Drink Coffee. Talk Politics. Blog Opinions

សត្តឃាតនិងអាជីវកម្មសាច់សុខននៅប្រទេសកម្ពុជា

Author Name : គីវ សុវារី ,
Aug 28, 2024

ប្រភពរូបភាព៖ Animal Rescue Cambdoai, តំណរភ្ជាប់

អម្បូរអូម៉ូសាព្យាង ឬមនុស្សមានវត្តមាននៅលើភពផែនដី ប្រមាណជាង២លានឆ្នាំមកហើយ។ អម្បូរនេះតែងរស់នៅផ្ដុំគ្នាជាក្រុមៗ ដើម្បីការពារខ្លួនពីការយាយីរបស់សត្វសាហាវនានា។ អម្បូរ​អូម៉ូសាព្យាងមានសត្រូវជាច្រើនដែលត្រូវ​ប្រឈមមុខជារឿយៗ។ សត្រូវមួយក្នុងចំណោមសត្រូវជាច្រើននោះគឺ​សត្វចចកដែលជា​​អម្បូរឃេនីសលូពូស។ អម្បូរ​ឃេនីសលូពូសនេះបានវិវត្តបន្តិចម្តងៗទៅជាសត្វសុនខ ឬសត្វឆ្កែ​​​​​ ហើយរយៈពេលជាច្រើនលានឆ្នាំក្រោយមក សត្វ​សុនខបានប្តូរពីសត្រូវទៅជាមិត្តរបស់មនុស្ស​ជាតិយើងវិញ។ ចាប់តាំងពី​សម័យកាល​បុរេប្រវត្តិរហូតដល់សម័យ​បច្ចុប្បន្ន សត្វសុនខបាន​ផ្តល់​​ប្រយោជន៍យ៉ាងច្រើន​ដល់មនុស្សដូចជា ការ​ជួយមើលបសុសត្វតាមកសិដ្ឋាន និងការ​ជួយមនុស្សមានកាយសម្បទាមិនគ្រប់គ្រាន់។ សុនខក៏​ជាសត្វចិញ្ចឹមស្មោះត្រង់​ និងជាមិត្តល្អ​របស់មនុស្សជាតិ។ ក្នុងន័យនេះ មនុស្សគួរផ្តល់តម្លៃ​ដល់សត្វសុនខ ក៏​ប៉ុន្តែ​មនុស្សមួយចំនួន​​បែរជា​បង្កើត​វប្បធម៌​បរិភោគ​សាច់សុនខទៅវិញ​។

ក្នុងសង្គមខ្មែរបច្ចុប្បន្ន​ គេសង្កេតឃើញថាការបរិភោគសាច់សុនខមាននៅច្រើនតំបន់​​ និងត្រូវបានអ្នកបរិភោគទាំងនោះដាក់ឈ្មោះវាថា​ សាច់ពិសេសនិង​សាច់គោតូចទៀតផង។ យោងតាមអ្នកនាំពាក្យរបស់អង្គការហ្វផរ (Four Paws) សត្វសុនខប្រមាណជាង ៣០លានក្បាលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំសម្រាប់ធ្វើអាជីវកម្មនៅក្នុងទ្វីបអាស៊ី ហើយនៅក្នុងចំណោមនោះសុនខចំនួន ៣លានក្បាលត្រូវបានសម្លាប់ក្នុងប្រទេសកម្ពុជា។ ទំនោរប​រិភោគសាច់សុនខរបស់មនុស្សនេះមិនមែនដើម្បីតែចម្អែតក្រពះទេ តែជាការ​បង្អួតភាព​អស្ចារ្យ។​ ម្យ៉ាងវិញទៀត អ្នកបរិភោគខ្លះយល់ថា សាច់សុនខគឺជា​អាហារ​ជំនួយផ្នែកសុខភាពរាងកាយ។​  ក្នុងយុគសម័យនេះ សម្បូរ​ម្ហូបអាហារ និងថ្នាំបំប៉នច្រើនប្រភេទណាស់ ខណៈ​គ្មានការពន្យល់​​បែបវេជ្ជសាស្ត្រណា​មួយណែនាំ​​​ឱ្យ មនុស្ស​​​ទៅបរិភោគសាច់សុនខ​ដើម្បីសុខភាពរាងកាយដែរ។ ហើយតើប្រទេសកម្ពុជាខ្វះអាហារពិតមែនឬ? តាមពិតទៅ ហេតុផលទាំងអស់​នោះគ្រាន់តែដំណាលតៗគ្នា និងគ្រាន់​ជាលេសមិនសមហេតុផលតែប៉ុណ្ណោះ​។ ​

និន្នាការបរិភោគសាច់សុនខជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់សង្គម​កម្ពុជា។ ការបរិភោគសាច់សុនខ​គឺជាហានិភ័យនៃ​សុខភាពសាធារណៈ ព្រោះថា​ទាំងអ្នកលក់និងអ្នកបរិភោគសាច់សុនខ​ងាយ​ប្រឈម​នឹង​មេរោគកាចសាហាវ​នានាដែលមាននៅក្នុងសុនខ​​ ពិសេស​ជំងឺឆ្កែឆ្កួត​។ យោងតាម​វិទ្យាស្ថានប៉ាស្ទ័រ សុ​នខ​ដែល​ខាំគឺ​មានជំងឺឆ្កែឆ្កួតដល់ទៅ ​៥០ភាគរយ​ឯណោះ​។ តាមការពន្យល់បែបវេជ្ជសាស្ត្រ ជំងឺ​ឆ្កែឆ្កួតមិនត្រឹមតែឆ្លងនៅពេលដែលឆ្កែខាំទេ តែវាក៏ឆ្លងនៅពេលដែលបរិភោគសាច់ដែលផ្ទុកជំងឺ​ដែរ។ ជាការកត់សម្គាល់ សាច់ខុនខ​ដាក់លក់​និងចំអិនមួយចំនួនគឺជាសត្វចិញ្ចឹម ឬចាត់ទុកជាសមាជិកគ្រួសារ​​ដែលជនទុច្ចរិតចាប់​លួចពង្រាត់ ខណៈមួយភាគធំ​គឺជាសុនខអនាថាគ្មានម្ចាស់។ គួរដឹងថា នៅប្រទេសកម្ពុជាមានសត្វឆ្កែភាគតិចណាស់​ដែលបានចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត​។ ម្ល៉ោះហើយ​ គ្មាននរណាអាចដឹងទេថាសុនខទាំងនោះមានផ្ទុកមេរោគនិងជម្ងឺអ្វីខ្លះ មុនពេលដែលយកមកចម្អិនជាអាហារ​។

បន្ថែមពីនេះ ការបរិភោគសាច់សុនខសុទ្ធសឹង​​​កើតចេញពីទង្វើ​អមនុស្សធម៌ ​អំពើ​ចោរកម្ម​ និងជាសកម្មភាពខុសច្បាប់​។ សុនខ​ទាំងនោះត្រូវគេ​​ផ្តាច់ជីវិតដោយវិធីយ៉ង់ឃ្នងដូចជា​ការទាក់ក ឬការ​ដាក់ថ្នាំបំពុលជាដើម។ ចំណែក​កន្លែងសត្តឃាត​ទៀតសោត ស្ទើរតែទាំងអស់ដំណើរការគ្មានច្បាប់អនុញ្ញាតដែរ។ ប្រទេស​កម្ពុជាមិនមានច្បាប់ចែង​ពីការហាមឃាត់បរិភោគសត្វសុនខ ប៉ុន្តែការដើរទាក់ទិញ-លក់ និងពិឃាតសត្វយ៉ាងអនាធិបតេយ្យ ដោយគ្មានការអនុញ្ញាតគឺវាផ្ទុយនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។

ក្រៅពី​ហានិភ័យ​សុខភាពសាធារណៈ​និង​ជា​សកម្មភាពខុសច្បាប់​ ការបរិភោគសាច់សុនខ​ក៏ជះឥទ្ធិពលអវិជ្ជមាន​ដល់វិស័យទេសចរណ៍​ដែរ។ តើអ្នកនៅចាំទេថា តំបន់ទេសចរណ៍​ឈានមុខខេត្តសៀមរាប ធ្លាប់ជា​ទីតាំងធ្វើអាជីវកម្ម​សាច់សុនខ​ធំជាងគេ​ក្នុងប្រទេសកម្ពុជា ដោយបានផ្គត់ផ្គង់នាំចេញទៅតំបន់ផ្សេងៗ ពិសេសរាជធានីភ្នំពេញ​។ ក្នុងប្រទេសកម្ពុជា មានតែខេត្តសៀមរាបប៉ុណ្ណោះដែលបានដាក់បម្រាមមិនឱ្យមានការសម្លាប់ និងការជួញដូរសត្វសុនខកាលពីឆ្នាំ២០២០។ ប្រសិនបើគ្មានយន្តការហាមឃាត់ការបរិភោគសត្វឆ្កែទេ ខេត្តសៀមរាបនឹងប៉ះពាល់​ដល់វិស័យទេស​ចរណ៍ជាមិនខាន។ មានភ្ញៀវទេសចរច្រើនណាស់ដែលប្រទុសារ៉ាយ នៅពេលប្រទះឃើញក្បាលសពសុខន​ដែលដាក់​តាំង​នៅតាមដងផ្លូវ ព្រោះរូបភាពនេះ​បង្ហាញឱ្យឃើញពីភាពឃោរឃៅរបស់មនុស្ស​។ អាជីវកម្មរបៀបនេះ​​មិនមែនជាមិនត្រឹមតែ​ប៉ះពាល់​ភ្ញៀវទេសចរទេ តែវាប៉ះពាល់កេរ្ត៍ឈ្មោះកម្ពុជាជារួមដែរ។ ការបរិភោគសាច់សុនខ​គឺជា​ទង្វើ​អសិលធម៌ ​​ដែលតាំងពីបុរាណកាល​មកបុព្វបុរសខ្មែរគិតថានឹង​នាំគ្រោះចង្រៃ​​អាប់​រាសី​ដល់ខ្លួន​ ព្រោះសត្វសុខនជាសត្វចិញ្ចឹម។​ ​មិនត្រឹមតែសត្វសុខនទេដែលលោកមិនបរិភោគ សូម្បីតែសត្វគោ ជ្រូកដែលលោកចិញ្ចឹមក៏លោកមិនសូវយកទៅកាប់សម្លាប់សម្រាប់បរិភោគខ្លួនឯងដែរ។

ឥទ្ធិពលអវិជ្ជមាននៃការបរិភោគសត្វសុនខ​ស្តែងយ៉ាងច្បាស់ថា កម្ពុជា​ត្រូវ​មានច្បាប់ហាមឃាត់បរិភោគសត្វសុនខ​នៅទូទាំងប្រទេសតែម្តង។ បណ្តាប្រទេស​ជា​សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន (ASEAN) រួមនឹងប្រទេសចំនួន៣ផ្សេងទៀតដែលមាន​ចិន ជប៉ុន និងកូរ៉េខាងត្បូង​ បានប្តេជ្ញា​រួមគ្នាលុបបំបាត់ជំងឺ​ឆ្កែឆ្កួតឱ្យបាន​​​នៅឆ្នាំ​២០៣០ខាងមុខ​។ ដើម្បីអាចសម្រេចឱ្យបាននូវមហិច្ចតានេះ អាស៊ានបូក៣និយាយជារួម ​និងកម្ពុជានិយាយដោយឡែក ត្រូវតែ​ហាមឃាត់ការបរិភោគសាច់ខុនខ​ដាច់ខាត​ចាប់ពីពេលនេះតទៅ។ គួរជ្រាបថា ប្រទេសកូរ៉េខាងត្បូង​កាលពីខែមករា ឆ្នាំ២០២៤ បានអនុម័តសេចក្តីព្រាងច្បាប់ហាមប្រាមការបរិភោគសាច់សុនខ​ទូទាំងប្រទេស ដោយច្បាប់នេះកំណត់ថា ការចិញ្ចឹម ឬសម្លាប់សុនខ​យកសាច់លក់ចែកចាយនឹងត្រូវល្មើសច្បាប់ ចាប់ពីឆ្នាំ២០២៧តទៅ។ ប្រទេសវៀតណាមឯណោះវិញ បានអះអាងដែរថានឹងរៀបចំ​ច្បាប់​ហាមបរិភោគសាច់សុនខ ដើម្បីផ្ដល់ប្រយោជន៍ទាក់ទាញភ្ញៀវទេសចរ។ ចំណែកឯប្រទេសហ្វីលីពីនវិញ ការហាមឃាតមិនឲ្យធ្វើអាជីវកម្មសាច់សត្វសុខនត្រូវបានអនុម័តតាំងពីឆ្នាំ១៩៨២មកម្ល៉េះ។ ប្រទេសទាំង៣នេះធ្លាប់ជាប្រទេស​​ដែលនិយមបរិភោគសាច់សុនខ​​ចាក់ឬសក្នុងសង្គមជាយូរឆ្នាំអាចធ្វើបាន។ ចុះតើ​ប្រទេស​​​​កម្ពុជាដល់ពេលពិចារណាបង្កើត​​ច្បាប់ហាម​ប្រាមការបរិភោគ​សាច់សុនខហើយឬនៅ? ការបង្កើតច្បាប់ការពារសត្វសុនខ​ និង​ហាមឃាតការបរិភោគសុនខ​គឺជារឿងចាំបាច់សម្រាប់ប្រទេសកម្ពុជា។ច្បាប់បង្កើតឡើយដោយអនុលោមតាមតថភាពនៃសង្គមមនុស្សដែលមាន​ការប្រាស្រ័យ​ទាក់ទងគ្នា និងប្រពៃណីទំនៀមទម្លាប់ជាដើម។ ច្បាប់និងប្រពៃណី​គឺជារនាំងបែងចែកមនុស្ស​ពីសត្វ។ បើមនុស្សនៅតែបន្តបរិភោគសាច់សត្វសុខន មនុស្សមិនខុសពីសត្វតិរិច្ឆាននោះទេ។ សុនខមិនមែនជាអាហារ តែវាជា​មិត្ត​របស់មនុស្ស​​៕

 

Related Post