Drink Coffee. Talk Politics. Blog Opinions

កម្ពុជាត្រូវយល់ច្បាស់ពីអបិយជំនឿនិងសាសនាដើម្បីលើកកម្ពស់សុខដុមរមនីយកម្មសាសនានិងទប់ស្កាត់ការកេងប្រវ័ញ្ចក្រោមរូបភាពជំនឿសាសនា

Author Name : ខន សុវិសាល ,
Sep 01, 2024

ប្រភពរូបភាព៖ តំណរភ្ជាប់

តាមរយៈបាវចនាជាតិ «ជាតិ សាសនា ព្រះមហាក្សត្រ» គេ​អាចដឹងយ៉ាងច្បាស់ថា សាសនាពិតជា​​ដើរ​​​តួនាទីសំខាន់​នៅ​​​​ក្នុង​​ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ​។ នៅក្នុងប្រទេសកម្ពុជា​ ពលរដ្ឋ​គ្រប់រូ​ប​​​​សុទ្ធតែមាន​ជំនឿលើអរូបធម៌តាមបែបផែនរៀងៗខ្លួន។ ​បើ​តាមរបាយការណ៍ជំរឿនប្រជាជនថ្នាក់ជាតិឆ្នាំ២០១៩ នៅប្រទេស​​កម្ពុជាមានប្រជាជន​ ៩៦,៩ភាគរយជាពុទ្ធសាសនិក ១,៥៤ភាគរយជាសាសនិកអ៉ីស្លាម ០,៤​ភាគរយជាគ្រិស្ដសាសនិក និង០,៨ភាគរយមានជំនឿលើសាសនាផ្សេងទៀត។

ទិដ្ឋភាពទូទៅ​នៃ​ការរីកចម្រើន​ផ្នែកសាសនា​​​ក្នុងប្រទេសកម្ពុជាហាក់ល្អប្រសើរឡើង​ បើប្រៀបធៀប​ជាមួយប្រទេសមួយចំនួនតួយ៉ាង ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌា និងបណ្តា​ប្រទេសក្នុងតំបន់មួយចំនួនទៀត​ដែលកំពុង​មាន​ជម្លោះសាសនានៅឡើយ​។ ភាពចម្រុះនៃការប្រតិបត្តិជំនឿ​សាសនា​របស់ប្រជាជនកម្ពុជាបានកើតឡើងយូរណាស់មកហើយ ពោលគឺតាំងតែពីអំឡុង​សម័យអាណាចក្រអង្គរមកម៉្លេះ​។ ក្នុង​សម័យអាណាចក្រអង្គរ ការគោរពប្រតិបត្តិជំនឿ​​សាសនាពី​ហិណ្ឌូសាសនាដល់ពុទ្ធសាសនាដែលបាន​​ផ្លាស់​ទៅតាមរជ្ជកាលនៃអង្គព្រះមហាក្សត្រខ្មែរ​​ និងទំនាក់ទំនងវប្បធម៌សេដ្ឋកិច្ចជាមួយបរទេសតរៀងមក។ ក្នុងពេលបច្ចុប្បន្ន​នេះដែរ​ ​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងយ៉ាងច្បាស់ក្នុងមាត្រា ៤៣ថា ប្រជាពលរដ្ឋខ្មែរទាំង ២ភេទមានសិទ្ធិពេញលេញក្នុងការអនុវត្តផ្នែកជំនឿនិងសាសនាណាក៏បានដែល​មិនប៉ះពាល់ដល់ជំនឿ ឬសាសានាដទៃ ឬប៉ះពាល់ដល់សណ្ដាប់ធ្នាប់និងសុខសន្តិសុខសាធារណៈ។ ប្រជាជនកម្ពុជា​អាចផ្សារភ្ជាប់ការរស់នៅ​​ជាមួយជំនឿសាសនារហូតមកដល់ពេលបច្ចុប្បន្ននេះបាន​គឺដោយសារអរូបធម៌ដ៏ចម្រុះរបស់កម្ពុជាតាំងពីបុរាណកាល និងបរិយាកាសសង្គមអំណោយផលក្នុងសង្គមបច្ចុប្បន្ននេះឯង។

​សេរីភាព​និង​ភាពសម្បូរបែប​នៃជំនឿសាសនា​ដូច្នេះហើយ​ ទើប​ប្រជាជនខ្មែរភាគច្រើនអាច​​គោរពប្រតិបត្តិ​ជំនឿ​សាសនារបស់គេបាន​​សព្វថ្ងៃនេះ​។​​​​​ យ៉ាងណាមិញ ទោះបីប្រទេសកម្ពុជាមិនធ្លាប់មានជម្លោះផ្នែកជំនឿសាសនា​គួរឱ្យកត់សម្គាល់​ ក៏ប៉ុន្តែ​កម្ពុជានៅតែរងគ្រោះដោយការកេងប្រវ័ញ្ចរបស់ជនទុច្ចរិត​​ក្រោមរូបភាពជំនឿសាសនា។​ អ្នកខ្លះគិតថា ការគោរពប្រតិបត្តិជំនឿសាសនាទទួលបានមគ្គផល តែខ្លះទៀតមិនបានដូចការគិតឡើយ។ អ្នកខ្លះបាន​ជួបបញ្ហា បាត់បង់ប្រយោជន៍ និងក្លាយជាជនរងគ្រោះដោយអំពើហិង្សាដែលពេលខ្លះអាចឈានដល់ការបាត់បង់អាយុជីវិតទៀតផង។ ការផុងខ្លួនរងទុក្ខព្រោះជំនឿសាសនានេះ គឺដោយសារចំណេះដឹងបុគ្គលនោះមានកម្រិត និងយល់ខុសពីការគោរពប្រតិបត្តិក្នុងជំនឿសាសនាដែលជាសកម្មភាពមិនមានចែងក្នុងសាសនា។

ការយល់ខុសទាំង​នោះត្រូវជនខិលខូចមួយចំនួនយកមកបោកប្រាស់ និងកៃបន្លំអ្នកដទៃ។ តាមការកត់សម្គាល់ ​ប្រជាជនខ្មែរ​​​ខ្លះហាក់​មានជំនឿខុសក្បួតខុសខ្នាតផ្តេសផ្តាស លើ​​ការ​ស្រោចទឹក​រំដោះគ្រោះលើករាសី ការគោរពសត្វធាតុរូបរាងចម្លែកៗ និងការព្យាបាលជំងឺតាមបែបមន្តអាគមអូមអាមជាដើម។ ជំនឿដ៏ងប់ងុលទាំងនេះ​បានបន្សល់ស្លាកស្នាមជាច្រើន​ដល់សង្គមខ្មែរ។ សេចក្តីរាយការណ៍ជាច្រើនបានបង្ហាញថា​ ក្នុងឆ្នាំ​២០១០មានករណីលួចថតរូបភាពអាក្រាតកាយរបស់​នារី​ដែលទៅ​ស្រោចទឹក​នៅកុដិវត្ត ​ក្នុងឆ្នាំ​២០២២មានករណីរំលោភ​កុមារ​ដែល​ទៅព្យាបាលជំងឺតាមរបៀប​ស្រោច​ទឹកជាមួយ​​គ្រូមន្តអាគមម្នាក់ និងនៅឆ្នាំ​២០២២ដដែលនោះមានករណីគ្រូទាយនិងមន្តអាគម​​​​រួមគ្នា​​បោកប្រាស់​ប្រាក់​ពលរដ្ឋរាប់​លាន។ បន្ថែមពីនេះ ​ការជឿងប់ងុ​ល​គ្មានមូលដ្ឋាន​ក៏បានបង្កឱ្យមនុស្សក្លាយជា​ជងគ្រោះដោយ​ការ​រើសអើង​ដោយមិនដឹងខ្លួន។ ​ជាក់ស្តែងកាលពី១០ឆ្នាំមុន បុរសមានពិការភាពដៃ​ម្នាក់ត្រូវបានបណ្តេញចេញពីភូមិកំណើត​ និងរងការគំរាម​សម្លាប់សមាជិក​គ្រួសារ ពីព្រោះអ្នកភូមិ​​យល់ខុស​ថាបុរសម្នាក់នោះ​​​មានគ្រូបារមីសណ្ឋិត។

ការយល់និង​គោរពប្រតិបត្តិជំនឿសាសនាខុសគ្មានមូលដ្ឋានទាំងនោះ​គឺ​ជាហេតុផលចាំបាច់ដែល​កម្ពុជាត្រូវធា​នាឱ្យបាននូវ​ការ​អប់រំជំនឿសាសនា​ស៊ីជម្រៅ និងច្បាស់លាស់។ ​​ដើម្បីអាចធ្វើទៅបាន ​កម្ពុជាទាមទារការចូលរួមពីគ្រប់ភាគីទាំងអស់​ ពិសេសរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់​​ក្នុងវិស័យពាក់ព័ន្ធ តួយ៉ាង​​វិស័យអប់រំ។ ក្នុងន័យនេះ ក្រសួងអប់រំ​ត្រូវដាក់បញ្ចូល​​មុខវិជ្ជាស្តីពីការអប់រំ​​សាសនាចម្រុះ និងត្រូវផ្សព្វផ្សាយស្តីពី​ជំនឿ​សាសនា​ឱ្យទូលំទូលាយ​​នៅតាម​​គ្រប់​កន្លែងទីសក្ការៈរបស់គ្រប់សាសនា និងទីតាំងសាធារណៈ​​។ ការដាក់បញ្ចូលការសិក្សា​​​ស៊ីជម្រៅអំពីសាសនាចម្រុះនឹង​អាចផ្ដល់អត្ថប្រយោជន៍ច្រើនដល់យុវជន តាមរយៈការអប់រំពួកគេឱ្យ​ចេះគោរពអ្នកដទៃ និងយល់ដឹងកាន់តែទូលំទូលាយអំពីទស្សនៈនិងជំនឿ។ ​កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពី​ការ​អប់រំសាសនាជាច្រើន​​ផ្សេងទៀតដូចជា បង្កើនចំណេះដឹងអំពីវប្បធម៌និងជំនឿទូទៅរបស់ពិភពលោក បង្កើតនូវសុខុមាលភាពរឹងមាំខាងផ្លូវអារម្មណ៍ បង្កើនសីលធម៌និងសុភមង្គលផ្ទាល់ខ្លួន ជៀសវាងភាពជ្រុលនិយមនិងការរើសអើងសាសនា និងជាពិសេស ទាញ​មនុស្សឱ្យ​ចូលរួមចំណែកកសាងសហគមន៍កាន់តែច្រើនឡើង។ ទន្ទឹមនេះ ការដាក់បញ្ចូលការអប់រំនិងការផ្សព្វផ្សាយអំពីចំណេះដឹងស៊ីជម្រៅក៏មានសារៈសំខាន់ខ្លាំងផងដែរក្នុងការផ្តល់មូលដ្ឋាននៃការគិតពិចារណា​​ដល់ប្រជាជនកម្ពុជា​ជារួម។ ក្រៅតែពីការដាក់បញ្ចូលកម្មវិធីសិក្សានៅក្នុងប្រព័ន្ធអប់រំនិង​ការផ្សព្វផ្សាយ រដ្ឋាភិបាលកម្ពុជា​និងភាគីពាក់ព័ន្ធទាំងអស់ក៏គួរពិចារណានៅក្នុងរៀបចំតាក់តែងច្បាប់ យុទ្ធនាការ និង​គោលនយោបាយបន្ថែមទៀត ដោយបញ្ចូលការដាក់ពិន័យដល់អ្នកដែលនាំឱ្យមានការរើសអើងទៅលើជំនឿ និងសាសនា រួមទាំង​ជនទាំងឡាយណាដែលប្រើប្រាស់សាសនាជាមធ្យោបាយបោកប្រាស់ដើម្បីទាញយកផលប្រយោជន៍។ រដ្ឋាភិបាលនិងភាគីពាក់ព័ន្ធក៏គួរគាំទ្រ ការសម្របសម្រួល និងដាក់បញ្ចូលគំនិតផ្ដួចផ្ដើមក្នុងសហគមន៍ដែលបង្កើតនូវសុខដុមខាងផ្នែកសាសនា ដូចជាការផ្លាស់ប្ដូរ ឬក៏ការជជែកពិភាក្សាសែ្វងយល់រវាងប្រជាជនដែលមានជំនឿនិងសាសាផ្សេងគ្នាផងដែរ។ 

កម្ពុជាជាប្រទេសដែលមានសុខដុមនីយកម្មផ្នែកសាសនា និងមានលក្ខណៈអំណោយផលខ្លាំងក្នុងការគោរពប្រតិបត្តិនិងទទួលយកជំនឿនានាដែលប្រជាជននីមួយៗចង់បាន ប៉ុន្តែដើម្បីឱ្យកាន់តែប្រសើរឡើង រដ្ឋាភិបាលនិងភាគីពាក់ព័ន្ធគួរចាប់ផ្ដើមកែសម្រួលចំណុចខ្វះខាតមួយចំនួនដូចជាការអប់រំនៅក្នុងផ្នែកសាសនាប្រកប​ដោយ​ភាពត្រិះរិះពិចារណា ដើម្បីជៀសវាងការគេងប្រវ័ញ្ចផលប្រយោជន៍នានាពីសំណាក់ជនខិលខូច និងទប់ស្កាត់ការផ្សព្វផ្សាយអវិជ្ជមានដែលបង្កឲ្យមានការរើសអើងសាសនានៅក្នុងប្រទេស និងកិច្ចខិតខំផ្សេងៗទៀត ដោយរដ្ឋាភិបាលគួរ​ដាក់ចេញគោលនយោបាយ ឬគំនិតផ្ដួចផ្ដើមផ្សេងៗនៅក្នុងសហគមន៍ ប្រកបដោយភាពជាក់លាក់និងនិរន្តរភាព៕

Related Post