដ-១៩​នេះ​។

ដូច្នេះ​ថា​តើ​សកម្មភាព និង​ហេតុការណ៍​ទាំង​អស់​នេះ​ឬ​ ជា​កត្តា​ធ្វើ​ឱ្យ​យុវជន​សម័យ​នេះ (សតវត្សរ៍ទី២១)ភ័យ​ខ្លាច និង​តក់​ស្លុត​លែង​ហ៊ាន​ចូល​រួម​សកម្មភាព​នយោបាយ​ និង​ការ​បញ្ចេញ​មតិ​ពាក់​ព័ន្ធ​នយោបាយ? ឬ​ក៏​យុវជន​ខ្លួន​ឯង​មិន​មាន​ចំណេះ​ដឹង​ ឬ​មន​សិការ​ក្នុង​កិច្ចការ​នយោបាយ?​

 

អ្វីជានយោបាយ

ដោយ​ផ្តើម​ពី​សំណួរ​ថា​អ្វី​ទៅ​គឺ​ជា «នយោបាយ»

ពាក្យ​ថា​នយោបាយ​មាន​ការ​ផ្តល់​នូវ​និយម​ន័យ​ជា​ច្រើន និង​ការ​ពន្យល់​បក​ស្រាយ​ផ្សេងៗ​ពី​គ្នា។

ប៉ុន្តែ​យើង​អាច​សិក្សា​ឈ្វេង​យល់​តាម​រយៈ​ទស្សន​វិទូ​ល្បីៗ​កាល​ពី​អតីតកាល ដូចលោក​ប្លា​តុង / Platon (428-347 BC «មុន គ.ស.») បានឱ្យនិ​យម​ន័យ​ថា «នយោបាយ គឺជា​សិល្បៈ​ដឹក​នាំ​ហ្វូង​មនុស្ស»។ ចំពោះលោកអា​រី​ស្តូ​ត / Aristoteles (384-322 BC) «នយោបាយ​គឺ​ជា​កិច្ចការ​ទំនាក់​ទំនង​របស់​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ប្រទេស ឬបុរី​-រដ្ឋ»។ ចំណែក​នៅក្នុងវចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​នេះ​ថា «នយោបាយ (ន)៖ (ន​យ+ឧបាយ) មាន​ន័យ​ថា ឧបាយ​ក្នុង​ការណែនាំ, កលល្បិច ឬ​មេ​គំនិត​ដែល​គេ​ផ្ដើម​ឡើង​ដើម្បី​ដឹកនាំ​ជន​ដទៃ​ឲ្យ​ប្រព្រឹត្ត​ទៅរក​ទិសដៅ​យ៉ាងនេះ ឬ​យ៉ាង​នោះ, កិច្ចការ​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​រដ្ឋ»។

ពោល​ដោយ​សរុប​មក ទោះ​ជា​គេ​មើល​និយម​ន័យ​នយោបាយ​ពី​ជ្រុង​ណា​មក​ក៏​ដោយ​ វា​សុទ្ធ​តែ​មាន​ការ​ទាក់​ទង​នឹង​អំណាច​របស់​រដ្ឋ​ទាំង​អស់។ អំណាច​ដែល​បាន​ពេល​នេះ​ មិន​មែន​ជា​អំណាច​ធម្មតា តែ​ជា​អំណាច​ខ្ពស់​បំផុត​របស់​រដ្ឋ ឬ​របស់​ផែន​ដី។ បញ្ហា​សំខាន់​ដែល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ គឺ​អំណាច​ខាង​នយោបាយ ប្រើ​ដើម្បី​ប្រយោជន៍​នរណា? ហើយ​អ្វី​ជា​តួនាទី​នយោបាយ ​និង​នយោបាយ​មាន​សារៈ​សំខាន់​យ៉ាង​ណា​ចំពោះ​សង្គម​ជាតិ? ហើយ​យុវជន​ចូល​រួម​សកម្មភាព​នយោបាយ ជា​កត្តា​ជំរុញ​ឱ្យ​ប្រទេសជាតិ​រីកចម្រើន​ដែរ​ឬ​ទេ?

 

តួនាទីរបស់នយោបាយ

តួនាទី​របស់​នយោបាយ ​គឺ​ការ​ធ្វើ​ឱ្យ​ពល​រដ្ឋ​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​យល់​ច្បាស់​នូវ​វប្បធម៌​នយោបាយ។​(ឧ. របប​នយោបាយ) ពលរដ្ឋ​ទាំង​អស់​មិន​ត្រូវ​អនុញ្ញាតិ​ឱ្យ​អ្នក​នយោបាយ​ចាត់​ទុក​ពលរដ្ឋ​ជា​មនុស្ស​យន្ត (Robot) ដែល​អាច​វាយ​តប់​ និង​អាច​ប្រើ​ប្រាស់​តាម​គោលបំណង​របស់​អ្នក​នយោបាយ​ទេ។ ដូច្នេះ ពលរដ្ឋ​ទាំង​ឡាយ​ត្រូវ​តែ​មាន​ចំណេះ​ដឹង​ផ្នែក​សង្គម​នយោបាយ​ យល់​ដឹង​អំពី​តក្កភាព​នៃ​ដំណើរ​រីក​ចម្រើន​សង្គម យល់​ដឹង​ជីវិត​គណបក្ស​នយោបាយ មេដឹកនាំ​នយោបាយ​ និង​ស្គាល់​ឱ្យ​ច្បាស់​អ្វី​ជា​អត្ថន័យ​នីតិរដ្ឋ។ ធ្វើ​ដូច្នោះ​ទើប​ជា​ពលរដ្ឋ​ដែល​មាន​កម្លាំង​រឹង​មាំ ​ដែល​អាច​ការ​ពារ​រដ្ឋ ដែល​សម​ជា​ឈ្មោះ​ពល​(សេនា)​របស់​រដ្ឋ​បាន។

 

សារសំខាន់​របស់​នយោបាយ​

ម្យ៉ាង​វិញ​ទៀត នយោបាយ​ពិត​ជា​មាន​សារ​សំខាន់​ខ្លាំង​ណាស់ មិន​ថា​សម្រាប់​យុវជន បុគ្គល​ ឬ​ពល​រដ្ឋ សូម្បី​សង្គមជាតិ​ក៏​មិន​អាច​ខ្វះ​នយោបាយ​បាន​ដែរ។ ហើយ​យុវជន​គឺ​ជា​កម្លាំង​ស្នូល​ ដើម្បី​ចូល​រួម​កែ​ប្រែ និង​អភិវឌ្ឍ​សង្គម​តាម​បែប​សកម្មភាព​ផ្សេងៗ ជំនាញ​ផ្សេងៗ ហើយ​អ្វី​ដែល​យុវជន​មិន​អាច​ខ្វះ​បាន​គឺ​ចំណេះ និង​ជំនាញ​នយោបាយ។​

នៅ​ពេល​យុវជន​មាន​ចំណេះ​ដឹង​ស៊ី​ជម្រៅ​ក្នុង​នយោបាយ បែប​មាន​ហេតុ​ផល​ និង​តក្ក​វិជ្ជា​ច្បាស់​លាស់ នោះ​យុវជនមិន​ដើរ​លើ​ផ្លូវ​ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​ចាញ់​បោក​អ្នក​ដទៃ ឬ​អ្នក​នយោបាយ​នោះ​ឡើយ។ ១. យុវជន​ចេះ​វិភាគ និង​កំណត់​ច្បាស់​លាស់​ថា អ្នក​ណា​ជា​អ្នក​នយោបាយ​បោក​ប្រាស់​ មាន​ល្បិច​កិច្ច​កល្ប ប្រើ​ពាក្យ​ពេជន៍​ផ្អែម​ល្អែម​ដូច​ជា​ផ្លែល្វា។ ២. យុវ​ជន​យល់​ដឹង​នូវ​ដំណើរ​ការ​នយោបាយ​កំពុង​តែ​ស្ថិត​លើ​ផ្លូវ​ត្រូវ ឬ​ផ្លូវ​ខុស​ចំពោះ​សេចក្តី​អនុម័ត និង​សម្រេច​អ្វី​ផ្សេងៗ។ ៣. យុវ​ជន​យល់​ច្បាស់​អំពី​កន្លែង​របស់​ខ្លួន និង​តួនាទី​នៅ​ក្នុង​សង្គម សិទ្ធិ និង​កាតព្វ​កិច្ច​ ហើយ​នឹង​មាន​សមត្ថ​ភាព​គ្រប់គ្រាន់ ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន ឬ​ប្រយោជន៍​សង្គម​ក្នុង​ប្រទេស។​ ៤.​ចំណេះ​ដឹង​ផ្នែក​នយោបាយ​របស់​យុវជន ជា​កត្តា​ធ្វើ​ឱ្យ​អ្នក​នយោបាយ​បោក​ប្រាស់ អ​សមត្ថ​ភាព​ និង​ជា​អ្នក​នយោបាយ​អត្ត​ទត្ថ​បុគ្គល មាន​ការ​ភ័យ​ខ្លាច​ និង​គ្មាន​ជីវភាព​ក្នុង​នយោបាយ​បាន​យូរ​ទេ។ ៥. ធ្វើ​ឱ្យ​សង្គម​មាន​ប្រជាធិតេយ្យ​ និង​អ្នក​ដឹក​នាំ​នយោបាយ​មាន​មនសិការ​ស្នេហា​ជាតិ​ពិត​ប្រាកដ ហើយ​វា​ជា​ចលករ​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ សេរីភាព និង​មាន​ការ​ការពារ​ពី​ច្បាប់​ស្មើៗ​គ្នា។

ជា​រួម​នៅ​ពេល​យុវជន​មាន​កត្តា​ទាំង​អស់​នេះ​ហើយ យុវជន​នឹង​ពួត​ដៃ​គ្នា​ចូល​រួម​សម្អាត​សង្គម​ និង​អភិវឌ្ឍ​សង្គម តាម​បែប​បញ្ចេញ​គំនិត​យ៉ាង​ស៊ី​ជម្រៅ​ និង​តាម​ដាន​អ្នក​នយោបាយ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ការ​ដឹក​នាំ​គ្មាន​តម្លាភាព និង​យុត្តិធម៌​ចំពោះ​ស្ថាប័ន និង​វិស័យ​មួយ​ចំនួន។​ ចូល​រួម​ទប់​ស្កាត់​កុំ​ឱ្យ​មាន​វិបត្តិ​សង្គម​កើត​ឡើង និង​ចូល​រួម​កែ​ប្រែ​ និង​ស្តារ​ប្រព័ន្ធ​សង្គម​ឱ្យ​មាន​ភាព​ទាក់​ទាញ និង​ស្ថិរ​ភាព​ដើម្បី​ឱ្យ​ការ​វិនិយោគ​ពី​បរទេស​កាន់​តែ​ច្រើន​ នោះ​នឹង​នាំ​សេដ្ឋកិច្ច​ជាតិ​កាន់​តែ​រីក​ចម្រើន។

 

ឫសគល់នៃការភ័យខ្លាចរបស់យុវជន

យើង​ដឹង​ថា​យុវជន​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ បើ​ផ្អែក​ទៅ​តាម​ភាព​អសកម្ម​ ក៏​ដូច​ជា​កិរិយា​មិន​ខ្វាយ​ខ្វល់​មួយចំ​នួន​ធំនៅ​ក្នុង​ប្រធានបទ​នយោបាយ​ពីសំណាក់​យុវជន។ ដោយ​ឡែក​បើ​យើង​ពិនិត្យ​អោយ​កាន់តែជ្រៅទៅមួយស្រទាប់ទៀត យើង​នឹង​ដឹង​ថា​ភាព​ភ័យ​ខ្លាច​របស់​ពួក​គេ​មិន​មែន​ស្ថិត​នៅ​លើ​តែ​កត្តា​សង្គម​ដូច​ដែល​យើង​គិត​តែ​ប៉ុណ្ណោះ​ទេ ដោយ​ហេតុ​កត្តា​ផ្នត់​គំនិត ការ​អប់រំ​សង្គម ទម្លាប់​នៃ​ការ​រស់​នៅ ​និង​បុគ្គល​ខ្លួន​ឯង​ផ្ទាល់​ដែល​នាំឱ្យ​កើត​មាន​ការ​ភ័យ​ខ្លាច​បាក់​ស្បាត​រាប់​តំណរ​បែប​នេះ។

សង្គម​មួយ​មាន​ការ​អភិវឌ្ឍ​បាន លុះ​ត្រា​តែ​មនុស្ស​នៅ​ក្នុង​សង្គម​នោះ​មាន​ប្រពៃណី​ជា​អ្នក​រៀន​ អ្នក​គិត​វិភាគ​ប្រកប​ដោយ​ហេតុ​និង​ផល​ច្បាស់​លាស់ ជា​អ្នក​ចូល​រួម​ក្នុង​កិច្ច​ការ​ប្រទេស​ ខ្វាយ​ខ្វល់​ឈឺ​ឆ្អាល​នឹង​សុខ​ទុក្ខ​ប្រទេស​ជាតិ​ ជា​សង្គម​ដែល​ចំណុះទៅ​ដោយ​ប្រជា​ពលរដ្ឋ​ដែល​មាន​ការ​អប់រំ​ខ្ពស់​ ក្នុងកម្រិតមួយដែលការសម្រេចចិត្តត្រូវបានធ្វើឡើងក្រោមការគិតវិភាគល្អិតល្អន់។ រី​ឯ​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​វិញ ភាព​ប្រងើយ​កន្តើយ​មិន​អើពើ​របស់​យុវជន បង្ហាញ​ចេញ​យ៉ាង​ច្បាស់​នៅ​ក្នុង​យុវជន​មួយ​ភាគ​ធំ​នៃ​ប្រទេស។ យុវជននៅកម្ពុជា (អាយុក្រោមសាមសិបឆ្នាំ) មានចំនួនប្រមាណ ៦៥.៣% នៃប្រជាជនកម្ពុជាសរុប​ នេះបើយោងទៅតាមអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា  ប៉ុន្តែ​ហេតុអ្វី​ទើប​នេះ​ជា​រឿង​សំខាន់​ដែរ​ចំពោះ​នយោបាយ​ប្រទេស? ដោយ​ហេតុ​ថា​សង្គម​គឺ​ដើរ​ទៅ​មុខ ពេល​វេលា​កន្លង​ទៅ​ជានិច្ច​ របត់​នៃ​ការ​រស់​នៅ​មាន​ការ​ប្រែប្រួល​ដែល​ទាម​ទារ​អោយ​មនុស្ស​រត់​តាម​ឱ្យ​ទាន់​សម័យ​កាល​ ឯ​សម័យ​នេះ​ជា​សម័យ​ដែល​ប្រជាជន​មិន​ថា​ក្មេង​ចាស់​ប្រុស​ស្រី​មាន​សិទ្ធិ​ក្នុង​ការ​ចូល​រួម​ ការ​បញ្ចេញ​មតិ​ជា​សាធារណៈ។  រឿង​នេះ​ត្រូវ​បាន​អនុវត្ត​នៅ​តាម​បណ្តា​ប្រទេស​រីក​ចម្រើន​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក​រួច​មក​ហើយ ដែល​យើង​មើល​ឃើញ​ថា​ប្រជាជន​នៅ​តាម​បណ្តា​ប្រទេស​ទាំង​នោះ​មាន​ឆន្ទៈ​ក្នុង​ការ​ចូល​រួម​ក្នុង​សង្គម តាម​ដាន​និង​ជម្រុញ​នូវ​កិច្ច​ការ​នយោបាយ​ជាតិ​ សង្គម​មាន​ធនធាន​មនុស្ស​ដែល​ប្រកប​ដោយ​ចំណេះ​ដឹង​ច្រើន។ ដូច្នេះ​ហើយ​ ភាព​ភ័យ​ខ្លាច​របស់​យុវជន​ក្នុង​សង្គម​ខ្មែរ​នា​សម័យ​នេះ​ស្តែង​ឱ្យ​ឃើញ​ពី​កង្វះ​ការ​អប់រំ​របស់​ប្រជាជន​អំពី​នយោបាយ​ ប្រជាជន​មិន​ស្គាល់​អ្វី​ដែល​ជា​នយោបាយ​ពិត​ប្រាកដ មិន​ដឹង​ពី​សិទ្ធិ​និង​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ពល​រដ្ឋ​នៅ​ឡើយ​ ដែល​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​នយោបាយ​ក្នុង​ស្រុក។ ប្រជាជន​ត្រចៀក​ស ការ​សម្រេច​ចិត្ត​រេ​ទៅ​តាម​ខ្យល់​នៃ​ការ​ឃោសនា​របស់​អ្នក​នយោបាយ​មួយ​ចំនួន​ ដោយ​ព្រោះ​មិន​បាន​គិត​ពិចារណា​ច្បាស់​លាស់ ប៉ុន្តែ​នេះ​ក៏​មិន​មែន​ជា​កំហុស​របស់​យុវ​ជន​ទាំង​ស្រុង​ដែរ​ ដោយ​ព្រោះ​តែ​ពួក​គាត់​គ្មាន​ព័ត៌​មាន​គ្រប់​គ្រាន់​ទើប​មិន​មាន​ការ​ពិចារណា​ល្អិត​ល្អន់​និង​ធ្វើការ​សម្រេច​ចិត្ត​ប្រាស​ចាក​ពី​មន​សិការ​ខ្លួន។

ម៉្យាង​វិញ​ទៀត ផ្នត់​គំនិត​សង្គម​ក៏​ជា​បញ្ហា​ប្រឈម​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​របស់​យុវជន​ផង​ដែរ។ សង្គម​តែង​តែ​បង្រៀន​ថា​នយោបាយ​ជា​រឿង​របស់​មនុស្ស​ចាស់​ មិន​មែន​ជា​កិច្ច​ការ​ដែល​យុវជន​គួរ​តែ​លូក​ដៃ។​ មិន​ត្រឹម​តែ​មិន​ជួយ​ចូក​ជួយ​ចែវ​ប៉ុណ្ណោះ​ទេ​តែ​ផ្នត់​គំនិត​មួយ​នេះ​ប្រៀប​ដូច​ជា​ការ​លើក​ជើង​រាទឹក​ដូច្នោះ​ដែរ។ ការ​ដែល​បណ្តុះ​ផ្នត់​គំនិត​បែប​នេះ​ក្នុង​សង្គម​ ធ្វើ​ឱ្យ​យុវជន​គិត​ថា​នយោ​បាយ​ជា​រឿង​ដែល​ហួស​ពី​ការ​គិត​របស់​ខ្លួន​ដែលមិនគួរជ្រៀតខ្លួនចូល ទោះជាយ៉ាងណាក្តី យើងទទួលស្គាល់ថាការអនុវត្តនយោបាយជារឿងដែលស្មុគស្មាញនិងពិបាកយល់ ដោយត្រូវការការគិតអោយបានស៊ីជម្រៅ ដោយ​ឡែកវាជារឿងដែលមិនត្រឹមត្រូវទាល់តែសោះនៅក្នុងផ្នត់គំនិតដែលញួសញង់លើចំណុចតែមួយផ្នែកនៃនយោបាយ ដោយ​ប្រាប់​ថា​នយោ​បាយ​ជា​ការ​ប្រឆាំង​ទាស់​ទែង​គ្នា មាន​តែ​កំហឹង ភាព​អត្ថមារ​និយម​ជា​ដើម​ ដែល​ទាំង​នេះ​ធ្វើ​ឱ្យ​យុវជន​បាក់​ស្បាត​មិន​ហ៊ាន មិន​ចង់​ចេះ​ដឹង​រឿង​នយោបាយ​ រស់​នៅ​ក្រោម​ភាព​ភ័យ​ខ្លាច​ជា​និច្ច។

រី​ឯ​ទម្លាប់​នៃ​ការ​រស់​នៅ​ក៏​ជា​បញ្ហា​ចម្បង​មួយ​ផង​ដែរ​ យើង​នឹង​មើល​ថា​តើ​ទម្លាប់​យ៉ាង​ដូច​ម្តេច​ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​យុវជន។ យុវជន​សម័យ​នេះ​រស់​នៅ​ក្នុង​បរិបទ​ឌីជីថល​ បច្ចេក​វិទ្យា​ទំនើប​ដូច​ជា ទូរស័ព្ទ កុំព្យូទ័រ និង​ឧបករណ៍​លេង​កម្សាន្ត​ផ្សេង​ទៀត​មិន​មែន​ជា​រឿងដែល​ពិបាក​ក្នុង​ការ​ស្វែង​រក​ពេក​នោះ​ទេ​។ យុវជន​មាន​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​ស្ទើរ​តែ​គ្រប់​គ្នា​ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ចោទ​គឺ​យុវជន​​វក់វី​នឹង​ឧបករណ៍​ទាំងអស់​នោះ​បាន​ធ្វើ​ឱ្យ​ពួក​គេ​ចំណាយ​ពេល​ច្រើន​បំផុត​ទៅ​លើ​វា​ មិន​គិត​ខ្វាយ​ខ្វល់​ពី​រឿង​នៅ​ក្នុង​ជីវិត​ពិត​នោះ​ឡើយ។​ ពួក​គេ​មិន​ចាប់​អារម្មណ៍​នឹង​រឿង​នយោបាយ​ដែល​គួរ​ឱ្យ​ស្មុគ្រស្មាញ​និង​ធុញទ្រាន់​នោះ​ទេ​ យុវជន​ឈ្លក់​វង្វេង​នឹង​ភាព​សប្បាយ​រីក​រាយ​ក្នុង​រយៈ​ពេល​ខ្លី​ជា​ជាង​ខ្វាយ​ខ្វល់​ពី​សុខ​ទុក្ខ​នា​ពេល​អនាគត​ ដោយ​យក​ការ​សប្បាយ​ជា​ធំ​មិន​អើពើ​នឹង​សកម្មភាព​នយោបាយ និង​កិច្ច​ការ​នយោបាយ​ក្នុង​និង​ក្រៅ​ប្រទេស។

ដូច​នេះ សរុប​ជា​រួម​មក កត្តា​ដែល​ធ្វើ​ឱ្យ​យុវជន​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​គឺ​ដោយ​ព្រោះ​តែ​ភាព​ចម្រូង​ចម្រាស់​ក្នុង​សង្គម​និង​កត្តា​បុគ្គល​យុវជន​ខ្លួន​ឯង​ដែល​មិន​មាន​គំនិត​គិត​ឱ្យ​ស៊ី​ជម្រៅ​លើ​បញ្ហា​ដែល​ថា​តើ​ការ​ចូល​រួម​ក្នុង​នយោបាយ​វា​ជា​រឿង​ដែល​សាក​សម​នឹង​គួរ​អោយ​ខ្លាច​ដែល​ឬ​ទេ​។

 

ត្រៀមខ្លួនក្នុងការចូលរួមសកម្មភាពនយោបាយ

មក​ដល់​ត្រឹម​នេះ យើង​ខ្ញុំ​ជឿ​ថា​មិត្តអ្នកអាន​បាន​ទទួល​ព័ត៌មាន​មួយ​ចំនួន​រួច​ជាស្រេច​ទាក់​ទង​ទៅ​នឹង​ការ​ចូល​រួម​ក្នុង​នយោបាយ​ ដូច្នេះ​ហើយ​យើង​នឹង​ងាក​ទៅ​មើល​ថា​តើ​យុវជន​អាច​ចូល​រួម​ក្នុង​នយោបាយ​ក្រោម​រូប​ភាព​អ្វី​ខ្លះ​ ដើម្បី​ត្រៀម​ខ្លួន​ឱ្យ​រួច​រាល់​ក្នុង​ការ​ចូល​រួម​ក្នុង​កិច្ចការ​នយោបាយ​នា​ពេល​ខាង​មុខ។

ជាដំបូង យើង​នឹង​មើល​ទៅ​កាន់​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ជា​មុន​សិន។ សិទ្ធិ ជា​អ្វីៗ​ដែល​យើង​ម្នាក់ៗ​អាច​ទទួល​បាន​ឬ​ផ្តល់​ឲ្យ​នូវ​សេរីភាព​តាម​អំណាច​ឬ​ធានា​ដោយ​ច្បាប់។​ បើ​យោង​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ប្រ​ទេស​នេះ​ទទួល​ស្គាល់​ និង​គោរព​សិទ្ធិ​មនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស​ និង​កតិកា​សញ្ញា ព្រម​ទាំង​អនុសញ្ញា​ទាំង​ឡាយ​ទាក់​ទង​ទៅ​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ។ ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ចែង​ថា៖ «ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ មាន​សិទ្ធិ​សេរីភាព​ និង​ករណីយ​កិច្ច​ដូច​គ្នា​ទាំង​អស់​ដោយ​ឥត​ប្រកាន់​ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការ​នយោបាយ​ ដើម​កំណើត​ជាតិ ឋានៈ​សង្គម ធនធាន ឬ ស្ថាន​ភាព​ឯ​ទៀត​ឡើយ»។

រដ្ឋធម្មនុញ្ញ​ក៏បាន​ចែង​ទៀត​ថា៖ «ការ​ប្រើ​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ មិន​ត្រូវ​ឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​ឡើយ ។ ការ​ប្រើ​សិទ្ធិ​សេរីភាព​នេះ​ ត្រូវ​ប្រព្រឹត្ត​តាម​ល័ក្ខខ័ណ្ឌ​កំណត់​ក្នុង​ច្បាប់​ ដូច្នេះ​ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ជា​មនុស្ស​ពេញ​លេញ​ក្នុង​ការ​រស់​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ច្បាប់។ មិន​តែ​ប៉ុណ្ណោះ ​ចំពោះ​ផ្នែក​នយោបាយ​វិញ​ ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ចូល​រួម​ក្នុង​កិច្ចការ​នយាបាយ​​ ដោយ​ផ្អែក​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដដែលនៅក្នុងមាត្រា៣៤​ បាន​ចែង​ថា៖ ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត។ ហេតុ​ដូច្នេះ​ហើយ​ យុវជន​ដែល​មាន​អាយុ​យ៉ាង​តិច​១៨ឆ្នាំ ​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​ដឹក​នាំ​ដែល​ខ្លួន​ពេញ​ចិត្ត​ដោយ​ស្រប​ច្បាប់​ និង​ដោយ​សន្តិ​វិធី​នៅ​ក្នុង​នាម​ជា​សម្លេង​ឆ្នោត​មួយ​ដ៏​សំខាន់​តាម​រយៈ​សន្លឹក​ឆ្នោត​របស់​ខ្លួន ដែល​នេះ​ក៏ជា​កត្តា​ចាំ​បាច់​របស់​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ក្នុង​កិច្ចការ​ពលរដ្ឋ។ មួយ​វិញ​ទៀត​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភេទ​មិន​ត្រឹម​តែ​មាន​សិទ្ធិ​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​នោះ​ទេ ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​មាន​អាយុ​យ៉ាង​តិច២៥ឆ្នាំ​ ក៏​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ជ្រើសតាំង​ជា​តំណាង​រាស្ត្រ​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ​ យុវជន​មាន​លទ្ធភាព​ពេញ​លេញ​នៅ​ក្រោម​ការ​ធានា​របស់​ច្បាប់​ក្នុង​ការ​ចូល​រួម​ក្នុង​កិច្ច​ការ​នយោបាយ​ណាមួយ​ដោយ​មិន​មាន​ការ​គំរាម​កំហែង​ពី​បុគ្គល​ណាមួយ​នោះ​ឡើយ។​​ 

 

សរុបមក យុវជនត្រូវតែមានភាពក្លាហាន មានជំហរច្បាស់លាស់នៅក្នុងនយោបាយប្រទេស ព្រោះនេះគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់គ្នាដែលរស់នៅក្នុងប្រទេស និងមានស្មារតីទំនួលខុសត្រូវឲ្យសាកសមជាយុវជនក្នុងភាពជាអ្នកដឹកនាំ ព្រមទាំងស្វែងយល់ពីសិទ្ធិនិងកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋដ៏ល្អ៕

 

* អត្ថបទទស្សន:នេះ ត្រូវបានផលិតឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយ:អង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ​ មិនឆ្លុះបញ្ចាំងអំពីទស្សន:របស់ម្ចាស់ជំនួយនោះទេ។

Related Post