Drink Coffee. Talk Politics. Blog Opinions

តើកម្ពុជាគួរបារម្ភខ្លាំងពីការបាត់បង់ប្រព័ន្ធអនុគ្រោះEBAដែរឬទេ?

Author Name : ហី ចាន់នី ,
Jul 31, 2024

( រូបភាព៖ លោក Igor Driesmans ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
ប្រភពរូបភាព៖ ខេមបូចា/សុវណ្ណ ស្រីពេជ្រ, តំណរភ្ជាប់ )

កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ជិត៥០ផ្សេងទៀត នៅលើពិភពលោកដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុបជារៀងរាល់ឆ្នាំ។ EBA ​មកពីពាក្យពេញថា «Everything But Arms ប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញលើកលែងតែអាវុធ»។ ប្រព័ន្ធអនុគ្រោះពន្ធមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រើកទីផ្សារនាំ ចេញរបស់កម្ពុជា និងជួយកាត់បន្ថយថ្លៃដើម ក៏ដូចជាការចំណាយរបស់កម្ពុជា លើការបង់ពន្ធចំពោះមុខទំនិញទាំងអស់គិតសរុបជាទឹកប្រាក់រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។  ក្នុងគ្រាដែលកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBA គេសង្កេត ឃើញវិស័យកាត់ដេរ វិស័យកសិកម្ម និងវិស័យឧស្សាហកម្មមានភាពរីកចម្រើនខ្លាំង ខណៈសេដ្ឋកិច្ចកម្ពុជាបបានបោះជំហានយ៉ាងលឿនទៅមុខជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់៧%ជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០១៩ សហភាពអឺរ៉ុបបានក្លាយជាដៃ គូពាណិជ្ជកម្មដ៏ធំជាងគេរបស់កម្ពុជា ពោលគឺទំហំពាណិជ្ជកម្មរវាងកម្ពុជានិង សហគមន៍អឺរ៉ុបមានប្រមាណ ៥,៨ពាន់លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ការនាំចេញរបស់កម្ពុជាជាង ៩៨%ដែលនាំទៅអឺរ៉ុប គឺស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBAទាំងអស់។  ប៉ុន្តែជារឿងគួរឱ្យភ្ញាក់ផ្អើលទៅវិញ ដោយនៅថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុបបានចេញសេចក្តីសម្រេចកាត់ប្រព័ន្ធអនុគ្រោះពន្ធ ២០%ចេញពីកម្ពុជា។ ការកាត់ផ្នែកខ្លះនាពេលនោះ គឺក្រោមមូលហេតុនៃការដើរថយក្រោយយ៉ាងខ្លាំងនៃបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលសហភាពអឺរ៉ុបចាត់ទុកថាកំពុងបំពានយ៉ាងដំណំមកលើអនុសញ្ញារបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងសិទ្ធិការងារស្នូល។យ៉ាងណាមិញ នេះគ្រាន់តែជាការដក២០%ប៉ុណ្ណោះ ខណៈកន្លងមកសហភាពអឺរ៉ុបធ្លាប់ព្រមានកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធEBAចេញពកម្ពុជាទាំងស្រុង ប្រសិនបើស្ថានភាពសិទ្ធិមនុស្ស និងលំហសេរីនយោបាយក្នុងប្រទេសកម្ពុជាបន្តអាប់អ៊ួរ បូករួមនឹងការបន្តចាប់ចងសកម្មជនគណបក្សប្រឆាំង។  

គួរកត់សម្គាល់ដែរថា ក្រោយកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA ២០%ពីសហភាពអឺរ៉ុប គេសង្កេតឃើញពីផលប៉ះពាល់ភ្លាមៗមកលើវិស័យនាំចេញសំខាន់ៗរបស់កម្ពុជា ដោយក្នុងនោះ​រាប់ចាប់តាំងពីវិស័យកសិកម្ម កសិ-ឧស្សាហកម្ម វិស័យកាត់ដេរ រួមនឹងប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ពលរដ្ឋខ្មែរ ពិសេសកម្មករ-កម្មការិនីរោងចក្រកាត់ដេរ។  ជាការពិត កម្ពុជាចាប់យកការធ្វើសេដ្ឋកិច្ចសេរីសាកលភាវូបនីយកម្ម និងពឹងផ្អែកខ្លាំងលើការនាំចេញទំនិញទៅក្រៅប្រទេស ពិសេសទីផ្សារអឺរ៉ុបតែម្តង។ ដូច្នេះរាល់ការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ កម្ពុជាត្រូវការប្រកួតប្រជែងតម្លៃជាមួយប្រទេសនានាទាំងក្នុងតំបន់ និងក្រៅតំបន់។ ការរបូតបាត់នៃប្រព័ន្ធអនុគ្រោះពន្ធEBA យើងមើលឃើញពីការខាតបង់របស់កម្ពុជាជាច្រើន។ ជាក់ស្តែង កម្ពុជាត្រូវរបូតប្រាក់ចំណេញជាង១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំដែលនេះជាទំហំមួយធំ បើនិយាយក្នុងក្របខណ្ឌប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជាតែម្ដង។ ទំហំ២០%នៃEBAដែលកម្ពុជាបាត់បង់កន្លងមក គឺធ្វើឱ្យមុខទំនិញជាង៤០មុខនាំចេញទៅប្រទេសចំនួន២៧នៅតំបន់អឺរ៉ុបត្រូវរងផលប៉ះពាល់ខ្លាំង។ ផលិតផលទាំង៤០មុខនោះ ភាគច្រើនជាផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតធ្វើដំណើរដែលគិតជាទឹកប្រាក់សរុបប្រមាណ១ពាន់លានអឺរ៉ូ ឬជាង១.៣ពាន់លានដុល្លារអាមេរិក ខណៈកម្ពុជាត្រូវបង់ពន្ធមុនចូលតំបន់អឺរ៉ុបចន្លោះពី១,៧០% ដល់១២%។  មិនដល់មួយខែក្រោយកម្ពុជាបាត់ប្រព័ន្ធអនុគ្រោះEBA២០% រោងចក្រសហគ្រាសដែលមាននិយោជកជាជនជាតិចិនបានប្រកាសក្ស័យធន់ និងបិទទ្វារជាបន្តបន្ទាប់ដោយបន្សល់ទុកនៅតែរោងចក្រគ្មានម្ចាស់។ ក្នុងនោះ រោងចក្រសហគ្រា ជាង៥០០កន្លែងត្រូវព្យូរកម្មករ។ ការណ៍នេះបានជះផលប្រឈមធ្ងន់ធ្ងរដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេររាប់ម៉ឺននាក់ឱ្យរស់ក្នុងជីវភាពលំបាក និងគ្មានការងារធ្វើ។ ការបិទទ្វាររោងចក្រសហគ្រាសទាំងនោះ​ គឺដោយសារតែការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបត្រូវបង់ពន្ធថ្លៃឡើងវិញ ខណៈវត្ថុធាតុដើមមានតម្លៃខ្ពស់ និងប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនផ្អាកការបញ្ជាទិញ។ បើយោងតាមរបាយការណ៍របស់ក្រសួងការងារ គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ រោងចក្រកាត់ដេរចំនួន៤៩១បានព្យូរការងារនិយោជិកសរុប២៩ម៉ឺននាក់ ខណៈកម្មករចំនួនជាង៦ម៉ឺននាក់ផ្សេងទៀតបាត់បង់ការងារទាំងស្រុង។  ចំណែកក្រសួងសេដ្ឋកិច្ចវិញភ្លាមៗក៏បានដាក់ការព្យាករដែរថា វិស័យកាត់ដេរ អាចនឹងធ្លាក់ចុះប្រហែល៥០០លានដុល្លារក្នុងមួយឆ្នាំប្រសិនបើគ្មានវត្តមានEBA។ បើយោងតាម អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ក្នុងឆ្នាំ២០២៣កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃ ១១,១២ពាន់លានដុល្លារ។ ចំនួននេះថយចុះប្រហែល ១២% បើធៀបនឹងឆ្នាំ ២០២២ ដែលសម្រេចបានប្រមាណ ១២.៦៨ពាន់លានដុល្លារ។ ចំណែក នៅឆ្នាំ២០២១ វិស័យនេះសម្រេចបានការនាំចេញប្រមាណ១០ពាន់លានដុល្លារប៉ុណ្ណោះ។

ទន្ទឹមគ្នានេះដែរ ការដកចេញនូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហគមន៍អឺរ៉ុបមកលើកម្ពុជា បានញុំាងឱ្យប៉ះពាល់ដល់​មុខមាត់​កម្ពុជា​​លើ​ឆាក​អន្តរជាតិ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគបរទេស មិន​ហ៊ាន​ចូល​មក​បណ្ដាក់ទុន​។ ផលប៉ះពាល់ការវិនិយោគ ត្បិតថា គ្មានវិនិយោគិនបរទេសរូបណាចង់មកបណ្ដាក់ទុន ឬក៏វិនិយោគក្នុងប្រទេសដែលពោរពេញដោយអំពើពុករលួយ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បញ្ហារំលោភសិទ្ធិការងារ និងសម្បូរទៅដោយ​បក្សពួកនិយមនោះទេ។ ផ្ទុយទៅវិញ វិនិយោគិនបរទេសទាំងនោះ នឹងងាកទៅរកប្រទេសណាដែលអំណោយផលល្អជាងកម្ពុជា ពិសេសគឺស្ថានភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងការគោរពច្បាប់។

បើយើងក្រឡេកមកនិយាយក្នុងក្របខណ្ឌរដ្ឋាភិបាលវិញ ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ២០%នេះ រដ្ឋាភិបាលកម្ពុជាមិនព្រួយបារម្ភអ្វីឡើយ។ ផ្ទុយមកវិញ រដ្ឋាភិបាលចាត់ទុកការបាត់បង់EBA​២០%នេះថា នឹងធ្វើឱ្យកម្ពុជារឹងដៃរឹងជើង និងរៀនរស់ដោយខ្លួនឯង ដោយពុំចាំបាច់មានជួយពីខាងក្រៅ។ កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ដដែល និងបានពន្លយពាក្យថា មិនយូរមិនឆាប់កម្ពុជានឹងត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBAទាំងស្រុងនៅឆ្នាំ២០២៧ ឬ២០២៨ដោយស្វ័យប្រវត្តិ ដោយហេតុថា កម្ពុជានឹងត្រៀមខ្លួនចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាជាច្រើនបានធ្វើទស្សនកិច្ចនៅក្រៅប្រទេស ដើម្បីជជែកពិភាក្សាពីការពង្រើកទីផ្សារនាំចេញទំនិញ និងការវិនិយោគក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាក់ស្តែងក្រោយកម្ពុជាបាត់បង់EBA​២០%របស់សហគមន៍អឺរ៉ុប កម្ពុជាបានផ្តើមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េខាងត្បូង រួមនឹងការចូលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់RCEPដែលមានសមាជិកសរុប១៥ប្រទេស។ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជារវាងប្រទេសជាដៃគូទាំងនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាបន្តកើនឡើងជាលំដាប់ ខណៈកម្ពុជាត្រៀមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌា ចក្រភពអង់គ្លេស អារ៉ាប៊ីសាអូឌីត និងក្រុមប្រទេស APEC ក្នុងការពង្រើកទីផ្សារនាំចេញបន្ថែម។ បន្ថែមពីនេះ កម្ពុជាក៏មានការចុះកិច្ចព្រមព្រៀងពាណិជ្ជជាមួយសមាជិកអាស៊ានទាំង១០ប្រទេស រួមនឹងប្រទេសធំៗជាច្រើនផ្សេងទៀតដូចជា អូស្ត្រាលី ជប៉ុន និងនូវេហ្សេឡង់។ល។ ជាក់ស្តែងក្នុងឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្ដាប្រទេសនានាកើនដល់ ៤៦,៨២ ពាន់លានដុល្លារ ខណៈការធ្វើពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀង RCEP កម្ពុជាសម្រេចកំណើន ២៨.៨ ភាគរយ ឬគិតជាទឹកប្រាក់ប្រមាណ ៨.១៧ ពាន់លានដុល្លារអាមេរិក។

ម្យ៉ាងវិញទៀត អ្នកជំនាញផ្នែកសេដ្ឋកិច្ចនាពេលកន្លងមកបានណែនាំកុំឲ្យប្រជាជននិងមហាជនទូទៅបារម្ភខ្លាំងចំពោះការបាត់បង់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ។ មិនគួរឱ្យព្រួយបារម្ភត្បិតបរិមាណ២០%នេះ មិនច្រើនពេកទេក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។ អ្នកជំនាញទាំងនោះបានប៉ាន់ស្មានថា កម្ពុជានឹងត្រូវបង់ពន្ធចំនួន១,១% នៃការនាំចេញសម្លៀកបំពាក់និងស្បែកជើងសរុបទៅកាន់សហភាពអឺរ៉ុបឬត្រូវជា ១,២% នៃចំណាយថវិកាជាតិ និងស្មើ០,៣៥% នៃផលិតផលសរុបក្នុងស្រុក (GDP)។ ដូច្នេះវាមិនធ្វើឱ្យសេដ្ឋកិច្ចថមថយខ្លាំង ឬក៏ដួលរលំនោះទេ។ ក្នុងន័យនេះ មិនមែនសំដៅថា កម្ពុជាមិនគិតពីបញ្ហាសិទ្ធិមនុស្ស ឬបញ្ហានយោបាយទេ។ ប៉ុន្តែកម្ពុ​ជាមានទីផ្សារនាំចេញច្រើន ដែលអាចធ្វើឱ្យទីផ្សារនាំចេញរបស់កម្ពុជាមិនជាប់គាំង ឬពឹងខ្លាំងទៅលើទីផ្សាររបស់អឺរ៉ុប។

ដូច្នេះការបាត់បង់ EBA២០% ឬទាំងស្រុង មិនគួរឱ្យព្រួយបារម្ភអ្វីឡើយសម្រាប់ដំណើរសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា។ មិនព្រួយបារម្ភដោយហេតុថា ការពង្រើកទីផ្សារនាំចេញរបស់កម្ពុជានាពេលសព្វថ្ងៃកាន់តែសម្បូរបែប ខណៈកម្ពុជាអាចរក្សាបាននៅកំណើនសេដ្ឋកិច្ចមួយវិជ្ជមាន។ តែយ៉ាងណានៅទន្ទឹមនឹងភាពមិនព្រួយបារម្ភនេះ រដ្ឋាភិបាលក៏ត្រូវផ្លាស់ប្តូរឥរិយាបថជាមួយសហគមន៍អន្តរជាតិ ពិសេសប្រទេសលោកសេរីក្នុងការរក្សាប្រព័ន្ធអនុគ្រោះពន្ធEBAដែលនៅសេសសល់ ព្រោះថា ការដែលនៅមានខ្លះគឺប្រសើរជាងអត់សោះ។ មួយវិញទៀត រដ្ឋាភិបាលកម្ពុជាត្រូវពង្រឹងយន្តការគោរពនូវសិទ្ធិមនុស្ស បើកលំហរសេរីភាពនយោបាយ ដើម្បីធ្វើឱ្ហយកេរ្តិ៍ឈ្មោះកម្ពុជាកាន់តែល្អក្នុងកែវភ្នែកសហគមន៍អន្តរជាតិ។ នេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែការធ្វើបែបនេះ នឹងជួយ​ឱ្យកម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនផ្សេងទៀត ទាំងការវិនិយោគដោយផ្ទាល់ពីបរទេស វិស័យទេសចរណ៍ រួមនឹងវិស័យមួយចំនួនផ្សេងទៀត។ ចំពោះនិយោជកដែលបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាវិញ ត្រូវធ្វើយ៉ាងណាគោរពឱ្យបានជាដាច់ខាតនូវបញ្ហាសិទ្ធិមនុស្ស និង សិទ្ធិការងារដល់កម្មករ ព្រមទាំងបង្កើនបរិយាកាសការងារល្អ ដោយរួមបញ្ជូលនៅការផ្ដល់ប្រាក់ខែ និងប្រាក់ឧបត្ថម្ភសមរម្យ៕

Related Post