Drink Coffee. Talk Politics. Blog Opinions

កម្ពុជាគួរពន្យាពេលចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧

Author Name : នៅ សុកល ,
Jul 31, 2024

( រូបភាព៖ ឯកឧត្តម ប៉ាន សូរស័ក្តិ អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំពេញអង្គនៃសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្រោប្រធានបទ “Leaving No One Behind”។ ប្រភពរូបភាព៖ ក្រសួងពាណិជ្ជកម្ម, តំណរភ្ជាប់ )

ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់់ថា ជាប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងចំណោមប្រទេសក្នុងតំបន់ និងនៅលើពិភពលោក។ នេះបើផ្អែកតាមការវាយតម្លៃរបស់ស្ថាប័នអង្គការសហប្រជាជាតិ នៅ​ឆ្នាំ១៩៩១​។​ បច្ចុប្បន្ន​ កម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប តែមានចក្ខុវិស័យប្រែខ្លួនក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។​ ក្នុងឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) ប្រមាណជាង៤ទសវត្សមកនេះ កម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើន។ ផលប្រយោជន៍ទាំងនោះមានជាអាទិ៍ ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធក្នុងវិស័យពាណិជ្ជកម្មនាំចេញដែលមានដូចជា ប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុប GSPរបស់សហរដ្ឋអាមេរិក រួមនឹងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)​និងកម្ចីពីស្ថាប័នអន្ដរជាតិនានាដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍AFD KOIKAរបស់កូរ៉េ និងJICAរបស់ជប៉ុនជាដើម។ល។​ អ្វីដែលជាការកត់សម្គាល់បន្ថែមនោះ គឺកម្ពុជាក៏ទទួលបានសិទ្ធិខ្ចីប្រាក់ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ(IDA) ដែលជាមូលនិធិរបស់ក្រុមធនាគារពិភពលោក សម្រាប់ប្រជាជាតិក្រីក្របំផុតដែរ។

កាលពីឆ្នាំ២០២១កន្លងទៅ កម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ សម្រាប់ត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសមានអភិវឌ្ឍតិចតួច ដោយជាលទ្ធភាពគណៈកម្មាការអង្គការសហប្រជាជាតិស្តីពីគោលនយោបាយអភិវឌ្ឍន៍បានសម្រេចឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លើកទី១នោះ។ ដោយឡែក កម្ពុជាអាចនឹងចាកចេញពីក្រុមប្រទេសនេះនៅក្នុងឆ្នាំ ២០២៧ ឬ២០២៩​ ប្រសិនបើការវាយតម្លៃចុងក្រោយនៅឆ្នាំ២០២៤នេះ សម្រេចឱ្យកម្ពុជាជាប់ជាលើកទី២ រួមនឹងការស្នើសុំជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់ស្ថាប័នមួយនេះ។

ការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច ជាសញ្ញានៃភាពរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា និងជួយឱ្យកម្ពុជាអាចប្រកួតប្រជែងស្មើមុខស្មើមាត់ និងស្វាហាប់នៅលើឆាកអន្តរជាតិ។​ មិនតែប៉ុណ្ណោះ វាបានក្លាយជាសារនយោបាយមួយដ៏សំខាន់របស់គណបក្សកាន់អំណាច ក្នុងការលើកសរសើរអំពីសមិទ្ធផលដែលខ្លួនបានដឹកនាំទៅកាន់ពលរដ្ឋ និងសហគមន៍អន្ដរជាតិ។ តែយ៉ាងណានៅទន្ទឹមផលវិជ្ជមានទាំងនេះ ការចាកចេញរបស់កម្ពុជាពីប្រទេសមានការអភិវឌ្ឍតិចតូច នឹងផ្ដល់ក្តីកង្វល់មួយចំនួនដែរ។

ជាក់ស្តែងកម្ពុជា នឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធជាច្រើនពីសហគមន៍អន្តរជាតិដែលក្នុងនោះក៏ប្រព័ន្ធអនុគ្រោះEBAមួយដែរ។ កម្ពុជាបានទាញផលប្រយោជន៍ច្រើនពីប្រព័ន្ធអនុគ្រោះពន្ធEBA ដោយក្នុងមួយឆ្នាំ​កម្ពុជាចំណេញលើការបង់ពន្ធប្រមាណ១ពាន់លានដុល្លារឯណោះ។ លើសពីនេះ កម្ពុជាក៏នឹងអាចប៉ះពាល់ដល់ទីផ្សារប្រកួតប្រជែងទំនិញនាំចេញ ខណៈដែលប្រទេសនេះនៅតែមានរចនាសម្ព័ន្ធសេដ្ឋកិច្ចទន់ខ្សោយ និងខ្វះការធ្វើពិពិធកម្មលើគ្រប់វិស័យ។ នៅត្រង់ចំណុចដែលបានលើកឡើងពីរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជានៅទន់ខ្សោយ ក៏ព្រោះថា សេដ្ឋកិច្ចកម្ពុជាមានតែវិស័យធំៗ០៣ប៉ុណ្ណោះ ដែលជាវិស័យស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ក្នុងនោះ មានវិស័យកសិកម្មចំនួន២១.៨៧% វិស័យឧស្សាហកម្មចំនួន៣៧.៦៧%  និងវិស័យសេវាកម្មចំនួន ៣៣.៧៤%។ នេះបើយោងគេហទំព័រ Statista ក្នុងឆ្នាំ២០២២។ ទោះបីវិស័យទាំង០៣នេះត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាកត្តាលីករសំខាន់សម្រាប់សរសៃឈាមសេដ្ឋកិច្ច តែគេសង្កេតឃើញវិស័យទាំងនេះ ក៏កំពុងប្រឈមនឹងបញ្ហាជាច្រើនដែរ។ តួយ៉ាងចំពោះវិស័យកសិកម្ម នៅកម្ពុជាវិស័យកសិកម្មកំពុងប្រឈមមុខនឹងបញ្ហាប្រែប្រួលអាកាសធាតុដែលធ្វើឱ្យ ទិន្នផលរបស់កសិករធ្លាក់ចុះ  រួមនឹងភាពខ្វះខាតលើការកែច្នៃកសិផល និងបញ្ហាតម្លៃទីផ្សារធ្លាក់ថោក។  ត្រង់ចំណុចនេះ កម្ពុជាកង្វះលើការកែច្នៃផលិតកសិកម្មសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដោយកម្ពុជាក្នុងមួយឆ្នាំត្រូវនាំចេញកសិផលស្រស់ទៅក្រៅរាប់សែនតោន តែទទួលបានតម្លៃថោក។ ចំណែកបញ្ហាទីផ្សារវិញ កម្ពុជានៅតែជួបបញ្ហាឈ្មួញទម្លាក់តម្លៃ និងកង្វះទីផ្សារនាំចេញសម្រាប់កសិផលរបស់កសិករ ខណៈថ្លៃដើមផលិតកម្ម ដូចជាជី និងប្រេងឥន្ធនៈក៏បានកើនឡើងដែលធ្វើឱ្យផលចំណាយ និងប្រាក់ចំណូលពុំសមាមាត្រគ្នា។

បើយើងនិយាយអំពីវិស័យឧស្សាហកម្មវិញ មូលដ្ឋានឧស្សាហកម្មរបស់កម្ពុជានៅតូចចង្អៀតនៅឡើយដោយសារភាគច្រើនប្រមូលផ្ដុំតែទៅលើផលិតកម្មសម្លៀកបំពាក់។ បើតាមទិន្នន័យនៃការនាំចេញសម្លៀកបំពាក់ ផលិតផលស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជាក្នុងឆ្នាំរយៈពេល៤ខែដំបូងក្នុង ២០២៣បានបង្ហាញឱ្យឃើញថា វិស័យនេះធ្លាក់ចុះចន្លោះពី៨ទៅ ២០% គឺចុះពី ៤,១៨ ប៊ីលានដុល្លារអាមេរិកមក ៣,១៥ប៊ីលានសហរដ្ឋអាមេរិក បើធៀបទៅនឹងខែទី៤ក្នុង ២០២២។ នៅក្នុងវិបត្តិសកលដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន រួមនឹងវិបត្តិសេដ្ឋកិច្ចសកល រោងចក្រកាត់ដេររាប់ពាន់កន្លែងនៅទូទាំងប្រទេសត្រូវបិទទ្វារ និងខ្លះបង្ខំចិត្តបញ្ឈប់កម្មករនយោជិកដោយសារតែការនាំចេញសំលៀកបំពាក់មួយផ្នែកធំត្រូវជាប់គាំង និងខណៈមួយផ្នែកទៀតប៉ះពាល់ពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA និង GSP។

ចំណែកវិស័យសេវាកម្ម ជាពិសេសសេវាកម្មដែលចេញពីវិស័យទេសចរណ៍ នៅពុំទាន់រឹងមាំពេញលេញនៅឡើយ ត្បិតវិស័យនេះកំពុងងើបឡើងវិញពីការវាយលុកដោយវិបត្ដិសាកល មេរោគកូវីដ១៩។ ការងើបឡើងវិញមួយកម្រិតរបស់វិស័យទេសចរណ៍ គឺពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរក្នុងស្រុកនៅឡើយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ កម្ពុជា​នឹងបាត់បង់រាល់ការគាំទ្រការចំណាយរបស់រដ្ឋាភិបាលដើម្បី កសាង និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពីដៃគូអភិវឌ្ឍន៍ និងស្ថាប័នអន្ដរជាតិ។ ជាការពិត នៅពេលកម្ពុជារួចផុតពីប្រទេសអភិវឌ្ឍន៍តិចតូច នោះការស្នើកម្ចី(បំណុល)ពីបរទេសនឹងមិនទទួលបានអត្រាការប្រាក់ទាបទៀតឡើយ។ ទំនោរនៃការបាត់បង់ ឬថយចុះនេះ នឹងរុញកម្ពុជាពឹងផ្អែកលើធនធានក្នុងស្រុកតាមរយៈការប្រមូលពន្ធបន្ថែម ដែលនេះជាបន្ទុកមួយកម្រិតទៀតសម្រាប់អ្នកកជាប់កាតព្វកិច្ចបង់ពន្ធ។

មិនត្រឹមតែប្រឈមនឹងបញ្ហាថ្មីខាងលើនេះទេ ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច ដូចកម្ពុជាក៏នឹងប្រឈមមុខបញ្ហាធំៗដូចជា ធនធានក្នុងប្រទេសមានកំណត់, បន្ទុកបំណុលកាន់តែខ្ពស់ និងកង្វះលទ្ធភាពទាញយកប្រយោជន៍ពីទីផ្សារហិរញ្ញវត្ថុ ដែលបញ្ហាទាំងនេះនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋហើយទាញពួកគេឱ្យធ្លាក់ក្នុងបន្ទាត់ភាពក្រីក្រ។  

បើយោងតាមរបាយការណ៍ពីធនាគារពិភពលោកបានបង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាបច្ចុប្បន្នក៏ពុំទាន់មានលទ្ធភាពពេញលេញក្នុងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច​ និងការប្រកួតប្រជែងរបស់ខ្លួននៅឡើយមិនថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវថ្នល់ រួមនឹងការផ្គត់ផ្គង់អគ្គិសនី។ ក្រឡេកទៅមើលធនធានមនុស្សវិញ គឺមានការបារម្ភគួរអោយកត់សម្គាល់ដែរដូចជា ការរៀនមិនត្រូវជំនាញដែលជាតម្រូវរបស់កំណើនសេដ្ឋកិច្ចកម្ពុជាពោលគឺ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការរបស់វិស័យឯកជនគឺមានកម្រិត។ ជាតួលេខ ៨៥% នៃកម្លាំងការងាររបស់កម្ពុជា មិនទាន់បានបញ្ចប់ការអប់រំថ្នាកអនុវិទ្យាល័យ។ កម្លាំងការងារមិនគ្រប់គ្រាន់ និងផលិតភាពទាបនេះបានប៉ះពាល់ដល់ក្រុមហ៊ុនចំនួន១៧% ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។ ហើយជាលទ្ធផល គឺបណ្តាលឱ្យយុវជន និងពលរដ្ឋកម្ពុជាប្រមាណជាង ៥១% គ្មានប្រាក់ខែទៀងទាត់។

យ៉ាងណាមិញ ទោះបីជាការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច អាចជាវឌ្ឍនភាពជោគជ័យថ្មីសម្រាប់កម្ពុជា។ ក៏ប៉ុន្តែ គេពុំគួរច្រឡំថា ការចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនេះ គឺជាការផ្លាស់ប្តូរទៅជាប្រទេសមានចំណូលមធ្យមរបស់កម្ពុជានោះទេ។ តាមពិត កម្ពុជានឹងមិនក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យម នៅពេលដែលចាកចេញពីក្រុមប្រទេសនេះនៅក្នុងឆ្នាំ ២០២៧ ឬ២០២៩។​ កម្ពុជាត្រូវការពង្រឹងខ្លួនលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងសង្គម។  ការរក្សាកំណើនសេដ្ឋកិច្ចដោយការដាក់ចេញ និងអនុវត្ដឱ្យមានប្រសិទ្ធភាពនូវវិធានការគោលនយោបាយផ្សេងៗ ដូចជា៖ ការជួយសម្រួលក្នុងការកាត់បន្ថយថ្លៃដើមលើវិស័យកសិកម្ម និងឧស្សាហកម្ម, បង្កើនភាពងាយស្រួលដល់ការធ្វើអាជីវកម្ម​ ការអនុម័តច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីការប្រកួតប្រជែង ធានាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី ការកាត់បន្ថយថ្លៃដឹកជញ្ជូន និងឡូជីស្ទីក ការបង្កើនការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ ការបន្តលើកទឹកចិត្តផ្នែកសារពើពន្ធ ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការស្វះស្វែងរកទីផ្សារក្រៅស្រុកទាំងទ្វេភាគី និងពហុភាគី តាមរយៈការពង្រីកទីផ្សារក្រៅប្រទេសទៅក្នុងប្លុកពាណិជ្ជកម្មសេរី។

ដោយឡែកវិស័យសង្គម​នយោបាយ កម្ពុជាត្រូវកាត់បន្ថយគម្លាតវិសមភាពរវាងអ្នកមាន និងអ្នកក្រ ដោយធានាថា ការបែងចែកនៃប្រាក់ចំណូលគឺមានភាពសមស្រប ការវិនិយោគលើការកសាងប្រព័ន្ធអប់រំមួយដែលមានប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការសង្គម ព្រមទាំងតាមទាន់នៃដំណើរវិវត្ដរបស់ព័ត៌មានវិទ្យា សារគមនាគមន៍ និងបច្ចេកវិទ្យារបស់ពិភពលោក។ បន្ថែមពីនេះ ការលុបបំបាត់អំពើពុករលួយ ការបង្ហាញពីតម្លាភាពនិងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាលក្នុងការចាយថវិកាប្រចាំឆ្នាំ និងការកសាង​ប្រព័ន្ធគាំពារសង្គម ក៏ចំណុចសំខាន់ដែរ។

ដូច្នេះរដ្ឋាភិបាលលកម្ពុជាគួរពិចារណាជ្រើសរើសជម្រើសពន្យាពេលសម្រាប់់ការចាកចេញពីប្រទេសដែលមានភាពក្រីក្រ និងអាចសម្រេចការចេញជាថ្មីនៅឆ្នាំ ២០២៩។ ការពន្យាពេលនេះ ក៏ដើម្បីឱ្យកម្ពុជាអាចពង្រឹងខ្លួនសម្រាប់ឆ្លើយតបនឹងផលប្រឈមនានានៅពេលខាងមុខ និងអាចផ្ដល់ពេលវេលាសមល្មមស្រាប់កម្ពុជាក្នុងការផ្លាស់ខ្លួនចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច ប្រកបដោយប្រសិទ្ធភាព៕

Related Post