Drink Coffee. Talk Politics. Blog Opinions

ការបញ្ជ្រាបការប្រើប្រាស់មធ្យោបាយដឹកជញ្ចូនសាធារណៈនៅកម្ពុជា

Author Name : ពិ គីមហៀក ,
Aug 28, 2024

រូបភាពដោយ៖ កាហ្វេនយោបាយ

កម្ពុជាជាប្រទេស​កំពុងអភិវឌ្ឍន៍មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនប្រមាណជាង១៧លាននាក់ក្នុងឆ្នាំ២០២៤ និងមានអត្រាកំណើនប្រជាជនប្រហាក់ប្រហែល១%ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ(UNDP)។ បើយើងផ្តោតជាសំខាន់ទៅលើវិស័យដឹកជញ្ចូនក្នុងប្រទេស អ្វីដែលយើងចាប់អារម្មណ៍ថាកំពុងមានវឌ្ឍនភាព និងភាពរីកចម្រើននោះគឺ ភាពសម្បូរបែបនៃហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរួមមានសា្ពន ផ្លូវ ថ្នល់ កំពង់ផែ និងអាកាសយានដ្ឋានថ្មីៗ ដែលជាធាតុផ្សំដ៏សំខាន់មួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ តែយ៉ាងណាមិញ នៅទន្ទឹមនឹងភាពរីកលូតលាស់ឥតឈប់ឈរនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិបត្តិគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅតែជាបញ្ហាប្រឈមដែលរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ និងដោះស្រាយជារៀងរាល់ឆ្នាំ។ គិតត្រឹមឆ្នាំ២០០៩ ដល់ឆ្នាំ២០២៣ នៅកម្ពុជាមានករណីគ្រោះថ្នាក់កើតឡើងសរុបចំនួនជាង២ម៉ឺនករណី(២៥ ៨៤២)។ ក្នុងនោះ ជាង២ពាន់ករណីបណ្តាលឱ្យមនុស្សបាត់បង់ជីវិត ដែលគិតជាមធ្យមប្រមាណ៥.៤នាក់ក្នុងមួយថ្ងៃ។ ករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន គេសង្កេតឃើញថា អ្នកបើកបរពុំគោរពច្បាប់ចរាចរណ៍ដូចជា ការបើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការសេពគ្រឿងញៀន បញ្ហាបច្ចេកទេសយានយន្ត និងកត្តាចម្បងមួយទៀតនោះ គឺឥរិយាបថរបស់អ្នកបើកបរផ្ទាល់។ នេះបើយោងតាមទិន្នន័យរបស់ គណៈកម្មការជាតិ សុវត្ថិភាពផ្លូវគោក(NRSC) និងអង្គការសហប្រជាជាតិ(UNDP)។

ការកើនឡើងនៃចំនួនពលរដ្ឋរស់នៅក្នុងទីក្រុង និងដើម្បីឆ្លើយតបជាចាំបាច់ចំពោះការវិវត្តន៍ទៅមុខដ៏ឆាប់រហ័សនៃសេដ្ឋកិច្ចសង្គម បានធ្វើឱ្យរដ្ឋាភិបាលចាប់ផ្តើមពង្រីកទីក្រុងបន្តិចៗម្តងតាមរយៈការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម សាលារៀន ផ្សារទំនើប និងហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តនានា។ ម្យ៉ាងទីក្រុងភ្នំពេញ គឺជាទីកន្លែងដែលប្រមូលផ្តុំទៅដោយតំបន់សេដ្ឋកិច្ចចម្រុះ បច្ចេកវិទ្យាទំនើបៗ និងការប្រកួតប្រជែងផ្នែកឧស្សាហកម្មវិទ្យាសាស្ត្រ ដែលធ្វើឲ្យលំហូរប្រជាជនរស់នៅតាមទីជនបទងាកមកស្វែងរកឱកាសការងារនៅទីក្រុងកាន់តែច្រើនទៅៗ និងជាហេតុធ្វើឱ្យមានការកកស្ទះតាមដងផ្លូវខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។  

បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូនមិនបានត្រឹមត្រូវ វានឹងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ដែលកត្តាធំចម្បងគឺការបាត់បង់ធនធានមនុស្សដែលជាស្នូលសម្រាប់ការកសាងប្រទេសជាតិ និងបង្អាក់ដំណើរការខ្សែច្រវ៉ាក់ផ្គត់ផ្គង់សម្រាប់លំហូរសេដ្ឋកិច្ចជាតិ។ការដឹកជញ្ចូនប្រៀបបានទៅនឹងសរសៃឈាមសម្រាប់ទ្រទ្រង់ប្រទេសជាតិទាំងមូលឲ្យមានចលនារស់រវើក ក្នុងការបំពេញសកម្មភាពគ្រប់បែបយ៉ាង។ ប្រសិនបើបញ្ហានេះនៅតែជាចំណោទ គ្មានដំណោះស្រាយបានត្រឹមត្រូវទេ នោះទីក្រុងនឹងប្រែក្លាយទៅជាកន្លែងដ៏សែនកកស្ទះ អួរអាប់ ពោរពេញដោយផ្សែងពុល ហើយមិនយូរមិនឆាប់លំហូរសេដ្ឋកិច្ចនឹងត្រូវរាំងស្ទះដោយសារបញ្ហានេះមិនខាន។ ដើម្បីដោះស្រាយបញ្ហានេះ គេមានវិធីសាស្រ្តជាច្រើន ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម និងការរៀបចំផែនការដឹកជញ្ចូនឲ្យបានល្អប្រសើរតាមរយៈការរួមបញ្ចូលបច្ចេកវិទ្យាទំនើប និងសេវាកម្មផ្សេងៗ ជាពិសេសនោះគឺ ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ។ តើមធ្យោបាយដឹកជញ្ជូនសាធារណៈគឺជាអ្វី? វាជះឥទ្ធិពលយ៉ាងណាខ្លះ? តើយើងគួរមានដំណោះស្រាយបែបណាខ្លះដើម្បីឲ្យវិស័យមួយនេះដំណើរការ?

មធ្យោបាយដឹកជញ្ជូនសាធារណៈ គឺជាប្រព័ន្ធនៃការដឹកជញ្ជូនសម្រាប់អ្នកដំណើរតាមប្រព័ន្ធជាក្រុមដែលមានសម្រាប់ការប្រើប្រាស់ដល់សាធារណៈជនទូទៅ ហើយមានលក្ខណៈខុសពីការដឹកជញ្ចូនឯកជន វាមានពេលវេលាកំណត់ជាក់លាក់ និងដំណើរការលើខ្សែផ្លូវច្បាស់លាស់។មធ្យោបាយដឹកជញ្ជូនសាធារណៈមានច្រើនប្រភេទដូចជា តាមផ្លូវទឹករួមមានសាឡាង នាវា, តាមផ្លូវគោករួមមាន​ រថភ្លើង និងរថយន្តក្រុងសាធារណៈ និងផ្លូវអាកាសគឺយន្តហោះ។  ដើម្បីឲ្យការអានប្រធានបទមួយនេះកាន់តែងាយយល់ គឺយើងសូមកំណត់ទំហំដែនកំណត់នៃប្រធានបទនេះដោយលើកយកតែការប្រើប្រាស់មធ្យោបាយដឹកជញ្ចូនសាធារណៈតាមផ្លូវគោក ដែលរួមមានរថភ្លើងនិងរថយន្តក្រុងសាធារណៈមកអធិប្បាយឡើង។ បច្ចុប្បន្ននេះ ប្រទេសលោកខាងលិចដែលមានសេដ្ឋកិច្ចរីកចម្រើនភាគច្រើន សុទ្ធតែរៀបចំនិងអនុវត្តការប្រើប្រាស់មធ្យោបាយដឹកជញ្ចូនសាធារណៈ ក្នុងនោះរួមមាន រថយន្តក្រុងសាធារណៈ និងរថភ្លើងសាធារណៈ ដែលវាជាមធ្យោបាយដឹកជញ្ចូនមួយបែបដែលមានគុណសម្បត្តិយ៉ាងច្រើនជាងគុណវិបត្តិដល់ការដឹកជញ្ចូនក្នុងទីក្រុង ផងនិងក្រៅទីក្រុងផង ព្រមទាំងជាការដឹកជញ្ជូនដែលត្រូវបានចាត់ទុកថាវាមាននិរន្តរភាព ជួយដល់បរិស្ថាននាពេលអនាគត ។ ប៉ុន្តែការប្រើប្រាស់មធ្យោបាយដឹកជញ្ចូនសាធារណៈនៅក្នុងប្រទេសយើងសព្វថ្ងៃ មិនទាន់មានភាពជឿនលឿន និងរលូននៅឡើយទេ។

កត្តាដែលធ្វើឲ្យការប្រើប្រាស់មធ្យោបាយដឹកជញ្ចូនសាធារណៈនៅកម្ពុជាមិនទទួលបានជោគជ័យ បណ្តាលមកពីកត្តាជាច្រើនយ៉ាងដូចជា មិនមានដីគ្រប់គ្រាន់សម្រាប់សាងសង់ផ្លូវ និងទីតាំងសម្រាប់ការប្រើប្រាស់មធ្យោបាយដឹកជញ្ចូនសាធារណៈនៅក្នុងទីក្រុង។ រថយន្តក្រុង ត្រូវការគន្លងផ្លូវមួយដាច់ដោយឡែក មានទីតាំងចំណតសម្រាប់អ្នកដំណើររងចាំត្រឹមត្រូវ រីឯរថភ្លើងត្រូវការដីសម្រាប់សាងសង់ផ្លូវរថភ្លើងផង នឹងផ្លូវដែលមានសុវត្ថិភាពផងដែរ។ កត្តាបន្ទាប់គឺ កង្វះបច្ចេកវិទ្យាទំនើប និងអ្នកបច្ចេកទេស ដែលគ្រប់គ្រងនិងគាំទ្រប្រព័ន្ធដឹកជញ្ចូនទាំងនោះអោយមានទំនាក់ទំនងគ្នាដោយរលូន នាំឲ្យហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រលើវិស័យនេះមានចំណុចខ្វះខាតច្រើន។ បើយើងក្រឡេកមើលទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូននេះទៀតសោត ត្រូវការចំណាយដើមទុនច្រើន រីឯផលចំណេញឬកម្រៃដែលទទួលបានត្រឡប់មកវិញមានតិចតួចបំផុត នេះជាបញ្ហាមួយដែលស្ថាប័នរដ្ឋ និងស្ថាប័នឯកជនជាច្រើនមិនសូវហ៊ានសម្រេចចិត្តវិនិយោគលើវិស័យនេះ។ កត្តាប្រឈមមួយទៀតនោះគឺ ការបម្រើសេវាកម្មអតិថិជន នៅមានចំណុចខ្វះខាតច្រើន ដូចជា ភាពយឺតយ៉ាវនៃការមកដល់ និងរយៈពេលធ្វើដំណើរយូរ ធ្វើអោយប្រជាជនយល់ថាការធ្វើដំណើរបែបនេះ មានផលលំបាកច្រើន ដូច្នេះពួកគេក៏សម្រេចចិត្តជ្រើសរើសការធ្វើដំណើរដោយខ្លួនឯងវិញវាងាយស្រួលជាង។ កត្តាចុងក្រោយគឺ ប្រជាជនមួយចំនួនធំមិនបានដឹងអំពីការប្រើប្រាស់មធ្យោបាយដឹកជញ្ចូនសាធារណៈ របៀបនៃការប្រើប្រាស់ និងអត្ថប្រយោជន៍នៃការប្រើប្រាស់មធ្យោបាយទាំងនេះឡើយ។ ជួនកាល ប្រជាជនមិនគាំទ្រលើការអនុវត្តគម្រោងនេះទេ ព្រោះវាប៉ះពាល់លើដីរបស់ពួកគាត់ មុខរបរការរកស៊ី និងជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់ជាច្រើនទៀត។

ទោះបីជាការអនុវត្តគម្រោងនេះមានផលលំបាកច្រើនក៏ពិតមែន តែយ៉ាងណាគុណសម្បត្តិនៃការដាក់ឲ្យប្រើប្រាស់នៃមធ្យោបាយដឹកជញ្ជូនប្រភេទនេះមានច្រើនរាប់មិនអស់រួមមានដូចជា ចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នCO2 កម្តៅ ដែលបំភាយចេញយានជំនិះ ដែលបំពុលដល់បរិយាកាស ប៉ះពាល់ដល់សុខភាពរាងកាយមនុស្ស ព្រមទាំងបណ្តាលឲ្យអាកាសធាតុលើភពផែនដីមានការប្រែប្រួលខ្លាំង។ លើសពីនេះ វាជួយសម្រួលដល់ការកកស្ទះចរាចណ៍បានមួយចំណែកធំ ប្រៀបដូចជាមនុស្ស៥០នាក់ត្រូវប្រើយានជំនិះ៥០គ្រឿង តែការប្រើឡានក្រុងឬរថភ្លើងត្រឹមតែ១គ្រឿងតែប៉ុណ្ណោះ។ សោភ័ណជីវិតរបស់ប្រជាជននឹងត្រូវបានលើកកម្ពស់ មានសមធម៌ តាមរយៈការផ្តល់តម្លៃដល់មនុស្សទូទៅគ្រប់ៗគ្នា រួមទាំង ព្រះសង្ឃ កុមារ មនុស្សចាស់ និងស្រ្តីមានផ្ទៃពោះ ជនមានពិការភាពឲ្យធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានភាពងាយស្រួល ព្រមទាំងមានសុវត្ថិភាពខ្ពស់ និងចំណាយអស់តិច បើទោះបីជាពួកគាត់មិនមានយានជំនិះទំនើបសម្រាប់ធ្វើដំណើរផ្ទាល់ខ្លួនក៏ដោយ។ ជាមួយគ្នានោះ វានឹងជួយលាបពណ៌អោយទីក្រុងកាន់តែមានសោភ័ណភាពទ្វេដង ព្រមទាំងជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យចូលចិត្តបរិយាកាសបែបនេះ និងការរស់នៅបែបនេះបន្ថែមទៀត។ ចំពោះការដឹកជញ្ចូនទំនិញដែលដាក់តាមទូររថភ្លើង វានឹងជួយសន្សំសំចៃពេលវេលា ការចំណាយលើថ្លៃប្រេងសាំងច្រើន ទប់ស្កាត់គ្រោះថ្នាក់នាតាមដងផ្លូវ ព្រមទាំងទប់ស្កាត់ការខូចខាតនៃផ្លូវថ្នល់ដោយសារទំងន់ធ្ងន់រាប់សិបតោនរបស់រថយន្តនិងទំនិញនៅលើដងផ្លូវបានច្រើនទៀតផង។ ម្យ៉ាងការឌីហ្សាញខ្សែរថយន្តក្រុង និងខ្សែរថភ្លើងនីមួយៗសុទ្ធតែតភ្ជាប់ទៅតំបន់សំខាន់ៗ ដូច្នេះការដឹកជញ្ចូននឹងមានផលចំណេញច្រើនតាមរយៈខ្សែបណ្តាញផ្គត់ផ្គង់ទាំងនេះ។

ដើម្បីអោយមធ្យោបាយសាធារណៈទាំង២នេះសម្រេចចេញជាសមិទ្ធផលបាន លុះតែមានការចូលរួមទាំងរាជរដ្ឋាភិបាលផង និងក្នុងនាមយើងជាប្រជាពលរដ្ឋគ្រប់រូបផង។ រាជរដ្ឋាភិបាលឬប្រជាពលរដ្ឋគ្រប់រូបមិនអាចសម្រេចកិច្ចការណាមួយដោយមិនបានពឹងពាក់គ្នា និងគាំទ្រគ្នាទៅវិញទៅមកបានឡើយ។ រឿងគ្រប់យ៉ាងលំបាកនៅពេលដំបូង តែបើយើងដឹងពីលទ្ធផលដ៏ល្អត្រចះត្រចង់របស់វាហើយ ការតស៊ូរបស់យើងចំពោះកិច្ចការនោះមិនអាសារបង់ឡើយ ដូចពាក្យស្លោកខ្មែរបុរាណថា «លំបាកមុនស្រណុកក្រោយ»។ ដូច្នេះ យើងត្រូវចាប់ផ្តើមធ្វើផែនការពីចំណុចលំបាកៗជាមុន ដូចជាការបង្កើតគោលនយោបាយមួយសម្រាប់ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ព្រោះការមានគោលនយោបាយមួយច្បាស់លាស់ នឹងជួយធ្វើការបំពេញការងារកាន់ងាយស្រួលជាមួយវិស័យផ្សេងៗដែលពាក់ព័ន្ធ ដូចជាការប្រើប្រាស់ដីធ្លីជាដើម។ ក្រៅពីការធ្វើគោលនយោយបាយជាក់លាក់ ចំណុចសំខាន់មួយទៀតគឺ ការមានផែនការអភិវឌ្ឍន៍ទីក្រុងច្បាស់លាស់ ព្រោះថា​ការរៀបចំប្រព័ន្ធដឹកជញ្ជូនរួចជាមុន មុនពេលសំណង់អគារកើតឡើងគឺជារឿងមួយដ៏ល្អ សម្រាប់ឌីហ្សាញប្លង់ទីក្រុងឲ្យមានរបៀប និងបណ្តាញផ្លូវដែលមានប្រសិទ្ធភាព និងប្រទាក់ក្រឡាគ្នា។ បច្ចុប្បន្ន បច្ចេកវិទ្យាទំនើប ជាផ្នែកដ៏សំខាន់មួយបែបទៀតដែលជំរុញឲ្យគម្រោងនីមួយៗ ទទួលបានជោគជ័យ ដូចជាការបំពាក់ប្រព័ន្ធត្រួតពិនិត្យឆ្លាតវៃតាមដងផ្លូវ កាមេរ៉ាសុត្ថិភាព ប្រព័ន្ធបង់ប្រាក់ស័្វយប្រវត្តិ និងមានជាច្រើនទៀតដែលជួយសម្រួលដល់ការអនុវត្តគម្រោង។ ម្យ៉ាងទៀត ការចូលរួមកាត់បន្ថយការប្រើប្រាស់យានយន្តឯកជនក៏ជាផ្នែកដែលត្រូវគិតគូរផងដែរ កាលណាមនុស្សម្នាសម្រេចចិត្តមានរថយន្តផ្ទាល់ខ្លួនហើយ ពួកគេពិបាកណាស់ក្នុងការងាកមកប្រើប្រាស់មធ្យោបាយដឹកជញ្ចូនសាធារណៈ ដូច្នេះដើម្បីទប់ស្កាត់ឬកាត់បន្ថយយានយន្តផ្ទាល់ខ្លួនបាន រាជរដ្ឋារភិបាលអាចមានវិធានការជាច្រើនដូចជាការតម្លើងថ្លៃពន្ធ ថ្លៃប្រេងសាំង ពន្ធការប្រើប្រាស់ផ្លូវថ្នល់ តម្លើងថ្លៃពេលផ្លូវកំពុងស្ទះខ្លាំង រឹតបន្តឹងច្បាប់ចរាចរណ៍អោយជាប់ជាដើម។ ម្យ៉ាងការចូលរួមក្នុងរឹតបន្តឹងចំពោះប្រភេទនៃការដឹកជញ្ចូនក៏ជះឥទ្វិពលធ្ងន់ធ្ងរផងដែរ ដូចជាការទប់ស្កាត់ការកែច្នៃយានយន្តខុសបច្ចេកទេស​ដែលធ្វើដំណើរនាតាមដងផ្លូវ របស់ប្រជាពលរដ្ឋក្នុងគោលបំណងងាយស្រួលនិងចំណេញពេលដឹកទៅរបស់ពួកគេ ប៉ុន្តែបែរជាមិនបានគិតពីស្តង់ដារ សុវត្ថិភាពចំពោះខ្លួនឯងនិងអ្នកដំណើរនៅលើដងផ្លូវជាមួយគ្នាឡើយ។ ស្ថិតក្នុងស្ថានភាពនេះ យើងគួរធ្វើយ៉ាងណាព្យាយាមផ្សព្វផ្សាយការប្រើប្រាស់មួយនេះដល់មនុស្សគ្រប់ប្រភេទ តាមគ្រួសារ សាលារៀន និងសហគមន៍ អោយបានយល់ដឹងផង ព្រមទាំងលើកទឹកចិត្តដល់ពួកគាត់ឲ្យគាំទ្រលើវិស័យនេះផង។

យ៉ាងណាម៉ិញ ការអនុវត្តគម្រោងមួយនេះជាក់ស្តែង និងជួបប្រទះនូវបញ្ហាច្រើនជាងនេះទៅទៀត ប៉ុន្តែកត្តាដ៏សំខាន់នោះគឺការចូលរួមយ៉ាងស្រុះដៃស្រុះជើងគ្នារវាងរាជរដ្ឋាភិបាល​និងប្រជាពលរដ្ឋ ដូចពាក្យចាស់បុរាណបានពោលថា «ចង្កឹះមួយបាច់កាច់មិនបាក់» ដូច្នឹង​ឯង។ ពួកយើងទាំងអស់គ្នាសុទ្ធតែរំពឹងការរស់នៅមួយដែលមានភាពសុខដុមរមនា មានសន្តិភាព សុវត្ថិភាព សុខភាពល្អ និងក្នុងសហគមន៍បៃតងមួយដែលមានសមធម៌ ការលើកទឹកចិត្ត គិតគូរពីស្តង់ដារសុវត្ថិភាព អនាម័យ និងការគោរពឲ្យតម្លៃគ្នាទៅវិញទៅមក។ ដូច្នេះ តាមរយៈចូលរួមប្រើប្រាស់មធ្យោបាយដឹកជញ្ចូនសាធារណៈនៅក្នុងទីក្រុងនិងតាមបណ្តាខេត្តជាកត្តាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិមួយផ្នែកធំទាំងក្នុងពេលបច្ចុប្បន្ននិងរហូតដល់អនាគត ដែលយើងមិនអាចមើលរំលងគម្រោងមួយនេះបានឡើយ ព្រោះការរស់នៅរបស់មនុស្សត្រូវទទួលបាននូវសោភ័ណភាព​លំអ តម្លាភាព សុខភាព ការគោរពអោយតម្លៃ និងសេចក្តីថ្លៃថ្នូរ។ 

Related Post